ទន្ទឹមគ្នានេះ ក៏មានក្រុមកម្មករនៅតាមរោងចក្រមួយចំនួនបានចូលធ្វើការ និងមួយចំនួនទៀត បានបន្តប្រមូលផ្តុំគ្នានៅពីមុខរោងចក្រ និងបានបិទផ្លូវជាតិសំខាន់ៗមួយចំនួនផង នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២ ខែមករា។
ក្រុមមេដឹកនាំសហជីពកម្មករធំៗចំនួន ៩ស្ថាប័ន ដែលមិនរណបរដ្ឋាភិបាល បានច្រានចោលចំពោះសេចក្តីសម្រេចផ្តល់ប្រាក់ខែគោលឆ្នាំ២០១៤ ចំនួន ១០០ដុល្លារក្នុង១ខែរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃទី៣១ ខែធ្នូ។
លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា និងជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ស្ថិតក្នុងចំណោមមេដឹកនាំសហជីពទាំង៩ បានប្រកាសក្នុងសន្និសីទកាសែត ព្រឹកថ្ងៃទី២ ខែមករា បានទុកពេល ៣ថ្ងៃ ដល់ថ្នាក់ដឹកនាំក្រសួងការងារ ជួបចរចាគ្នាជាមួយមេដឹកនាំសហជីពទាំង ៩ស្ថាប័ន ស្ដីពីការទាមទារដំឡើងប្រាក់ខែសមរម្យជូនកម្មករ។
មេដឹកនាំសហជីពបានព្រមានថា បើក្នុងរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែមករា មិនមានជំនួបចរចារវាងមន្ត្រីពាក់ព័ន្ធជាមួយតំណាងសហជីពកម្មករទេ នឹងបន្តសកម្មភាពដឹកនាំក្រុមកម្មករនៅទូទាំងប្រទេសធ្វើកូដកម្មទាមទារប្រាក់ខែ ១៦០ដុល្លារតទៅទៀត៖ «បន្ទាប់ពីកិច្ចប្រជុំជាង ១ម៉ោងមកនេះ យើងបានលទ្ធផល និងមូលមតិគ្នាថា បើមានជំនួបចរចា ឬបើមានដំណោះស្រាយក្នុងពេលអនាគតដ៏ខ្លីខាងមុខ។ សហព័ន្ធសភាព នឹងប្រកាសឲ្យកម្មករចូលធ្វើការវិញ។ ប៉ុន្តែ បើគ្នាជំនួបចរចាគ្នា ឬដំណោះស្រាយទេ ការកូដកម្ម ឬបាតុកម្មនឹងបន្តរហូត»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីក្រសួងការងារ ដើម្បីបំភ្លឺចំពោះការព្រមានដឹកនាំក្រុមកម្មករធ្វើកូដកម្មរបស់មេដឹកនាំសហជីពចំនួន៩ បានទេ នៅរសៀលថ្ងៃទី២ ខែមករា។ ប៉ុន្តែ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ បានចុះហត្ថលេខាលើសេចក្តីសម្រេចចុងក្រោយ ផ្តល់ប្រាក់ខែគោលឆ្នាំ២០១៤ ជូនកម្មករចំនួន ១០០ដុល្លារក្នុង១ខែ។
ប្រាក់ខែគោលរបស់កម្មករឆ្នាំ២០១៣ មានចំនួន ៨០ដុល្លារក្នុង១ខែ។ ប៉ុន្តែនៅថ្ងៃទី២៤ ខែធ្នូ គណៈកម្មការប្រឹក្សាការងារ ដែលមានសមាសភាពមន្ត្រីក្រសួងការងារ តំណាងសហជីព តំណាងភាគីថៅកែរោងចក្រ និងមន្ត្រីស្ថាប័នពាក់ព័ន្ធ បានសម្រេចដំឡើងប្រាក់ខែគោលឆ្នាំ២០១៤ ជូនកម្មករពី ៨០ដុល្លារ ដល់ ៩៥ដុល្លារក្នុង១ខែ។ ប៉ុន្តែ ត្រូវកម្មករបដិសេធ និងផ្ទុះការតវ៉ានៅទូទាំងប្រទេស ហើយក្រោយមក ក៏បានដំឡើងប្រាក់ខែគោលដល់ ១០០ដុល្លារ។

