អ្នកឃ្លាំមើលបញ្ហានយោបាយលើកឡើងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនមានឆន្ទៈផ្តល់សន្តិភាពពិតប្រាកដជូនពលរដ្ឋនោះទេ ព្រោះរដ្ឋាភិបាលរបស់លោកនៅតែមិនព្រមដោះស្រាយបញ្ហាអយុត្តិធម៌សង្គម ការរំលោភបំពានសិទ្ធិមនុស្ស និងការដើរខុសគោលការណ៍ប្រជាធិបតេយ្យនោះឡើយ។ ប្រតិកម្មនេះ កើតមានក្រោយពេលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អះអាងថា ការកសាងសន្តិភាពរបស់លោករហូតមកដល់ពេលនេះ បានធ្វើឱ្យគ្រាប់ពលរដ្ឋខ្មែរមានឱកាសជួបជុំ សប្បាយរីករាយ និងការអភិវឌ្ឍ។
អ្នកឃ្លាំមើលចាត់ទុកសាររបស់លោក ហ៊ុន សែន ដែលក្រើនរំលឹកពលរដ្ឋឱ្យនឹកដឹងគុណពីតម្លៃសន្តិភាពដែលនាំមកនូវការអភិវឌ្ឍ និងសប្បាយរីករាយដូចសព្វថ្ងៃនេះ គឺដើម្បីកេងចំណេញនយោបាយតែប៉ុណ្ណោះ។ មូលហេតុ គឺដោយសារកន្លងទៅលោក ហ៊ុន សែន ធ្លាប់សារភាពហើយថា លោកគ្មានសមត្ថភាពនាំមកនូវសន្តិភាពផ្លូវចិត្តជូនពលរដ្ឋខ្មែរនោះទេ ក្រៅតែពីធានាមិនឱ្យកម្ពុជាមានសង្គ្រាមជាថ្មីទៀត។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមបណ្ឌិត សេង សារី មានប្រសាសន៍ថា បច្ចុប្បន្នពលរដ្ឋខ្មែរពុំទាន់ទទួលបានសន្តិភាពពេញលេញនៅឡើយទេ ដោយសារសន្តិភាព ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលតែងតែលើកឡើងនោះសម្រាប់តែក្រុមម្ខាង ហើយរដ្ឋាភិបាលមិនបានយកចិត្តទុកដាក់អំពីបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យដែលពលរដ្ឋខ្មែរចង់បាន។ ប៉ុន្តែបណ្ឌិត សេង សារី រំពឹងអ្នកនយោបាយជំនាន់ថ្មីដែលមកពីគ្រប់គណបក្សនយោបាយអាចផ្តល់សន្តិភាពពេញលេញដល់ពលរដ្ឋខ្មែរ ដោយចាប់ផ្ដើមចេញពីការដោះស្រាយបញ្ហាសង្គម សេដ្ឋកិច្ច និងកែទម្រង់ប្រព័ន្ធយុត្តិធម៌ ជាដើម៖ «
ប្រតិកម្មបែបនេះ កើតមានក្រោយពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងពិធីអភិសេករូបសំណាក ព្រះថោងនាងនាគ នៅខេត្តព្រះសីហនុ នៅថ្ងៃទី១៦ ខែមេសាថា រយៈពេល ២៤ឆ្នាំមកនេះ លោកបានស្វែងរកសន្តិភាពជូនពលរដ្ឋតាមរយៈការអភិវឌ្ឍ និងផ្តល់ឱកាសជួបជុំ សប្បាយរីករាយនៅក្នុងប្រទេសដោយគ្មានការរើសអើងនិន្នាការនយោបាយណាមួយឡើយ។ លោកនិយាយបែបលើកតម្កើងខ្លួនឯងថា ដោយសារតម្លៃនេះហើយ លោកត្រូវប្ដូរផ្ដាច់ដឹកនាំប្រទេសតាមផ្លូវសន្តិភាពឱ្យខាងតែបាន ដើម្បីកុំឱ្យយុវជន និងកុមារក្លាយជាជនរងគ្រោះនៃសង្គ្រាម ហើយលោកអំពាវនាវដល់គ្រប់គណបក្សនយោបាយត្រូវរួមគ្នាការពារ និងថែរក្សាតម្លៃសន្តិភាព៖ «
ជុំវិញរឿងនេះ អគ្គលេខាធិការសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា លោក គៀន ពន្លក មានប្រសាសន៍ថា ការដែលប្រមុខរដ្ឋាភិបាលឯកបក្សលើកឡើងអំពីគុណសម្បត្តិ ដែលបានមកពីសន្តិភាពម្ដងហើយម្តងទៀតនេះ គឺគ្រាន់តែជាសារបំភាន់ភ្នែកពលរដ្ឋ និងកេងចំណេញផ្នែកនយោបាយមុនការបោះឆ្នោតប៉ុណ្ណោះ។ លោកមើលឃើញថា សន្តិភាពបច្ចុប្បន្នមានតែសំបកក្រៅដោយមិនបានភ្ជាប់ខ្លឹមសាររួមនោះទេ ដោយសារភាគីដែលមាននិន្នាការផ្ទុយត្រូវរងគ្រោះពីការធ្វើទុក្ខបុកម្នេញ រំលោភបំពានសិទ្ធិ និងត្រូវជាប់ពន្ធនាគារក្រោមស្លាកសន្តិភាពយ៉ាងអយុត្តិធម៌៖ «
អ្នកឃ្លាំមើលថា ដើម្បីឲ្យប្រទេសមានសន្តិភាពពិតប្រាកដលុះត្រាតែរដ្ឋាភិបាលបើកទូលាយឱ្យប្រជាពលរដ្ឋមានសិទ្ធិសេរីភាពសម្ដែងមតិ បើកឱ្យមានការប្រកួតប្រជែងការបោះឆ្នោតដោយស្មើភាពគ្នាគ្រប់គណបក្សនយោបាយ ប្រកបដោយភាពសុក្រឹត និងយុត្តិធម៌តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលត្រូវផ្តល់ភាពយុត្តិធម៌ស្មើគ្នានៅក្នុងសង្គម បញ្ឈប់អំពើហិង្សា និងការចាប់ខ្លួនពលរដ្ឋដាក់ពន្ធនាគារតាមអំពើចិត្ត ព្រមទាំងធ្វើឱ្យប្រព័ន្ធតុលាការមានឯករាជភាពពិតប្រាកដស្របតាមច្បាប់៕