ពលករខ្មែរមួយចំនួនដែលធ្វើការងារនៅប្រទេសថៃ នៅតែប្រកាន់ជំហររង់ចាំទទួលប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ គឺ លោក សម រង្ស៊ី វិលចូលស្រុកវិញដដែល។ ពួកគេអះអាងថា នៅពេលវត្តមានរបស់លោក សម រង្ស៊ី ចូលទៅស្រុកទេស នឹងធ្វើឱ្យវិបត្តិនយោបាយនៅកម្ពុជាបានប្រសើរឡើងវិញ។
ពលករខ្មែរធ្វើការនៅប្រទេសថៃលើកឡើងថា អវត្តមានគណបក្សប្រឆាំងនៅក្នុងរដ្ឋសភា នឹងមិនអាចធ្វើឱ្យប្រទេសអភិវឌ្ឍរីកចំរើនបានឡើយ។
ពលករធ្វើការនៅខេត្តសមុទ្រប្រាកាន (Samut Prakan) ម្នាក់ លោក យ៉ុង ណន ប្រាប់នៅអាស៊ីសេរីនៅរសៀលថ្ងៃទី២៤ វិច្ឆិកាថា គណបក្សសង្គ្រោះជាតិដែលដឹកនាំដោយលោក កឹម សុខា និងលោក សម រង្ស៊ី គឺជាក្ដីសង្ឃឹមរបស់ប្រជាពលរដ្ឋខ្មែរ ជាពិសេសកសិករនៅតាមជនបទ ពីព្រោះលោកជឿថា ពួកលោកមានសមត្ថភាពរកទីផ្សារលក់កសិផលបានតម្លៃសមរម្យជាងពេលបច្ចុប្បន្ន។ លោកបន្តថា ពលករធ្វើការនៅថៃស្អប់ខ្ពើមរបបក្រុងភ្នំពេញ ដឹកនាំដោយហ៊ុន សែន ដែលប្រព្រឹត្តអំពើពុករលួយ និងធ្វើបាបប្រជាពលរដ្ឋក្រីក្រស្លូតត្រង់ និងគ្មានអំណាច ដើម្បីតែភាពសុខសាន្តសម្រាប់ក្រុមគ្រួសាររបស់ពួកគេតែប៉ុណ្ណោះ។ លោកបន្តថា ពលករខ្មែររាប់ពាន់នាក់ធ្វើការនៅតំបន់ជាមួយលោក គឺធ្វើចំណាកស្រុកដោយសារគ្មានការងារធ្វើនៅក្នុងស្រុក បណ្ដាលឱ្យពួកគេចាកចេញពីផ្ទះបែកឪពុកម្ដាយដូចសព្វថ្ងៃនេះ។ ពលកររូបនេះ នៅតែចង់ឱ្យលោក សម រង្ស៊ី វិលចូលស្រុកវិញដដែល ដើម្បីកុំឱ្យលោក ហ៊ុន សែន ចេះតែធ្វើបាបប្រជាពលរដ្ឋតាមអំពើចិត្តបន្តទៀត៖ «បើគាត់មកខ្មែរវិញប្រជាជនគាំទ្រច្រើនណាស់ ប្រហែលរកឡានជិះមិនបានទេបើតាមដែលពលករចង់ទៅស្រុក ដោយសារឈឺចាប់ជាមួយរបបលោកហ៊ុន សែន ដោយសារគេស្អប់របបកុំមុយនិសគេមិនចង់ឱ្យមាននៅស្រុកខ្មែរ។លោក សម រង្ស៊ី ចូលមកធ្វើឱ្យប្រទេសមានប្រជាធិបតេយ្យ ហើយមានការងារធ្វើច្រើន និងទទួលបានប្រាក់ខែសមរម្យអាចរស់នៅបាន » ។
រីឯពលការិនីធ្វើការសំណង់នៅទីក្រុងបាងកកឯណោះវិញ កញ្ញា សារឹន និច ថ្លែងថា ពលករខ្មែរធ្វើការជាមួយកញ្ញាមានជាង ៣០០នាក់ គាំទ្រឱ្យលោក សម រង្ស៊ី វិលចូលស្រុកវិញឱ្យបានឆាប់ ដើម្បីទៅទាមទារយកអំណាចពីលោក ហ៊ុន សែន មកប្រគល់ជូនប្រជាពលរដ្ឋវិញ ពីព្រោះកាលពីឆ្នាំ២០១៧ ពួកគាត់បោះឆ្នោតជូនគណបក្សប្រឆាំងមិនមែនបោះឆ្នោតឱ្យគណបក្សកាន់អំណាចនោះទេ។ កញ្ញាបន្ថែមថា ពលករខ្មែរនៅប្រទេសថៃភាគច្រើនចង់ឱ្យមានការផ្លាស់ប្ដូរមេដឹកនាំថ្មី ដើម្បីឱ្យប្រទេសអភិវឌ្ឍន៍ជឿនលឿនជាងសព្វថ្ងៃ ពីព្រោះលោក ហ៊ុន សែន ដឹកនាំប្រទេសជិត ៤០ឆ្នាំហើយ ប៉ុន្តែពលរដ្ឋ នៅតែក្រីក្រហើយនាំគ្នាមកធ្វើចំណាកស្រុកដដែល៖ «ព្រោះខ្មែរមកធ្វើកញ្ជះគេវេទនាណាស់ មានទាំងអ្នកកូនតូច អ្នកពោះធំជិតឆ្លងទន្លេគ្មានលុយចូលពេទ្យត្រឹមត្រូវ ហើយនាយករដ្ឋមន្ត្រីគាត់កាន់តែអំណាចមិនដែលមើលឃើញពីការលំបាករបស់ពលរដ្ឋផង ឱ្យពួកខ្ញុំគាំទ្រគាត់ម៉េចទៀត។ពួកខ្ញុំនៅតែចង់ចូលស្រុកចង់មានការធ្វើនៅខ្មែរ និងចង់ឱ្យស្រុកខ្មែរមានការងារធ្វើដូចនៅប្រទេសគេ » ។
