កម្មកររោងចក្រ និងសហជីពមួយចំនួន នៅតែបញ្ចេញប្រតិកម្មជាបន្តបន្ទាប់ចំពោះមន្ត្រីជាន់ខ្ពស់របបក្រុងភ្នំពេញមួយរូប ដែលចោទកម្មករ និងគ្រូពេទ្យថាឃុបឃិតគ្នាកិបកេងថវិកាបេឡាជាតិរបបសន្តិសុខសង្គម ឬហៅកាត់ (ប.ស.ស) អស់មួយចំនួនធំ។ លោក ឈាង វុន បានឆ្លើយតបថា ការលើកឡើងបែបនេះ មិនមែនជាគំនិតរបស់លោកនោះទេ គឺជាគំនិតយោបល់ របស់តំណាងរាស្ត្រផ្សេងទៀត ហើយលោក ក៏គ្មានបំណងនិយាយឱ្យប៉ះពាល់ដល់កម្មករទូទៅនោះដែរ។
កម្មករ និងសហជីពសម្ដែងការហួសចិត្តនៅពេលដែលមន្ត្រីជាន់ខ្ពស់បក្សកាន់អំណាច និងជាប្រធាន គណៈកម្មការជំនាញទី៥នៃរដ្ឋសភា លោក ឈាង វុន ដែលបានចោទថា កម្មករធ្វើពុតជាឈឺ ហើយឃុបឃិតគ្នាជាមួយគ្រួពេទ្យ ដើម្បីកេងបន្លំប្រាក់ប.ស.ស ដែលធ្វើឱ្យបាត់បង់ប្រាក់ចំណូលរដ្ឋអស់មួយចំនួនធំ។
កម្មករធ្វើការតាមផ្ទះម្នាក់ លោកស្រី មាស ស្រអែមផល្លា លើកឡើងថា ការលើកឡើងរបស់លោក ឈាង វុន គ្មានមូលដ្ឋាន និងជាការចោទប្រកាន់ទាំងបំពាន។ លោកស្រីបញ្ជាក់ថា កម្មករដែលមានប័ណ្ណ ប.ស.ស ទាំងអស់ ទាល់តែមានជំងឺពិតប្រាកដ ទើបអាចប្រើប្រាស់កាតនោះបាន។ កម្មកររូបនេះបន្ថែមថា ពេលខ្លះពួកគាត់មានជំងឺត្រូវព្យាបាល គ្រូពេទ្យមិនចង់ព្យាបាលឱ្យផង ដោយសារ រើសអើងប័ណ្ណ ប.ស.ស ដូច្នេះពួកគាត់គ្មានសមត្ថភាពទៅកិបកេងលុយរបស់ ប.ស.ស ឡើយ។ ករណីបាត់លុយ ប.ស.ស នេះ គួរតែបន្ទោសទៅលើគ្រូពេទ្យដែលគ្មានវិជ្ជាជីវៈ និងមន្ត្រី ប.ស.ស ដែលជាអ្នកកាន់ថវិកា៖ «ពួកខ្ញុំគោរពច្បាប់ណាស់ មិនមែនចេះតែព្រហើនរបៀបថា ធ្វើពុតជាឈឺ ដើម្បីប្រើប្រាស់ប័ណ្ណ ប . ស . ស នោះទេ។ មិនបំពាននោះទេ។ បើពេទ្យអាចធ្វើដោយប្រយោល » ។
ចំណែកកម្មកររោងចក្រម្នាក់ រៀបរាប់ថា ការលើកឡើងរបស់លោក ឈាង វុន បានធ្វើឱ្យប៉ះពាល់ សតិអារម្មណ៍របស់កម្មករយ៉ាងខ្លាំង ព្រោះគ្មានកម្មករណាមិនឈឺធ្វើពុតជាឈឺនោះទេ ពោលគឺមានតែកម្មករខំទៅធ្វើការទាំងឈឺទាំងជា ខ្លាចក្រុមហ៊ុនកាត់ប្រាក់ខែ និងចង់បានប្រាក់ថែមម៉ោង៖ «ចំពោះរឿងថវិកាជាតិបាត់បង់ទៅខាងណាអីខ្ញុំអត់ដឹងទេ ប៉ុន្តែខ្ញុំគ្រាន់តែដឹងថា កម្មករម្នាក់ គឺមិនចាំបាច់ធ្វើពុតជាឈឺទេ។ សូម្បីតែឈឺមែនទែនក៏ដោយ ពេលប្រើប័ណ្ណ ប . ស . ស ទៅជួបពេទ្យម្តងៗ ក៏ពួកគាត់មានផលលំបាកដែរ។ ពេទ្យខ្លះល្អ តែពេទ្យខ្លះទៀតសម្តីអាក្រក់ នៅពេលឃើញកម្មករកាន់ប័ណ្ណ ប . ស . ស ទៅ។ កម្មករខ្លះ សុខចិត្តកាន់លុយខ្លួនឯងទៅពេទ្យវិញ ស្រួលជាង»។
កម្មកររោងចក្ររូបនេះយល់ថា អ្វីដែលរដ្ឋាភិបាល គួរយកចិត្តទុកដាក់នោះ គួរតែពង្រឹងវិស័យសុខាភិបាល និងព្យាបាលជំងឺជូនកម្មករដែលមានប័ណ្ណ ប.ស.ស ដោយគ្មានការរើសអើង៖ «ធ្វើជាកម្មករវាពិបាកណាស់ ដេកមិនឆ្អែត ធ្វើការលើសកម្លាំង ដល់ផ្ទះយប់អាធ្រាត្រ។ ងើបពីយប់ដាំបាយធ្វើដំណើរឆ្ងាយទៅ ធ្វើការរហូតដល់អស់កម្លាំងដោយ សារធ្វើដំណើរ ហើយធ្វើឲ្យពួកគាត់ងាយប្រឈមសុខភាពទន់ខ្សោយ។ ខ្ញុំគិតថា ក្រសួងសុខាភិបាលមេត្តាជួយសម្រួលខាងមន្ទីរពេទ្យនានា ចំពោះកម្មករ - កម្មការិនីកាន់ប័ណ្ណ ប . ស . ស ។ចំពោះ ខ្ញុំមិនដែលពឹងប័ណ្ណ ប . ស . ស នៅពេលមានជំងឺធ្ងន់នោះទេ ព្រោះអីដោយសារគ្រូពេទ្យខ្លះសម្ដីសោះអង្គើយដាក់យើង ធ្វើឲ្យយើងខ្លាចរអា។ ខ្ញុំក៏សូមឲ្យរដ្ឋាភិបាល ឲ្យលោក ឈាង វុន ចេញសុំទោសកម្មករទូទាំងប្រទេសជាសាធារណៈ។ សំណាងហើយដែលលោក ឈាង វុន និយាយនេះនៅឆ្ងាយពីការបោះឆ្នោត។ កុំអីសម្ដីនេះដូចហែកសន្លឹកឆ្នោត»។
ប្រតិកម្មរបស់កម្មករនេះ គឺបន្ទាប់ពីតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា លោក ឈាង វុន បានថ្លែងកាលពីថ្ងៃទី១ ខែតុលា នៅឯវិមានរដ្ឋសភាថា បច្ចុប្បន្នរដ្ឋបានបាត់បង់ចំណូលច្រើន ព្រោះមានការកេងបន្លំក្នុងការប្រើប្រាស់សេវា ប.ស.ស។ លោកបញ្ជាក់ថា មានកម្មករ និងពលករមួយចំនួន បានឃុបឃិតជាមួយក្រុមពេទ្យធ្វើពុតជាឈឺ ដើម្បីចេញវិក្កយបត្រក្លែងក្លាយបើកប្រាក់ចែកគ្នា៖ «មូលនិធិ ប . ស . ស លោកជំទាវ ឡោ ខេង [ តំណាងរាស្ត្រ ] បានលើកខ្លាំងមែនទែនពាក់ព័ន្ធនឹងការបាត់ចំណូលនិងការចាយវាយ ដែលមានការកេងបន្លំ។ អ៊ីចឹង តើយើងត្រូវដោយស្រាយម៉េច ? កេងបន្លំហ្នឹង មិនមែនតែមន្ត្រីរាជការ ដែលពាក់ព័ន្ធរឿងហ្នឹងទេ កម្មកររបស់យើងមួយចំនួន ក៏ឆ្លៀតឱកាសហ្នឹងដែរ ដូចជា ទៅត្រូវរ៉ូវជាមួយមន្ទីរពេទ្យបង្អែកសុខាភិបាល ឬក៏មណ្ឌលសុខភាព ត្រូវរ៉ូវគ្នាចេញសំបុត្រអ៊ីចឹងទៅ ទៅបើកលុយរបស់រដ្ឋ រួចហើយក៏សម្រាកនៅផ្ទះ តាមពិតអត់ឈឺខ្លាំងអីផង ក៏មានដែរ។ អ៊ីចឹងហើយធ្វើឲ្យរដ្ឋបាត់ថវិកាមួយចំនួនធំ ហើយខាងវិស័យឯកជនជួលកម្មករ ក៏បាត់កម្លាំងពលកម្ម ដែលអត់បានទៅធ្វើការ។ អ៊ីចឹងហើយ យើងបានជជែកគ្នារករូបមន្តដើម្បីដោះស្រាយ»។
ប្រធានសហភាពចលនាកម្មករកម្ពុជា លោក ប៉ាវ ស៊ីណា មានប្រសាសន៍ថា លោកមានការភ្ញាក់ផ្អើលដែលលោក ឈាង វុន ថ្លែងដូច្នេះ ព្រោះលោកមិនជឿថា កម្មករធ្វើពុតជាឈឺដើម្បីបានឈប់សម្រាកពីការងារ និងអាចទៅកិបកេងលុយរបស់ ប.ស.ស នោះទេ។ លោកយល់ថា ការឡើងរបស់ លោក ឈាង វុន នេះ ខ្វះការសិក្សាស្រាវជ្រាវ និងមិនយល់អំពីរបៀបប្រើប្រាស់ប័ណ្ណប.ស.ស បណ្ដាលឱ្យប៉ះពាល់សតិអារម្មណ៍កម្មករជាខ្លាំង៖ «កាលណាគាត់ប្រើកាត ប . ស . ស គឺពេលគាត់ទៅពិនិត្យព្យាបាលជំងឺ គឺគាត់ត្រូវមានបញ្ជីឈ្មោះ មានអត្តលេខ មានវេជ្ជបញ្ជាចេញពីគ្រូពេទ្យ ដែលទទួលស្គាល់ដោយ ប . ស . ស ដូច្នេះតើធ្វើម៉េចទើបគាត់អាចកេងប្រវ័ញ្ចកើត គាត់មិនអាចទៅវេចលុយពី ប . ស . ស ឯណា។ប៉ុន្តែយើងត្រូវមើលថា ប្រព័ន្ធដែលធ្វើឲ្យបាត់បង់ថវិកាជាតិ ធ្វើឲ្យបាត់បង់ ចំណូល ប . ស . ស តើអ្នកណាជាអ្នកជាអ្នកកាន់ហិរញ្ញវត្ថុនេះ ហើយចំណាយទៅលើភាគីខាងណា។ កម្មករជាអ្នកទទួលសេវា គឺគាត់អត់មានសិទ្ធិអីទៅរួមចំណែកធ្វើឲ្យបាត់បង់លុយ ប . ស . ស ទេ » ។
លោក ប៉ាវ ស៊ីណា បន្តថា កម្មករទៅវិញទេ ដែលមិនទទួលបាននូវអត្ថប្រយោជន៍ពេញលេញពី ប.ស.ស។ លោកអះអាងថា មានករណីខ្លះពេលកម្មករជួបគ្រោះថ្នាក់ការងារ ឬធ្លាក់ខ្លួនឈឺ គឺពួកគាត់បង្ខំចិត្តចំណាយថវិកាផ្ទាល់ខ្លួន ដោយសារពេលបង្ហាញកាត ប.ស.ស ខាងមន្ទីរពេទ្យរើសអើង។ មានករណីខ្លះទៀត ខាងបុគ្គលិករដ្ឋបាលរបស់រោងចក្រមួយចំនួន គឺជាអ្នកធ្វើរបាយការណ៍បើកប្រាក់ពី ប.ស.ស ជំនួសកម្មករថែមទៀត៖ «កម្មករខ្លះសម្រាលកូន ខ្លះទៀត គ្រោះថ្នាក់ការងារក្នុងពេលធ្វើការផ្សេងៗ នេះ ពេលដែលគាត់សម្រាកព្យាបាលជំងឺអីផ្សេងៗ នេះ គឺគាត់ត្រូវទទួលបានលុយនោះមកវិញ ពេលនោះយើងឃើញថា គាត់អត់ទទួលបានមកទេ។ នៅពេលយើងទទួលបណ្ដឹងគាត់ទើបយើងរកឃើញថា បុគ្គលិកផ្នែករដ្ឋបាលប្រចាំក្រុមហ៊ុនរោងចក្រ គឺជាអ្នកកិបកេងលុយនេះ វិញមានន័យថា លុយដែលកម្មករត្រូវទទួលបានលុយ ២០០ដុល្លារ គឺកម្មករទទួលបានតែ ១០០ដុល្លារទៅ ១៥០ដុល្លារនោះទេ។ មួយវិញទៀត បុគ្គលិកផ្នែករដ្ឋបាលប្រចាំក្រុមហ៊ុនរោងចក្រ ខ្លះទៀតបន្លំថ្ងៃខែចូលតិចតួចអ៊ីចឹងទៅ ធ្វើឲ្យកម្មករអត់ទទួលបានផលប្រយោជន៍នេះទេ។ ប៉ុន្តែគាត់ដាក់របាយការណ៍សុំលុយទៅកាន់ ប . ស . ស គឺត្រឹមត្រូវ ដូច្នេះខាង ប . ស . ស គេឲ្យលុយនោះទៅ។ ដល់ពេលគាត់ប្រាប់កម្មករ ថា អូ ! អត្តលេខរបស់បងមិនអាចទទួលបានលុយនេះទេ។ នៅពេលយើងឆែកឃើញទៅ ទើបគេសងលុយនោះជូនកម្មករវិញទៅ»។
មិនខុសគ្នាប៉ុន្មានឡើយ ប្រធានសហព័ទ្ធសហជីពកម្មករនិយោជិកវិស័យទេសចរណ៍សេវាកម្មកម្ពុជា លោក ម៉ម រិទ្ធី ថ្លែងថា អ្នកកាន់លុយគឺជាមន្ត្រីប.ស.ស និងបុគ្គលិកពេទ្យ មិនមែនជាកម្មករនោះទេ ពោលគឺកម្មករគ្រាន់តែកាន់ប័ណ្ណប.ស.ស ទៅទទួលសេវាពិនិត្យនិងព្យាបាលជំងឺប៉ុណ្ណោះ ដូច្នេះ កម្មករ គ្មានលទ្ធភាពកិបកេងលុយរដ្ឋនោះទេ៖ «ធ្វើឲ្យប៉ះពាល់អារម្មណ៍កម្មករធ្ងន់ណាស់ដែលថា គ្នាបានចូលរួមបំផ្លាញជាតិបែបនេះ។ កុំលើករឿងនេះមក វាអយុត្តិធម៌សម្រាប់កម្មករ ហើយរឿងនេះអត់ពិតទៀត។ រឿង ដែលខ្ញុំស្នើសុំនោះ គឺសុំឲ្យពង្រឹងការទទួលខុសត្រូវ ប . ស . ស ឲ្យគ្រូពេទ្យយកចិត្តទុកដាក់ផ្តល់សេវាឲ្យបានត្រឹមត្រូវកុំឲ្យកម្មកររអ៊ូពេក»។
ពាក់ព័ន្ធករណីនេះ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុ អ្នកស្រី លឹម សាមាន បដិសេធមិនធ្វើអត្ថាធិប្បាយទេ រីឯប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងវិញ ប្រាប់ថា ជាប់រវល់ប្រជុំចំណែក អ្នកនាំពាក្យបេឡាជាតិរបបសន្តិសុខសង្គម លោក ជាវ ប៊ុនរិទ្ធ និងអ្នកនាំពាក្យក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណឌីន ក៏មិនអាចទាក់ទងបានដែរ ដោយពុំទទួលទូរស័ព្ទ។
ក្រៅពីកម្មករនិងសហជីពឯករាជ្យនោះ សហជីពដែលគាំទ្ររបបក្រុងភ្នំពេញ ក៏រិះគន់សម្ដី លោក ឈាង វុន ដែរ។
បន្ទាប់ពីមានការរិះគន់ព្រោងព្រាត លោក ឈាង វុន បានអះអាងថា ការលើកឡើងបែបនេះ គឺមិនមែនជាគំនិតរបស់លោកនោះទេ ។ លោកគ្រាន់តែនាំពាក្យសម្ដីរបស់តំណាងរាស្ត្របក្សកាន់អំណាចផ្សេងទៀត ដែលបានជជែកគ្នាក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភាប្រាប់ក្រុមអ្នកសារព័ត៌មានតែប៉ុណ្ណោះ៖ «ក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍មានគណៈកម្មាធិការពីរបីបានធ្វើរបាយការណ៍ពីការងារចុះមូលដ្ឋានរបស់ខ្លួន ក្នុងនោះក៏មានការនិយាយគ្នាពីរឿងរបបសន្តិសុខសង្គមនេះថា មានការព្រួយបារម្ភមានការបាត់បង់ថវិកាជាតិ ព្រួយបារម្ភខ្លាចយន្តការនេះ ដំណើរការនេះវាមិនល្អទៅរលូន ដួលរំលំដោយសារខ្វះថវិកាអ៊ីចឹងទៅ ព្រោះមានការកេងប្រវ័ញ្ចអ៊ីចឹង។ ខ្ញុំនិយាយតែប៉ុណ្ណឹងអត់មានអីថា ខ្ញុំទៅចោទប្រកាន់អីអត់មានផង ហើយខ្ញុំនិយាយកម្មករមួយចំនួនតូច រឿងអីបានយកខ្ញុំទៅប៉ះជាមួយកម្មករទាំងមូល»។
កាលពីឆ្នាំ២០១២ តំណាងរាស្ត្របក្សកាន់អំណាចលោក ឈាង វុន ធ្លាប់ត្រូវបានសាធារណជន ជាពិសេសប្រជាពលរដ្ឋជនជាតិដើមព្នង ថ្កោលទោស និងទាមទារឱ្យសុំទោស ជាសាធារណម្តងហើយ ចំពោះពាក្យសម្តីដែលលោក តិះដៀល លោក កឹម សុខា ថា មាន''ឥរិយាបថសាហាវព្រៃផ្សៃដូច ព្នង''។
ប្រធានការិយាល័យគោលនយោបាយនៃបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) លោក ហេង សុផាន់ណារិទ្ធ បានប្រាប់សារព័ត៌មានក្នុងស្រុកថា គ្មានករណីកម្មករធ្វើពុតជាឈឺ ហើយទៅរួមគំនិតជាមួយវេជ្ជបណ្ឌិត ដើម្បីបើកលុយពីប.ស.ស ឡើយ ដោយសារ ប.ស.ស មានប្រព័ន្ធត្រួតពិនិត្យច្បាស់លាស់ចំពោះអ្នកមានប័ណ្ណជាសមាជិកប.ស.ស។ លោក ហេង សុផាន់ណារិទ្ធ យល់ថា លោក ឈាង វុន អាចបកស្រាយច្រឡំ។ របាយការណ៍របស់បេឡាជាតិរបបសន្តិសុខសង្គម បង្ហាញថា សព្វថ្ងៃនេះ មានសហគ្រាសជាង ៩ពាន់ (៩,២០៧) បានចុះបញ្ជិកា ដែលក្នុងនោះសមាជិកសរុបដែលប្រើប្រាស់សេវានេះមាន ជាង ១លាន(១.១៦៩.៣៦៤) នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
