អ្នក​ភូមិ​នៅ​សំឡូត​ចោទ​ក្រុម​ទាហាន​ថា​ប្លន់​

ទាហាន​ប្រចាំ​ស្រុក​សំឡូត ខេត្ត​បាត់ដំបង ត្រូវ​បាន​គេ​ចោទ​ថា បាន​យក​កាំភ្លើងប្លន់​អ្នក​ស្រុក​ក្នុង​ឯក​សណ្ឋាន​ទាហាន​ស្រស់ៗ ខណៈ​ដែល​កង​ទាហាន​ទាំង​នោះ​ត្រូវ​បាន​បំពាក់​អាវុធ​ដើម្បី​ការពារ​ព្រំដែន​ខ្មែរ-ថៃ។
ដោយ សុផល មុន្នី
2009.12.17

សមត្ថកិច្ច​ប៉ូលិស និង​ជន​រងគ្រោះ​បាន​ថ្លែង​ថា ក្រុម​ទាហាន​ចំនួន ៥​នាក់ ក្នុង​ឯកសណ្ឋាន​កងយោធ​ពល​ខេមរ​ភូមិន្ទ ប្រដាប់​ដោយ​អាវុធ​អាកា​បត់​ចំនួន ៤​ដើម បាន​ចូល​ទៅ​ភ្ជង់ ហើយ​ប្លន់​ទ្រព្យសម្បត្តិ អ្នក​ភូមិ​មួយ​គ្រួសារ​នៅ​ស្រុក​សំឡូត ខេត្ត​បាត់ដំបង។

ជន​រងគ្រោះ​ឈ្មោះ ឈូក ម៉េង នៅ​ក្រុម​ទី ២ ភូមិ​ស្រែស្តៅ ស្រុក​សំឡូត​ជាបុគ្គលិក​មណ្ឌល​សុខភាព​ឃុំ បាន​ថ្លែង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី១៧ ខែ​ធ្នូ​ ថា នៅ​វេលា​ម៉ោង ៧:៣០នាទី ​ល្ងាច​ថ្ងៃ​ពុធ ជន​មិន​ស្គាល់​មុខ ៥​នាក់​មាន​ឯក​សណ្ឋាន​កងទ័ព​បាន​យក​អាវុធ​អាកាបត់ ៤​ដើម​ភ្ជង់​ហើយ​ចាប់​មនុស្ស​៨នាក់​ចង​ស្លាបសេក ប្លន់​យក​លុយ​អស់ ២៥​លាន​រៀល មាស ២​តម្លឹ​កន្លះ និង​ទូរស័ព្ទ​ដៃ ៤​គ្រឿង។

លោក ឈូក ម៉េង បញ្ជាក់​ថា ៖ «គ្នា​៥​នាក់​អាវុធ​អាកាបត់ ៤​ដើម កន្ត្រៃ​កាត់​ដែក​ធំ​១ ឯក​សណ្ឋាន​ទាហាន​មាន​ខោ​ប៉ារ៉ា ១ ក្រៅ​ពី​នឹង​ខោអាវ​ទាហាន​ធម្មតា វា​ភ្ជង់​ចង​ទាំង​អស់​»

លោក​បន្តថា ចោរប្លន់​ឯកសណ្ឋាន​កងទ័ព​ទាំង ៥​នាក់​មុន​ដំបូង​បាន​ចូល​ទៅ​គំរាម​ថា មេបញ្ជាការ​ពួក​គេ​បញ្ជា​ឲ្យ​មក​ឆែកឆេរ​រក​កាំភ្លើង​អាកា ១​ដើម និង​កាំភ្លើង​ខ្លី ១​ដើម​នៅ​ក្នុង​ផ្ទះ​ជន​រងគ្រោះ​ហើយ​ប្លន់​តែម្តង។ លោក​បន្ថែម​ថា ក្រោយ​ពី​ប្លន់​រួច​ចោរ​ឯកសណ្ឋាន​កងទ័ព​បាន​គេច​ខ្លួន​ទៅ​តាម​ក្រោ​យផ្ទះ។

លោក យ៉ែម យ៉ន មេឃុំ​មានជ័យ បាន​ថ្លែង​អះអាង​បន្ថែម​ថា ក្រុម​ចោរប្លន់​ប្រដាប់អាវុធ គឺ​ចេញ​ពី​ជួរ​កងទ័ព​តែ​អាជ្ញាធរ​មូលដ្ឋាន​មិន​ទាន់​សន្និដ្ឋាន​ថា ចេញ​មក​ពី​អង្គភាព ឬ​កងពល​មួយ​ណា​ទេ ដោយ​លោក​ថ្លែង​ថា ៖ «ខាង​ខ្ញុំ​កំណត់​អត់បាន​ទេ ប៉ុន្តែ​គ្រាន់​តែ​ដឹង​ថា វា​មាន​ប្រដាប់​អាវុធ​ធុន​អាកា ៤​ដើម ចូល​ប្លន់​ល្ងាច​មិញ​»

