ភរិយា​របស់​លោក គង់ ម៉ាស់ ស្នើសុំ​សហភាព​អឺរ៉ុប​ជួយ​អន្តរាគមន៍​ដោះ​លែង​ស្វាមី

0:00 / 0:00

ភរិយា​របស់​សកម្មជនបក្សប្រឆាំង​នៅ​ស្វាយរៀង លោក គង់ ម៉ាស់ ស្នើសុំ​ឲ្យ​សហភាព​អឺរ៉ុប ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល ដោះ​លែង​ស្វាមី​របស់​ខ្លួន បន្ទាប់​ពី​គាត់​បាន​ជាប់​ពន្ធនាគារ​អស់ រយៈ​ពេល​ជាង ១ឆ្នាំមកហើយពាក់ព័ន្ធនឹងការបង្ហោះសាររិះគន់រដ្ឋាភិបាលលើហ្វេសប៊ុក។ មន្ត្រី​សិទ្ធិ​មនុស្ស ចាត់ទុកថា ករណី​លោក លោក គង់ ម៉ាស់ គឺ​ជា​រឿង​នយោបាយ ហើយ​ការ​បន្ត​ឃុំ​ខ្លួន​នេះ គឺ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​រំលោភ​ច្បាប់​ធ្ងន់ធ្ងរ។

ភរិយា​របស់​លោក គង់ ម៉ាស់ គឺ​លោកស្រី កុល សាត ប្រាប់​អាស៊ី​សេរី​ថា លោកស្រី បាន​ដាក់​លិខិត ស្នើសុំ​អន្តរាគមន៍​ពី​ស្ថានទូត​សហភាព​អឺរ៉ុប​ប្រចាំ​ក្រុង​ភ្នំពេញ កាល​ពី​សប្ដាហ៍​មុន ដើម្បី​ឲ្យ​ជួយ​ជំរុញ​ទៅ​រដ្ឋាភិបាល​កម្ពុជា ដោះ​លែង​ស្វាមី​របស់​ខ្លួន​ពី​ពន្ធនាគារ​ដោយ​ឥត​លក្ខខណ្ឌ។ លោកស្រី ថ្លែង​ថា ស្វាមី​របស់​លោកស្រី មិន​បាន​ប្រព្រឹត្ត​កំហុស​ជេរ​ប្រមាថ​រដ្ឋាភិបាល និង​មន្ត្រី​រាជការ​សាធារណៈ ដូច​ការ​ចោទ​ប្រកាន់​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ និង​សាលា​ដំបូង​ខេត្ត​ស្វាយរៀង​ឡើយ។

ភរិយារបស់​អ្នក​ទោស​នយោបាយ​រូប​នេះ រៀបរាប់​ថា​ ជា​រឿង​ឈឺ​ចាប់ និង​គួរ​ឱ្យ​​ស្អប់​ខ្ពើម​បំផុត​ដែល ស្វាមី​លោក​ស្រី ត្រូវ​ជាប់​ពន្ធនាគារ​ក្នុង​រយៈ​ពេល​ដ៏​យូរ ដោយ​គ្មាន​កំហុស​អ្វី​សោះ គ្រាន់​តែ​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​សន្តិវិធី៖ «គឺ​អយុត្តិធម៌​សម្រាប់​គាត់។ ជា​ធម្មតា​តាម​ដែល​ខ្ញុំ​ដឹង​គឺ ពលរដ្ឋ​មាន​សិទ្ធិ​បញ្ចេញ​មតិ​រិះគន់​ក្នុង​ន័យ​ស្ថាបនា​នៅ​ក្នុង​ប្រទេស​ដែល​ប្រកាន់​លទ្ធិ​ប្រជាធិបតេយ្យ ដូច្នេះ​ខ្ញុំ យល់ថា ពលរដ្ឋ​រិះគន់​អ្នក​ដឹក​នាំ​មិន​មែន​ជា​កំហុស​ទេ។ ខ្ញុំ​សូម​ឲ្យ​ខាង​តុលាការ​ដោះ​លែង​គាត់​វិញ ដោយ​ឥត​លក្ខខណ្ឌ ព្រោះ​អី​សុខភាព​ខ្សោយ​មាន​ជំងឺ​លើស​ឈាម​ប្រចាំ​កាយ ហើយ​ខ្ញុំ​ក៏​ឈឺ​ទៀត។ ពិបាក​មែនទែន »

លោកស្រី កុល សាត ឲ្យដឹងថា មកទល់ពេលនេះ ស្ថានទូតសហភាពអឺរ៉ុប មិនទាន់ឆ្លើយតបយ៉ាង ណានៅឡើយទេ។

