លោក ហ៊ុន សែន បញ្ជា​ឲ្យ​មីក្រូ​ហិរញ្ញវត្ថុ​ប្រាសាក់​ដូរ​និមិត្ត​សញ្ញា​បន្ទាប់​ពី​ធនាគារ​អេស៊ីលីដា

ដោយ ខែ សុណង
2017-02-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​ខួប​លើក​ទី​៦៥ នៃ​ការ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា នា​ទីស្នាក់ការ​កណ្ដាល​បក្ស​ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Brach Chev
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​ខួប​លើក​ទី​៦៥ នៃ​ការ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា នា​ទីស្នាក់ការ​កណ្ដាល​បក្ស​ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Brach Chev
RFA/Brach Chev

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២២ ខែ​កុម្ភៈ បាន​បញ្ជា​ឲ្យ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ប្រាសាក់ ផ្លាស់ប្ដូរ​និមិត្តសញ្ញា​ពាណិជ្ជកម្ម​របស់​ខ្លួន ឬ ឡូហ្គោ (Logo) ដើម្បី​បញ្ចៀស​ការ​យល់​ច្រឡំ​របស់​ប្រជាពលរដ្ឋ​ថា ជា​គ្រឹះស្ថាន​របស់​រដ្ឋ។ កាល​ពី​ចុង​សប្ដាហ៍​មុន លោក ហ៊ុន សែន បាន​បញ្ជា​ម្ដង​រួច​មក​ហើយ​ដោយ​ឲ្យ​ធនាគារ​អេស៊ីលីដា (Acleda) ប្ដូរ​ឡូហ្គោ ដែល​មាន​រូប​សត្វ​ហង្ស​ចេញ ដើម្បី​ជៀសវាង​ការ​ភាន់ច្រឡំ និង​និមិត្ត​សញ្ញា​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ដក​អាជ្ញាប័ណ្ណ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ប្រាសាក់ ប្រសិន​ជា​មិន​ផ្លាស់ប្ដូរ​និមិត្ត​សញ្ញា​ពាណិជ្ជកម្ម ឬ ឡូហ្គោ របស់​ខ្លួន​នោះ​ទេ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​នៅ​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​ថា គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ប្រាសាក់ ត្រូវ​ប្ដូរ​និមិត្ត​សញ្ញា​អក្សរ «រ» ជា​និមិត្តសញ្ញា​ប្រាក់​រៀល​ចេញ ដើម្បី​ចៀសវាង​ការ​ច្រឡំ​ជាមួយ​ធនាគារ​ជាតិ​នៃ​កម្ពុជា ដែល​ជា​ធនាគារ​របស់​រដ្ឋ។

លោក​បាន​បញ្ជា​ឲ្យ​ធនាគារ​ជាតិ​នៃ​កម្ពុជា កោះ​ហៅ​ក្រុម​ការងារ​របស់​ប្រាសាក់ មក​ពិភាក្សា​លើ​កិច្ចការ​ផ្លាស់​ប្ដូរ​ឡូហ្គោ​នេះ​ជា​បន្ទាន់ ប្រសិន​បើ​មិន​ដូច្នេះ​ទេ គ្រឹះស្ថាន​ប្រាសាក់ នឹង​ត្រូវ​ដក​យក​អាជ្ញាប័ណ្ណ​ប្រតិបត្តិការ​អាជីវកម្ម​មក​វិញ៖ «ឥឡូវ​ផ្ដាំ​ទៅ​ប្រាសាក់ ប្ដូរ​ឲ្យ​លឿន! ហៅ​មក​កុំ​ចាំ​ជូន​ដំណឹង​អី​យូរ​ពេក ហៅ​យក​មក​បង្ខំ​ឲ្យ​ដូរ បើ​មិន​ដូរ​ដក​អាជ្ញាប័ណ្ណ។ បើ​មិន​ដូរ​ទេ ប្រាប់​ទៅ​ធនាគារ​ជាតិ​ភ្លាម ធនាគារ​ជាតិ​ដក​គិប។ យើង​ប្រើ​វិធានការ​បែប​នេះ អប់រំ​ពន្យល់​អ្នក​ឯង បើ​អ្នក​ឯង​ធ្វើ​តាម​ខ្ញុំ​អរគុណ អ្នក​ឯង​មិន​ធ្វើ​តាម​ជម្រើស​ដែល​ខ្ញុំ​នៅ​សល់​គឺ​ខ្ញុំ​ប្រើ​មិន​ចាំបាច់​ប្រើ​ប្រព័ន្ធ​តុលាការ​ទេ អំណាច​នៅ​លើ​យើង​ស្រាប់​ហើយ​តើ! យើង​អ្នក​ឲ្យ​យើង​ក៏​អាច​ដក​មក​វិញ​បាន​ដែរ»

