មន្ត្រី​ព្រឹទ្ធ​សភា ៖ កំណែ​ទម្រង់​វិមជ្ឈការ​នៅ​តាម​មូលដ្ឋាន​មាន​ភាព​ស្មុគស្មាញ

អនុ​ប្រធាន​ទី​២​នៃ​ព្រឹទ្ធ​សភា លោក ទេព ងន បាន​ថ្លែង​ថា កំណែ​ទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​នៅ​តាម​មូលដ្ឋាន​មាន​ភាព​ស្មុគស្មាញ និង​មាន​បញ្ហា​ប្រឈម​ជា​ច្រើន។
ដោយ អ៊ុក សាវបូរី
2010-06-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

លោក​បាន​ថ្លែង​ដូច្នេះ នៅ​ក្នុង​កម្មវិធី​បើក​វេទិកា​ស្ដីពី​ព្រឹទ្ធ​សភា និង​ផល​ប្រយោជន៍​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ នៅ​ភូមិ​ភាគ​ទី​៥ ដើម្បី​ជំរុញ​ឲ្យ​មាន​អភិបាលកិច្ច​ល្អ រួម​ចំណែក​កាត់​បន្ថយ​ភាព​ក្រីក្រ​ដែល​មាន​រយៈពេល ៣​ថ្ងៃ ពី​ថ្ងៃ​ទី​២៩ ខែ​មិថុនា ដល់​ថ្ងៃ​ទី​១ ខែ​កក្កដា។

លោក ទេព ងន បន្ត​ថា សមាជិក​ព្រឹទ្ធ​សភា​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ដល់​បញ្ហា​នានា ដែល​ចោទ​ឡើង​ចំពោះ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ទាំង​លើ​ជីវភាព និង​ការ​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស​នៅ​ថ្នាក់​មូលដ្ឋាន។ ព្រឹទ្ធ​សភា​ក៏​បាន​ជំរុញ​ឲ្យ​ស្ត្រី​ចូល​រួម​ច្រើន​ថែម​ក្នុង​ឆាក​នយោបាយ និង​សង្គម​ជាតិ។

លោកស្រី សោម ពៅ មេ​ឃុំ​ត្រាំកក់ ខេត្ត​តាកែវ បាន​ឲ្យ​ដឹង​ថា ក្រោយ​ជាប់​ឆ្នោត ២​អាណត្តិ គាត់​បាន​សម្រួល​បញ្ហា​វិវាទ​ដីធ្លី និង​អំពើ​ហិង្សា​ក្នុង​ឃុំ​នោះ​ជាង ១០០​ករណី បាន​ដោយ​ជោគ​ជ័យ។

អនុ​ប្រធាន​ស្ត្រី​មក​ពី​ខេត្ត​កំពត លោកស្រី យ៉ែម សំអូន ជា​សមាជិក​ឃុំ​ភ្នំកុង ស្រុក​អង្គរជ័យ ខេត្ត​កំពត បាន​ឲ្យ​ដឹង​ថា ដោយសារ​ក្រុម​គ្រួសារ​បាន​ជំរុញ​ខ្លាំង ទើប​គាត់​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការ​ប្រឡូក​កិច្ចការ​នយោបាយ និង​ការ​អភិវឌ្ឍ​សង្គម។ ការ​លើក​កម្ពស់​សមភាព​យេនឌ័រ (Gender) និង​ការ​លើក​កម្ពស់​ជីវភាព​ស្ត្រី បាន​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​មូលដ្ឋាន និង​កាត់​បន្ថយ​ភាពក្រីក្រ​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល