ជីវភាពគ្រួសាររបស់ប្រពន្ធសកម្មជនជនគណបក្សប្រឆាំង ដែលកំពុងជាប់គុកនៅខេត្តពោធិ៍សាត់ ជួបការលំបាកខ្លាំង បន្ទាប់ពីប្ដីត្រូវបានតុលាការឃុំខ្លួនអស់ជាច្រើនខែ។ប្រពន្ធអ្នកជាប់ឃុំទាំងនោះ នៅតែចាត់ទុកការចាប់ប្ដីរបស់ខ្លួន ថា ជារឿងអយុត្តិធម៌ ហើយធ្វើឱ្យជីវភាពក្នុងគ្រួសាររបស់ពួកគាត់កាន់តែក្រីក្រ។
ប្រពន្ធរបស់សកម្មជនគណបក្សសង្គ្រោះជាតិ ស្រុកវាលវែងនៅតែទទូចឱ្យតុលាការទម្លាក់ចោលការចោទប្រកាន់ប្ដី ហើយត្រូវដោះលែងប្ដីពួកគេឱ្យបានឆាប់ ដើម្បីជួយធ្វើការងាររកប្រាក់ចំណូលដោះស្រាយជីវភាពគ្រួសារ។
លោកស្រី ជី វណ្ណី ប្រពន្ធលោក ទួន សំអាត ដែលជាអនុប្រធានគណបក្សសង្គ្រោះជាតិស្រុកវាលវែងមានប្រសាសន៍ថា ប្ដីរបស់គាត់ជាប់ពន្ធនាគារប្រមាណ៨ខែហើយ។ លោកស្រីបន្ថែមថា ចាប់តាំងពីប្ដីជាប់ឃុំមក ធ្វើឱ្យគ្រួសាររបស់ខ្លួនមានទុក្ខព្រួយជារៀងរាល់ថ្ងៃ ជាពិសេសធ្វើឱ្យជីវភាពកាន់តែក្រីក្រ ពីព្រោះបាត់បង់មេគ្រួសារ ដែលជាមនុស្សបង្គោលជួយរកប្រាក់ចំណូលក្នុងគ្រួសារ។ ប្រពន្ធមន្ត្រីបក្សប្រឆាំងរូបនេះ បន្តថា សព្វថ្ងៃក្នុងមួយខែលោកស្រីត្រូវចំណាយប្រាក់ប្រមាណ១លានរៀល ដើម្បីផ្ញើទៅឱ្យប្ដីចាយវាយនៅក្នុងគុក ពីព្រោះប្ដីមានជំងឺជាច្រើនមុខ និងត្រូវទិញអាហារហូបចុកនៅពន្ធនាគារ៖ «ខ្វល់ខ្វាយពីរឿងសុខភាពគាត់ ហើយណាមួយខ្វល់ពីរឿងជីវភាពខ្លួនឯងនៅផ្ទះក៏ខ្វះខាត ណាយកទៅអោយគាត់ហូបចុកផង ខ្ញុំពិបាកណាស់រស់ថ្ងៃ ខ្ញុំនិយាយមិនចេញទេ ។ខ្ញុំពិបាកខ្លាំងណាស់ណាមួយនៅជាមួយកូន ហើយក៏ឈឺផង ទៅមន្ទីរពេទ្យថ្ងៃមុននោះ ហើយជំងឺខ្លួនឯងក៏មិនសូវជាប៉ុន្មាន ណារកសងធនាគារផង ណាមួយយកទៅឱ្យគាត់មួយផ្នែកផង ។ខ្ញុំវេទនាខ្លាំងណាស់រាលថ្ងៃនេះ ខ្ញុំក៏កាត់បន្ថយទៅគាត់ច្រើនដែរ ជួនកាលឱ្យ៥ម៉ឺនទេឥឡូវនេះ ខ្ញុំរកលែងបានហើយ ណាមួយដើរខ្ចីគេច្រើនទៅក៏គេលែងឱ្យ » ។
