កសិករ​ខេត្ត​ប៉ៃលិន​ជាប់​ជាយដែន​ខ្មែរ-ថៃ​ត្អូញត្អែរ​ពី​តម្លៃ​ដំឡូងមី​ចុះ​ថោក

0:00 / 0:00

ប្រជា​កសិករ​រាប់​ម៉ឺន​គ្រួសារ​នៅ​ខេត្ត​ភាគ​ពាយ័ព្យ​ជាប់​ជាយ​ដែន​ខ្មែរ-ថៃ កំពុង​ជួប​ការ​លំបាក​ជីវភាព​ប្រចាំ​ថ្ងៃ ដោយសារ​ផល​ដំឡូងមី​របស់​ពួក​គាត់​ចុះ​ថ្លៃ។ បញ្ហា​នេះ ធ្វើ​ឲ្យ​អ្នក​ភូមិ​មួយ​ចំនួន បម្រុង​បោះបង់​ដី​ស្រែ​ចម្ការ ហើយ​នាំ​គ្នា​ធ្វើ​ចំណាក​ស្រុក​ទៅ​ស្វែងរក​ការងារ​ធ្វើ​នៅ​ក្រៅ​ប្រទេស ដោយសារ​ពួក​គាត់​ពុំ​មាន​លទ្ធភាព​រក​ប្រាក់​សង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​បាន​នៅ​ថ្ងៃ​ខាង​មុខ។

នៅ​តាម​ទី​វាល​ដី​ដាំ​ដំឡូងមី​របស់​ប្រជា​កសិករ​នៅ​ខេត្ត​ប៉ៃលិន នៅ​ក្នុង​រដូវ​នេះ ភាគ​ច្រើន​មាន​ប្រជាពលរដ្ឋ​ទាំង​ម្ចាស់​ចម្ការ​ដំឡូងមី និង​កម្មករ​ប្រមាណ​ពី ៣​នាក់​ទៅ ១៥​នាក់ នាំ​គ្នា​ដក​ដំឡូង​យ៉ាង​មមាញឹក​ស្ទើរ​គ្រប់​ទីកន្លែង។ នៅ​កន្លែង​ខ្លះ មាន​ចំណិត​ដំឡូងមី​តូចៗ​ដាក់​ហាល និង​ស្បៃ​កៅស៊ូ​ពាសពេញ​ដី។ ប្រជា​កសិករ​ភាគ​ច្រើន​លើក​ឡើង​ថា ផល​ដំឡូងមី​របស់​ពួក​គាត់​ឆ្នាំ​នេះ បាន​ផល​តិច​ជាង​ឆ្នាំ​កន្លង​ទៅ។

ប្រជា​កសិករ​ដាំ​ដំឡូងមី​នៅ​សង្កាត់​អូរតាវ៉ៅ ក្រុង​ប៉ៃលិន គឺ​លោកស្រី ទូច ពៅ ដៃ​ចិញ្ច្រាំ​ដំឡូង​បណ្ដើរ រៀបរាប់​បណ្ដើរ​ថា លោកស្រី​ដាំ​ដំឡូងមី​ចំនួន ៣​ហិកតារ ឆ្នាំ​នេះ​ទទួល​ទិន្នផល​ដំឡូង​តិច​ជាង​ឆ្នាំ​កន្លង​ទៅ ជា​ទុក្ខ​លំបាក​របស់​គាត់​មួយ​ទៅ​ហើយ ប៉ុន្តែ​អ្វី​ដែល​លំបាក​ជាង​នេះ គឺ​ដំឡូង​ចុះ​ថោក លក់​មិន​បាន​ប្រាក់​ចំណេញ​សម្រាប់​ដោះស្រាយ​ជីវភាព​គ្រួសារ​នោះ​ទេ។ លោកស្រី​បញ្ជាក់​ថា ផល​ដំឡូង​ស្រស់​មួយ​គីឡូក្រាម​តម្លៃ​ប្រមាណ ១៨០​រៀល គឺ​ទាប​ជាង​ឆ្នាំ​កន្លង​ទៅ​ពី ២៥០​រៀល​ទៅ ៣០០​រៀល​ក្នុង​មួយ​គីឡូក្រាម។ ចំណែក​ឯ​ដំឡូង​ស្ងួត​មួយ​គីឡូក្រាម​តម្លៃ​ប្រមាណ ៥០០​រៀល ខុស​ពី​ឆ្នាំ​កន្លង​ទៅ គឺ​មួយ​គីឡូក្រាម​លក់​ក្នុង​តម្លៃ​ជាង ៦៥០​រៀល។ លោកស្រី​ព្រួយ​បារម្ភ​ខ្លាច​គ្មាន​ប្រាក់​សង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ ដោយសារ​តម្លៃ​ដំឡូងមី​ចុះ​ថោក​នេះ៖ « តម្លៃ​ដំឡូងមី​ចុះ​ថោក​អ៊ីចឹង​ទៅ ដល់​តែ​យើង​លក់​រួច​ទូទាត់​ដើម​ទុន អត់​មាន​សល់​លុយ​គ្រាន់​ដោះស្រាយ​ជីវភាព​ខ្លះ​ទេ »

