សកម្មជនអាមេរិកាំងដើមកំណើតអាស៊ី គ្រោងប្រមូលផ្តុំគ្នានៅតាមបណ្ដាទីក្រុងធំៗ នៅសហរដ្ឋអាមេរិក នៅដើមសប្ដាហ៍នេះ ដើម្បីធ្វើការតវ៉ាប្រឆាំងនឹងការចាប់បញ្ជូន ឬបណ្ដេញចេញ ពលរដ្ឋដើមកំណើតខ្មែរ ដែលធ្លាប់បានប្រព្រឹត្តិល្មើសច្បាប់នៅសហរដ្ឋអាមេរិក ត្រលប់ទៅកម្ពុជាវិញ។ ការគ្រោងប្រមូលផ្តុំតវ៉ានេះ មាននៅតាមទីក្រុងបូស្តុន (Boston) នៃរដ្ឋម៉ាសាឈូសេត (Massachusetts) ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ (San Francisco) និងសាក្រាមែនតូ (Sacramento) នៃរដ្ឋកាលីហ្វ័រញ៉ា (California)។
ការគ្រោងប្រមូលផ្តុំគ្នាតវ៉ានេះ ធ្វើឡើងបន្ទាប់ពីមានពលរដ្ឋដើមកំណើតខ្មែរជាច្រើននាក់ ដែលធ្លាប់បានប្រព្រឹត្តិបទឧក្រិដ្ឋកាលពីពេលអតីតកាល ហើយពួកគេពុំមានសញ្ជាតិអាមេរិកាំង ត្រូវបានភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយ ឬហៅកាត់ថា ICE ជូនដំណឹងទៅពួកគេអំពីការបណ្ដេញចេញពីសហរដ្ឋអាមេរិក ដែលនឹងត្រូវធ្វើឡើងក្នុងសប្ដាហ៍នេះ។
សារព័ត៌មាន អេ.ភី (AP) របស់អាមេរិក រាយការណ៍កាលពីថ្ងៃទី២៨ កញ្ញា ឱ្យដឹងថា យ៉ាងហោចណាស់មានមនុស្សជាង២០នាក់ នៅរដ្ឋកាលីហ្វ័រញ៉ា ១០នាក់ នៅរដ្ឋម៉ាសាឈូសេត ត្រូវបានជូនដំណឹងអំពីការបណ្ដេញចេញនេះ។ ក្រៅពីនេះ ក៏មានពលរដ្ឋខ្មែររស់នៅរដ្ឋមីនីសូតា (Minnesota) តិចសាស (Texas) រូដអាយឡែន (Rhode Island) វ៉ាស៊ីងតោន State (Washington) និងរដ្ឋវីសខុនសិន (Wisconsin) ជាដើម។
សកម្មជនអាមេរិកាំងដើមកំណើតអាស៊ីទាំងនេះ និយាយប្រាប់កាសែតក្នុងរដ្ឋរបស់ពួកគេថា ពួកគេអំពាវនាវឱ្យមានការបញ្ឈប់សកម្មភាពចាប់បញ្ជូនត្រលប់ទៅកម្ពុជាវិញនេះ ហើយពួកគេជំរុញឱ្យមន្ត្រីជាប់ឆ្នោត និងសមាជិកសភាអាមេរិកាំង ផ្ដល់ការគាំទ្រជាសាធារណៈដល់សហគមន៍អាស៊ីអាគ្នេយ៍។
ផ្អែកតាមទិន្នន័យរបស់ទីភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយ (ICE) ឱ្យដឹងថា ក្នុងឆ្នាំ២០១៨ មានពលរដ្ឋដើមកំណើតខ្មែរសរុបចំនួន ១១០នាក់ ត្រូវបានបញ្ជូនមកកម្ពុជាវិញ។ តួលេខនេះ កើនឡើងដល់ទៅ២៨០% ប្រៀបធៀបនឹងឆ្នាំ២០១៧ ដែលមានសរុបត្រឹមតែ ២៩នាក់។ បច្ចុប្បន្ន មានពលរដ្ឋដើមកំណើតខ្មែរសរុបដល់ទៅ ១ពាន់ ៨រយនាក់ មានដីកាបណ្ដេញចេញពីសហរដ្ឋអាមេរិក ជាស្ថាពរ។ ពួកគេភាគច្រើន ធ្លាប់បានផ្ដន្ទាទោសពីបទឧក្រិដ្ឋ ក៏ប៉ុន្តែត្រូវបានដោះលែងក្រោមការឃ្លាំមើល ហើយមិនស្ថិតក្រោមការឃុំខ្លួនឡើយ។
ពលរដ្ឋដើមកំណើតខ្មែរទាំងនេះ ពុំមានសញ្ជាតិអាមេរិកាំងទេ។ ពួកគេភាគច្រើនជាអតីតជនភៀសខ្លួន ធ្លាប់បានប្រព្រឹត្តិបទឧក្រិដ្ឋកាលពីពេលអតីតកាល ហើយមានប្រពន្ធកូនជាជនជាតិអាមេរិកាំង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