លោកស្រីបន្ថែមទៀតថា លោកស្រីគ្មានលទ្ធភាពរកប្រាក់ជូនទៅឱ្យប្ដីប្រើប្រាស់នៅក្នុងពន្ធនាគារបានទៀតឡើយ ព្រោះលោកស្រីម្នាក់ឯងមានរបរលក់ចាប់ហួយតូចតាច រកប្រាក់មិនគ្រប់ដោះស្រាយជីវភាពគ្រួសារផង។ ម្យ៉ាងទៀត ត្រូវរកប្រាក់បង់ការប្រាក់ដែលបានខ្ចីពីធនាគារ ប្រមាណ១ម៉ឺនដុល្លារអាមេរិកយកមកប្រកបមុខរបរលក់បាយកាលដែលប្ដីមិនទាន់ជាប់គុក ហើយប្រាក់នោះមិនទាន់សងគេរួចនៅឡើយទេ។លោកស្រីថ្លែងទាំងអួលដើមកទៀតថា ការចាប់ប្ដីប្រៀបដូចសម្លាប់លោកស្រី និងកូនទាំងរស់ ពីព្រោះលោក ទួន សំអាត អាយុ ៧០ឆ្នាំមិនបានប្រព្រឹត្តខុសច្បាប់ ដូចការចោទប្រកាន់របស់តុលាការនោះឡើយ៖ «វាសាហាវពេកក្រៃហើយ ដើរចាប់ប្រជាពលរដ្ឋ ដោយគ្មានកំហុសអីចឹងយកទៅដាក់ពន្ធនាគារ ដោយគ្នាមិនបានប្រព្រឹត្តខុសសោះ គ្រាន់តែថារឿងបក្សនោះរំលាយគ្នាអស់តាំងពីយូរហើយ មកចាប់គ្នាដាក់ពន្ធនាគារទៀត គ្នាមានបានធ្វើអី នៅតែផ្ទះមិនបានទៅនិយាយស្ដីជាមួយពលរដ្ឋបន្តិចផង បើថាបាននិយាយអីមួយពលរដ្ឋណាក៏អត់ » ។
រីឯប្រពន្ធសកម្មជនគណបក្សសង្គ្រោះជាតិឃុំប្រមោយ ស្រុកវាលវែងលោក ឡុង ខន គឺលោកស្រី ឌី រិន ថ្លែងថា លោកស្រីបានជួបប្ដីក្នុងពន្ធនាគារជារៀលសប្ដាហ៍ ហើយសង្កេតឃើញប្ដីសុខភាពទ្រុឌទ្រោម ស្របពេលដែលលោកមានអាយុ៧៤ហើយ រស់នៅក្នុងគុកគ្មានអ្នកមើលថែ។ លោកស្រីបន្ថែមថា ចាប់តាំងពីប្ដីជាប់គុកមកគឺជាងរយៈពេល៦ខែមកហើយ ហើយលោកស្រីត្រូវរស់នៅមើលចៅអាយុក្រោម ១០ឆ្នាំ តែម្នាក់ឯង។ ប្រពន្ធមន្ត្រីបក្សប្រឆាំងរូបនេះ បន្តថា លោកស្រីរវល់តែនៅមើលចៅ២នាក់ ដែលម្ដាយឪពុករបស់ពួកគេទៅធ្វើការងារនៅឆ្ងាយពីផ្ទះ ព្រោះនៅផ្ទះគ្មានមុខរបររកប្រាក់ចំណូល ហើយលោកស្រីក៏មិនមានមុខរបររកប្រាក់ចំណូលដែរ៖ «គាត់នៅបានជួយធ្វើការដឹកបន្លែលក់ ដល់ឥឡូវខ្ញុំវាម្នាក់ឯងណាចៅជាប់ដៃ ពេលណាទៅមើលគាត់ម្ដងៗផ្ញើគេទៅ។ខ្ញុំចង់ថាបើគាត់ចេញមកវិញធ្វើអីមិនកើតនៅមើលចៅទៅខ្ញុំចេះតែដើររកស៊ីលក់ដូរអីចឹងទៅ។ពីមុខទោះបីអត់ឃ្លានអីយើងនៅជុំគ្នា គ្រាន់ដោះស្រាយ ដល់ពេលយើងបាក់បែកគ្នា អីចឹងវាពិបាក យើងវាអត់វាពិបាកសព្វមុខ » ។
