ប្រជាកសិកររាប់ម៉ឺនគ្រួសារនៅខេត្តភាគពាយ័ព្យជាប់ជាយដែនខ្មែរ-ថៃ កំពុងជួបការលំបាកជីវភាពប្រចាំថ្ងៃ ដោយសារផលដំឡូងមីរបស់ពួកគាត់ចុះថ្លៃ។ បញ្ហានេះ ធ្វើឲ្យអ្នកភូមិមួយចំនួន បម្រុងបោះបង់ដីស្រែចម្ការ ហើយនាំគ្នាធ្វើចំណាកស្រុកទៅស្វែងរកការងារធ្វើនៅក្រៅប្រទេស ដោយសារពួកគាត់ពុំមានលទ្ធភាពរកប្រាក់សងស្ថាប័នមីក្រូហិរញ្ញវត្ថុបាននៅថ្ងៃខាងមុខ។
នៅតាមទីវាលដីដាំដំឡូងមីរបស់ប្រជាកសិករនៅខេត្តប៉ៃលិន នៅក្នុងរដូវនេះ ភាគច្រើនមានប្រជាពលរដ្ឋទាំងម្ចាស់ចម្ការដំឡូងមី និងកម្មករប្រមាណពី ៣នាក់ទៅ ១៥នាក់ នាំគ្នាដកដំឡូងយ៉ាងមមាញឹកស្ទើរគ្រប់ទីកន្លែង។ នៅកន្លែងខ្លះ មានចំណិតដំឡូងមីតូចៗដាក់ហាល និងស្បៃកៅស៊ូពាសពេញដី។ ប្រជាកសិករភាគច្រើនលើកឡើងថា ផលដំឡូងមីរបស់ពួកគាត់ឆ្នាំនេះ បានផលតិចជាងឆ្នាំកន្លងទៅ។
ប្រជាកសិករដាំដំឡូងមីនៅសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន គឺលោកស្រី ទូច ពៅ ដៃចិញ្ច្រាំដំឡូងបណ្ដើរ រៀបរាប់បណ្ដើរថា លោកស្រីដាំដំឡូងមីចំនួន ៣ហិកតារ ឆ្នាំនេះទទួលទិន្នផលដំឡូងតិចជាងឆ្នាំកន្លងទៅ ជាទុក្ខលំបាករបស់គាត់មួយទៅហើយ ប៉ុន្តែអ្វីដែលលំបាកជាងនេះ គឺដំឡូងចុះថោក លក់មិនបានប្រាក់ចំណេញសម្រាប់ដោះស្រាយជីវភាពគ្រួសារនោះទេ។ លោកស្រីបញ្ជាក់ថា ផលដំឡូងស្រស់មួយគីឡូក្រាមតម្លៃប្រមាណ ១៨០រៀល គឺទាបជាងឆ្នាំកន្លងទៅពី ២៥០រៀលទៅ ៣០០រៀលក្នុងមួយគីឡូក្រាម។ ចំណែកឯដំឡូងស្ងួតមួយគីឡូក្រាមតម្លៃប្រមាណ ៥០០រៀល ខុសពីឆ្នាំកន្លងទៅ គឺមួយគីឡូក្រាមលក់ក្នុងតម្លៃជាង ៦៥០រៀល។ លោកស្រីព្រួយបារម្ភខ្លាចគ្មានប្រាក់សងស្ថាប័នមីក្រូហិរញ្ញវត្ថុ ដោយសារតម្លៃដំឡូងមីចុះថោកនេះ៖ « តម្លៃដំឡូងមីចុះថោកអ៊ីចឹងទៅ ដល់តែយើងលក់រួចទូទាត់ដើមទុន អត់មានសល់លុយគ្រាន់ដោះស្រាយជីវភាពខ្លះទេ »។
ពុំមែនមានតែប្រជាកសិករម្នាក់នេះទេដែលជួបការលំបាកដោយសារដំឡូងចុះថោកនេះ គឺទាំងអ្នកដាំដំឡូងមី និងកម្មករស៊ីឈ្នួលនៅខេត្តប៉ៃលិន មួយចំនួនទៀត ក៏តែងត្អូញត្អែរអំពីបញ្ហានេះដូចគ្នា។ ពួកគាត់លើកឡើងថា ការដាំដំឡូងមួយហិកតារចំណាយអស់ដើមទុនប្រមាណ ៦០០ដុល្លារអាមេរិក និងត្រូវចំណាយរយៈពេលដាំដុះជាង ១០ខែ ទើបហុចផល។ អ្នកស្រុកអះអាងថា ផលដំឡូងឆ្នាំនេះប្រមាណពី ១៥តោនទៅ ២០តោនក្នុងមួយហិកតារ គឺខុសពីឆ្នាំកន្លងទៅពី ២០តោនទៅ ២៥តោនក្នុងមួយហិកតារ៖ « បើដំឡូងមីនៅតែចុះថោកដូចសព្វថ្ងៃអ៊ីចឹង គឺពួកខ្ញុំច្បាស់ជានាំគ្នាទៅរកការងារធ្វើនៅប្រទេសថៃ ហើយ ព្រោះអីខ្ញុំអត់មានរបរអ្វីផ្សេងក្រៅអំពីដាំដំឡូងមីនោះទេ »។
