របបក្រុងភ្នំពេញនឹងបន្តលើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដែលគ្រោងធ្វើនៅថ្ងៃសុក្រ ចុងសប្ដាហ៍នេះ ទៅមុខទៀត ដោយមិនទាន់កំណត់ពេលវេលា។ អ្នកនាំពាក្យរបបក្រុងភ្នំពេញ លោក ផៃ ស៊ីផាន ឱ្យដឹងថា មូលហេតុដែលបន្តលើកពេលកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដោយសារគ្មានរបៀបវារៈត្រូវប្រជុំ។
លោក ផៃ ស៊ីផាន ពន្យល់ថា រដ្ឋាភិបាលបានប្រគល់សិទ្ធិអំណាច ឱ្យរដ្ឋមន្ត្រីគ្រប់ក្រសួងដោះស្រាយការងារ តាមវិស័យរៀងខ្លួន ម្ល៉ោះហើយ កិច្ចប្រជុំគណៈរដ្ឋមន្ត្រី គឺមើលតែលទ្ធផលចុងក្រោយរបស់ក្រសួង ហើយបើគ្មានភាពចាំបាច់ទេ គណៈរដ្ឋមន្ត្រីមិនបាច់ប្រជុំក៏បាន។
គណៈរដ្ឋមន្ត្រី បានផ្អាកកិច្ចប្រជុំ តាំងពីចុងខែកក្កដាមក ដោយសារមន្ត្រីជាប់រវល់ចុះមូលដ្ឋាន និងគ្មានរបៀបវារៈត្រូវប្រជុំ។ ប៉ុន្តែ នៅថ្ងៃផ្អាកកិច្ចប្រជុំកាលណោះ គឺថ្ងៃទី២៦ កក្កដា មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន បង្ហោះហ្វេសប៊ុក (facebook) ថា លោកមានបញ្ហាគ្រេចស្មា ត្រូវទៅ សម្រាកព្យាបាលនៅប្រទេសសិង្ហបុរី ជិតមួយ១សប្ដាហ៍។ ស្របគ្នាពេលនោះ ក្រុមអ្នកប្រើហ្វេសប៊ុក បានបង្ហោះសារព្រោងព្រាត ថា លោក ហ៊ុន សែន ឈឺធ្ងន់។ តែលោក ហ៊ុន សែន បដិសេធ និងព្រមានចាប់ខ្លួន អ្នកប្រើប្រាស់ហ្វេសប៊ុកណា ហ៊ានបង្ហោះសារ ថា លោកឈឺធ្ងន់តទៅទៀត។
លោក ផៃ ស៊ីផាន បដិសេធ ថា កិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅថ្ងៃសុក្រ ទី១៦ សីហា ឬការមិនបានបង្ហាញមុខនៅពេលមានទឹកជំនន់ប៉ុន្មានថ្ងៃនេះ មិនមែនមានន័យថា លោក ហ៊ុន សែន ឈឺទេ។ លោក បន្ត លោក ហ៊ុន សែន បានបញ្ជាពីលើទៅឱ្យមន្ត្រីជំនាញជួយសង្គ្រោះពលរដ្ឋឱ្យទាន់ពេលវេលា។
បើទោះជាមានមនុស្ស ៤នាក់ហើយ បានស្លាប់ដោយសារជំនន់ទឹកភ្លៀង ក្នុងរយៈពេលមួយសប្ដាហ៍មកនេះក៏ដោយ តែលោក ផៃ ស៊ីផាន ប្រាប់ថា ស្ថានភាពទឹកជំនន់មិនទាន់មានការគំរាមកំហែងធ្ងន់ធ្ងរ ឬប្រកាសអាសន្នទេ។ លោកធានាថា បើទឹកជំនន់ ឡើងដល់កម្រិតប្រកាសអាសន្ន លោក ហ៊ុន សែន នឹងចុះទៅជួយពលរដ្ឋផ្ទាល់ភ្លាម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។