កុមារ​តូចៗ​២​នាក់​ស្លាប់​ដោយសារ​ការ​ផ្ទុះ​គ្រាប់​សំណល់​ពី​សង្គ្រាម​នៅ​ស្រុក​ស្វាយលើ​ខេត្ត​សៀមរាប

0:00 / 0:00

អាជ្ញាធរ​ស្រុក​ស្វាយលើ​ខេត្ត​សៀមរាបបាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ ដែល​ចេញ​ទៅ​ធ្វើ​ស្រែ​ចំការ ​ប្រសិន​បើ​ប្រទះ​ឃើញ​គ្រាប់​ឬ​ក៏​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​ សូម​កុំ​ប៉ះពាល់ និង​ត្រូវ​ប្រាប់​ឱ្យ​សមត្ថកិច្ច​បាន​ដឹង​ជា​បន្ទាន់។

ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​កាល​ពី​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ​មាន​កុមារ​តូចៗ​២​នាក់​ បាន​ទៅ​រើស​គ្រាប់​សំណល់​ពី​សង្គ្រាម​មក​ដំ​លេង បណ្ដាល​ឱ្យ​ផ្ទុះ​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង។

យ៉ាង​ហោច​ណាស់​មាន​កុមារ​តូចៗ​ចំនួន​២​នាក់​បាន​ស្លាប់​ ដោយសារ​តែ​គ្រាប់​បែក​ដែល​សល់​ពី​សម័យ​សង្គ្រាម​បាន​ផ្ទុះ នៅ​ចំណុច​ត្រពាំង​កូនទា​ ក្នុង​ភូមិ​គ្រញូង ឃុំ​តាសៀម ​ស្រុក​ស្វាយលើ​ ខេត្ដ​សៀមរាប​កាល​ពី​រសៀល​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ។

គ្រាប់​បែក​សល់​ពី​សម័យ​សង្គ្រាម

មេភូមិ​គ្រញូង ​លោក ឌី សុខា ឱ្យ​ដឹង​ថា ក្មេង​ប្រុស​ម្នាក់​អាយុ​២​ឆ្នាំ និង​ក្មេង​ស្រី​ម្នាក់​ អាយុ​២​ឆ្នាំ​ដែរ ជា​បង​ប្អូន​ជីដូន​មួយ​និង​គ្នា​ បាន​ស្លាប់​ភ្លាមៗ​នៅ​ឯ​ខ្ទម​ស្រែ​ ដោយ​សារ​ផ្ទុះ​គ្រាប់​សេស​សល់​ពី​សម័យ​សង្គ្រាម។ លោក​ថា អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថ​កិច្ច​នៅ​មិន​ទាន់​ដឹង​ឱ្យ​ប្រាកដ​ថា តើ​គ្រាប់​ដែល​ផ្ទុះ​សម្លាប់​កុមារ​ទាំងពីរ​នាក់​នោះ ​គឺ​ពួក​គេ​រើស​មក​ពី​ទីណា​នៅ​ឡើយ​ទេ។

លោក ឌី សុខា៖ «ម្ដាយ​របស់​កុមារ​រងគ្រោះ​ កំពុង​អង្គុយ​ដាំបាយ​បែរ​មុខ​ទៅ​ទិស​ខាង​ជើង ​ហើយ​កូន​តូចៗ​កំពុង​លេង​ក្បែរ​កន្លែង​ដាំ​បាយ​លើ​ខ្ទម​ស្រែ​នោះ។ ពេល​នោះ​ម្ដាយ​ក៏​ឮ​សម្លេង​កូន​ដំ​របស់​អ្វី​មួយ​ដែរ ​ក៏ប៉ុន្តែ​មិន​បាន​ទៅ​មើល​ថា ជាអ្វី​? ​ហើយ​តា​និង​ឪពុក​របស់​ក្មេង​ក៏​ដេក​ក្នុង​អង្រឹង​ក្បែរ​កន្លែង​កើត​ហេតុ​នោះ​ប្រហែល​ជា ៤-៥​ម៉ែត្រ​ ប៉ុន្តែ​មិន​ដឹង​ថា កូន​លេង​គ្រាប់​ទេ ​ដល់​ពេល​ឮ​សំឡេង​ផ្ទុះ​ទើប​បែរ​មក​ឃើញ​កូន​ដួល​ដេក​​ទៅ​ហើយ»។

អាជ្ញាធរ​ភូមិ​គ្រញូង​ឱ្យ​ដឹង​ថា កុមារ​តូចៗ​ដែល​ស្លាប់​ដោយសារ​ផ្ទុះ​គ្រាប់​នោះ​ គឺ​ម្នាក់​ជា​កូន​របស់​អ្នក​ភូមិ​គ្រញូង ចំណែក​កុមារ​ម្នាក់​ទៀត មាន​ឪពុក​ម្តាយ​ជា​អ្នក​រស់​នៅ​ក្នុង​ស្រុក​បន្ទាយស្រី ខេត្ត​សៀមរាប​ ប៉ុន្តែ​បាន​នាំ​កូន​ទៅ​ធ្វើ​ចំការ​នៅ​កន្លែង​កើត​ហេតុ។

អធិការ​នគរបាល​ស្រុក​ស្វាយលើ ​លោក យឹប យ៉ុងឈាង ឱ្យ​ដឹង​ថា គ្រាប់​ដែល​ផ្ទុះ​សម្លាប់​កុមារ​ពីរ​នាក់​នោះ គឺ​ជា​បំណែក​គ្រាប់​ផ្លោង​ធុន ៦០​មីលីម៉ែត្រ​ សល់​ពី​សម័យ​សង្គ្រាម។ លោក​ថា ហេតុការណ៍​ផ្ទុះ​គ្រាប់​នៅ​ឃុំ​តាសៀម​នោះ ​គឺ​កើត​ឡើង​នៅ​ក្នុង​ព្រៃ ជា​តំបន់​ចុងកាត់​មាត់​ញក​ ដែល​ជា​តំបន់​ធ្លាប់​មាន​ការ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​ខ្មែរ​ក្រហម និង​កងទ័ព​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ​នៅ​ក្នុង​អំឡុង​​ទសវត្សរ៍​ឆ្នាំ​១៩៨០។ លោក​បញ្ជាក់​ថា សមត្ថកិច្ច​តែង​ផ្សព្វផ្សាយ​ឱ្យ​ប្រជាពលរដ្ឋ​ ប្រុង​ប្រយ័ត្ន​នៅ​ពេល​ចូល​ទៅ​ធ្វើ​ស្រែ​ចំការ​នៅ​តំបន់​នោះ។

លោក យឹម យ៉ុងឈាង៖ «តាម​ពិត​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ជាមួយ​អាជ្ញាធរ​ឃុំ​តាសៀម តែង​ផ្សព្វផ្សាយ​ក្នុង ១​ខែ​ចំនួន​៨​ដង ​គឺ​កំពុង​តែ​អនុវត្ត​រៀងរាល់​ថ្ងៃ​​ ប៉ុន្តែ​ហេតុ​ការណ៍​ផ្ទុះ​គ្រាប់​នេះ​គឺ​កើត​ឡើង​នៅ​តំបន់​ចុងកាត់មាត់ញក នៅ​ក្នុង​ព្រៃ។ យើង​មិន​ធ្លាប់​គិត​ថា ហេតុការណ៍​ផ្ទុះ​គ្រាប់​នេះ​អាច​កើត​ឡើង​ទេ ពីព្រោះ​សមត្ថកិច្ច​បាន​ផ្សព្វ​ផ្សាយ​ឱ្យ​ប្រុង​ប្រយ័ត្ន​ជាមួយ​គ្រាប់ និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​នេះ​ស្ទើរ​តែ​រាល់​ថ្ងៃ។ ប៉ុន្តែ​ចៃដន្យ​​មាន​អ្នក​មក​ពី​ចម្ងាយ​មិន​បាន​ដឹង​ក៏​កើត​ហេតុ​ដូច​នេះ។សមត្ថកិច្ច​​មាន​ការ​សោក​ស្ដាយ​ដែល​ខិតខំ​ប្រឹងប្រែង​ការពារ​ប្រជាពលរដ្ឋ​ កុំ​ឱ្យ​គ្រោះថ្នាក់​ដោយ​សារ​យុទ្ធភណ្ឌ និង​គ្រាប់​មិន​ទាន់​ផ្ទុះ ​ក៏​ប៉ុន្តែ​នៅ​តែ​កើត​ឡើង​ទាល់​តែ​បាន»។