អាជ្ញាធរក្រុងភ្នំពេញ បានចាប់ខ្លួនលោក គង់ ម៉ាស់ ដែលជាសមាជិក​ក្រុមការ​ងារ​គណបក្សសង្គ្រោះ ជាតិ​ខេត្ត​ស្វាយរៀង ​កាលពីថ្ងៃទី១៦ ខែមករា​ ឆ្នាំ២០១៩ ដោយ​គិត​មក​ទល់​ពេល​នេះ​លោក​កំពុង​ជាប់​ក្នុងពន្ធនាការព្រៃសជាង១២ខែហើយ។ លោកជាប់ទោស ២ករណី គឺទី១ សាលា​ដំបូង​រាជ ធានី​ភ្នំពេញ ផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ១៨ខែ ពីបទ​ប្រមាថ ​និង ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ ជា​អាទិ៍ តាម​បណ្តឹង​របស់​អគ្គ​ស្នងការ​នគរបាល​ជាតិ លោក នេត សាវឿន បន្ទាប់​ពី​លោក​បាន​សរសេរ​សារ​បង្ហោះ​នៅ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​ពាក់ព័ន្ធ​នឹង​យុទ្ធនាការ​ម្រាម​ដៃ​ស្អាត​កាលពី​មុន​បោះ​ឆ្នោត ឆ្នាំ២០១៨ និង​សារ​រិះគន់​បែប​ស្ថាបនា​អំពី​ភាព​អសកម្ម​មួយ​ចំនួន​របស់​រដ្ឋាភិបាល​លោក ​ហ៊ុន​ សែន ​រួម​ទាំង​ការ​បង្ហោះ​សារ​ចុង​ក្រោយ​រឿង​តម្លៃ​កសិផល​ចុះថោក​ក្រោយ​ពី​សហភាព អឺរ៉ុប​យក​ពន្ធ​អង្ក​កម្ពុជា​ជា​ដើម។ ចំណែក​ករណី​ទី២ គឺ​សាលា​ដំបូង​ខេត្ត​ស្វាយរៀង ផ្ដន្ទាទោស ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ១៥ថ្ងៃនិងពិន័យជាប្រាក់៥លានរៀលទៅដើមបណ្តឹង និង ១លាន​រៀល ចូល​រដ្ឋ​តាម​បណ្តឹង​របស់​អតីត​អភិបាល​ស្រុក​រមាស​ហែក លោក ពេញ ជា ។ ទោស​ទណ្ឌ​ក្នុង​សំណុំ រឿង​នេះ ដោយសារ​តែ​សមាជិក​បក្ស​ប្រឆាំង​រូប​នេះ បង្ហោះ​សារ​លើ​ហ្វេសប៊ុក សុំ​អន្តរាគមន៍​ពី​រដ្ឋាភិបាល​ករណី​ចោទ​ថា លោក ពេញ ជា បាន​ប្រើ​អំណាច និង​ឃុបឃិត​ជាមួយ​អាជ្ញាធរ​មួយ​ចំនួន​ទៀត បណ្តេញ​ប្រជាពលរដ្ឋ​ក្រីក្រ​មួយ​គ្រួសារ​ចេញ​ពី​ដី​លំនៅឋាន ដែល​ធ្លាប់​រស់​នៅ​តាំង​ពី​ឆ្នាំ១៩៩៨ នៅ ភូមិ​ឃុំ​កំពង់​ត្រាច ស្រុក​រមាស​ហែក។

អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ឆ្លើយ​តប​ថា ការ​ស្នើសុំ​ឲ្យ​ដោះ​លែង​លោក គង់ ម៉ាស់ គឺ​មិន​អាច​ធ្វើ​ទៅ​រួច​ឡើយ ដោយ​លោក​អះអាង​ថា តុលាការ បាន​ផ្ដន្ទាទោស​ដោយ​ផ្អែក​ទៅ​លើ មូលដ្ឋាន​ច្បាប់ និង​មូលដ្ឋាន​បទ​ល្មើស ដែល​ជន​នោះ​បាន​ប្រព្រឹត្ត៖ « លក្ខខណ្ឌ​ដែល​គាត់​ជា​អ្នក​នយោបាយ​ធ្វើ​សកម្មភាព​នយោបាយ​នេះ មិន​អាច​ការពារ​គាត់​ឲ្យ​រួច​ផុត​ពី​ការ​ទទួល​ខុស​ត្រូវ​ពី​ផ្លូវ​ច្បាប់ ចំពោះ​បទ​ល្មើស ដែល​គាត់​បាន​ប្រព្រឹត្ត នោះ​ទេ »

ផ្ទុយ​ពី​ការ​លើក​ឡើង​នេះ អ្នក​ច្បាប់ ​និង​មន្ត្រី​សិទ្ធិ​មនុស្ស ​យល់​ថា ការ​បង្ហោះ​សារ​ផ្សេងៗ របស់​លោក គង់ ម៉ាស់ គឺ​គ្រាន់​តែ​ជា​ការ​ប្រើ​ប្រាស់​​សិទ្ធិ​បញ្ចេញ​មតិ​ដែល​ធានា​ដោយ​រដ្ឋ​ធម្មនុញ្ញ​និង​កតិកាសញ្ញា​អន្តរជាតិ​​​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​ ហើយ​កា​រិះគន់​នោះ ​គឺជា​ការរិះគន់​បែប​ស្ថាបនា​​ គ្មានន័យ​ប្រមាថ​រដ្ឋាភិបាល​ឡើយ។

