ពលករខ្មែរប្រមាណ ៥០នាក់ ដែលធ្វើការនៅប្រទេសថៃ ប្រមូលផ្ដុំគ្នាប្ដេជ្ញាចិត្តត្រៀមខ្លួនទៅអមដំណើរថ្នាក់ដឹកនាំគណបក្សប្រឆាំងវិលចូលស្រុកនៅថ្ងៃទី៩ វិច្ឆិកា។ ពួកគេ មានសេចក្ដីសង្ឃឹមថា ការធ្វើមាតុភូមិនិវត្តនេះ នឹងធ្វើឱ្យពលរដ្ឋកម្ពុជាមានសេចក្ដីសុខសាន្ត។ មន្ត្រីអង្គការសង្គមស៊ីវិលថ្លែងថា ការជួបជុំគ្នានេះ ជាសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋដោយស្របច្បាប់។
ក្រុមពលករខ្មែរទាំងនេះជួបប្រជុំគ្នានៅខេត្តជាប់ទីក្រុងបាងកកប្រទេសថៃនៅព្រឹកថ្ងៃទី២៧ តុលា។ ពួកគេប្ដេជ្ញាចិត្តត្រៀមខ្លួនវិលចូលស្រុកវិញ ដោយមិនខ្លាចអាជ្ញាធររបបក្រុងភ្នំពេញចាប់ដាក់ពន្ធនាគារឡើយ។
តំណាងពលករម្នាក់មកពីខេត្តបន្ទាយមានជ័យ លោក គាំ គឹមគុយ ប្រាប់អាស៊ីសេរី ក្រោយពេលជួបប្រជុំគ្នាថា លោកបែកពីឪពុកម្ដាយមកធ្វើការនៅប្រទេសថៃប្រមាណ ១០ឆ្នាំហើយ ដោយពុំមានប្រាក់សង់ផ្ទះឱ្យបានសមរម្យដូចអ្នកមានលុយមួយចំនួននៅក្នុងស្រុកនៅឡើយទេ។ ពលកររូបនេះបន្ថែមថា ពួកលោកជួបប្រជុំគ្នាប្ដេជ្ញាចិត្តវិលចូលស្រុកវិញ ដោយសារមិនពេញចិត្តរបបដឹកនាំសព្វថ្ងៃចាប់ចងមនុស្សតាមអំពើចិត្ត ជាពិសេសមួយរយៈចុងក្រោយនេះសមត្ថកិច្ចចាប់សកម្មជនបក្សប្រឆាំងជាច្រើននាក់ដាក់គុក ទោះជាពួកគេមិនបានប្រព្រឹត្តខុសច្បាប់ក៏ដោយ៖ «បាទខ្ញុំនឹងទៅអមដំណើរលោក សម រង្ស៊ី រហូតមានការប្ដូរនាយករដ្ឋមន្ត្រីថ្មី។ ខ្ញុំឃើញមន្ត្រីបក្សប្រឆាំងមួយចំនួនគាត់លះបង់ប្រពន្ធកូន និងទ្រព្យសម្បត្តិ ហើយសុខចិត្តចុះចេញពីតំណែងមកនៅប្រទេសថៃ មិនចូលជាមួយរបបលោក ហ៊ុន សែន ដល់អ៊ីចឹងហើយខ្ញុំជាពលករចង់បានប្រជាធិបតេយ្យដល់ប្រទេសរបស់ខ្ញុំ ខ្ញុំស្រឡញ់ជាតិខ្ញុំ » ។
លោកបន្តថា រោងចក្រផលិតគ្រឿងបន្លាស់រថយន្ត ដែលលោកធ្វើការនៅជាប់ទីក្រុងបាងកក មានពលករខ្មែរចំនួន ៣០០នាក់ ក្នុងនោះលោកថា ពលករប្រហែល ៨០ភាគរយបានត្រៀមខ្លួនទៅចូលរួមអមដំណើរប្រធានស្ដីទីគណបក្សសង្គ្រោះជាតិវិលចូលកម្ពុជាវិញនៅពេលខាងមុខ។
ពលករខ្មែរមួយរូបទៀតមកពីខេត្តកំពង់ធំធ្វើការរោងចក្រផលិតគ្រឿងបន្លាស់រថយន្តនៅប្រទេសថៃលោកស្រី ប៊ូ ស៊ីនិត ដែលបានចូលរួមប្ដេជ្ញាចិត្តត្រឡប់ទៅកម្ពុជាដែរអះអាងថា មូលហេតុដែលលោកស្រីត្រឡប់ទៅកម្ពុជាវិញ ដោយសារមិនពេញចិត្តលោក ហ៊ុន សែន ដែលបានដឹកនាំប្រទេសជិត ៤០ឆ្នាំហើយ ប៉ុន្តែពលរដ្ឋនៅតែក្រីក្រ ហើយបង្ខំចិត្តធ្វើចំណាកស្រុកចោលឪពុកម្ដាយ ដើម្បីរកប្រាក់ដោះស្រាយជីវភាពគ្រួសារ។ លោកស្រីកត់សំគាល់ទៀតថា កត្តាដែលធ្វើឱ្យពលរដ្ឋក្រីក្រច្រើនដោយសារអាជ្ញាធររបបក្រុងភ្នំពេញពុករលួយដល់ឆ្អឹង ប្រកាន់បក្សពួកនិយម និងមិនជួយរកទីផ្សារលក់កសិផលជូនកសិករ។ លោកស្រីថា កសិករដាំដុះបានផលហើយ តែត្រូវបង្ខំចិត្តលក់ក្នុងតម្លៃទាប ឬគ្មានអ្នកទិញ ធ្វើឱ្យពួកគាត់ខាតទុន ហើយជំពាក់ប្រាក់ធនាគារកាន់តែច្រើនឡើង៖ «ហេតុផលគឺខ្ញុំចង់ប្ដូរមេដឹកនាំថ្មីឱ្យមានការងារធ្វើនៅស្រុកខ្មែរកុំឱ្យពលករខ្មែរមកធ្វើការស្រុកគេដូចសព្វថ្ងៃ ព្រោះមកនៅប្រទេសគេមិនស្រួលដូចនៅស្រុកកំណើតនោះទេ ពិបាកក្នុងការទំនាក់ទំនងគ្នា ដោយសារតែក្រពះ » ។