កញ្ញាបន្តថា ស្ថានការណ៍នយោបាយនៅកម្ពុជាដូចសព្វថ្ងៃនេះ ប្រសិនបើលោក សម រង្ស៊ី មិនវិលចូលស្រុកទេ នោះធ្វើឱ្យអ្នកមានអំណាចកាន់មានឥទ្ធិពលខ្លាំង ព្រោះគ្មានគណបក្សប្រឆាំងដើម្បីជួយធ្វើជាភ្នែកជាច្រមុះដេញដោលនៅក្នុងរដ្ឋសភា។
ឆ្លើយតបនឹងបញ្ហានេះអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន អះអាងថា ស្ថានការណ៍នយោបាយនៅក្នុងស្រុកមិនមានអ្វីគួរឱ្យព្រួយបារម្ភដូចការលើកឡើងរបស់ពលករនោះឡើយ។ លោកបន្តថា ពលករនឹងចំណាយពេលរង់ចាំលោក សម រង្ស៊ី ដោយឥតប្រយោជន៍ ព្រោះលោកជឿជាក់ថា ប្រធានស្ដីទីគណបក្សប្រឆាំងរូបនេះមិនហ៊ានត្រឡប់ទៅកម្ពុជាវិញនោះទេ៖ «ខ្ញុំនិយាយតាំងពីដើមមកមិនមែនទើបនិយាយក្រោយថ្ងៃទី៩វិច្ឆិកាទេ ខ្ញុំថាបើទណ្ឌិតហ្នឹងហ៊ានពលីជីវិត ប្រថុយចូលទៅវាមិនស្លាប់ គ្រាន់តែគេចាប់ដាក់គុកតែប៉ុណ្ណោះ។ព្រោះដីការបស់តុលាការមានរួចហើយ » ។
អ្នកសម្របសម្រួល និងអង្កេតអង្គការខុមហ្វ្រែល (comfrel) លោក កន សាវាង្ស លើកឡើងថា ការចូលរួមកិច្ចការនយោបាយ គឺជាសិទ្ធិសេរីភាពរបស់ពលរដ្ឋម្នាក់ៗ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។ ទោះជាយ៉ាងណាមន្ត្រីអង្គការសង្គមស៊ីវិលរូបនេះ នៅតែទទូចដល់មេដឹកនាំគណបក្សកាន់អំណាច និងគណបក្សប្រឆាំងរកផ្លូវចរចាត្រូវរ៉ូវគ្នាឱ្យបានឆាប់ ពីព្រោះលោកកត់សំគាល់ថា ជម្លោះនយោបាយជាបន្តបន្ទាប់មកនេះ ធ្វើឱ្យកម្ពុជាខាត់បង់ដល់សេដ្ឋកិច្ចជាតិជាច្រើន ជាពិសេសថ្មីៗ ដែលរដ្ឋាភិបាលដាក់ពង្រាយកងកម្លាំងជាច្រើន ដើម្បីទប់ស្កាត់លោក សម រង្ស៊ី វិលចូលស្រុកវិញ៖ «ខ្ញុំយល់ថាមកដល់ពេលនេះយើងបានមើលឃើញស្ថានភាពក្នុងស្រុកថាតើដើរដល់កម្រិតណាមួយយើងបានយល់ទាំងអស់គ្នា។អីចឹងយើងមើលដូចជាទឹកដល់ច្រមុះហើយ ទាក់ទងដូចជារឿង EBA ជាដើម ហើយស្ថានភាពនយោបាយមួយរយៈកន្លងមកនេះមិនផ្ដល់ប្រយោជន៍ដល់សង្គមជាតិឡើយ » ។
ក្រោយពេលមិនអាចវិលទៅកម្ពុជាវិញ តាមកាលកំណត់ លោក សម រង្ស៊ី បានប្រកាសជាថ្មីទៀតថា លោកនឹងថ្នាក់ដឹកនាំគណបក្សប្រឆាំងនឹងរកច្រកវិលចូលមាតុប្រទេសវិញ ក្នុងពេលដ៏ខ្លីខាងមុខនេះ ដើម្បីទៅស្ដារប្រជាធិបតេយ្យនៅកម្ពុជាឱ្យរស់ឡើងវិញ។
ពលករខ្មែរនៅប្រទេសថៃនៅតែមានជំនឿថា លោក សម រង្ស៊ី នឹងអាចរកផ្លូវចូលទៅដល់កម្ពុជានៅពេលខាងមុខ ហើយពួកគេបានត្រៀមខ្លួនរង់ចាំទៅចូលរួមអមដំណើរថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិវិលចូលស្រុកវិញគ្រប់ពេល។ ពួកគាត់មានសង្ឃឹមថា វត្តមានរបស់លោក សម រង្ស៊ី ទៅដល់មាតុភូមិនឹងធ្វើឱ្យវិបត្តិនយោបាយនៅកម្ពុជាបានប្រសើរឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