នាយករង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំ​មើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ​លោក អំ សំអាត មាន​ប្រសាសន៍​ថា ករណី​នេះ គឺ​ជា​រឿង​នយោបាយ​សុទ្ធសាធ ក្នុង​គោលដៅ​គំរាម​កំហែង​បំបាក់​ស្មារតី​សកម្មជន​​បក្ស ប្រឆាំង ហើយ​ខាង​អង្គការ​សង្គម​ស៊ីវិល​ជាតិ​ និង​អន្តរជាតិ​ ធ្លាប់​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍ ទាមទារ​ឲ្យ​ដោះ​លែង​លោក គង់ ​ម៉ាស់​ ជា​បន្តបន្ទាប់​ដោយ​ឥត​លក្ខខណ្ឌ​​ផង​ដែរ។ មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ យល់ថា ការ​ផ្ដន្ទាទោស​មន្ត្រី​បក្ស​ប្រឆាំង​ ដោយ​គ្មាន​មូលដ្ឋាន និង​ភស្តុតាង​ច្បាស់លាស់​នេះ ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​រំលោភ​ច្បាប់ ហើយ​ជា​ផ្នែក​មួយ ធ្វើ​ឲ្យ​កម្ពុជា​ប្រឈម​បាត់បង់​ប្រព័ន្ធ អនុគ្រោះ​ពន្ធEBA របស់​សហភាព​អឺរ៉ុប​នៅ​ខែ​ក្រោយ​នេះ៖ « ជា​ធម្មតា ជា​មន្ត្រីរាជការ​សាធារណៈ ឬ​ជា​មន្ត្រី​រដ្ឋាភិបាល គឺ​ត្រូវ​តែ​បើក ចិត្ត​បើក​បេះដូង​ឲ្យ​បាន​ទូលាយ​ក្នុង​ការ​ទទួល​ការ​រិះគន់ ដើម្បី​ធ្វើ​ការ​ស្ថាបនា ហើយ​បើ​ការ​រិះគន់ ហើយ​ត្រូវ​បាន​រង​នូវ​ការ​ប្ដឹង រង​នូវ​ការ​ចាប់​ដាក់​ពន្ធនាគារ គឺ​មិន​មាន​អ្នក​ណា​ហ៊ាន​រិះគន់​ទៀត​ទេ »

កន្លង​មក​សហភាព​អឺរ៉ុប និង​តំណាង​រដ្ឋាភិបាល​នៃ​ប្រទេស​សេរី​ធំៗ នៅ​លើ​ពិភព​លោក តែងតែ ជំរុញ​ដល់​រដ្ឋាភិបាល​កម្ពុជា​ ឲ្យ​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិ​មនុស្ស​ឡើង​វិញ តាមរយៈ ការ​ទម្លាក់​ចោល​រាល់​បទចោទប្រកាន់​លើ​លោក កឹម សុខា និង​ដោះលែង​ជន​​ទាំង​ឡាយ​​ណា​ ដែល​​ត្រូវ​​បាន​ឃុំ​ខ្លួន​តាម​ទំនើង​ចិត្ត ក្នុង​នោះ​​រួម​មាន អ្នក​សារព័ត៌មាន សកម្មជន​​សង្គម​ស៊ីវិល ព្រម​ទាំង​​អ្នក​គាំទ្រ និង​​សមាជិក​គណបក្ស​​ប្រឆាំង​ផង​ដែរ។ ប្រទេស​ទាំង​នោះ សង្កត់​ធ្ងន់​ថា មាន​តែ​ធ្វើ​តាម​អនុ សាសន៍​របស់​ពួក​គេ​នេះ​ទេ ទើប​មាន​ប្រយោជន៍​សម្រាប់​កម្ពុជា​ទាំង​វិស័យ​អភិបាលកិច្ច និង​សេដ្ឋ កិច្ច។ សង្គម​ស៊ីវិល​បារម្ភ​ថា បើ​រដ្ឋាភិបាល​លោក ហ៊ុន សែន នៅ​តែ​រក្សា​ជំហរ​រឹង​ទទឹង គឺ​កម្ពុជា​ប្រាកដ​ជា​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប​ក្នុង​រយៈ​ពេល​ប្រមាណ​ជាង ២ សប្ដាហ៍​ទៀត ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ធ្ងន់ធ្ងរ ដល់​វិស័យ​កាត់ដេរ និង​​សេដ្ឋកិច្ច​ជាតិ​​ទាំងមូល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។