តំបន់​ទេសចរណ៍​២២​ទីតាំង​ទៀត​ត្រូវ​បាន​ដាក់​ជា​រមណីយដ្ឋាន​គំរូ​ប្រចាំ​ឆ្នាំ​២០១៧-​២០១៨

ដោយ ហេង សកល
2017-12-05
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន ធ្វើ​សន្និសីទ​កាសែត​បន្ទាប់​ពី​វិល​ត្រឡប់​មក​ពី​ប្រជុំ​វេទិកា​ទេសចរណ៍​អាស៊ាន កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០១៦ នា​ខេត្ត​សៀមរាប។
រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន ធ្វើ​សន្និសីទ​កាសែត​បន្ទាប់​ពី​វិល​ត្រឡប់​មក​ពី​ប្រជុំ​វេទិកា​ទេសចរណ៍​អាស៊ាន កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០១៦ នា​ខេត្ត​សៀមរាប។
RFA/Hang Savyouth

រាជរដ្ឋាភិបាល​កម្ពុជា បាន​បាន​កំណត់​ដាក់​តំបន់​ទេសចរណ៍​ចំនួន ២២​ទីតាំង​បន្ថែម​ទៀត​ឲ្យ​ក្លាយ​ជា​រមណីយដ្ឋាន​ទេសចរណ៍​គំរូ​សម្រាប់​ឆ្នាំ​២០១៧-​២០១៨។ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ រំពឹង​ថា តាម​រយៈ​នេះ នឹង​ជួយ​ឲ្យ​កំណើន​ទេសចរ​អន្តរជាតិ ចូល​មក​ទស្សនា​កម្ពុជា កើន​ច្រើន​ថែម​ទៀត​នៅ​បណ្ដា​ឆ្នាំ​ខាង​មុខ។

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី​២ ខែ​ធ្នូ ថា រាជរដ្ឋាភិបាល​តាមរយៈ​ក្រសួង​ទេសចរណ៍ បាន​កំណត់​យក «ឆ្នាំ​២០១៧ ជា​ឆ្នាំ​ប្រឡង​ប្រណាំង​រមណីយដ្ឋាន​ទេសចរណ៍​គំរូ​នៅ​ទូទាំង​ប្រទេស» និង​ជា​ការ​ជួបជុំ​រវាង​ស្ថាប័ន​រដ្ឋ វិស័យ​ឯកជន សហគមន៍ និង​ដៃគូ​អភិវឌ្ឍន៍​រួមគ្នា​ពិភាក្សា និង​កំណត់​ទិសដៅ​ថ្មីៗ​សម្រាប់​បន្ត​អនុវត្ត​ចលនា​ប្រឡង​ប្រណាំង «រមណីយដ្ឋាន​ស្អាត» ឬ «កម្ពុជា​ស្អាត កម្ពុជា​បៃតង» ដើម្បី​ទាក់ទាញ​កំណើន​ទេសចរ​អន្តរជាតិ។

​លោក ថោង ខុន ឲ្យ​ដឹង​ថា កន្លងមក​ក្រសួង​ទេសចរណ៍ បាន​ដាក់​ចេញ​នូវ​យុទ្ធនាការ «កម្ពុជា៖ ព្រះរាជាណាចក្រ​អច្ឆរិយ» និង​ចលនា​ប្រឡង​ប្រណាំង​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ បដិសណ្ឋារកិច្ច​ល្អ សម្រាប់​ធុរកិច្ច​បៃតង​ក្នុង​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា

​ផ្ដល់​សម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​នៅ​មុខ​ប្រាសាទអង្គរវត្ត កាលពី​ថ្ងៃ​ទី​២ ខែ​ធ្នូ លោក ថោង ខុន បញ្ជាក់​ថា ដើម្បី​ពង្រីក​វិស័យ​នេះ​ឲ្យ​បាន​ទូលំទូលាយ​ថែម​ទៀត​នៅ​ថ្ងៃ​អនាគត ក្រសួង​ទេសចរណ៍​បាន​បង្កើត​កម្មវិធី​ប្រឡងប្រណាំង​រមណីយដ្ឋាន​ស្អាត​នៅ​ទូទាំង​ប្រទេស​កម្ពុជា ដើម្បី​ដាក់​ជា​រមណីយដ្ឋាន​ទេសចរណ៍​គំរូ​ប្រចាំ​ឆ្នាំ​២០១៧-​២០១៨។

​លោក​ថា ការ​ប្រឡង​ប្រណាំង​រមណីយដ្ឋាន​ទេសចរណ៍​គំរូ​លើក​ទី​១​នេះ មាន​បេក្ខភាព ឬ​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​ចំនួន ៣៣​កន្លែង មក​ពី​រាជធានី-​ខេត្ត ចំនួន​១៧ បាន​ចូលរួម​ប្រកួតប្រជែង។ ក្នុង​នោះ​មាន​រមណីយដ្ឋាន​ទេសចរណ៍​ចំនួន ២២ បាន​ជាប់​ជយលាភី​ទេសចរណ៍​គំរូ​សម្រាប់​ឆ្នាំ​២០១៧-​២០១៨។