ឆ្លើយតបនឹងបញ្ហានេះ អភិបាលខេត្តប៉ៃលិន លោក កើត សុធា មានប្រសាសន៍ថា អាជ្ញាធរខេត្តគ្រោងកោះប្រជុំមន្ត្រីពាក់ព័ន្ធ ដើម្បីរៀបចំផែនការដោះស្រាយរឿងដំឡូងធ្លាក់ថ្លៃនេះ ជូនប្រជាកសិករហើយ។ លោកបញ្ជាក់ថា បញ្ហាសំខាន់ គឺធ្វើយ៉ាងណាឲ្យស្ថាប័នមីក្រូហិរញ្ញវត្ថុ ពន្យារពេលដល់ប្រជាកសិករបង់ប្រាក់ឲ្យបានយូរទៅមុខទៀត ដោយមិនរឹបអូសទ្រព្យសម្បត្តិរបស់ពួកគាត់៖ « យើងបានណែនាំពួកគាត់ថា បើតម្លៃដំឡូងថោកអ៊ីចឹង ឲ្យបងប្អូនផ្អាកដកដំឡូងមួយរយៈសិន រង់ចាំមើលហាងឆេងឡើងថ្លៃបន្តិច ចាំដកវិញ។ ម្យ៉ាងទៀត យើងក៏បានប្រាប់ពួកគាត់កុំឲ្យដាំដំណាំដូចគ្នា នាំឲ្យពិបាកលក់ចេញ »។
ទោះយ៉ាងណា បញ្ហាដំឡូងធ្លាក់ថ្លៃនេះ ពុំមែនមានតែខេត្តប៉ៃលិន មួយប៉ុណ្ណោះទេ គឺមាននៅគ្រប់ខេត្តទូទាំងប្រទេសកម្ពុជា មានជាអាទិ៍ ខេត្តបាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ និងខេត្តឧត្ដរមានជ័យ ជាដើម គឺជួបបញ្ហានេះដូចគ្នា។
សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី លោក ស ចាន់ដេត មានប្រសាសន៍ថា ប្រជាកសិករនៅខេត្តជាប់ព្រំដែនខ្មែរ-ថៃ ទាំងនោះ ប្រឈមមុខនឹងជីវភាពខ្វះខាតខ្លាំងជាងគេ ដោយសារពួកគាត់ភាគច្រើនរស់នៅពឹងផ្អែកទៅលើរបរដាំដំឡូង ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ។ លោកអះអាងថា ប្រសិនបើរដ្ឋាភិបាលមិនជួយដោះស្រាយរកទីផ្សារលក់ដំឡូងមីជូនប្រជាកសិករឲ្យមានតម្លៃប្រសើរជាងពេលបច្ចុប្បន្នទេ នោះពួកគាត់នឹងធ្វើចំណាកស្រុកទៅស្វែងរកការងារធ្វើនៅប្រទេសថៃ ក្នុងពេលខាងមុខជាពុំខាន៖ « ខ្ញុំស្រណោះប្រជាពលរដ្ឋនៅស្រុកថ្មពួក មែនទែន នៅពេលដែលខ្ញុំឃើញពួកគាត់នាំគ្នាដឹកដំឡូងតាមគោយន្តទៅលក់នៅខេត្តសុរិន្ទ ប្រទេសថៃ ពេលនោះថៃ គេអត់ទិញពួកគាត់ ហើយនាំគ្នាដេករង់ចាំរហូតមួយអាទិត្យក៏មានដែរ »។
