ភរិយាសកម្មជនគណបក្សប្រឆាំងនៅស្រុកបារាយណ៍ខេត្តកំពង់ធំ ទទូចឱ្យមន្ត្រីតុលាការទម្លាក់ចោលការចោទប្រកាន់មកលើស្វាមី និងស្នើឱ្យដោះលែងស្វាមីឱ្យមានសេរីភាពឡើងវិញឱ្យបានឆាប់។ ការស្នើសុំនេះ បន្ទាប់ពីតុលាការខេត្តកំពង់ធំ បានបញ្ជូនលោក នូ ភឿន និងសកម្មជនគណបក្សប្រឆាំង ២នាក់ផ្សេងទៀត ទៅឃុំខ្លួននៅពន្ធនាគារកាលពីថ្ងៃទី២ និងថ្ងៃទី៣ កញ្ញាកន្លងទៅ។
ភរិយាសកម្មជនបក្សប្រឆាំងនៅខេត្តកំពង់ធំ ហៅការចាប់ខ្លួនស្វាមីថា ជារឿងអយុត្តិធម៌ធ្ងន់ធ្ងរ ដែលមិនអាចទទួលយកបាន។
ភរិយាលោក នូ ភឿន ដែលជាសមាជិកក្រុមប្រឹក្សាឃុំបារាយណ៍ជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ លោកស្រី សុក ថៃ ប្រាប់អាស៊ីសេរីនៅថ្ងៃទី៤ កញ្ញាថា តុលាការបានបញ្ជូនស្វាមីលោកស្រីទៅឃុំខ្លួននៅពន្ធនាគារខេត្ត កាលពីរសៀលថ្ងៃទី២ កញ្ញា។ លោកស្រីបន្ថែមថា ការឃុំខ្លួននេះជារឿងអយុត្តិធម៌ ព្រោះស្វាមីលោកស្រីគ្រាន់តែបង្ហោះហ្វេសប៊ុករិះគន់ថ្នាក់ដឹកនាំរបបក្រុងភ្នំពេញ ហើយការរិះគន់នេះពុំបានបញ្ចេញឈ្មោះថ្នាក់ដឹកនាំណាម្នាក់ឡើយ។ លោកស្រីចាត់ទុកការចាប់ខ្លួននេះ ថាជាការធ្វើទុក្ខបុកម្នេញមកលើប្រជាពលរដ្ឋក្រីក្រ ដែលស្រឡាញ់ប្រជាធិបតេយ្យ និងជាការធ្វើឱ្យពលរដ្ឋភ័យខ្លាច៖ «ទង្វើធ្វើដាក់គ្រួសារខ្ញុំគ្រាន់តែរឿងនឹងអីចឹងដូចថាវាមិនសម ដែលអាចជាប់ពន្ធនាគារទេ អាចហៅណែនាំពន្យល់ប្រាប់មកទើបវាសមរម្យ។ ប៉ុន្តែគ្រាន់តែរឿងប៉ុណ្ណឹងអាចចាប់ប្ដីខ្ញុំឃុំបានដូចជាជ្រុលពេក។ ក្រុមគ្រួសារខ្ញុំដូចថាមានគាត់កក់ក្ដៅ ហើយគាត់ជួយគ្រប់បែបយ៉ាង ហើយទទួលគាត់អត់នៅ គឺខ្ញុំដូចបាក់ដៃមួយចំហៀងអីចឹង ព្រោះខ្ញុំគ្មានអ្នកជួយដឹកជញ្ជូនឥវ៉ាន់យកទៅដាក់លក់នោះទេ » ។
អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ធំលោក វ៉ាន់ សេង សុំមិនបកស្រាយបញ្ហានេះទេ ដោយលោកបង្វែរសំណួរទៅព្រះរាជអាជ្ញាអមតុលាការខេត្តកំពង់ធំ លោក អ៊ិត សុធា វិញ ព្រោះលោកថា លោកពុំបានដឹងរឿងនេះនៅឡើយ។
អាស៊ីសេរីមិនអាចទាក់ទងលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី៤ កញ្ញា ដោយទូរស័ព្ទចូលជាច្រើនដងពុំមានអ្នកទទួល។
មន្ត្រីសម្របសម្រួលអង្គការ លីកាដូ (Licadho) ខេត្តកំពង់ធំ លោក ខន សុខជា មានប្រសាសន៍ថា តុលាការខេត្តកំពង់ធំបានបញ្ជូនសកម្មជនគណបក្សប្រឆាំងខេត្តនេះចំនួន ៣នាក់ ទៅឃុំខ្លួននៅពន្ធនាគារខេត្ត។លោកបន្ថែមថា អ្នកទាំង៣ នោះ មាន ២នាក់ ត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារកាលពីរសៀលថ្ងៃទី២ កញ្ញា គឺលោក ស៊ុន ប៊ុនថុន និងលោក នូ ភឿន ដោយតុលាការចោទប្រកាន់ពីបទ "ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍" ធ្វើឱ្យបាត់ជំនឿលើសេចក្ដីសម្រេចរបស់តុលាការ និងបទបន្តធ្វើសកម្មភាពជាមន្ត្រីគណបក្សនយោបាយ ដែលប្រឆាំងនឹងសេចក្ដីសម្រេចរបស់តុលាការកំពូល ដែលបានរំលាយគណបក្សសង្គ្រោះជាតិ កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅ។ លោកបន្តថា សកម្មជនបក្សប្រឆាំងម្នាក់ទៀត គឺលោក រស់ គឹមស្រៀង ត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារនៅថ្ងៃទី៣ កញ្ញា ប៉ុន្តែលោកពុំដឹងថា តុលាការចោទប្រកាន់សកម្មជនរូបនោះពីបទអ្វីឡើយ។ លោកបន្ថែមថា ក្រៅពីនេះ មានសកម្មជនម្នាក់នាក់ទៀត គឺលោក អេង នីន ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅសាកសួរនៅស្នងការនគរបាលខេត្តកំពង់ធំនៅថ្ងៃទី៤ កញ្ញា បន្ទាប់ពីរូបគេបានថតសកម្មភាពនៃការនាំខ្លួនរបស់លោក រស់ គឹមស្រៀង នៅក្នុងបរិវេណតុលាការខេត្ត កាលពីថ្ងៃទី៣ កញ្ញា។ មន្ត្រីធ្វើការងារផ្នែកសិទ្ធិមនុស្សរូបនេះ បញ្ជាក់ថា ការចាប់ខ្លួននេះ ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ៖ «រដ្ឋធម្មនុញ្ញរបស់យើងបានបើកឱ្យពលរដ្ឋគ្រប់រូបមានសេរីភាពក្នុងការបញ្ចេញមតិ យើងអាចបញ្ចេញតាមហ្វេសប៊ុក ឬតាមបណ្ដាញសង្គមផ្សេងៗ បាន ហើយមួយទៀតយើងអាចបញ្ចេញមតិតាមសារព័ត៌មានបាន ហើយករណីនេះគាត់គ្រាន់តែបញ្ចេញមតិខ្ញុំគិតថា វាមិនខុសច្បាប់ទេ ព្រោះរឿងនេះវាគ្រាន់តែជាមតិហើយគ្រាន់តែគំនិតរបស់គាត់ វាមិនមែនជាសកម្មភាពទៅប្រឆាំងនឹងរដ្ឋាភិបាលផង » ។
គិតត្រឹមដើមខែកញ្ញានេះ មានមន្ត្រីគណបក្សប្រឆាំងប្រមាណ ២០នាក់ហើយ ដែលត្រូវបានអាជ្ញាធររបបក្រុងភ្នំពេញចាប់ខ្លួន ហើយក៏មានមន្ត្រីបក្សប្រឆាំងជាច្រើនរូបទៀតដែរ ដែលត្រូវជនមិនស្គាល់មុខលបវាយដំ និងគំរាមប្រើអំពើហិង្សា។ ករណីទាំងនេះបានកើតឡើងជាបន្តបន្ទាប់ ក្រោយពេលមេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន បានដាក់បញ្ជាឱ្យតាមកម្ទេចគណបក្សសង្គ្រោះជាតិដល់មូលដ្ឋាន ដែលជាការឆ្លើយតបរបស់មេដឹកនាំក្រាញអំណាចរូបនេះ ចំពោះវិធានការដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។