ពលករខ្មែរនៅប្រទេសកូរ៉េខាងត្បូងកំពុងប្រមូលស្នាមមេដៃធ្វើជាញត្តិប្រឆាំងការផ្តល់ដី៤០ហិកតារឲ្យជនជាតិវៀតណាម ខណៈរដ្ឋាភិបាលកំពុងចាក់ដី និងរៀបចំហេដ្ឋារចនាសម្ព័ន្ធនានា លើទីតាំងដី ដែលគ្រោងប្រគល់ឱ្យជនជាតិវៀតណាម នៅក្នុងខេត្តកំពង់ឆ្នាំង។
ពលករខ្មែរនៅប្រទេសកូរ៉េខាងត្បូងនៅតែប្រកាន់ជំហរប្រឆាំងការផ្ដល់ដី ៤០ហិកតារនៅខេត្តកំពង់ឆ្នាំង ទៅឱ្យជនជាតិវៀតណាមដដែល។ ពួកគេថា ទោះមន្ត្រីរដ្ឋាភិបាល និងអាជ្ញាធរខេត្តព្យាយាមនិយាយពង្វាង ដោយប្រើពាក្យថា បន្លាស់ទីពីទឹកមកដីគោកក្តី ក៏ពួកគេថា ពាក្យសំដីទាំងនេះគ្រាន់និយាយឲ្យរួចផុតពីការរិះគន់ថ្កោលទោសពីពលរដ្ឋខ្មែរប៉ុណ្ណោះ ។
ប្រធានគណៈកម្មាធិការនាយកនៃចលនាប្រជាធិបតេយ្យសង្គ្រោះជាតិនៅ កូរ៉េខាងត្បូងលោក ស សុខេម ឲ្យអាស៊ីសេរីដឹងថ្ងៃទី២៩ ខែធ្នូថា ក្រុមពលករ និងយកញត្តិប្រឆាំងការផ្តល់ដីនេះ ទៅដាក់នៅ ស្ថានទូតខ្មែរ និងស្ថានទូតវៀតណាមប្រចាំប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២០ ខាងមុខ។ លោកថា ពេលនេះក្រុមលោកកំពុងដើរប្រមូលស្នាមមេដៃពលករផ្សេងទៀត ដែលកំពុងធ្វើការងារនៅប្រទេសកូរ៉េខាងត្បូង៖ «ជួបជុំគ្នានៅទីក្រុងស៊ូវុន គឺយើងយកក្រដាសទាំងអស់ហ្នឹងមកជួបជុំគ្នា ហើយយើងជួលឡានក្រុងទៅស្ថានទូតហ្មង»។
ក្រុមពលកររំពឹងថា រដ្ឋាភិបាលនឹងស្ដាប់ការទាមទាររបស់ពួកគេ ហើយបញ្ឈប់គម្រោងនេះ ដោយបែរមកអនុវត្តច្បាប់អន្តោប្រវេសន៍លើជនជាតិវៀតណាម ដែលចូលមក រស់នៅខុសច្បាប់លើទឹកដីប្រទេសកម្ពុជាវិញ។
អាស៊ីសេរីបានព្យាយាមសុំការបំភ្លឺរឿងនេះពីអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន នៅថ្ងៃទី២៩ ខែធ្នូ ប៉ុន្តែទូរស័ព្ទចូលគ្មានអ្នកទទួល។ ទោះបែបនេះក្តី លោក ធ្លាប់បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានកាលពី ថ្ងៃទី១២ ខែធ្នូ កន្លងទៅថា រដ្ឋាភិបាលមិនបានផ្ដល់ដីឱ្យជនជាតិវៀតណាមទាំងនោះទេ ប៉ុន្តែនេះគ្រាន់តែជាការបន្លាស់ទីពីផ្ទះបណ្ដែតទឹកឱ្យជនអន្តោប្រវេសន៍ទាំងនោះឡើងមករស់នៅលើគោកវិញប៉ុណ្ណោះ។ លោកអះអាងទៀតថា ផ្អែកលើច្បាប់ និងការគ្រប់គ្រងដែនដី ជនជាតិវៀតណាមទាំងនោះមិនអាចយកដីនោះបានទេ៖ «ដូច្នេះយើងត្រូវបញ្ចប់ការរើសអើងពូជសាសន៍មកជារដ្ឋបាលទំនើប។ ដូច្នេះ ការបារម្ភពីសន្តិសុខជាតិ ដែលយើងបង្កើតភូមិសម្រាប់អន្តោប្រវេសន៍មកនៅមិនប៉ះពាល់សន្តិសុខជាតិទេ»។
ចំណែក អភិបាលងខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធ ក៏បានបញ្ជាក់ដែរថា ពេលនេះអាជ្ញាធរកំពុងពន្លឿនការចាក់ដី និងរៀបចំហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីអនុញ្ញាតឱ្យអ្នកត្រូវបន្លាស់ទី អាចចូលទៅសង់ទីលំនៅនៅលើដី ៤០ហិកតារនោះ។ លោកថា មកទល់ពេលនេះ ទើបតែមានប្រជាពលរដ្ឋជាង ១០០ផ្ទះប៉ុណ្ណោះ ទៅរស់នៅលើដីនោះ។ លោកអះអាងថា អ្នកដែលត្រូវបានរៀបចំឱ្យបន្លាស់ទីមានចំនួន ៤.៥៦៣គ្រួសារ ក្នុងនោះជនអន្តោប្រវេសន៍វៀតណាមមាន ២.៣៧៩គ្រួសារ ស្មើនឹងជាង ១ម៉ឺននាក់ (១០.០៨៧នាក់)។ ក្រៅពីនោះ លោកថា គឺជាប្រជាពលរដ្ឋខ្មែរ និងជនជាតិចាម។
ក្រុមពលករធ្វើការនៅប្រទេសកូរ៉េខាងត្បូង លើកឡើងថា ពួកគេមិនបានរើសអើងជាតិសាសន៍នោះទេ ប៉ុន្តែពួកគេសង្កេតឃើញថា សព្វថ្ងៃនេះពលរដ្ឋម្ចាស់ស្រុកមួយចំនួនកំពុងរស់នៅដោយគ្មានដីធ្លីត្រឹមត្រូវ និងត្រូវអាជ្ញាធរបណ្ដេញចេញពីដីធ្លីស្ទើររាល់ថ្ងៃ។ ក្រុមពលករខ្មែរ ចង់ឃើញរដ្ឋាភិបាលដោះស្រាយបញ្ហារបស់ពលរដ្ឋខ្លួនឲ្យរួចរាល់សិន មុននឹងគិតគូរដល់ជនជាតិផ្សេង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។