យុវជន​ចង់​ឱ្យ​លោក សម រង្ស៊ី ឆាប់​វិល​មក​កម្ពុជា​ឱ្យ​លឿន​បន្ទាប់​ពី​របប​ភ្នំពេញ​កំពុង​រង​សម្ពាធ

ដោយ យន់ សាមៀន
2019-07-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក សម រង្ស៊ី អតីតប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​ដំណើរ​តាម​បណ្ដោយ​មហា​វិថី​សហព័ន្ធ​រុស្ស៊ី​ឆ្ពោះ​ទៅ​រមណីយដ្ឋាន​វត្ត​ភ្នំ នៅ​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០១៤។
លោក សម រង្ស៊ី អតីតប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​ដំណើរ​តាម​បណ្ដោយ​មហា​វិថី​សហព័ន្ធ​រុស្ស៊ី​ឆ្ពោះ​ទៅ​រមណីយដ្ឋាន​វត្ត​ភ្នំ នៅ​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០១៤។
RFA

៦​ឆ្នាំមុន គឺ​នៅ​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០១៣ លោក សម រង្ស៊ី បាន​វិល​ចូល​កម្ពុជា​វិញ បន្ទាប់​ពី​និរទេស​ខ្លួន​មួយ​រយៈ​។ ឥឡូវនេះ យុវជន និង​អ្នកគាំទ្រ​លោក ក៏​នៅតែ​បង្ហាញ​បំណង​ចង់​ឱ្យ​លោក សម រង្ស៊ី និង​ក្រុម​មេដឹកនាំ​គណបក្សប្រឆាំង​នៅ​ក្រៅ​ប្រទេស​ប្រញាប់​វិល​ចូល​កម្ពុជា​វិញ ឱ្យ​បាន​លឿន​បំផុត នៅ​ពេល​ដែល​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប បាន​បង្ហាញ​ឆន្ទៈ​ច្បាស់លាស់​ក្នុង​ការ​ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ និង​ដាក់​សម្ពាធ​របប​ក្រុងភ្នំពេញ​។ ក្រុម​អ្នក​រត់​ម៉ូតូឌុប ក៏​ឱ្យ​ដឹង​ថា ពួកគេ​ក៏​នឹង​ទៅ​​ទទួល​លោក សម រង្ស៊ី ដែរ បើ​លោក​វិល​ចូល​កម្ពុជា​វិញ នៅ​ខែ​កញ្ញា​ខាងមុខនេះ។

ក្រុម​យុវជន និង​និស្សិត សុទ្ធតែ​ចង់​ឃើញ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​ឱ្យ​បាន​លឿន។ ពួកគេ​ថា នេះ​ជា​កាលៈទេសៈ​ល្អ សម្រាប់​មេដឹកនាំ​បក្ស​ប្រឆាំង​វិល​ត្រលប់​ចូល​ស្រុក ហើយ​សង្ឃឹម​ថា ការ​ចូល​ស្រុក​របស់ លោក សម រង្ស៊ី នឹង​បង្កើត​ឱ្យ​មាន​ការ​​ចរចា​នយោបាយ។

យុវជន និង​ជា​និស្សិត​ថ្នាក់​អនុបណ្ឌិត​ជំនាញ​ច្បាប់ លោក យឿន ទីនិត យល់ថា សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក បាន​បង្ហាញ​ឆន្ទៈ​ច្បាស់ ​ហើយ​ថា ពួកគេ​នឹង​ដាក់​សម្ពាធ​រដ្ឋាភិបាល តាមរយៈ​ការ​ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) និង​បង្កើត​ច្បាប់​ដាក់​ទណ្ឌកម្ម​មេដឹកនាំ​កម្ពុជា។