លោកស្រីបន្តថា ការចាប់ប្ដីគឺជារឿងនយោបាយបាយដោយសារលោក ឡុង ខន ជាសកម្មជនគណបក្សសង្គ្រោះជាតិស្រុកវាលវែង។ លោកស្រីអំពាវនាវសុំឱ្យលោក នាយករដ្ឋមន្ត្រីហ៊ុន សែន ជួយអន្តរាគមន៍ដោះលែង ប្ដីឱ្យមានសេរីភាពវិញ ដើម្បីបាននៅមើល ហើយលោកស្រីអាចប្រកបរបរជួយរកប្រាក់ចំណូលគ្រួសារ។
អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យសាលាដំបូងខេត្តពោធិ៍សាត់ លោក ហេង ដូនីន ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី២៧មករា ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។
ប៉ុន្តែអ្នកនាំពាក្យសាលាដំបូងខេត្តពោធិ៍សាត់លោក ហេង ដូនីន ធ្លាប់ប្រាប់អាស៊ីសេរីថា សំណុំរឿងនេះមិនមែនជារឿងនយោបាយទេ ប៉ុន្តែជាបទល្មើសព្រៃឈើ ហើយលោកថា តុលាការកំពុងតែដំណើរការលើរឿងនេះ៖ «ចាប់មិនដែលចាប់រឿងគណបក្សសង្គ្រោះជាតិផង ចាប់មានតែបទល្មើសបរិស្ថាន។ខាងតុលាការកំពុងតែចាត់ការរឿងហ្នឹងបាទ !» ។
ផ្ទុយពីការលើកឡើងរបស់អ្នកនាំពាក្យសាលាដំបូងខេត្តនេះ មេធាវីការពារក្ដីឱ្យលោក ទួន សំអាត គឺលោក ប៊ុន រិទ្ធី ប្រាប់អាស៊ីសេរីថា បើជម្រះក្ដីតាមច្បាប់លោកសង្ឃឹមថា កូនក្ដីរបស់នឹងឈ្នះក្ដី ពីព្រោះលោកថា មិនបានកាន់កាប់ដីនៅតំបន់ដែលតុលាការចោទប្រកាន់នោះទេ។លោកបញ្ជាក់ថា សំណុំរឿងនេះចៅក្រមស៊ើបសួរបានបញ្ជូនទៅដល់តំណាងអយ្យការនៃសាលាដំបូងខេត្តពោធិ៍សាត់ម្ដងហើយ ប៉ុន្តែត្រូវតំណាងអយ្យការរុញត្រឡប់មកវិញ ក្រោមហេតុផលថាសំណុំរឿងមិនទាន់គ្រប់គ្រាន់ដូច្នេះ លោកថា បច្ចុប្បន្នសំណុំស្ថិតនៅក្នុងដំណាក់កាលរបស់ចៅក្រមស៊ើបសួរដដែល៖ «បើគេនិយាយអំពីច្បាប់យើងអាចមានសង្ឃឹមច្រើន បើគេនិយាយពីអីក្រៅពីច្បាប់រឿងហ្នឹងយើងពិបាកដែរ។ប្រសិនណាយកច្បាប់យកអង្គហេតុមកធ្វើការចោទប្រកាន់នេះយើងឃើញថាភស្តុតាងវាអត់គ្រប់គ្រាន់ក្នុងការចោទប្រកាន់ទេ តាមអង្កេតរបស់ខ្ញុំ » ។
