ក្រសួង​ថា ក្រឡ​តូច​ធំ​ជិត ៣​រយ​ដែល​រឹប​អូស​ពី​ជនជាតិ​វៀតណាម គឺ​ជា​វត្ថុ​បុរាណ​សម័យ​ដើម

ដោយ ម៉ៅ សុធានី
2020.10.03
កុលាលភាជន៍ ៩២២ កុលាលភាជន៍ ឬ​ក្រឡ​តូច​ធំ​ជិត ៣​រយ ដែលអាជ្ញាធរ​​រឹបអូស​ពី​អ្នក​នេសាទ​ជនជាតិ​វៀតណាម ក្នុង​ខេត្ត​ព្រះសីហនុ។
រូប​ក្រសួង​វប្បធម៌

ក្រសួង​វប្បធម៌​បញ្ជាក់​ថា កុលាលភាជន៍ ឬ​ក្រឡ​តូច​ធំ​ជិត ៣​រយ ដែល​រឹបអូស​ពី​អ្នក​នេសាទ​ជនជាតិ​វៀតណាម ក្នុង​ខេត្ត​ព្រះសីហនុ កាលពី​សប្ដាហ៍​មុន គឺ​ពិត​ជា​វត្ថុ​បុរាណ ដែល​ផលិត​ឡើង​ចន្លោះ​ពី​សតវត្ស​ទី​១៥ ដល់ ទី​១៧។

សេចក្ដី​ប្រកាស​របស់​ក្រសួង​វប្បធម៌​កាលពី​ថ្ងៃ​ទី១ ខែ​តុលា ឲ្យ​ដឹង​ថា អ្នក​ជំនាញ​វត្ថុ​បុរាណ​ពី​នាយកដ្ឋាន​បេតិកភណ្ឌ​នៃ​ក្រសួង​វប្បធម៌ បាន​សហការ​ជាមួយ​ក្រសួង​វប្បធម៌​ខេត្ត​ព្រះសីហនុ ធ្វើ​កោសល្យវិច័យ​លើ កុលាលភាជន៍​ទាំងនោះ បាន​បង្ហាញ​ច្បាស់​ថា ពិតជា​វត្ថ​បុរាណ​ពី​សម័យ​ដើម។

អាជ្ញា​ខេត្ត​ព្រះសីហនុ កាលពី​សប្ដាហ៍​មុន បាន​ឃាត់ខ្លួន​បុរស​នេសាទ​វៀតណាម​ម្នាក់ អាយុ ៤២​ឆ្នាំ ដែល​ជា​អ្នក​ជំនាញ​ខាង​មុជទឹក​។ អាជ្ញាធរ​មិនបាន​ប្រាប់​ឈ្មោះ​អ្នកនេសាទ​រូប​នេះ​ទេ ប៉ុន្តែ​បុរស​នោះ​បាន​ចុះ​មុជទឹក​ប្រមូល​យក​ក្រឡ​តូច​ធំ​ទាំងនេះ នៅ​បាត​សមុទ្ទ ដែល​គេ​ជឿជាក់​ថា ជា​កន្លែង​កប៉ាល់​ចិន​លិច ត្រង់​ម្ដុំ​ឈូង​សមុទ្រ​ថៃ ដើម្បី​យក​មក​ស្តុក​ទុក​ក្នុង​ផ្ទះ ដោយ​មិន​បាន​រាយការណ៍​ជូន​អាជ្ញាធរ​ឡើយ​។ រហូត​មក​ដល់​ពេល​នេះ បុរស​នេសាទ​វៀតណាម​នេះ នៅ​មិន​ទាន់​ត្រូវ​ចោទ​ប្រកាន់​នៅ​ឡើយ​ទេ ហើយ​គេ​ក៏​មិន​បាន​ដឹង​ថា ការ​ប្រមូល​វត្ថុ​បុរាណ​ទាំងនោះ ក្នុង​គោលបំណង​លក់ដូរ ទៅ​ថ្ងៃ​អនាគត ឬ​យ៉ាងណា​នោះ​ទេ។

អាស៊ីសេរី មិន​អាច​ទាក់ទង​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ អ្នកស្រី ភឿង សកុណា ដើម្បី​សាកសួរ ថា​តើ​ត្រូវ​បញ្ជូន​កុលាលភាជន៍​ទាំងនោះ មក​រក្សាទុក​ក្នុង​សារមន្ទីរ​នៅ​រាជធានី​ភ្នំពេញ ឬ​យ៉ាងណា​។ ក៏ប៉ុន្តែ​បច្ចុប្បន្ន បាន​រក្សា​ទុកជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​ជាតិ នៅ​ក្រសួង​វប្បធម៌ ខេត្ត​ព្រះសីហនុ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
អ្នក​តាមដាន​នយោបាយ​ថា អាមេរិក​ដាក់​ទណ្ឌកម្ម លោក លី យ៉ុងផាត់ ជា​ការ​កាត់​ផ្ដាច់​សរសៃ​ឈាម​សេដ្ឋកិច្ច​របស់​បក្ស​កាន់​អំណាច
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។