សកម្មជនបក្សប្រឆាំង កញ្ញា យូ ចាន់ធានី បានបាត់បង់ការងារបណ្តាលឲ្យប៉ះពាល់ដល់ជីវភាព ដោយសាររបបក្រុងភ្នំពេញ បានចាប់ខ្លួនពាក់ព័ន្ធនឹងទស្សនៈគាំទ្រគណបក្ស សង្គ្រោះជាតិ។ សង្គមស៊ីវិលសម្តែងការសោកស្តាយ និងចោទថា ករណីនេះកើតឡើង ដោយសារតែការអនុវត្តច្បាប់មិន ត្រឹមត្រូវរបស់អាជ្ញាធររដ្ឋាភិបាល។
សកម្មជនគណបក្សសង្គ្រោះជាតិ កញ្ញា យូ ចាន់ធានី ត្រូវបានធានាគារ អេ.បី.អេ (ABA) បញ្ឈប់ពីការងារ បន្ទាប់ពីកញ្ញាត្រូវបានរបបក្រុងភ្នំពេញ ចាប់ឃុំខ្លួន និងចោទប្រកាន់ពីបទរួមគំនិតក្បត់ជាមួយ លោក សម រង្ស៊ី។
កញ្ញា យូ ចាន់ធានី ប្រាប់អាស៊ីសេរីថា នាងសោកស្ដាយដែលបាត់បង់ការងារដោយសារតែការ ចាប់ឃុំខ្លួនទាំងអយុត្តិធម៌ គ្មានភស្តុតាងត្រឹមត្រូវ។ អតីតអ្នកអានព័ត៌មានលើទំព័រហ្វេសប៊ុករបស់ លោក សម រង្ស៊ី រូបនេះ បន្តថា ពេលបាត់បង់ការងារហើយនាងពិបាករកការងារកន្លែងផ្សេងទៀត ព្រោះតុលាការមិនទាន់ទម្លាក់ចោលការចោទប្រកាន់ទាំងស្រុងឡើយ គ្រាន់តែដោះលែងឲ្យនៅក្រៅ ឃុំបណ្ដោះអាសន្នប៉ុណ្ណោះ៖ វាពិបាកត្រង់ថា កន្លែងការងារគេបានបញ្ឈប់ខ្ញុំហើយ។ ខ្ញុំក៏ពិបាករកការងារកន្លែងថ្មីដែរដោយសារតែបណ្ដឹងរបស់ខ្ញុំគេមិនទាន់បានលើកលែងទេ គឺខ្ញុំនៅជាប់ បណ្ដឹងដដែល»។
កញ្ញា យូ ចាន់ធានី ត្រូវបានអាជ្ញាធរពន្ធនាគារដោះលែងនៅម៉ោង ៧យប់ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា បន្ទាប់ពី លោក ហ៊ុន សែន បញ្ជាទៅតុលាការឲ្យដោះលែងសកម្មជនបក្សប្រឆាំងទាំងអស់វិញ។ ការដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ននេះ តុលាការបានដាក់លក្ខខណ្ឌមិនឲ្យកញ្ញាធ្វើសកម្មភាពនយោបាយ មិនឲ្យចេញក្រៅប្រទេស មិនឲ្យផ្លាស់ប្តូរទីលំនៅ ត្រូវបង្ហាញខ្លួននៅប៉ុស្តិ៍នគរបាល ១ខែម្ដង និងត្រូវបង្ហាញខ្លួនតាមដីកាកោះរបស់តុលាការជាដើម។
សកម្មជនបក្សប្រឆាំងរូបនេះ មិនបន្ទោសក្រុមហ៊ុនដែលបញ្ឈប់ការងារនោះទេ ប៉ុន្តែនាងថា ករណីនេះ ជាកំហុសរបស់រដ្ឋាភិបាល។ កញ្ញាត្អូញត្អែរថា ពេលបាត់បង់ការងារបែបនេះ ធ្វើឲ្យប៉ះ ពាល់ដល់ជីវភាព គ្រួសារធ្ងន់ធ្ងរ។ កញ្ញា នៅតែបន្តស្នើសុំឲ្យតុលាការទម្លាក់ចោលការចោទប្រកាន់ទាំងស្រុង ដើម្បីឲ្យនាងមាសិទ្ធិសេរីភាពពេញលេញ ចូលរួមកិច្ចការសង្គម នយោបាយ និងអាចរកការងារធ្វើជួយដោះស្រាយបន្ទុកគ្រួសារ៖ « ដោយសារខ្ញុំជាអ្នកជួយជ្រោមជ្រែងគ្រួសារ ដូច្នេះបន្ទុកគ្រួសារ គឺខ្ញុំត្រូវផ្ដល់ថវិកាដែលរកបានពីការងារនិងរកស៊ីអីក៏ដោយជូនគ្រួសារ។ពេលខ្ញុំអត់ការងារធ្វើ គឺប៉ះ ពាល់ដល់គ្រួសារខ្ញុំដែរ ព្រោះគ្រួសាររបស់ខ្ញុំរកចំណូលបានតិចតូចដែរ»។
កញ្ញា យូ ចាន់ធានី មានវ័យ ២៥ ឆ្នាំ ហើយសព្វថ្ងៃនាងរស់នៅភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
សមត្ថកិច្ចរបបក្រុងភ្នំពេញបានឃាត់ខ្លួនកញ្ញា យូ ចាន់ធានី ខណៈកញ្ញាកំពុងបំពេញការងារនៅ ធនាគារ ABA ក្រុងភ្នំពេញ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩។ មួយថ្ងៃក្រោយមក នៅថ្ងៃទី១៤ ខែកញ្ញា ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យឃុំ ខ្លួនកញ្ញា នៅពន្ធនាគារព្រៃស «ម២» ជាបណ្ដោះអាសន្ន ក្រោមបទចោទ «រួមគំនិតក្បត់ និងញុះញង់ ឲ្យមានភាពវឹកវរធ្ងន់ធ្ងងរដល់សន្តិសុខសង្គម» ប្រព្រឹត្តនៅកម្ពុជា និងទីកន្លែងផ្សេងទៀត កាលពី អំឡុងឆ្នាំ២០១៩ ។ កញ្ញារងការចោទប្រកាន់ថា បានទៅទទួលយកផែនការពីលោក សម រង្ស៊ី នៅប្រទេសម៉ាឡេស៊ី កាលពីខែសីហា ឆ្នាំ២០១៩ ដើម្បីប្រឆាំងសាលដីកាតុលាការកំពូលរម្លាយគណបក្សសង្គ្រោះជាតិ និងផ្ដួលរំលំរដ្ឋាភិបាល។
ទាក់ទងករណីនេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានទម្លាក់ការទទួលខុសត្រូវទៅលើថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ដែលលោកចោទថា ជាអ្នករៀបចំផែនការ និងញុះញង់ ណែនាំឲ្យសកម្មជន ប្រព្រឹត្តអំពើល្មើសច្បាប់។ លោក បញ្ជាក់ថា អាជ្ញាធរមិនទទួលខុសត្រូវ ចំពោះអ្នកដែលបំពាន ច្បាប់នោះទេ ហើយករណីនេះមិនមែនជាការចាប់ខ្លួនដោយអយុត្តិធម៌ នោះទេ គឺជាការអនុវត្តច្បាប់ដែលមិនទាន់បិទបញ្ចប់នៅឡើយ៖ « វាជាមេរៀនមួយសម្រាប់បងប្អូនដែលចូលរួមផែនការក្បត់ឬចាញ់បោក ការញុះញង់របស់ក្រុមឧទ្ទាម។ នៅពេលយើងប្រឈមផ្លូវច្បាប់បាត់បង់ ការងារ ចឹង គឺក្រុមឧទ្ទាមទាំង អស់នោះមកចូលរួមទទួលខុសត្រូវជាមួយយើងទេ គឺមានតែយើងទេដែលទទួលខុសត្រូវ ផ្លូវច្បប់ តែម្នាក់ឯង នោះ )
ផ្ទុយពីការលើកឡើងនេះ កញ្ញា យូ ចាន់ធានី និងសកម្មជនបក្សប្រឆាំងដទៃទៀត ធ្លាប់អះអាងថា ពួកគាត់មិនដែលទទួលបានផែនការពីថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិទៅប្រព្រឹត្តអំពើខុសច្បាប់ នោះទេ ប៉ុន្តែពួកគាត់គ្រាន់តែអនុវត្តតាមសិទ្ធិសេរីភាពក្នុងនាមជាពលរដ្ឋដូចមានចែងក្នុងច្បាប់រដ្ឋ ធម្មនុញ្ញ។ ក្រុមសកម្មជនគណបក្សសង្គ្រោះជតិ អះអាងថា អាជ្ញាធរទៅវិញដែលចាប់ខ្លួន ពួកគាត់ទាំងគ្មានដីកា និងគ្មានភស្តុតាង ត្រឹមត្រូវក្នុងបំណងគំរាមកំហែងផ្នែកនយោបាយ។ សកម្មជនបក្សប្រឆាំង បញ្ជាក់ថា ទង្វើរបស់ របបក្រុងភ្នំពេញ កាន់តែធ្វើឲ្យពួកគាត់ឈឺចាប់ ហើយពួកគាត់នៅតែប្តេជ្ញាគាំទ្រគណបក្សសង្គ្រោះជាតិ ដដែល ទោះបីជាពេលនេះពួកគាត់មួយចំនួនមិនហ៊ាននិយាយពីរឿងនយោបាយ និងរិះគន់ខ្លាំងៗ ដោយបារម្ភពីការចាប់ខ្លួនឡើងវិញក្តី។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត សោកស្ដាយដែលកញ្ញា យូ ចាន់ធានី បាត់បង់ការងារ ដោយសារតែការអនុវត្តច្បាប់ ផ្អែកលើទិដ្ឋភាពនយោបាយរបស់រដ្ឋាភិបាល ដែលបណ្ដាលឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាពនិងជីវភាពរស់នៅរបស់សកម្មជនបក្សប្រឆាំងរូបនេះ៖ «ជាធម្មតានៅប្រទេសណាដូចប្រទេសណានៅពេលមានការ ជាប់ឈ្មោះ ឬការចោទប្រកាន់ ក្នុងតុលាការគឺពិបាកក្នុងការស្វែងរកការងារធ្វើណាស់ ដូច្នេះហើយ ទើបប្រទេសគេនីមួយៗក្នុងការអនុវត្តចាប់ខ្លួនមនុស្សរឿងអីមួយទាល់តែគេមានភស្តុតាងស៊ីសង្វាក់ គ្នា មានភស្តុតាងគ្រប់គ្រាន់មានបទល្មើសដែលកើតឡើងទើបគេចាប់ ហើយបញ្ជូនទៅតុលាការ បើ មិនចឹងទេ វាប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ កិត្តិយស និងការស្វែងរកការងាររបស់ពួកគេ»។
លោក អំ សំអាត ពិនិត្យឃើញថា ទង្វើរបស់សកម្មជនបក្សប្រឆាំងទាំងឡាយ រួមទាំងកញ្ញា យូ ចាន់ធានី ផងនោះ គឺជាការអនុវត្តសិទ្ធិសេរីភាពដែលមានកំណត់ក្នុងច្បាប់ជាតិនិងអន្តរជាតិ មិនផ្ទុយពីច្បាប់នោះទេ ។ លោក បន្តថា តាមច្បាប់ ប្រសិនបើសមត្ថកិច្ចនិងតុលាការ ចាប់ខ្លួនមនុស្ស ខុស គឺរដ្ឋជាអ្នកទទួលខុសត្រូវចំពោះការខូចខាតទាំងអស់៖ «ដល់ពេលនេះ វាគ្រាន់តែចោទប្រកាន់និងការឃុំខ្លួនហើយឥឡូវនៅ ក្រៅឃុំបណ្ដោះអាសន្នហើយមិនទាន់រក ឃើញប្រាកដ ប្រជាថា គាត់បានប្រព្រឹត្តបទល្មើសអ្វីនៅ ឡើយហើយទីបំផុតគាត់ត្រូវបាត់បង់ការងារទៀត។ ករណីនេះ ត្រូវតែពិនិត្យនិងពិចារណាថា បើមាន រឿងអញ្ចឹងច្រើនតើវាប៉ះពាល់យ៉ាងសម្រាប់ជីវភាពពលរដ្ឋ ហើយតើជះឥទ្ធិពលយ៉ាងណាចំពោះ ច្បាប់ ហើយតើអ្នកណាជាអ្នកទទួលខុសត្រូវបើសិនជាមានរឿងអញ្ចឹងច្រើន ដូច្នេះរដ្ឋាភិបាលត្រូវតែ ធានារ៉ាប់រងទៅលើបញ្ហាទាំងអស់ នេះ»។
គិតត្រឹមពាក់កណ្តាលខែវិច្ឆិកានេះ អាជ្ញាធរបានដោះលែងសកម្មជនគណបក្សសង្គ្រោះជាតិចំនួន៧៥នាក់ហើយ ក្រោយពេលមេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន បញ្ជាឲ្យតុលាការ និងសមត្ថកិច្ចដោះលែង និងឈប់ធ្វើទុក្ខបុកម្នេញលើសកម្មជនបក្សប្រឆាំង។ ទោះយ៉ាងណា មេដឹកនាំរបបឯកបក្សរូបនេះបានព្រមានថា លោកនឹងឱ្យអាជ្ញាធរចាប់ខ្លួនអ្នកទោសនយោបាយប្រមូលយកទៅដាក់គុកវិញទាំងអស់ បើពួកគេហ៊ាននិយាយថា ការដោះលែងនេះ កើតឡើងដោយសារសម្ពាធអន្តរជាតិ ឬបើពួកគេបន្តសកម្មភាពគាំទ្រគណបក្សសង្គ្រោះជាតិទៀតនោះ។ អ្នកវិភាគថា ការលើកឡើងបែបនេះ បង្ហាញថា សកម្មភាពចាប់ចង និងដោះលែងសកម្មជនបក្សប្រឆាំងកន្លងមក មិនមែនជាការអនុវត្តតាមគោលការណ៍ច្បាប់ទេ ប៉ុន្តែជាការធ្វើឡើងតាមមាត់និងអារម្មណ៍របស់លោក ហ៊ុន សែន តែម្នាក់ប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។