ទោះយ៉ាងណា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២ ខែមករា មានរោងចក្រមួយចំនួន មានទីតាំងក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តនានា បានចូលធ្វើការវិញ ប៉ុន្តែមានមួយចំនួនទៀត បានប្រមូលផ្តុំគ្នាតវ៉ានៅមុខរោងចក្រ និងបានបិទផ្លូវជាតិក្នុងរយៈពេលខ្លី ឬស្ទើរពេញមួយព្រឹក មានដូចជា ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៥ ជាដើម។ ក្រុមកម្មករបានអះអាងថា សកម្មភាពបិទផ្លូវរបស់ពួកគេ គឺដើម្បីទាមទារឲ្យរដ្ឋាភិបាលដំឡើងប្រាក់ខែគោលឆ្នាំ២០១៤ ឲ្យបាន ១៦០ដុល្លារក្នុង១ខែ។
ក្រុមកម្មករដែលពុំព្រមចូលធ្វើការ បានអះអាងនៅថ្ងៃទី២ ខែមករា ថា នឹងបន្តទាមទារប្រាក់ខែគោលឲ្យបាន ១៦០ដុល្លារ ទើបព្រមចូលធ្វើការវិញ៖ «ពួកខ្ញុំឈប់នេះឈប់ដោយសារខ្ញុំទាមទារប្រាក់ខែ ១៦០ដុល្លារក្នុង១ខែ។ ពួកខ្ញុំទាមទារនេះ គឺដើម្បីដំឡើងប្រាក់ខែទាំងអស់គ្នា មិនមែនឡើងតែខ្ញុំទេ។ ដំណោះស្រាយ គឺរដ្ឋាភិបាលជាអ្នកដោះស្រាយទៅ។ ចង់ឲ្យរដ្ឋាភិបាលដំឡើងប្រាក់ខែបាន ១៦០ដុល្លារទៅអាចរួចថ្លៃផ្ទះជួល ឬថ្លៃទំនិញ។ មិនទាន់ឡើងថ្លៃប្រាក់ខែផង ថ្លៃជួលផ្ទះឡើងថ្លៃខ្ពស់បំផុត ឡើងថ្លៃទំនិញគ្រប់បែបយ៉ាង។ ខ្ញុំកម្មករធ្វើកូដកម្មទាមទារប្រាក់ខែសមរម្យ។ ប្រទេសគេជិតខាងគេបានប្រាក់ខែជាង ៣០០ ហើយពួកខ្ញុំមិនទាន់បានជាង ១០០ទេ។ ហើយក្រុមហ៊ុន ឬរោងចក្របានបើកជាង ២០ឆ្នាំហើយនៅស្រុកខ្មែរ»។
បន្ថែមលើនេះ ពួកគេក៏បានអំពាវនាវដល់កម្មករដទៃទៀត ត្រូវចូលរួមក្នុងការទាមទារនេះឲ្យបានច្រើនកុះករ ដើម្បីមានជីវភាពរស់នៅបានសមរម្យ។
សកម្មភាពធ្វើបាតុកម្មរបស់កម្មករនៅតាមផ្លូវជាតិលេខ៤ បានឈានដល់ផ្ទុះអំពើហិង្សារវាងក្រុមកម្មករ និងកម្លាំងសមត្ថកិច្ច ហើយសមត្ថកិច្ចក៏បានចាប់ខ្លួនតំណាងសហជីព និងកម្មករមួយចំនួនផង។
បន្ថែមលើនេះ កម្លាំងសមត្ថកិច្ចចម្រុះរាប់ពាន់នាក់ មានបំពាក់អាវុធ ដំបងឆក់ និងខែល មានប៉ូលិស និងកងរាជអាវុធហត្ថជាដើម ត្រូវគេដាក់ពង្រាយនៅក្បែរក្រសួងសំខាន់ៗរបស់រដ្ឋាភិបាល និងពង្រាយនៅក្បែរភូមិគ្រឹះថ្នាក់ដឹកនាំរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២ ខែមករា។
ទោះជាបែបណា មេដឹកនាំសហជីពកម្មករធំៗចំនួន៩ បានព្រមានថា បើគ្មានការចរចារវាងផ្នែកពាក់ព័ន្ធលើករណីស្នើដំឡើងប្រាក់ខែជូនកម្មករទេ នឹងបន្តដឹកនាំក្រុមកម្មករទាមទារដំឡើងប្រាក់ខែគោលរហូតមានដំណោះស្រាយ។
ក្រុមមេដឹកនាំសហជីពបានស្នើដល់ថ្នាក់ដឹកនាំរដ្ឋាភិបាល ឬមន្ត្រីក្រសួងការងារ ត្រូវបញ្ឈប់សកម្មភាពគំរាមកំហែងដល់មេដឹកនាំសហជីព ឬកម្មករតទៅទៀត និងងាកមកតុចរចា ដើម្បីកុំឲ្យវិវាទនេះរីករាលដាលធ្ងន់ធ្ងរនាថ្ងៃអនាគត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