ពុំ​មែន​មាន​តែ​ប្រជា​កសិករ​ម្នាក់​នេះ​ទេ​ដែល​ជួប​ការ​លំបាក​ដោយសារ​ដំឡូង​ចុះ​ថោក​នេះ គឺ​ទាំង​អ្នក​ដាំ​ដំឡូងមី និង​កម្មករ​ស៊ី​ឈ្នួល​នៅ​ខេត្ត​ប៉ៃលិន មួយ​ចំនួន​ទៀត ក៏​តែង​ត្អូញត្អែរ​អំពី​បញ្ហា​នេះ​ដូច​គ្នា។ ពួក​គាត់​លើក​ឡើង​ថា ការ​ដាំ​ដំឡូង​មួយ​ហិកតារ​ចំណាយ​អស់​ដើម​ទុន​ប្រមាណ ៦០០​ដុល្លារ​អាមេរិក និង​ត្រូវ​ចំណាយ​រយៈពេល​ដាំ​ដុះ​ជាង ១០​ខែ ទើប​ហុច​ផល។ អ្នក​ស្រុក​អះអាង​ថា ផល​ដំឡូង​ឆ្នាំ​នេះ​ប្រមាណ​ពី ១៥​តោន​ទៅ ២០​តោន​ក្នុង​មួយ​ហិកតារ គឺ​ខុស​ពី​ឆ្នាំ​កន្លង​ទៅ​ពី ២០​តោន​ទៅ ២៥​តោន​ក្នុង​មួយ​ហិកតារ៖ « បើ​ដំឡូងមី​នៅ​តែ​ចុះ​ថោក​ដូច​សព្វថ្ងៃ​អ៊ីចឹង គឺ​ពួក​ខ្ញុំ​ច្បាស់​ជា​នាំ​គ្នា​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ ហើយ ព្រោះ​អី​ខ្ញុំ​អត់​មាន​របរ​អ្វី​ផ្សេង​ក្រៅ​អំពី​ដាំ​ដំឡូងមី​នោះ​ទេ »

ឆ្លើយ​តប​នឹង​បញ្ហា​នេះ អភិបាល​ខេត្ត​ប៉ៃលិន លោក កើត សុធា មាន​ប្រសាសន៍​ថា អាជ្ញាធរ​ខេត្ត​គ្រោង​កោះ​ប្រជុំ​មន្ត្រី​ពាក់ព័ន្ធ ដើម្បី​រៀបចំ​ផែនការ​ដោះស្រាយ​រឿង​ដំឡូង​ធ្លាក់​ថ្លៃ​នេះ ជូន​ប្រជា​កសិករ​ហើយ។ លោក​បញ្ជាក់​ថា បញ្ហា​សំខាន់ គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ ពន្យារ​ពេល​ដល់​ប្រជា​កសិករ​បង់​ប្រាក់​ឲ្យ​បាន​យូរ​ទៅ​មុខ​ទៀត ដោយ​មិន​រឹប​អូស​ទ្រព្យ​សម្បត្តិ​របស់​ពួក​គាត់៖ « យើង​បាន​ណែនាំ​ពួក​គាត់​ថា បើ​តម្លៃ​ដំឡូង​ថោក​អ៊ីចឹង ឲ្យ​បង​ប្អូន​ផ្អាក​ដក​ដំឡូង​មួយ​រយៈ​សិន រង់ចាំ​មើល​ហាងឆេង​ឡើង​ថ្លៃ​បន្តិច ចាំ​ដក​វិញ។ ម្យ៉ាង​ទៀត យើង​ក៏​បាន​ប្រាប់​ពួក​គាត់​កុំ​ឲ្យ​ដាំ​ដំណាំ​ដូច​គ្នា នាំ​ឲ្យ​ពិបាក​លក់​ចេញ »