ទីតាំងផ្ទុះ​គ្រាប់​នេះ​ជាអតីត​ឃ្លាំងគ្រាប់

ប្រជាពលរដ្ឋ​រស់​នៅ​ឃុំ​តាសៀម​ខ្លះ អះអាង​ថា កន្លែង​ដែល​គ្រាប់បែក​ផ្ទុះ​សម្លាប់​កុមារ​តូចៗ​២​នាក់​នោះ ​ក៏​ធ្លាប់​មាន​ឃ្លាំង​គ្រាប់​នៅ​ទីនោះ​ដែរ។

បុរស​អ្នក​ភូមិ​គ្រញូង​ម្នាក់ ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ​ដោយ​បារម្ភ​ពី​សុវត្ថិភាព ​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​ចំពោះ​គ្រោះថ្នាក់​នៅ​ពេល​ដែល​អ្នក​ភូមិ​ចេញ​ទៅ​ធ្វើ​ស្រែ​ចំការ​នៅ​តំបន់​នោះ​ម្ដងៗ។

បុរស​អ្នក​ភូមិ​គ្រញូង៖ «ខ្ញុំ​ធ្លាប់​គិត​ថា ស្រុក​នេះ ​ថ្វី​បើ​​ជា​តំបន់​ដែល​មាន​កងទ័ព​ធ្លាប់​ស្នាក់​នៅ​ ហើយ​ខ្ញុំ​ក៏​ធ្លាប់​គិត​ថា​ប្រហែល​ជា​មិន​មាន​ដាក់​មីន​អ្វី​ទេ ​ប៉ុន្តែ​នៅ​ពេល​ដែល​កើត​មាន​ហេតុការណ៍​ផ្ទុះ​គ្រាប់​សេសសល់​ពី​សង្គ្រាម​បែប​នេះ ​បាន​ធ្វើ​ឱ្យ​ខ្ញុំ​ចាប់​ផ្ដើម​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង។ អ្វី​ដែល​ខ្ញុំ​ធ្លាប់​គិត​ថា ជា​តំបន់​ដែល​គ្មាន​គ្រាប់​មីន បែរ​ជា​នៅ​មាន​សំណល់​គ្រាប់​សល់​ពី​សង្គ្រាម​​​ហើយ​ផ្ទុះ​​ធ្វើ​ឱ្យ​មនុស្ស​ស្លាប់​ទៅ​វិញ»។

ជុំវិញ​បញ្ហា​នេះ ​ប្រធាន​កង​ឯកភាព​កំចាត់​មីន​ទី​៤​ប្រចាំ​ខេត្ត​សៀមរាប ​លោក អ៊ុំ សុជាតិ សុំ​មិន​ពន្យល់​ជុំវិញ​ភូមិសាស្ត្រ និង​គ្រោះថ្នាក់​ដោយសារ​ការ​ផ្ទុះ​គ្រាប់​នោះ​ទេ ដោយ​លោក​គ្រាន់​តែ​បញ្ជាក់​ថា លោក​បាន​បញ្ជូន​ក្រុម​អ្នក​ជំនាញ​ទៅ​ពិនិត្យ​ទីនោះ​រួច​ហើយ។

របាយការណ៍​របស់​អាជ្ញាធរ​មីន​កម្ពុជា​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​ខេត្ត​សៀមរាប​ គឺ​ជា​ខេត្ត​មួយ​ដែល​នៅ​សេសសល់​គ្រាប់​មីន​តិច​តួច​​ក្នុង​ចំណោម​ខេត្ត​ចំនួន​២​ផ្សេង​ទៀត គឺ​ខេត្ត​រតនគិរី និង​ខេត្ត​កំពង់ធំ។

ចាប់​តាំង​ពី​ខែ​មករា ដល់​ខែ​ធ្នូ​ឆ្នាំ​២០២៤ ​កម្ពុជា​មាន​ជន​រងគ្រោះ​ដោយសារ​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ ​ដោយសារ​មីន និង​គ្រាប់​ផ្សេង​ទៀត​ចំនួន ៤៧​នាក់។ ​ចំនួន​អ្នក​រងគ្រោះ​នេះ ​កើន​ឡើង​១៥​នាក់ ​បើ​ប្រៀបធៀប​និង​ឆ្នាំ​២០២៣ ​ដែល​មាន​ជន​រងគ្រោះ​ចំនួន​៣២​នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។