លោក​ថា នេះ​អាច​ជា​ឱកាស​ល្អ សម្រាប់​លោក សម រង្ស៊ី វិល​ចូល​កម្ពុជា​វិញ ដើម្បី​រក​វិធី​ចរចា​នយោបាយ​ទប់ស្កាត់​ហានិភ័យ​សម្រាប់​ប្រជាជាតិ​ខ្មែរ​។ យុវជន យឿន ទីនិត ជឿជាក់​ថា រដ្ឋាភិបាល​មិន​ហ៊ាន​ចាប់ខ្លួន​លោក សម រង្ស៊ី ទេ ព្រោះ​សហគមន៍​​អន្តរជាតិ និង​ពលរដ្ឋ​ខ្មែរ យ៉ាងតិច​កន្លះ​ប្រទេស​នឹង​ទៅ​ការពារ​លោក សម រង្ស៊ី តាម​ការ​អំពាវនាវ«ក្រោយពេល​អនុម័ត​ច្បាប់​ពី​ខាង​រដ្ឋសភា​សហរដ្ឋអាមេរិក​ហ្នឹង ខ្ញុំ​មើល​ឃើញ​ថា សម្ពាធ​វា​ចាប់ផ្ដើម​ខ្លាំង​ទៅៗ ពាក់ព័ន្ធ​ជាមួយ​ហ្នឹង​ការ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា​។ អ៊ីចឹង​ខ្ញុំ​គិត​ថា មិន​យូរ​មិន​ឆាប់​សម្ពាធ​ហ្នឹង​រឹតតែ​ខ្លាំង ហើយ​វា​អាច​ជា​ការ​ជំរុញ ឬ​លើកទឹកចិត្ត​ឱ្យ​ថ្នាក់ដឹកនាំ ដែល​នៅ​ក្រៅ ប្រទេស​វិល​ចូល​ស្រុក​វិញ​។ បើ​សម្ពាធ​កាន់តែ​ខ្លាំង វា​ជា​ការ​ជំរុញ​ឱ្យ​ថ្នាក់ដឹកនាំ​វិល​ចូល​ស្រុក​វិញ​លឿន»

យុវជន​ម្នាក់ទៀត រស់នៅ​ស្រុក​ស្ទោង ខេត្ត​កំពង់ធំ លោក អ៊ុយ សែន ឱ្យ​ដឹង​ថា ក្រុម​យុវជន​នឹង​ទៅ​ទទួល​លោក សម រង្ស៊ី ហើយ​ប្ដេជ្ញា​ការពារ​មិន​ឱ្យ​រដ្ឋាភិបាល​ធ្វើទុក្ខបុកម្នេញ បាន​ឡើយ។ លោក​ថា ក្រុម​យុវជន​នៅ​ជនបទ​ក៏បាន​ដឹង​ពី​ព័ត៌មាន ថា សភា​សហរដ្ឋអាមេរិក អនុម័ត​ច្បាប់​ដាក់ទណ្ឌកម្ម​មន្ត្រី​រដ្ឋាភិបាល​ដែរ​។ លោក អ៊ុយ សែន ក៏​មាន​បំណង​ចង់​ឱ្យ លោក សម រង្ស៊ី ចូល​កម្ពុជា ដើម្បី​ចរចា​ដែរ ព្រោះ​លោក​ជឿ​ថា ពលរដ្ឋ​ក្នុងស្រុក​នៅ​តែ​មាន​សង្ឃឹម​លើ លោក សម រង្ស៊ី«យល់​ឃើញ​ថា បើ​សិន​ជា​មាន​ការ​វិល​ត្រលប់​មក ប្រហែលជា​អាច​មាន​ដំណោះស្រាយ​នយោបាយ​បាន​ច្រើន ព្រោះ​ប្រជាពលរដ្ឋ​ភាគច្រើន​ចង់​ឱ្យ​គាត់​វិល​ត្រលប់​។ ខ្ញុំ​សង្ឃឹម​ច្រើន​ថា គាត់​នឹង​វិល​ត្រលប់​មក ព្រោះ​ក្រោយពី​សភា​អាមេរិក​បង្កើត​ច្បាប់​ដាក់ទណ្ឌកម្ម​រដ្ឋាភិបាល ខ្ញុំ​យល់ថា ការ​វិល​ត្រលប់​អាច​មាន​កម្រិត​ខ្ពស់»

យុវជន​ម្នាក់ទៀត រស់នៅ​រាជធានី​ភ្នំពេញ លោក វ៉ន ចាន់ឡូត យល់ថា លោក សម រង្ស៊ី មានលទ្ធភាព​វិល​ចូល​កម្ពុជា បាន​លឿន ដោយសារ រដ្ឋសភា​សហរដ្ឋអាមេរិក បាន​ពន្លឿន​ទណ្ឌកម្ម​ថ្មី​ហើយ​ទៅ​លើ​មេដឹកនាំ​របប​ក្រុងភ្នំពេញ​។ យុវជន វ៉ន ចាន់ឡូត ថា ការ​អនុម័ត​ច្បាប់​ដាក់ទណ្ឌកម្ម​មន្ត្រី​រដ្ឋាភិបាល នឹង​ជះឥទ្ធិពល​ឱ្យ​លើ​មេដឹកនាំ​កម្ពុជា«យើង​មើល​សព្វថ្ងៃ រដ្ឋាភិបាល​ត្រឹមតែ​ករណី ឯកឧត្ដម កឹម សុខា មួយ គឺ​ទទួល​នូវ​ទណ្ឌកម្ម​បណ្ដើរៗ​ហើយ​។ បាទ​! អ៊ីចឹង បើសិនជា​ឯកឧត្ដម សម រង្ស៊ី ម្នាក់ទៀត គាត់​សម្រេច​ចិត្ត​ថា ចូល​មក​ហើយ វា​គាប់​ជួន​ទៅ​នឹង​ស្ថានភាព​នៃ​ការ​ដាក់​ទណ្ឌកម្ម​នៅ​ប្រទេស​កម្ពុជា កំពុង​កើតឡើង​ផ្ទួនៗ​ផង អ៊ីចឹង​ខ្ញុំ​គិត​ថា រដ្ឋាភិបាល​គាត់​នឹង​មិន​ហ៊ាន​លេង​នយោបាយ​ប្រថុយ​បែបនេះ​ទេ ព្រោះ​បើ​សិន​គាត់​លេង គាត់​ប្រថុយ​ទី​១ ប្រថុយ​នឹង​ប្រជាពលរដ្ឋ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ទី​២​គាត់​ប្រថុយ​នឹង​កម្មករ​កម្មការិនី ដែល​គាត់​ប្រឈម​ការបាត់បង់​ការងារ​ហ្នឹង»

ការ​លើកឡើង​របស់​ក្រុម​យុវជន​ធ្វើឡើង​ក្រោយពេល​ពួកគេ​ដឹង​ថា រដ្ឋសភា​សហរដ្ឋអាមេរិក​បាន​អនុម័ត​ច្បាប់​ដាក់ទណ្ឌកម្ម​មន្ត្រី​របប​ក្រុងភ្នំពេញ (Cambodia Democracy Act. 2019 H.R ៥២៦ ។ ច្បាប់​នេះ ត្រូវ​បាន​រដ្ឋសភា​អាមេរិក អនុម័ត​កាល​ពី​​ថ្ងៃ​ទី​១៦ កក្កដា និង​បាន​បញ្ជូន​ដល់ដៃ​គណៈកម្មការ​ជំនាញ​នៃ​ព្រឹទ្ធសភា​អាមេរិក​ហើយ កាលពី​ថ្ងៃ​ទី​១៨ កក្កដា​។ ច្បាប់​នេះ អនុម័ត​ឡើង ដើម្បី​ដាក់​ទណ្ឌកម្ម​លោក ហ៊ុន សែន និង​មន្ត្រី​របប​ក្រុងភ្នំពេញ ដែល​​​ចូល​ដៃ​ក្នុង​ការ​បំផ្លាញ​ប្រជាធិបតេយ្យ និង​​រំលោភ​​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នៅ​កម្ពុជា។

បើ​ទោះ​សមាជិក​រដ្ឋសភា បាន​ស្ដីបន្ទោស​លោក ហ៊ុន សែន ធ្ងន់ៗ នៅ​ក្នុង​រដ្ឋសភា​សហរដ្ឋ​អាមេរិក ប៉ុន្តែ របប​លោក ហ៊ុន សែន លើក​នេះ​ នៅ​មិនទាន់​មិនបាន​តបត​ធ្ងន់ ឬ​បង្ហាញ​អាការៈ​ខឹង​សម្បា​ដូច​មុនៗ​ ឡើយ​។ តាមរយៈ​ក្រសួងការបរទេស របប​​លោក ហ៊ុន សែន បាន​ប្រើប្រាស់​ភាសា​ការទូត និង​បង្កប់​នូវ​សារ​បែប​ទន់ភ្លន់ ក្នុង​ការ​ពន្យល់​ទៅ​សហរដ្ឋអាមេរិក​។ របប​លោក ហ៊ុន សែន ស្នើ​សុំ​ឱ្យ​សហរដ្ឋអាមេរិក ពិចារណា​ឡើងវិញ ចំពោះ​ការ​បង្កើត​ច្បាប់​នេះ និង​សន្យា​ប្រឹងប្រែង​អនុវត្ត​តាម​លទ្ធិ​ប្រជាធិបតេយ្យ ប្ដេជ្ញា​បន្ត​កិច្ច​សហប្រតិបត្តិការ លើ​វិស័យ​ជាច្រើន ជាមួយ​សហរដ្ឋអាមេរិក​ឡើងវិញ។

