មន្ត្រីនគរបាលនៃស្នងការនគរបាលជាតិអះអាងថា ក្រុមជនជាតិចិនដែលបង្ហោះវីដេអូព្រមានបង្កបញ្ហាអសន្តិសុខនៅខេត្តព្រះសីហនុ មិនមែនធ្វើឡើងនៅខេត្តព្រះសីហនុ និងប្រទេសកម្ពុជាកម្ពុជានោះទេ។ មន្ត្រីឃ្លាំមើលសង្គមយល់ថា ការរកឃើញរបស់សមត្ថកិច្ចនៅពេលនេះធ្វើឱ្យមានចំណុចសង្ស័យជាច្រើនដែលមិនគួរជឿ។
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន ឱ្យដឹងថា សមត្ថកិច្ចខ្មែរនៅតែបន្តសហការជាមួយសមត្ថកិច្ចប្រទេសចិនដើម្បីស្រាវជ្រាវ ក្រុមជនជាតិចិនដែលបង្ហោះសារវីដេអូព្រមានបង្កភាពវឹកវរនៅក្នុងខេត្តព្រះសីហនុ។ លោកបន្តថា សមត្ថកិច្ច មិនទាន់អាចសន្និដ្ឋានថា ក្រុមជនជាតិចិនទាំងនោះកំពុងស្ថិតនៅប្រទេសណានៅឡើយទេ។ «»
ប៉ុន្តែ អ្នកវិភាគនយោបាយដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសលោក គឹម សុខ យល់ថា ការអះអាងរបស់សមត្ថកិច្ច មិនគួរឱ្យជឿទេ ព្រោះមានចំណុចសង្ស័យមួយចំនួន។ លោក គឹម សុខ បន្តថា របាយការណ៍នេះ គឺជាការរៀបចំឡើង ដើម្បីដោះសាជំនួសជនជាតិចិន ដែលបង្កការអុកឡុកសន្តិសុខប្រទេសកម្ពុជាប៉ុណ្ណោះ។ «»
ការបង្ហាញពីតម្រុយរបស់សមត្ថកិច្ចនៅពេលនេះ បន្ទាប់ពីជនជាតិចិនមួយក្រុមមានគ្នា ប្រមាណ ២០នាក់ ខ្លះគ្មានពាក់អាវ និងខ្លះមានសាក់ពេញខ្លួន បានបង្ហោះរូបភាពវីដេអូ និង សារជាភាសាចិន តាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក កាលពីថ្ងៃទី១២ ខែឧសភា ដែលត្រូវបានប្រែមិនផ្លូវការ មកការជាភាសាខ្មែរថា ក្នុងរយៈពេល ២០ឆ្នាំ ខេត្តព្រះសីហនុបានសុខ ឬមិនបានសុខ គឺអាស្រ័យលើក្រុមនេះ ជាអ្នកសម្រេច។
ស្ថានទូតចិនប្រចាំកម្ពុជា លើកឡើងថា ស្ថានទូត កំពុងយកចិត្តទុកដាក់លើបញ្ហានេះ និងអះអាង សមត្ថកិច្ចចិនបានរួមគ្នាជាមួយសមត្ថកិច្ចកម្ពុជាដើម្បីទប់ស្កាត់ និងបើកការស្រាវជ្រាវឱ្យបានគ្រប់ជ្រុងជ្រោយលើករណីនេះ។ ខណៈចិនក្លាយជាម្ចាស់បំណុលធំបំផុតរបស់របបលោក ហ៊ុន សែន ជនជាតិចិនក៏នាំមុខគេ ខាងបង្កបញ្ហា ប្រព្រឹត្តអំពើហិង្សា និងចាប់ជំរិតមនុស្សប្រពន្ធអ៊ីនធឺណិតជាដើម។
នាយកប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ យល់ថា សារនេះរបស់ជនជាតិចិនមួយក្រុមនេះ គឺជាការព្រមានមួយ ដែលធ្វើឱ្យពលរដ្ឋ និងអ្នកវិយោគនៅខេត្តព្រះសីហនុ និងទូទាំងប្រទេសកម្ពុជា មានការព្រួយបារម្ភ។ មន្ត្រីសង្គមស៊ីវិលស្នើទៅសមត្ថកិច្ចនិងអាជ្ញាធរដែនដីអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹងលើជនជាតិចិន ព្រោះលោកសង្កេតឃើញថា សមត្ថកិច្ចអនុវត្តច្បាប់ធូរលុងចំពោះជនជាតិនេះ។ «»
របាយការណ៍របស់សមត្ថកិច្ចបង្ហាញថា ចុងឆ្នាំ២០១៨ និងដើមឆ្នាំ២០១៩ ជនជាតិចិន ជាជនបរទេសដែលប្រព្រឹត្តបទល្មើសច្រើនជាងធៀបទៅនឹងជនជាតិបរទេសផ្សេងទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