អ្នកជំនាញសេដ្ឋកិច្ច លោក ស្រី ចន្ធី ពន្យល់ថា ដំឡូងមីចុះថោកដោយសារប្រជាកសិករកម្ពុជា ពឹងផ្អែកទៅលើទីផ្សារលក់ដំឡូងនៅក្រៅប្រទេស។ ម្យ៉ាងទៀតលោកថា រដូវនេះជារដូវប្រមូលផលដំឡូងរបស់ប្រជាកសិករទាំងនៅប្រទេសកម្ពុជា និងនៅប្រទេសជិតខាង ធ្វើឲ្យចំនួនផ្គត់ផ្គង់ច្រើនជាងតម្រូវការ។ លោកបន្ថែមថា ដើម្បីអាចជួយប្រជាកសិករបាន លុះណារដ្ឋាភិបាលបង្កើតរោងចក្រកែច្នៃផលិតផលដំឡូងមីក្នុងស្រុកឲ្យបានច្រើន និងបញ្ចុះតម្លៃអត្រាការប្រាក់ពីស្ថាប័នមីក្រូហិរញ្ញវត្ថុដល់ប្រជាកសិករឲ្យបានទាបជាងបច្ចុប្បន្ន ដើម្បីកាត់បន្ថយការចំណាយដើមទុនរបស់ប្រជាពលរដ្ឋ៖ « នៅប្រទេសយើងការប្រាក់ថ្លៃជាងនៅប្រទេសជិតខាង ចំណែកឯបញ្ហាប្រេងសាំងក៏ថ្លៃជាងគេដែរ។ បញ្ហាទាំងអស់នេះជាកត្តាធ្វើឲ្យប្រជាកសិករត្រូវចំណាយដើមទុនច្រើន។ ហើយមិនអាចប្រកួតប្រជែងជាមួយប្រទេសជិតខាងបាន »។
ទិន្នផលកសិកម្មរបស់ប្រជាកសិករគ្មានតម្លៃ ក៏ជាមូលហេតុមួយនាំឲ្យប្រជាពលរដ្ឋធ្វើចំណាកស្រុក ហើយប្រឈមនឹងការរឹបអូសទ្រព្យសម្បត្តិពីស្ថាប័នមីក្រូហិរញ្ញវត្ថុ ដែលប្រជាពលរដ្ឋបានដាក់បញ្ចាំនោះ ហើយគម្លាតរវាងអ្នកមាន និងអ្នកក្រ រដ្ឋាភិបាលនឹងមិនអាចកាត់បន្ថយបាននោះឡើយ។
របាយការណ៍ចុងក្រោយរបស់ធនាគារពិភពលោក (World Bank) ឲ្យដឹងថា ប្រជាពលរដ្ឋកម្ពុជា រកចំណូលបានចំនួន ៥ពាន់រៀលក្នុងមួយថ្ងៃ មានប្រមាណ ៦លាននាក់។ ក្រៅពីនេះទៀត ប្រជាពលរដ្ឋប្រមាណ ៧០% បានជំពាក់បំណុលគេ។ របាយការណ៍ធនាគារពិភពលោក ដដែលបង្ហាញថា សេដ្ឋកិច្ចកម្ពុជា អាចប៉ះពាល់ដោយសារតម្លៃផលិតផលកសិកម្មធ្លាក់ចុះ អត្រាប្ដូរប្រាក់ប្រែប្រួល ហើយវិស័យទេសចរណ៍មិនសូវមានសន្ទុះខ្លាំង។ ធនាគារពិភពលោក ឲ្យដឹងថា ទិន្នផលកសិកម្មធ្លាក់ចុះ ព្រោះលក្ខខណ្ឌអាកាសធាតុមិនល្អ។
របាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន បង្ហាញថា ផ្ទៃដីដាំដំឡូងមីប្រជាកសិករខេត្តជាប់ជាយដែនខ្មែរ-ថៃ មួយនេះ មានជាង ៤ម៉ឺន ៧ពាន់ហិកតារក្នុងចំណោមប្រជាពលរដ្ឋជាង ៦ម៉ឺននាក់ ក្នុងនោះពលរដ្ឋចំនួន ៨៥ភាគរយ ដាំដំឡូងមី ក្រៅពីនោះដាំដំណាំហូបផ្លែ និងដំណាំរួមផ្សំ មានជាអាទិ៍ តាង៉ែន ស្វាយ និងពោត ជាដើម លើផ្ទៃដី ៣.៦០០ហិកតារ និងដំណាំស្រូវជាង ៥ពាន់ហិកតារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