អ្នក​រត់​ម៉ូតូឌុប នៅ​រាជធានី​ភ្នំពេញ​ម្នាក់ លោក សេង សុខា ប្រាប់​ថា ក្រុម​អ្នក​រត់​ម៉ូតូឌុប​ក៏បាន​ដឹង​ថា សហរដ្ឋអាមេរិក​បង្កើត​ច្បាប់​ដាក់ទណ្ឌកម្ម​រដ្ឋាភិបាល​ដែរ​។ លោក​នៅ​ចាំ ថា កាលពី​៦​ឆ្នាំមុន គឺ​នៅ​ឆ្នាំ​២០១៣ លោក សម រង្ស៊ី បាន​វិល​ចូល​កម្ពុជា​ម្ដង​ហើយ​។ លោក​ថា បើ​លោក សម រង្ស៊ី វិល​ចូល​កម្ពុជា​ម្ដងទៀត លោក​នឹង​ទៅ​ទទួល ក្នុង​សេចក្ដី​សង្ឃឹមថា លោក សម រង្ស៊ី ចូល​មក​រក​ដំណោះស្រាយ​នៅ​កម្ពុជា«សាច​ទឹក​ដាក់គ្នា រវាង​អ្នកនយោបាយ​ជាមួយ​អ្នកនយោបាយ​ហ្នឹង ធ្វើ​ឱ្យ​ប្រជារាស្ត្រ​ខ្មែរ​ជួប​ការ​លំបាក ការ​ប្រកប​អាជីវកម្ម​ផ្សេងៗ​។ តាម​គំនិត​ខ្ញុំ​ទាល់តែ​មានការ​យល់ស្រប​ពី​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន ហ្នឹង ទើប​អាច​ថា លោក​ប្រធាន​ចូល​បាន»

កាលពី​៦​ឆ្នាំមុន គឺ​នៅ​ថ្ងៃ​ទី​១៩ កក្កដា ឆ្នាំ​២០១៣ លោក សម រង្ស៊ី បាន​ធ្វើ​មាតុភូមិនិវត្តន៍​ម្ដង​ហើយ ដើម្បី​មក​ជួប​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ មុន​ការបោះឆ្នោត​ឆ្នោត អាណត្តិ​ទី​៥។ កាលណោះ លោក សម រង្ស៊ី អះអាង​ថា ពលរដ្ឋ​មិន​តិច​ជាង​មួយ​លាន​នាក់​ទេ បាន​ទៅ​ទទួល និង​ឈរ​ការពារ​លោក​ពី​ប្រ​លាន​យន្តហោះ​ពោធិចិនតុង រហូតដល់​លោក​ធ្វើដំណើរ​ដល់​ទី​លាន​ប្រជាធិបតេយ្យ​នៅ​ក្បែរ​ស្ពាន​នាគ​វត្តភ្នំ។

នៅ​ថ្ងៃ​ទី​១៩ កក្កដា​នេះ គណបក្ស​សង្គ្រោះ​ជាតិ ក៏បាន​ចេញ​សេចក្ដីថ្លែងការណ៍ រំលឹក​ពី​ខួប​៦​ឆ្នាំមុន នៃ​ដំណើរ​មាតុភូមិនិវត្តន៍​របស់​លោក សម រង្ស៊ី ដែរ​។ គណបក្ស​ប្រឆាំង យល់ឃើញ​ថា វត្តមាន​របស់​ពលរដ្ឋ​ចាំ​ទទួល​លោក សម រង្ស៊ី កាល​ឆ្នាំ​២០១៣​ នោះ បាន​បង្ក​ឱ្យ​របប​ក្រុងភ្នំពេញ ព្រួយបារម្ភ​ជាប់​រហូត ទើប​របប​នេះ ​រិះរក​គ្រប់​វិធានការ​ដើម្បី​រារាំង​មិន​ឱ្យ​លោក សម រង្ស៊ី វិល​ចូល​កម្ពុជា​វិញ។ គណបក្ស​នេះ អំពាវនាវ​ឱ្យ​ពលរដ្ឋ​ត្រៀមខ្លួន​ទទួល​លោក សម រង្ស៊ី វិល​ចូល​កម្ពុជា ម្ដងទៀត នៅ​ពេល​ឆាប់ៗ ខាងមុខ​នេះ។

បច្ចុប្បន្ន លោក សម រង្ស៊ី និង​ថ្នាក់ដឹកនាំ​បក្ស​ប្រឆាំង​នៅ​តាម​បណ្ដា​ប្រទេស​នានា កំពុង​ដើរ​ធ្វើ​យុទ្ធនាការ កៀរគរ​អ្នក​ស្រលាញ់​ប្រជាធិបតេយ្យ នៅ​ទូទាំង​ពិភពលោក ឱ្យ​ចូលរួម​អម​ដំណើរ លោក សម រង្ស៊ី វិល​ចូល​កម្ពុជា​វិញ បន្ទាប់​ពី​ពលរដ្ឋ​ខ្មែរ និង​ពលករ​រស់នៅ​តាម​ប្រទេស​នានា សន្យា​ថា នឹង​អម​ដំណើរ​លោក សម រង្ស៊ី វិល​ចូល​កម្ពុជា នៅ​ខែ​កញ្ញា ខាងមុខនេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល