កម្មកររោងចក្រប្រមាណ ៦០នាក់ របួសព្រោះគ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង
2019.06.04
កម្មកររោងចក្រ យូលី នៅខេត្តស្វាយរៀងប្រមាណ ៦០នាក់ របួសធ្ងន់ និងស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅព្រឹកថ្ងៃទី៣ ខែមិថុនា។ សហជីពស្នើទៅក្រសួងការងារថា គួរមានវិធានការតម្រូវឲ្យរោងមានឡានសម្រាប់ដឹកកម្មករ ដើម្បីជៀសបញ្ហាគ្រោះថ្នាក់ទៀត។
ប្រធានសហភាពចលនាកម្មករ លោក ប៉ាវ ស៊ីណា ដែលមានតំណាងសហជីពរបស់លោកនៅក្នុងរោងចក្រ យូលី ប្រាប់អាស៊ីសេរីថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយសាររថយន្តស្ទូច១គ្រឿង ចេញពីផ្លូវតូចចូលមកផ្លូវជាតិលេខ១ ប៉ុន្តែមិនបានផ្ដល់សញ្ញាទើបបណ្ដាលឲ្យប៉ះគ្នានឹងឡានដឹកកម្មករ និងប៉ះបន្តទៅរថយន្តផ្សេងទៀត។
លោកថា ករណីនេះកើតឡើងនៅភូមិលាប ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ហើយកម្មករទាំងនោះ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុក និងខេត្ត៖ «ឡានស្ទូចគាត់ឡើងមកអត់មានដាក់ស្លាកសញ្ញាឲ្យដឹងថា គាត់ឡើងពីផ្លូវក្រោមមកផ្លូវជាតិ។ ដល់អ៊ីចឹង ធ្វើឲ្យឡាន ដែលកម្មករជិះហ្នឹង វាក់អើទៅ បុកតៗ គ្នាទៅ»។
ចំណែក តំណាងសហជីពសហភាពចលនាកម្មករ ក្នុងរោងចក្រ យូលី នៃប្រចាំតំបន់សេដ្ឋកិច្ចពិសេស សានតុង ខេត្តស្វាយរៀង លោក ពុំ សុគន្ធី ដែលចុះឃ្លាំមើលករណីនេះ ឲ្យដឹងដែរថា ក្នុងចំណោមកម្មកររបួសប្រមាណ៦០នាក់នោះ មានអ្នកខ្លះរបួសកែងដៃ និងត្រូវក្បាល។ លោកបន្តថា ក្នុងចំណោមនោះក៏មានស្ត្រីមានផ្ទៃពោះពីប្រាំខែទៅប្រាំមួយខែ ចំនួន ៤នាក់ដែរ ហើយក្រុមគ្រួសារ និងពេទ្យកំពុងតាមដាន៖ «មានដាច់ដៃប៉ុន្តែមិនធ្ងន់ធ្ងរពេកទេ ពេលខ្ញុំចុះដល់មន្ទីរពេទ្យឃើញអ្នកខ្លះដាច់ចង្កាកឺម ក្រឡិតដៃ កែងដៃ ពេលចុងគ្នាទៅគាត់ជ្រុលទៅលើគ្នា ប៉ះត្រូវជញ្ជាំងឡានអីចឹងទៅ»។
មន្ត្រីសហជីពដដែល ឲ្យដឹងទៀតថា កន្លងមកមានមន្ត្រីបេឡាជាតិរបបសន្តិសុខសង្គមនៃក្រសួងការងារចុះណែនាំដល់អ្នកបើកឡានដឹកកម្មករដែរ ប៉ុន្តែអ្នកបើកបរទាំងនោះហាក់មិនយកចិត្តទុកអនុវត្តតាមឡើយ ហើយក្រៅពីនេះអ្នកបើករថយន្តដឹកដី ដឹកខ្សាច់ ក៏មិនសូវគោរពច្បាប់ដែរ ដែលបង្កជាបញ្ហាគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់៖ «អ្នកបើកបរនៅទីរួមខេត្តរបស់យើងមិនសូវយកចិត្តទុកដាក់ពីច្បាប់ចរាចរណ៍អីប៉ុន្មានទេ គាត់វ៉ាឆ្វេងវ៉ាស្តាំ ប្រជែង»។
ជុំវិញបញ្ហាគ្រោះថ្នាក់កម្មករនេះ លោក ប៉ាវ ស៊ីណា ស្នើសុំទៅក្រសួងការងារអន្តរាគមន៍ ដើម្បីឲ្យរោងចក្ររៀបចំឲ្យមានរថយន្តសម្រាប់ដឹកកម្មករ ខណៈលោកសង្កេតឃើញថា រថយន្តឈ្នួលដឹកកម្មករគ្មានការត្រួតពិនិត្យត្រឹមត្រូវ ហើយអ្នកបើកបរភាគច្រើនមិនសូវចេះច្បាប់ចរាចរណ៍។
អាស៊ីសេរីបានព្យាយាមសុំការបំភ្លឺពីអ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ និងប្រធានការិយាល័យគោលនយោបាយនៃបេឡាជាតិរបបសន្តិសុខសង្គម លោក ជាវ ប៊ុនរិទ្ធ នៅថ្ងៃទី៣ ខែមិថុនា ប៉ុន្តែទូរស័ព្ទចូលជាច្រើនដងគ្មានអ្នកទទួល។
កាលពីខែមីនា របាយការណ៍របស់បេឡាជាតិរបបសន្តិសុខសង្គមនៃក្រសួងការងារ បង្ហាញថា ក្នុងឆ្នាំ២០១៨ កន្លងទៅ មានកម្មកររោងចក្រជិត ២ពាន់នាក់ រងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ក្នុងនោះស្លាប់ចំនួន៤០នាក់។ បញ្ហាចម្បងដែលបណ្ដាលឲ្យគ្រោះថ្នាក់បណ្ដាលមកពីការបើកបរហួសល្បឿនកំណត់ ការមិនគោរពសិទ្ធិអាទិភាព ការបើកបរជែង និងបញ្ហាបច្ចេកទេសយានយន្តជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។