ភរិយាសកម្មជនគណបក្សប្រឆាំងខេត្តមណ្ឌលគិរីចោទមន្ត្រីប៉ូលិសខេត្តនេះថា ចាប់ស្វាមីរបស់លោកស្រីយកទៅឃុំខ្លួនដោយអយុត្តិធម៌ ព្រោះគាត់មិនទាន់ហូបបាយ និងមិនបានពាក់អាវផង។លោកស្រីអំពាវនាវដល់អង្គការសង្គមស៊ីវិលជួយតាមដានរឿងនេះជាបន្ទាន់ ដើម្បីជំរុញដល់សមត្ថកិច្ចឱ្យដោះលែងស្វាមីមានសេរីភាពវិញ។ មន្ត្រីអង្គការសង្គមស៊ីវិល ហៅការចាប់ខ្លួននេះថា ជាសកម្មភាពអមនុស្សធម៌ធ្វើទុក្ខបុកម្នេញមកលើសកម្មជនបក្សប្រឆាំងដោយខុសច្បាប់។
ប៉ូលិសចាប់បញ្ជូនសមាជិកក្រុមប្រឹក្សាខេត្តមណ្ឌលគិរីជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ លោក ឃុំ កាន ទៅឃុំខ្លួននៅស្នងការដ្ឋាននគរបាលខេត្តយ៉ាងតក់ក្រហល់ ក្រោយពីចាប់ខ្លួននៅម៉ោង១រសៀលថ្ងៃទី២៨ តុលា។
ភរិយាលោក ឃុំ កាន គឺលោកស្រី ម៉ន ពឿន ប្រាប់អាស៊ីសេរី ក្រោយពេលប៉ូលិសចាប់ខ្លួនស្វាមីថា ប៉ូលិសនៃស្នងការនគរបាលខេត្តមណ្ឌលគិរី ប្រមាណ ២០នាក់ បានឡោមព័ទ្ធចាប់ស្វាមីលោកស្រីនៅលើផ្ទះក្នុងស្រុកកែវសីមា។ លោកស្រីថ្លែងទាំងអួលដើមកទៀតថា ប្ដីរបស់លោកស្រីទើបត្រឡប់មកពីភ្ជួរដីនៅក្បែរផ្ទះមិនទាន់បានហូបបាយព្រឹកផង ក៏ត្រូវប៉ូលិសចាប់វាយខ្នោះដៃរុញគាត់ឡើងឡានបញ្ជូនចេញពីផ្ទះយ៉ាងតក់ក្រហល់។ លោកស្រីហៅការចាប់ខ្លួនរបស់ប៉ូលិសនេះថា ទង្វើអយុត្តិធម៌មកលើស្វាមី ពីព្រោះគាត់មិនបានធ្វើសកម្មភាពនយោបាយ និងប្រព្រឹត្តខុសច្បាប់អ្វីឡើយ៖ «គេទាញប្ដីខ្ញុំអត់មានខោអាវទេ គាត់ស្លៀកសារុងខោខ្លីក៏គ្មានដែរ ខ្ញុំសុំអង្វរគេឱ្យប្ដីស្លៀកខោអាវសិន គេមិនអោយស្លៀកផង។ គេចាប់ប្ដីខ្ញុំហើយមានតែឱ្យគេសម្លាប់ខ្ញុំម្នាក់ទៀតទៅ។ សូមជួយខ្ញុំផង ខ្ញុំងើបអត់រួចទេ អូនអាណិតខ្ញុំផង កូនចៅខ្ញុំយំពេញផ្ទះ។ ខ្ញុំយ៉ាប់មែនទែនគ្មានលុយមួយរៀលជាប់ខ្លួនខ្ញុំចេញទៅណាអត់រួចទេ » ។
លោកស្រីបន្តថា ប៉ូលិសចាប់ខ្លួនស្វាមីបែបនេះប្រៀបដូចសម្លាប់លោកស្រីទាំងរស់ ពីព្រោះលោកស្រីមានជំងឺដេកនៅផ្ទះរាល់ថ្ងៃមិនអាចទៅធ្វើការងាររកប្រាក់ចំណូលបានទេ ដោយពឹងផ្អែកទៅលើស្វាមីដាំដុះផលដំណាំរកប្រាក់ផ្គត់ផ្គង់គ្រួសារ ប៉ុន្តែដល់ពេលប៉ូលិសចាប់ស្វាមីបែបនេះធ្វើឱ្យលោកស្រីគ្មានទីពឹងតែម្ដង។
ស្នងការនគរបាលខេត្តមណ្ឌលគិរី លោក ឡោ សុខា ប្រាប់អាស៊ីសេរីយ៉ាងខ្លីថា លោកមិនទាន់ដឹងការចាប់ខ្លួនសកម្មជនបក្សប្រឆាំងនេះដោយសារមូលហេតុអ្វីនោះទេ៖ «ខ្ញុំអត់ទាន់ដឹងទេចាំមើលខ្ញុំសួរទៅខាងជំនាញខ្ញុំបន្តិចសិន ចាំតិចទៀតខ្ញុំផ្ដល់ឱ្យវិញ បាទខ្ញុំកំពង់នៅប្រជុំបន្តិចសិន » ។