ទោះ​យ៉ាង​ណា បញ្ហា​ដំឡូង​ធ្លាក់​ថ្លៃ​នេះ ពុំ​មែន​មាន​តែ​ខេត្ត​ប៉ៃលិន មួយ​ប៉ុណ្ណោះ​ទេ គឺ​មាន​នៅ​គ្រប់​ខេត្ត​ទូទាំង​ប្រទេស​កម្ពុជា មាន​ជាអាទិ៍ ខេត្ត​បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ និង​ខេត្ត​ឧត្ដរមានជ័យ ជាដើម គឺ​ជួប​បញ្ហា​នេះ​ដូច​គ្នា។

សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី លោក ស ចាន់ដេត មាន​ប្រសាសន៍​ថា ប្រជា​កសិករ​នៅ​ខេត្ត​ជាប់​ព្រំដែន​ខ្មែរ-ថៃ ទាំង​នោះ ប្រឈម​មុខ​នឹង​ជីវភាព​ខ្វះខាត​ខ្លាំង​ជាង​គេ ដោយសារ​ពួក​គាត់​ភាគ​ច្រើន​រស់នៅ​ពឹង​ផ្អែក​ទៅ​លើ​របរ​ដាំ​ដំឡូង ដើម្បី​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ។ លោក​អះអាង​ថា ប្រសិន​បើ​រដ្ឋាភិបាល​មិន​ជួយ​ដោះស្រាយ​រក​ទីផ្សារ​លក់​ដំឡូងមី​ជូន​ប្រជា​កសិករ​ឲ្យ​មាន​តម្លៃ​ប្រសើរ​ជាង​ពេល​បច្ចុប្បន្ន​ទេ នោះ​ពួក​គាត់​នឹង​ធ្វើ​ចំណាក​ស្រុក​ទៅ​ស្វែងរក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ ក្នុង​ពេល​ខាង​មុខ​ជា​ពុំ​ខាន៖ « ខ្ញុំ​ស្រណោះ​ប្រជាពលរដ្ឋ​នៅ​ស្រុក​ថ្មពួក មែន​ទែន នៅ​ពេល​ដែល​ខ្ញុំ​ឃើញ​ពួក​គាត់​នាំ​គ្នា​ដឹក​ដំឡូង​តាម​គោយន្ត​ទៅ​លក់​នៅ​ខេត្ត​សុរិន្ទ ប្រទេស​ថៃ ពេល​នោះ​ថៃ គេ​អត់​ទិញ​ពួក​គាត់ ហើយ​នាំ​គ្នា​ដេក​រង់ចាំ​រហូត​មួយ​អាទិត្យ​ក៏​មាន​ដែរ »

អ្នក​ជំនាញ​សេដ្ឋកិច្ច លោក ស្រី ចន្ធី ពន្យល់​ថា ដំឡូងមី​ចុះ​ថោក​ដោយសារ​ប្រជា​កសិករ​កម្ពុជា ពឹង​ផ្អែក​ទៅ​លើ​ទីផ្សារ​លក់​ដំឡូង​នៅ​ក្រៅ​ប្រទេស។ ម្យ៉ាង​ទៀត​លោក​ថា រដូវ​នេះ​ជា​រដូវ​ប្រមូល​ផល​ដំឡូង​របស់​ប្រជា​កសិករ​ទាំង​នៅ​ប្រទេស​កម្ពុជា និង​នៅ​ប្រទេស​ជិត​ខាង ធ្វើ​ឲ្យ​ចំនួន​ផ្គត់ផ្គង់​ច្រើន​ជាង​តម្រូវ​ការ។ លោក​បន្ថែម​ថា ដើម្បី​អាច​ជួយ​ប្រជា​កសិករ​បាន លុះ​ណា​រដ្ឋាភិបាល​បង្កើត​រោងចក្រ​កែច្នៃ​ផលិតផល​ដំឡូងមី​ក្នុង​ស្រុក​ឲ្យ​បាន​ច្រើន និង​បញ្ចុះ​តម្លៃ​អត្រា​ការប្រាក់​ពី​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ដល់​ប្រជា​កសិករ​ឲ្យ​បាន​ទាប​ជាង​បច្ចុប្បន្ន ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​ដើម​ទុន​របស់​ប្រជាពលរដ្ឋ៖ « នៅ​ប្រទេស​យើង​ការប្រាក់​ថ្លៃ​ជាង​នៅ​ប្រទេស​ជិត​ខាង ចំណែក​ឯ​បញ្ហា​ប្រេង​សាំង​ក៏​ថ្លៃ​ជាង​គេ​ដែរ។ បញ្ហា​ទាំងអស់​នេះ​ជា​កត្តា​ធ្វើ​ឲ្យ​ប្រជា​កសិករ​ត្រូវ​ចំណាយ​ដើម​ទុន​ច្រើន។ ហើយ​មិន​អាច​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ជិត​ខាង​បាន »

