យុវជនមួយចំនួនយល់ថា ការឃុំខ្លួន លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ២ឆ្នាំមកនេះ បានធ្វើឲ្យស្ថានការណ៍នយោបាយ ច្បាប់ សិទ្ធិសេរីភាព នៅកម្ពុជា មានភាពអាក្រក់ខ្លាំង។ ជាងនេះទៅទៀត ពួកគេយល់ថា លទ្ធិប្រជាធិបតេយ្យក៏រងការបំផ្លាញខ្ទេចខ្ទីដែរ។ ពួកគេទាមទារឲ្យរបបក្រុងភ្នំពេញ ដោះលែងលោក កឹម សុខា វិញ នៅក្នុងខួប ២ឆ្នាំ នៃការឃុំខ្លួនលោក កឹម សុខា នេះ។
យុវជនម្នាក់រស់នៅខេត្តកំពង់ធំ លោក ឆាយ ចែង យល់ថា ២ឆ្នាំមកនេះ រដ្ឋាភិបាលមិនត្រឹមតែឃុំខ្លួន លោក កឹម សុខា ទេ ប៉ុន្តែបានធ្វើទុក្ខបុកម្នេញមន្ត្រីបក្សប្រឆាំងតាមមូលដ្ឋានទៀតផង។ លោកថា ការឃុំខ្លួនលោក កឹម សុខា ធ្វើឲ្យច្បាប់ និងនយោបាយ អាក្រក់មិនធ្លាប់មាន តាំងពីការបោះឆ្នោតឆ្នាំ១៩៩៣មក។ លោ រំលឹកថា កាលមិនទាន់ជាប់ឃុំ លោក កឹម សុខា ចូលចិត្តចុះតាមមូលដ្ឋានពន្យល់លទ្ធិប្រជាធិបតេយ្យឲ្យពលរដ្ឋស្ដាប់។ តែ ២ឆ្នាំនៃការឃុំខ្លួនលោក កឹម សុខា ធ្វើឲ្យពលរដ្ឋលែងបានជ្រួតជ្រាបអំពីលទ្ធិប្រជាធិបតេយ្យទៀតហើយ៖ «គឺអាក្រក់មែនទែន ចំពោះភាពចង់ដឹងពីប្រជាធិបតេយ្យនៅក្នុងរយៈពេលចុងក្រោយនេះ ដោយសារតែមេបក្ស ដែលយល់ដឹងពីលទ្ធិប្រជាធិបតេយ្យច្រើន គាត់មិនបានផ្សព្វផ្សាយគោលនយោបាយរបស់បក្ស។ មិនបានរំលឹកពីប្រជាធិបតេយ្យ ដែលពលរដ្ឋគួរតែធ្វើ គួរតែប្រតិបត្តិ។ ប្រជាពលរដ្ឋ មិនបានដឹងទេ ពេលដែលគេចាប់លោក កឹម សុខា រយៈពេល ២ឆ្នាំមកនេះ»។
យុវជនម្នាក់ទៀត រស់នៅរាជធានីភ្នំពេញ លោក វ៉ន ចាន់ឡូត ហៅការឃុំខ្លួន លោក កឹម សុខា រយៈពេល២ឆ្នាំមកនេះ ជាអំពើអយុត្តិធម៌សម្រាប់លោក កឹម សុខា និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ។ អ្នកតាមដាននយោបាយរូបនេះ សង្កេតឃើញថា តុលាការមិនទាន់រកឃើញកំហុស ឬទោសរបស់ លោក កឹម សុខា ទេ ២ឆ្នាំមកនេះ ក៏ប៉ុន្តែតុលាការបានសម្រេចរំលាយគណបក្សប្រឆាំង ក៏ជាហេតុធ្វើឲ្យមានភាពអយុត្តិធម៌សម្រាប់អ្នកគាំទ្របក្សប្រឆាំងប្រហែលកន្លះប្រទេស៖ «( តាំងពី ) ការចាប់មេដឹកនាំអតីតមេបក្សប្រឆាំងមក យើងឃើញស្ថានភាពនយោបាយរបស់ប្រទេសកម្ពុជា មានសភាពធ្លាក់ចុះដល់កំពូល។ យើងឃើញស្ថានភាពសិទ្ធិមនុស្ស វាកាន់តែមានការមិនល្អប្រសើរទេ សម្រាប់ជាតិ ជាពិសេសក្នុងផ្នែកនយោបាយហ្នឹង ហើយសកម្មជននៃអតីតគណបក្សប្រឆាំងមួយចំនួនត្រូវបានគំរាមកំហែង ក៏ដូចជាចាប់ខ្លួនបន្តបន្ទាប់អ៊ីចឹងបាន បើទោះបី មានការជួបជុំ ត្រូវបានអនុញ្ញាតដោយច្បាប់ក៏ដោយ ឬក៏បាតុកម្ម ដោយការការពារដោយច្បាប់ក៏ដោយ » ។