មន្ត្រីអង្គការសង្គមស៊ីវិលចាត់ទុកការចាប់ខ្លួនសកម្មជនបក្សប្រឆាំងនេះថា ជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) លោក សឹង សែនករុណា មានប្រសាសន៍ថា ប្រទេសប្រជាធិបតេយ្យដែលគោរពច្បាប់ទម្លាប់បានត្រឹមត្រូវនោះ សកម្មជនបក្សរូបនេះនឹងមិនត្រូវបានប៉ូលិសចាប់ខ្លួននោះឡើយ ពីព្រោះលោកថា សកម្មជនបក្សប្រឆាំងទាំងឡាយដែលត្រូវចាប់ខ្លួនកន្លងមកមិនបានធ្វើសកម្មភាពណាមួយផ្ទុយពីច្បាប់កំណត់នោះទេ។ លោកហៅការចាប់ខ្លួននេះថា ជាអំពើអមនុស្សធម៌របស់ប៉ូលិសមកលើសកម្មជនបក្សប្រឆាំងដោយខុសច្បាប់៖ «អ្វីដែលយើងសោកស្ដាយគឺ សមត្ថកិច្ចកម្ពុជាមិនបានអនុវត្តន៍ ឬក៏លើកស្ទួយនូវសិទ្ធិរបស់ប្រជាពលរដ្ឋនោះទេ។ ផ្ទុយទៅវិញចុងក្រោយនេះយើងឃើញការចាប់ខ្លួន គឺហាក់ដូចលែងមានការពិនិត្យតាមនីតិវិធីច្បាប់ហើយ អ៊ីចឹងកាលណាប្រទេសអនុវត្តច្បាប់បែបនេះ វាជាការប៉ះពាល់សិទ្ធិរបស់ពលរដ្ឋកាន់តែធ្ងន់ធ្ងរឡើង។ អង្គការសង្គមស៊ីវិលយើងតែងតែលើកឡើងថា រឿងនេះគឺពាក់ព័ន្ធនឹងជម្លោះនយោបាយវាមិនមែនជារឿងការអនុវត្តផ្ទុយពីច្បាប់អីទេ » ។
ទាក់ទងនឹងការចាប់ខ្លួននេះដែរ មន្ត្រីគណបក្សសង្គ្រោះជាតិដែលកំពុងភៀសខ្លួននៅប្រទេសថៃលោក សួន ចំរើន ថ្លែងថា កាលពីថ្ងៃទី២៧ តុលា ប៉ូលិសខេត្តមណ្ឌលគិរីបានចាប់ខ្លួនអនុប្រធានប្រតិបត្តិឃុំស្រែព្រះស្រុកកែវសីមាលោក ដូង សំអេត ដោយចោទប្រកាន់រួមគំនិតក្បត់ជាតិ ពាក់ព័ន្ធនឹងគម្រោងទៅចូលរួមអមដំណើរប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី វិលចូលស្រុកនៅថ្ងៃទី៩ វិច្ឆិកា។
គិតត្រឹមរសៀលថ្ងៃទី២៨ តុលា មានសកម្មជនគណបក្សសង្គ្រោះជាតិចំនួន ៥៧នាក់ហើយ ដែលត្រូវរបបលោក ហ៊ុន សែន ចាប់ និងឃុំខ្លួនក្នុងពន្ធនាគារ ហើយមានសកម្មជនចំនួន ១៨៦នាក់ផ្សេងទៀត ត្រូវបានកោះហៅទៅបំភ្លឺ និងសមត្ថកិច្ចតាមចាប់ខ្លួន ដោយគ្មានមូលដ្ឋានច្បាប់ច្បាស់លាស់។ ក្រៅពីនេះ ក៏មានសកម្មជនបក្សប្រឆាំងជាច្រើននាក់ទៀត បានរត់ភៀសខ្លួនរកកន្លែងមានសុវត្ថិភាព ដើម្បីគេចចេញពីការតាមយាយី និងការធ្វើទុក្ខបុកម្នេញ ឬចាប់ខ្លួនពីអាជ្ញាធររបបក្រុងភ្នំពេញ។
លោក សឹង សែនករុណា យល់ថា ការចាប់ខ្លួនសកម្មជនគណបក្សប្រឆាំងជាបន្តបន្ទាប់នេះ មិនមែនជាដំណោះស្រាយនយោបាយនោះទេ ផ្ទុយទៅវិញរឹតតែធ្វើឱ្យអ្នកគាំទ្រគណបក្សនេះ ដែលមានជិតកន្លះប្រទេសក្ដៅក្រហាយ និងស្អប់ខ្ពើមរដ្ឋាភិបាលកាន់តែច្រើនឡើង។ លោកកត់សំគាល់ទៀតថា ប្រជាពលរដ្ឋភាគច្រើនចង់ឱ្យប្រទេសមានប្រជាធិបតេយ្យពេញលេញ និងមានដំណោះស្រាយនយោបាយឡើងវិញ ដើម្បីរក្សាការអនុគ្រោះពន្ធ EBA ពីសហភាពអឺរ៉ុប និង GSP របស់សហរដ្ឋអាមេរិក ដែលជាប្រយោជន៍ជួយដល់សេដ្ឋកិច្ចជាតិ ជាពិសេសធ្វើឱ្យកម្មកររោងចក្របន្តមានការងារធ្វើបានប្រាក់ចំណូលដោះស្រាយជីវភាពគ្រួសារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