ទិន្នផល​កសិកម្ម​របស់​ប្រជា​កសិករ​គ្មាន​តម្លៃ ក៏​ជា​មូលហេតុ​មួយ​នាំ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ចំណាក​ស្រុក ហើយ​ប្រឈម​នឹង​ការ​រឹប​អូស​ទ្រព្យ​សម្បត្តិ​ពី​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ ដែល​ប្រជាពលរដ្ឋ​បាន​ដាក់​បញ្ចាំ​នោះ ហើយ​គម្លាត​រវាង​អ្នក​មាន និង​អ្នក​ក្រ រដ្ឋាភិបាល​នឹង​មិន​អាច​កាត់​បន្ថយ​បាន​នោះ​ឡើយ។

របាយការណ៍​ចុង​ក្រោយ​របស់​ធនាគារ​ពិភពលោក (World Bank) ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​កម្ពុជា រក​ចំណូល​បាន​ចំនួន ៥​ពាន់​រៀល​ក្នុង​មួយ​ថ្ងៃ មាន​ប្រមាណ ៦​លាន​នាក់។ ក្រៅ​ពី​នេះ​ទៀត ប្រជាពលរដ្ឋ​ប្រមាណ ៧០% បាន​ជំពាក់​បំណុល​គេ។ របាយការណ៍​ធនាគារ​ពិភពលោក ដដែល​បង្ហាញ​ថា សេដ្ឋកិច្ច​កម្ពុជា អាច​ប៉ះពាល់​ដោយសារ​តម្លៃ​ផលិតផល​កសិកម្ម​ធ្លាក់​ចុះ អត្រា​ប្ដូរ​ប្រាក់​ប្រែប្រួល ហើយ​វិស័យ​ទេសចរណ៍​មិន​សូវ​មាន​សន្ទុះ​ខ្លាំង។ ធនាគារ​ពិភពលោក ឲ្យ​ដឹង​ថា ទិន្នផល​កសិកម្ម​ធ្លាក់​ចុះ ព្រោះ​លក្ខខណ្ឌ​អាកាសធាតុ​មិន​ល្អ។

របាយការណ៍​របស់​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្ត​ប៉ៃលិន បង្ហាញ​ថា ផ្ទៃដី​ដាំ​ដំឡូងមី​ប្រជា​កសិករ​ខេត្ត​ជាប់​ជាយដែន​ខ្មែរ-ថៃ មួយ​នេះ មាន​ជាង ៤​ម៉ឺន ៧​ពាន់​ហិកតារ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ជាង ៦​ម៉ឺន​នាក់ ក្នុង​នោះ​ពលរដ្ឋ​ចំនួន ៨៥​ភាគរយ ដាំ​ដំឡូងមី ក្រៅ​ពី​នោះ​ដាំ​ដំណាំ​ហូប​ផ្លែ និង​ដំណាំ​រួម​ផ្សំ មាន​ជាអាទិ៍ តាង៉ែន ស្វាយ និង​ពោត ជាដើម លើ​ផ្ទៃដី ៣.៦០០​ហិកតារ និង​ដំណាំ​ស្រូវ​ជាង ៥​ពាន់​ហិកតារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។