យុវជនម្នាក់ទៀត លោក ខាន់ ភូមិន្ទ និយាយថា កំឡុងពេលឃុំខ្លួន លោក កឹម សុខា ២ឆ្នាំនេះ ហាក់ធ្វើឲ្យយុវជនខ្លាចរអាក្នុងការចូលរួមសកម្មភាពនយោបាយ។ លោក ថា ក្នុងអំឡុង២ឆ្នាំនេះ ទោះគណបក្សនយោបាយចូលរួមការបោះឆ្នោតច្រើនជាងមុនមែន តែមិនសូវមានយុវជនគាំទ្រឡើយ។ លោកកត់សម្គាល់ទៀតថា យុវជនដែលចូលចិត្តប្រលូកនយោបាយក៏ថយចុះ ការវែកញែកនយោបាយជាចំហក៏រងការរឹតត្បិត និងឃ្លាំមើល។ លោកចង់ឃើញ មានការដោះលែង លោក កឹម សុខា ហើយគណបក្សកាន់អំណាច និងបក្សប្រឆាំង ចរចាគ្នាវិញ ទើបអាចស្ដារស្ថានការណ៍នយោបាយបាន៖ «រូបភាពជាក់ស្ដែង បើទោះខ្ញុំមិននិយាយក៏បងប្អូនប្រជាពលរដ្ឋគាត់ឃើញស្រាប់ដែរ ការធ្លាក់ចុះវាមានហើយ ពីព្រោះនៅពេលដែលគណបក្សប្រឆាំងធំ ត្រូវបានបិទបញ្ចប់ទៅ យើងឃើញថា ភាពក្លៀវក្លារបស់យុវជនទៅលើលទ្ធិប្រជាធិបតេយ្យត្រូវធ្លាក់ចុះ ទាំងនៅក្នុងសកម្មភាពសង្គម និងសកម្មភាពផ្សេងៗ»។
សមត្ថកិច្ចរបបក្រុងភ្នំពេញ បានឆ្មក់ចូលចាប់ខ្លួន លោក កឹម សុខា នៅយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៣ កញ្ញា ឆ្នាំ២០១៧ និងដឹកយកទៅឃុំខ្លួនទាំងយប់ នៅពន្ធនាគារត្រពាំងផ្លុង នៅខេត្តត្បូងឃ្មុំ ក្បែរព្រំដែនប្រទេសវៀតណាម។ ប៉ុន្មានថ្ងៃ ក្រោយការចាប់ខ្លួន លោក កឹម សុខា លោក ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់ក្នុងរបបក្រុងភ្នំពេញ បានព្រមានហាម ពលរដ្ឋមិនឲ្យចេញធ្វើបាតុកម្មគ្រប់ទម្រង់។ ពលរដ្ឋថា រយៈពេល ២ឆ្នាំមកនេះ របបលោក ហ៊ុន សែន រឹតត្បិតពួកគាត់ មិនឲ្យបានចេញធ្វើបាតុកម្មម្ដងណាសោះ។
ពលរដ្ឋម្នាក់រស់នៅខណ្ឌដង្កោ រាជធានីភ្នំពេញ លោក តារា វិច្ឆ័យ យល់ថា រដ្ឋាភិបាលមិនត្រឹមឃុំខ្លួន លោក កឹម សុខា ទេ តែបានឃុំសិទ្ធិសេរីភាពពលរដ្ឋ មិនឲ្យចេញតវ៉ាថែមទៀត។ លោកថា ពលរដ្ឋបានបង្ខំចិត្ត ធ្វើគ ធ្វើថ្លង់ ដើម្បីរក្សាសុខ ក្នុងពេល ២ឆ្នាំនេះ។ យុវជនរូបនេះថា កាន់តែអាក្រក់ជាងនេះទៅទៀត គឺរដ្ឋាភិបាលបានធ្វើទុក្ខបុកម្នេញមន្ត្រីគណបក្សប្រឆាំងនៅថ្នាក់ក្រោម ឲ្យលែងហ៊ាននិយាយស្ដី តវ៉ាអ្វីទាំងអស់ បើពុំដូច្នោះទេ ហើយបើមានការតវ៉ា នឹងត្រូវរងការចាប់ខ្លួន ដូចមនុស្សជាង ១០នាក់ ដែលត្រូវរបបក្រុងភ្នំពេញបង្ក្រាបកន្លងមក៖ «បើនិយាយពីរឿងការចាប់ខ្លួន មេបក្សប្រឆាំង លោក កឹម សុខា រយៈពេល២ឆ្នាំមកនេះ ស្ថានភាពនយោបាយនៅស្រុកខ្មែរយើងនេះ តាំងពីសេដ្ឋកិច្ច តាំងពីនយោបាយគឺតឹងតែម្ដងហ្មង សព្វថ្ងៃហ្នឹង។ បើប្រៀបធៀបវិញ គឺអាក្រក់បំផុតហើយ ក្នុងប្រទេសប្រជាធិបតេយ្យ គេមិនដែលបំបិទសិទ្ធិសេរីភាពអ៊ីចឹង ហើយចេះតែ អួតទៅប្រាប់អន្តរជាតិ ថា ប្រទេសឯងមានប្រជាធិបតេយ្យពេញលេញ គ្មានទាល់តែសោះម្ដង ភរទាំងស្រុង។ បើនិយាយថា អាក្រក់ហ្នឹង វាអាក្រក់ហ្មង រកលេខគ្មានទេ»។
