ក្រសួងមហាផ្ទៃនឹងដុតបំផ្លាញគ្រឿងជាច្រើនប្រភេទ សរុបជាង ២តោន នៅថ្ងៃទី២៦ មិថុនា ដែលត្រូវជាទិវាប្រឆាំងគ្រឿងញៀនអន្តរជាតិ។
អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក មាស វិរិទ្ធ ប្រាប់អាស៊ីសេរីថា នៅក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនសម្រាប់ឆ្នាំ២០១៩ នឹងប្រារព្ធធ្វើនៅមជ្ឈមណ្ឌលកោះពេជ្រ ក្នុងរាជធានីភ្នំពេញ ក្រោមប្រធានជាសកលនៅទូទាំងពិភពលោកគឺ «សុខភាពដើម្បីយុត្តិធម៌ និងយុត្តិធម៌ដើម្បីសុខភាព»។ ដោយឡែកសម្រាប់ប្រទេសកម្ពុជា សម្រេចរើសយកប្រធានបទ «ចូលរួមទាំងអស់គ្នា ដើម្បីកូនចៅរបស់យើង ឃ្លាតឆ្ងាយពីបញ្ហាគ្រឿងញៀន» ៖ «កម្ពុជាយើងបានដាក់ចេញនូវប្រធានបទស្របទៅតាមយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់របស់រដ្ឋាភិបាល ដោយទទួលបានការគាំទ្រពីប្រជាពលរដ្ឋទូទៅ មតិជាតិនិងអន្តរជាតិ រួមនឹងកិច្ចខិតខំប្រឹងប្រែងនានា ធ្វើឲ្យយើងឈានទៅត្រួតបាន ដោយសារយើងទទួលស្គាល់បញ្ហាគឺរីករាលដាលពីទីក្រុងរហូតទៅជនបទដាច់ស្រយាលមួយចំនួន។ ដោយឡែក ការរៀបចំពិធីនេះ គឺយើងមានសាររបស់រដ្ឋាភិបាលសម្រាប់ផ្ញើជូនជនរួមជាតិ។ នៅក្នុងនោះមានការណែនាំច្រើន និងផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃទី២៦ មិថុនា»។
លោក មាស វិរិទ្ធ ឲ្យដឹងទៀតថា សារធាតុញៀនសុទ្ធដែលត្រូវដុតបំផ្លាញចោលមាន ៤២០គីឡូក្រាម ក្រៅពីនោះគឺជាសារធាតុគីមីផ្សេងៗ ដែលលាយជាមួយសារធាតុញៀន ដើម្បីបង្កើនបរិមាណក្នុងការជួញដូរគ្រឿងញៀន។
ក្នុងរយៈពេល ៦ខែ នៃឆ្នាំ២០១៩ អាជ្ញាធរបង្ក្រាបបានបទល្មើសគ្រឿងញៀន បានជិត ៤ពាន់ករណី ឃាត់ខ្លួនអ្នកប្រព្រឹត្តបទល្មើសរួមទាំងប្រើប្រាស់បាន ៨.៣៦៨នាក់ ក្នុងនោះស្រី ៦២៥នាក់ និងចាប់បានសារធាតុញៀន ជាង ៣៤០គីឡូក្រាម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