លោក ថោង ខុន៖ «តំបន់​រមណីយដ្ឋាន​ទេសចរណ៍​របស់​យើង​មាន​ច្រើន ប៉ុន្តែ​ជាក់ស្ដែង​យើង​ចង់​បំផុស​ឲ្យ​មាន​រមណីយដ្ឋាន​គំរូ ឲ្យ​មាន​គ្រប់​រាជធានី​-ខេត្ត ទូទាំង​ប្រទេស​កម្ពុជា យើង​ហ្នឹង ឬ​ឲ្យ​មាន​រមណីយដ្ឋាន​គំរូ​យ៉ាង​ហោច ១​កន្លែង​ដែរ។ ប៉ុន្តែ​ករណី​នេះ​មិន​មែន​ក្រសួង​កំណត់​យក​រមណីយដ្ឋាន​គំរូ​នេះ ត្រឹមតែ ២២​ទីកន្លែង​នោះ​ទេ គឺ​មាន​ច្រើន​កន្លែង​ទៀត គ្រាន់តែ​ការ​ប្រឡង​ប្រណាំង​នេះ​បេក្ខភាព​រមណីយដ្ឋាន​ចូលរួម​មួយ​ចំនួន​បំពេញបែបបទ​ឲ្យ​បាន​ទាន់​ពេល ស្របតាម​ក្រសួង​ស្ថាប័ន​ជំនាញ​កំណត់​ទេ ព្រោះ​មាន​រយៈពេល​ខ្លី​ត្រឹមតែ ១​ឆ្នាំ។ ប៉ុន្តែ​នៅ​ឆ្នាំ​ខាង​មុខ​ទៀត នឹង​មាន​រមណីយដ្ឋាន​គំរូ​ច្រើន​ទីតាំង​ទៀត។ ការ​ធ្វើ​ឲ្យ​មាន​ភាព​គំរូ​នេះ គឺ​ជា​ភាព​ដឹកនាំ​មួយ​យ៉ាង​ល្អ»

​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន បាន​ឲ្យ​ដឹង​ទៀត​ថា ក្រសួង​បាន​វាយតម្លៃ​ទៅ​លើ​ការងារ​ប្រឡង​ប្រណាំង​រមណីយដ្ឋាន​ទេសចរណ៍​គំរូ​នេះ ដោយ​តម្រូវ​ឲ្យ​បេក្ខភាព​រមណីយដ្ឋាន​ទេសចរណ៍​ទាំង​អស់​ត្រូវ​គោរព​តាម​គោល​ការណែនាំ ៣​ចំណុច រួម​មាន  ត្រូវ​រៀបចំ​ក្រុម​ការងារ​ទទួល​បន្ទុក​គ្រប់គ្រង​រមណីយដ្ឋាន​ទេសចរណ៍ និង​ត្រូវ​មាន​ផែនការ​អភិវឌ្ឍន៍​រមណីយដ្ឋាន​ទេសចរណ៍​ឲ្យ​បាន​ច្បាស់លាស់។ ត្រូវ​គោរព​តាម​បទដ្ឋាន​គតិយុត្តិ និង​បទប្បញ្ញត្តិ​ស្ដីពី​បរិស្ថាន​ដោយ​តម្រូវ​ឲ្យ​រមណីយដ្ឋាន​នីមួយៗ ត្រូវ​មាន​ទីធ្លា និង​ទីកន្លែង​ទទួល​ភ្ញៀវ​ឲ្យ​បាន​ទូលាយ ហើយ​មាន​អនាម័យ។ ត្រូវ​គ្រប់គ្រង​កាកសំណល់ និង​ត្រូវ​មាន​បង្គន់​អនាម័យ​សាធារណៈ ស្របតាម​ស្តង់ដារ​បង្គន់​សាធារណៈ​កម្ពុជា ពិសេស​ជាង​នេះ ត្រូវ​គិតគូរ​ពី​សន្តិសុខ សុវត្ថិភាព អនាម័យ​ចំណីអាហារ ធ្វើ​យ៉ាង​ណា​ឲ្យ​ភ្ញៀវទេសចរ​ពេញ​ចិត្ត​ជាដើម។