ប្រធានក្រុមអ្នកវិភាគវ័យក្មេង កញ្ញា លី ស្រីស្រស់ សង្កេតឃើញថា ការឃុំខ្លួនលោក កឹម សុខា គ្មានបានផ្ដល់ផលចំណេញដល់រដ្ឋាភិបាល និងប្រទេសកម្ពុជាទេ តែផ្ទុយទៅវិញ ២ឆ្នាំមកនេះ កេរ្តិ៍ឈ្មោះរដ្ឋាភិបាល កាន់តែអាក្រក់នៅឆាកអន្តរជាតិ ខណៈក្រុមប្រទេសលោកសេរី ចេញមុខថ្កោលទោសជាបន្តបន្ទាប់។ កញ្ញាបន្តថា ការឃុំខ្លួន លោក កឹម សុខា ២ឆ្នាំនេះ បានធ្វើពលរដ្ឋសម្លឹងមើលថា រដ្ឋាភិបាលជាតួចិត្តអាក្រក់ ចំណែកស្ថានភាពនយោបាយវិញ កាន់តែចាក់ស្រេះ សេដ្ឋកិច្ចពលរដ្ឋ មានតែការអន់ថយ។
កញ្ញា លី ស្រីស្រស់ ថា ការបន្តឃុំខ្លួនមេបក្សប្រឆាំង គ្មានផ្ដល់ភាពចំណេញដល់គណបក្សកាន់អំណាចទេ បើទោះបក្សកាន់អំណាចអាចនឹងគិតថា ដើម្បីបំបែកបំបាក់ ឬបង្ការគម្រោងប្រមូលកម្លាំងចេញតវ៉ាក៏ដោយ៖ «ខ្ញុំគិតថា ការចាប់ខ្លួននេះ វាកាន់តែធ្វើឲ្យពលរដ្ឋ នៅក្នុងប្រទេសនេះ កាន់តែមានភាព ទុទិដ្ឋិនិយមខ្លាំង ចំពោះរដ្ឋាភិបាលវិញ។ មានន័យថា មើលរដ្ឋាភិបាលនៅក្នុងផ្លូវអវិជ្ជមានច្រើន។ អ៊ីចឹងអាចំណុចនេះ សំខាន់ជាងចំណុចផ្សេង ដោយសារតែប្រទេសមួយ រដ្ឋាភិបាលមួយដើរបាន វាទាល់តែមានប្រជាជនគាំទ្រ បើធ្វើបែបនេះ វាធ្វើឲ្យប្រជាពលរដ្ឋបាត់បង់ជំនឿជាក់ និងអាចមិនគាំទ្ររដ្ឋាភិបាល ហើយពិសេសគណបក្សប្រជាជនកម្ពុជា។ អ៊ីចឹង គណបក្សប្រជាជនកម្ពុជា ក្លាយជាតួអង្គអាក្រក់នៅក្នុងភ្នែកពលរដ្ឋ»។
យុវជនថា រយៈពេល ២ឆ្នាំ នៃការឃុំខ្លួន លោក កឹម សុខា នេះ ពលរដ្ឋរស់នៅប្រទេសកម្ពុជា គ្មានដែលបានធ្វើបាតុកម្មសុំឲ្យដោះលែងលោក កឹម សុខា បានម្ដងឡើយ ព្រោះរបបក្រុងភ្នំពេញ បិទសិទ្ធិនេះដាច់ខាត។ ប៉ុន្តែការធ្វើបាតុកម្មរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេសវិញ បានកើនឡើង នៅ ២ឆ្នាំនេះ។ ពលរដ្ឋ និងក្រុមយុវជនខ្មែរ តែងនាំធ្វើបាតុកម្មប្រឆាំងវត្តមានលោក ហ៊ុន សែន នៅពេលលោកទៅក្រៅប្រទេស ឬទៅចូលរួមកិច្ចប្រជុំម្ដងៗ សូម្បីកិច្ចប្រជុំនៅអង្គការសហប្រជាជាតិ ក៏ពលរដ្ឋ នាំគ្នាតាមទៅធ្វើបាតុកម្ម ដល់ពីមុខអង្គការសហប្រជាជាតិដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។