មេដឹកនាំរបបក្រុងភ្នំពេញលោក ហ៊ុន សែន បានប្រកាសជាបន្តបន្ទាប់ថា ប្រជាពលរដ្ឋណាដែលមានពាក់ព័ន្ធនឹងគម្រោងចូលរួមអមដំណើរប្រធានស្ដីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី វិលចូលស្រុកនៅថ្ងៃទី៩ វិច្ឆិកាមានទោសក្បត់ជាតិ ដែលសមត្ថកិច្ចរបស់លោកនឹងតាមចាប់ពួកគេដាក់គុក ដោយមិនឱ្យរួចខ្លួនឡើយ។
ទោះជាយ៉ាងណា លោក សម រង្ស៊ី បានប្រកាសម្ដងហើយម្ដងទៀតថា លោក និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ដែលរស់នៅក្រៅប្រទេសនឹងធ្វើមាតុភូមិនិវត្តន៍ទៅកម្ពុជាវិញ នៅថ្ងៃទី៩ ខែវិច្ឆិកាខាងមុខ។ លោកអះអាងថា ការវិលត្រឡប់ចូលស្រុកវិញនេះ គឺដើម្បីទៅដោះស្រាយបញ្ហាជាតិដែលរបបលោក ហ៊ុន សែន មិនអាចដោះស្រាយបាន ជាពិសេសគឺ ទៅជួយកុំឱ្យប្រទេសកម្ពុជាបាត់បង់ការអនុគ្រោះពន្ធពីទីផ្សារសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។
អ្នកសម្របសម្រួល និងអង្កេតអង្គការ ខុមហ្វ្រែល (comfrel) លោក កន សាវាង្ស លើកឡើងថា ក្រុមពលករជួបប្រជុំគ្នានេះ មិនខុសច្បាប់នោះទេ ព្រោះជាការសម្ដែងមតិផ្នែកនយោបាយ ដែលជាសិទ្ធិសេរីភាពរបស់ពលរដ្ឋ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។ មន្ត្រីសង្គមស៊ីវិលរូបនេះ ស្នើដល់អាជ្ញាធរពាក់ព័ន្ធឈប់ចាប់ចងតាមអំពើចិត្តបន្តទៀត ព្រោះការធ្វើបែបនេះបានប៉ះពាល់ដល់សិទ្ធិសេរីភាពក្នុងការសម្ដែងមតិរបស់ពលរដ្ឋ៖ «ហើយបើប្រជាពលរដ្ឋបានសម្ដែងមតិហើយយើងចាត់ថា ជាការគាំទ្រគណបក្សមួយ ដែលមិនមែនជាគណបក្ស ឬក្រុមរបស់ខ្លួន ហើយចាត់ទុកថាជាក្រុមផ្សេងហើយថាជាក្រុងប្រឆាំងនឹងខ្លួន ដែលជាក្រុមក្បត់ជាតិនោះមិនត្រឹមត្រូវទេ ហើយក្នុងច្បាប់ក៏មិនទាន់បានពេញលេញនៅក្នុងការចោទប្រកាន់ថាជាក្បត់ជាតិដែរ។ អ៊ីចឹងចំណុចយើងគួរតែធ្វើការពិចារណា » ។
បន្ថែមពីលើនេះ លោក កន សាវាង្ស ទទូចដល់មេដឹកនាំគណបក្សកាន់អំណាចនិងគណបក្សប្រឆាំងរកផ្លូវចរចាត្រូវរ៉ូវគ្នា ដើម្បីស្ដារប្រជាធិបតេយ្យឡើងវិញ ប្រសើរជាងទាស់ទែងគ្នានាំឱ្យខាតបង់ដល់ប្រយោជន៍ជាតិ ជាពិសេស កម្មកររោងចក្រប្រឈមនឹងអត់ការធ្វើ ប្រសិនបើសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកផ្ដាច់ការអនុគ្រោះពន្ធ EBA និង GSP មែននោះ។
ក្រុមពលករនៅប្រទេសថៃ រំពឹងថា កម្លាំងសាមគ្គីរបស់ប្រជាពលរដ្ឋនៅថ្ងៃទី៩ វិច្ឆិកា នឹងអាចជួយស្ដារមុខមាត់របស់កម្ពុជាឱ្យបានប្រសើរឡើងវិញនៅលើឆាកអន្តរជាតិ ហើយប្រទេសនឹងមានការអភិវឌ្ឍន៍ជឿនលឿនជាងពេលបច្ចុប្បន្ន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