លោក លី ប៊ួយ អធិការ​នគរបាល​ស្រុកសំឡូត​មាន​ប្រសាសន៍​ថា កម្លាំង​សមត្ថកិច្ច​ប៉ូលិស​ ប៉េអឹម​បាន​ចុះ​ព្រឹត្តិការណ៍​ភ្លាមៗ​ក្រោយ​ពី​ទទួល ដំណឹង ប៉ុន្តែ​ក្រុម​ចោរប្លន់​បាន​គេច​ខ្លួន​អស់។

លោក​សន្និដ្ឋាន​ថា ក្រុម​ចោរប្លន់​ទាំង ៥​នាក់ គឺ​ចេញ​មក​ពី​ជួរ​កង​ទ័ព ៖ «ការ​សន្និដ្ឋាន​របស់​យើង វា​អត់​មាន​ទាហាន​ណា​ក្រៅ​ពី​ទាហាន​នៅ​ហ្នឹង​ទេ ខាង​កងទ័ព​គឺ​ថា កាំ​ភ្លើង​គាត់​ស្ពាយ​គ្រប់គ្នា​អ៊ីចឹង យើង​មិន​អាច​នេះ​បាន​ទេ គាត់​មាន​កើត​ហេតុ​ខ្មែរ-ថៃ​ដល់​ពេល​អ៊ីចឹង​ទៅ​តាំង​ពី​ថ្ងៃ​ហ្នឹង មក​ទៅណា​មកណ គឺ​កាំភ្លើង​គាត់​ស្ពាយ​រហូត​កាំភ្លើង​ខ្លី កាំភ្លើង​វែង​ពេញទឹក​ពេញដី​ហ្នឹង​ឯង​»

លោក ជឹម ភើយ មេបញ្ជាការ​កងពល​តូច​ថ្មើរ​ជើង​លេខ ៥២ ប្រចាំ​ទិស​សំឡូត​ប៉ៃលិន មិន​អាច​ទាក់ទង​សុំ​ការ​បញ្ជាក់​បាន​ទេ ប៉ុន្តែ​លោក ទុយ ប៊ុនលី មេបញ្ជាការ​រង​យោធភូមិភាគ ៥​ ប្រចាំ​ទិស​សំឡូត​ បាន​ច្រាន​ចោល​ចំពោះ​ការ​ចោទ​ប្រកាន់​មក​លើ​ក្រុម​ទាហាន​ក្នុង​បទ​ប្រព្រឹត្ត​អំពើ​ចោរកម្ម​ថា ៖ «ថា​ក្រុម​ទាហាន​នៅ​ណា? និយាយ​ក្រុម​ទាហាន​និយាយ​ម៉េច​កើត! ​ទាហាន​វា​មាន​កង​ឯកភាព​ ហើយ​ទាហាន​ខាង​ខ្ញុំ​ឈរ​ខាង​បន្ទាត់​ព្រំដែន​ទេ ឯ​ចំណុច​ភូមិសាស្ត្រ​ខាង​ក្រៅ​ខ្ញុំ​មិន​បាន​ឈរ​ទេ»

មក​ដល់​ពេល​នេះ​ក្រុម​សមត្ថកិច្ច​មូលដ្ឋាន​កំពុង​ធ្វើការ​ស្រាវជ្រាវ​ជុំវិញ​ការ​ចោទប្រកាន់​ទៅ​លើក្រុម​ប្រដាប់​អាវុធ​ដែល​ចេញ​ពី​ជួរ​កងទ័ព​ក្នុង​ការ​ប្រព្រឹត្ត​អំពើ​ប្លន់​នេះ៕

អត្ថបទពេញនិយម
ព័ត៌មាន​ថ្មីៗ
អ្នកសារព័ត៌មាន​ក្នុង​ស្រុក និង​ក្រៅ​ប្រទេស​អំពាវនាវ​ឱ្យ​តុលាការ​ទម្លាក់​បទចោទប្រកាន់ និង​ដោះលែង​លោក ម៉ិច ដារ៉ា ឱ្យ​មាន​សេរីភាព
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

មតិយោបល់៖

Anonymous
Dec 17, 2009 10:14 PM

the robbers should be arrested and identified soon. the robbery should not have happened in this kind of district of former khmer rouge. i believe that robbers from outside could not easily get into this district.

Anonymous
Dec 18, 2009 04:44 AM

Why our soldier go to rob our khmer people ,they have no discipline ? or they have not enough money? the government should think about that.

Anonymous
Dec 19, 2009 10:15 AM

Good soldier at day time and rob at night time, that's ordinary doctrine of current goverment.