​ក្រសួង​ទេសចរណ៍​បង្ហា​ញ​ឈ្មោះ​រមណីយដ្ឋាន​ទេសចរណ៍ ដែល​ឈ្នះ​ជយលាភី​រមណីយដ្ឋាន​គំរូ​ថ្មី​ចំនួន ២២​កន្លែង បន្ថែម​លើ​រមណីយដ្ឋាន​មាន​ស្រាប់ សម្រាប់​វិស័យ​ទេសចរណ៍ ប្រចាំ​ឆ្នាំ​២០១៧-​ ២០១៨ រួម​មាន រមណីយដ្ឋាន​ទេសចរណ៍​គិរីរម្យ ផាញរីសត ខេត្ត​កំពង់ស្ពឺ។ សហគមន៍​ទេសចរណ៍​ចំបក់​ខេត្ត​តាកែវ។ រមណីយដ្ឋាន​ទេសចរណ៍​ភូមិ​វប្បធម៌ ខេត្ត​សៀមរាប។ តំបន់​វិស្សមកាល​អន្តរជាតិ​ឆ្នេរ​មាស​ឆ្នេរ​ប្រាក់ ខេត្ត​ព្រះសីហនុ។ សហគមន៍​ទេសចរណ៍​បន្ទាយឆ្មារ ខេត្ត​បន្ទាយមានជ័យ។ រមណីយដ្ឋាន​ទេសចរណ៍​សួន​ស្នេហ៍​ជនបទ ខេត្ត​បន្ទាយមានជ័យ។ រមណីយដ្ឋាន​ទេសចរណ៍​ប្រវត្តិសាស្ត្រ​វត្តភ្នំ រាជធានី​ភ្នំពេញ។ រមណីយដ្ឋាន​ទេសចរណ៍​បឹង​សំរឹទ្ធ ខេត្ត​កំពង់ធំ។ រមណីយដ្ឋាន​ទេសចរណ៍​ទឹកធ្លាក់​ច្រក​ល្អៀង ខេត្ត​ពោធិ៍សាត់។ រមណីយដ្ឋាន​ទេសចរណ៍​ថ្ងៃ​បាំង​ឆត្រ ខេត្ត​កែប។ រមណីយដ្ឋាន​ទេសចរណ៍​កំពង់​ភ្លុក ខេត្ត​សៀមរាប។ រមណីយដ្ឋាន​ទេសចរណ៍​ជើងឯក រាជធានី​ភ្នំពេញ។ រមណីយដ្ឋាន​ទេសចរណ៍​បឹង​យក្សឡោម ខេត្ត​រតនគិរី។ រមណីយដ្ឋាន​ទេសចរណ៍​ចម្ការ​ស្នេហ៍ រាជធានី​ភ្នំពេញ។ រមណីយដ្ឋាន​ទេសចរណ៍​បាណន់ ខេត្ត​បាត់ដំបង។ រមណីយដ្ឋាន​ទេសចរណ៍​ឋានសួគ៌​បូកគោ ខេត្ត​កំពត។ រមណីយដ្ឋាន​ទេសចរណ៍​បក្សី​មេគង្គ ខេត្ត​ស្ទឹងត្រែង។ រមណីយដ្ឋាន​ទេសចរណ៍​ឧទ្យាន​ធម្មជាតិ​ប៊ូស្រា ខេត្ត​មណ្ឌលគិរី។ រមណីយដ្ឋាន​ទេសចរណ៍​ប្រវត្តិសាស្ត្រ​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ។ រមណីយដ្ឋាន​ទេសចរណ៍​កោះ​ទ្រង់ ខេត្ត​ក្រចេះ។ រមណីយដ្ឋាន​ទេសចរណ៍​រ៉ក់ រូយ៉ាល់ ខេត្ត​កែប និង​រមណីយដ្ឋាន​ទេសចរណ៍​អូរមីស ខេត្ត​មណ្ឌលគិរី។

​ស្ថិតិ​ចំនួន​ភ្ញៀវ​ទេសចរ​ឆ្នាំ​២០១៦ របស់​ក្រសួងទេសចរណ៍​បង្ហាញ​ថា វិស័យ​ទេសចរណ៍​កម្ពុជា សម្រេច​បាន​កំណើន ៥% និង​រក​ចំណូល​សេដ្ឋកិច្ច​បាន​ប្រមាណ ៣.៤០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក ឬ​ស្មើ ១២% នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP)។ ជាង​នេះ ក៏បាន​បង្កើត​ការងារ​ផ្ទាល់​ប្រមាណ​ជាង ៦២​ម៉ឺន​នាក់។

​ចំណែក​រយៈពេល ៩​ខែ ដើម​ឆ្នាំ​២០១៧ ស្ថិតិ​ក្រសួង​ទេសចរណ៍ បាន​បង្ហាញ​ថា កម្ពុជា ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន​ជិត ៤​លាន​នាក់ (៣.៩១២.៧៦១) គឺ​កើន​ជាង ១១​ភាគរយ (១១,៥%) ធៀប​រយៈ​ដូចគ្នា​ឆ្នាំ​២០១៦។ រី​ឯ​ចំនួន​ភ្ញៀវ​ទេសចរ​ពេញ​មួយ​ឆ្នាំ​២០១៧​នេះ ក្រសួង​ទេសចរណ៍​រំពឹង​ថា នឹង​ទទួល​ភ្ញៀវ​ទេសចរ​ចូល​មក​ទស្សនា​កម្ពុជា មាន​ចំនួន​ប្រមាណ ៥,៦​លាន​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល