សមត្ថកិច្ចខេត្តព្រះសីហនុ ឃាត់ជនជាតិចិនចំនួន ៦ នាក់ បន្ទាប់ពីបានប្លន់បុគ្គលិកជនជាតិចិនដូចគ្នា នៅហាងការ៉ាអូខេមួយកន្លែង ឈ្មោះ ប៊ុកឃីង ហូមផាលេស (Booking Home Palace) ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ កាលពីអាធ្រាត្រ ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០១៩នេះ។
អ្នកសម្របសម្រួល សមាគមអាដហុក អ្នកស្រី ជាប សុធារី ប្រាប់អាស៊ីរី នៅថ្ងៃអង្គារ៍ទី ១៧ កញ្ញានេះថា ជនជាតិចិនទាំង ៦ នាក់នេះ បានចូលទៅហាងការ៉ាអូខេ ហើយបានវាយជនជាតិចិនម្នាក់ ដែលកំពុងធ្វើការនៅទីនោះ រួចប្លន់យកលុយចំនួន ២,០០០ ដុល្លារ ហើយបានគេចខ្លួនតាមរថយន្តមួយគ្រឿង ពណ៌ខ្មៅ។
អ្នកស្រីនិយាយថា កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឃាត់ជនជាតិចិនទាំង ៦ នាក់នេះភ្លាមៗ បន្ទាប់ពីបានប្រព្រឹត្តអំពើប្លន់ ហើយអាជ្ញាធរបាននាំខ្លួនជនជាតិចិនទាំងនេះ ទៅសាកសួរនៅទីបញ្ជាការកងរាជអាវុធខេត្ត។
បច្ចុប្បន្នជនសង្ស័យជនជាតិចិនទាំង ៦នាក់នេះ ព្រមទាំងវត្ថុតាងជាច្រើន ត្រូវបានកម្លាំងកងរាជអាវុធហត្ថកំពុងធ្វើការ សាកសួរស្រាវជ្រាវតាមនីតិវិធីច្បាប់៕