មន្ត្រីតុលាការនេះ មន្ត្រីស៊ើបអង្កេតអង្គការ លីកាដូ (Licadho) ខេត្តពោធិ៍សាត់ លោក កែម គីមស្រ៊ន់ យល់ថា ការចាប់ខ្លួនសកម្មជនបក្សប្រឆាំងនេះជារឿងនយោបាយមិនមែនជាបទល្មើសព្រៃឈើនោះទេ។លោកបន្ថែមថា ចាប់តាំងពីសកម្មជននយោបាយទាំងនោះជាប់គុកមក លោកចុះស្រាវជ្រាវដល់ទីកន្លែងជាច្រើនលើកមកហើយ តែរកមិនឃើញមានបទល្មើសនោះឡើយ។មន្ត្រីសង្គមស៊ីវិលវិញរូបនេះបញ្ជាក់ថា តុលាការបន្តឃុំខ្លួនពួកគាត់យូរបែបនេះ បានប៉ះពាល់ដល់ការរកប្រាក់ចំណូលក្នុងគ្រួសាររបស់ពួកគាត់ ជាពិសេសធ្វើឱ្យប្រពន្ធនិងកូនរបស់អ្នកទាំងនោះបាត់បង់បង្គោលក្នុងគ្រួសារ ដើម្បីរកប្រាក់ចំណូលប្រចាំថ្ងៃ៖ «ដីរបស់ពួកគាត់សុទ្ធតែមានឯកសារមានប្លង់ត្រឹមត្រូវ ប៉ុន្តែចោទប្រកាន់គាត់យើងមិនយល់ថា តើអាជ្ញាធរយកអីមកសំអាងទេ។ ប៉ុន្តែយើងសង្ឃឹមថា អាជ្ញាធរនឹងលើកពួកគាត់ ដោយសារតែការចោទប្រកាន់ហ្នឹងវាដាក់បន្ទុកធ្ងន់ធ្ងរ យើងដឹងហើយពួកគាត់សុទ្ធសឹងតែជាអតីតសកម្មជន ហើយគាត់មានតួនាទី ហើយប្រតិការណ៍នៃការចាប់ខ្លួនគាត់ហ្នឹងក្នុងអំឡុងពេលស្ថានភាពនយោបាយកំពុងតែមានបញ្ហា។អីចឹងអាជ្ញាធរគួរតែយោគយល់ » ។
ប្រពន្ធអ្នកជនជាប់ឃុំទាំងនោះ ថ្លែងថា មេធាវីការពារក្ដីបានដាក់ពាក្យសុំឱ្យតុលាការដោះលែងប្ដីឱ្យនៅក្រៅឃុំជាលើកទីរួចហើយកាលពីសប្ដាហ៍កន្លងទៅ ប៉ុន្តែមិនទាន់មានការឆ្លើយតបពីខាងមន្ត្រីតុលាការនៅឡើយទេ។ សមត្ថកិច្ចបានចាប់សកម្មជនគណបក្សសង្គ្រោះជាតិស្រុកវាលវែង ខេត្តពោធិ៍សាត់ចំនួន ៧នាក់ ដាក់ពន្ធនាគារជាបន្តបន្ទាប់ កាលពីខែឧសភាឆ្នាំ២០១៩។ ក្នុងនោះមានអនុប្រធានគណបក្សស្រុកវាលវែង គឺលោក ទួន សំអាត ជំទប់ទី២ ឃុំអូរសោម លោក ប្រាក់ រិន សកម្មជនគណបក្សប្រឆាំងឃុំប្រមោយ លោក ចាន់ សុផល និងអ្នកដទៃទៀតជាសមាជិកក្រុមប្រឹក្សាឃុំ និងជាសកម្មជនគណបក្សស្រុកវាលវែង ដោយចោទប្រកាន់ពីបទទន្ទ្រានព្រៃយកដីធ្វើជាកម្មសិទ្ធិខុសច្បាប់ដូចគ្នា។ ចំណែកឯសកម្មជនគណបក្សប្រឆាំងស្រុកវាលវែងជាច្រើននាក់ទៀត បានរត់គេចខ្លួននៅទីសុវត្ថិភាព មិនទាន់ត្រឡប់ទៅផ្ទះវិញនៅឡើយទេ ព្រោះខ្លាចអាជ្ញាធរចាប់ដាក់គុកបន្ថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។