ក្នុង​រឿង​នេះ​ដែរ លោក​បាន​បញ្ជាក់​ថា គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ទាំង​អស់​ត្រូវ​ពិចារណា​ពី​គោលដៅ​នៃ​ការ​ខ្ចី​ប្រាក់​របស់​ពលរដ្ឋ​ឲ្យ​បាន​ច្បាស់លាស់ កុំ​អាង​តែ​រឹបអូស​យក​ដី​ផ្ទះ ដែល​បញ្ហា​នេះ​លោក​ហាម​មិន​ឲ្យ​អាជ្ញាធរ​ចូល​រួម​ក្នុង​ការ​រឹបអូស​នេះ​ឡើយ។

គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ប្រាសាក់ មាន​សាខា​ទូទាំង​ប្រទេស​ចំនួន ១៨១​សាខា។

អាស៊ីសេរី មិន​អាច​ទាក់ទង​នាយក​ប្រតិបត្តិ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ប្រាសាក់ លោក ស៊ីម សេនាជាតិ ដើម្បី​ឆ្លើយ​តប​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២២ កុម្ភៈ។ ប៉ុន្តែ​ប្រាសាក់ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា កំពុង​ដំណើរការ​ផ្លាស់ប្ដូរ​និមិត្តសញ្ញា​បច្ចុប្បន្ន ពី​បណ្ដា​អគារ​ការិយាល័យ និង​ឯកសារ​ផ្សព្វផ្សាយ​នានា និង​ធ្វើការ​ជំនួស​ដោយ​និមិត្តសញ្ញា​ថ្មី​ដែល​នឹង​បង្ហាញ​ក្នុង​ពេល​ឆាប់ៗ​នេះ។

ទីប្រឹក្សា​សមាគម​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា លោក ប៊ុន មុនី មាន​ទស្សនៈ​ថា ពលរដ្ឋ​ពុំ​មាន​ការ​យល់​ច្រឡំ​ថា គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ជា​របស់​រដ្ឋ​នោះ​ទេ។ ពួកគាត់​បាន​ដឹង​ច្បាស់​ថា​ជា​របស់​ឯកជន​ហើយ ពីព្រោះ​កិច្ចសន្យា​ផ្សេងៗ​បាន​ធ្វើ​ជាមួយ​ភ្នាក់ងារ​ឯកជន។ ប៉ុន្តែ​លោក​មិន​ជំទាស់​ចំពោះ​វិធានការ​របស់​រដ្ឋាភិបាល​ចង់​ធ្វើ​ឲ្យ​ច្បាស់លាស់ និង​អប់រំ​ពលរដ្ឋ។ លោក​ថា បញ្ហា​ទីផ្សារ​មិន​បាន​បង្ក​ផល​ប៉ះពាល់​ជា​ធំដុំ​ទេ ប៉ុន្តែ​ផល​ប៉ះពាល់​ខ្លាំង​នោះ​គឺ​ការ​ចំណាយ​ទៅ​លើ​ការ​ប្ដូរ​ស្លាក​សញ្ញា កាត​អេ.ធី.អ៊ឹម (ATM) ឯកសារ ក្រដាស​ស្នាម​ផ្សេងៗ ជា​បន្ទុក​មួយ​ធំ។ លោក​ថា វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​នៅ​ពេល​បច្ចុប្បន្ន​កំពុង​មាន​ការ​រីកចម្រើន​ដោយ​មាន​ការ​រួម​គ្នា​រវាង​រដ្ឋាភិបាល និង​វិស័យ​ឯកជន«តាម​រយៈ​មីក្រូហិរញ្ញវត្ថុ​នេះ យើង​បាន​ពង្រីក​សេវាកម្ម​ហិរញ្ញវត្ថុ​ទៅ​ដល់​ទី​ជនបទ ដែល​សព្វថ្ងៃ​មាន​ជាង​១​ពាន់​កន្លែង តាំង​ពី​ទីក្រុង​រហូត​ដល់​ជនបទ បង្ក​ភាព​ងាយ​ស្រួល​ឲ្យ​ប្រជាពលរដ្ឋ​អាច​ខ្ចី​ផ្ទាល់​ពី​មីក្រូហិរញ្ញវត្ថុ ដោយ​មិន​ឆ្លង​កាត់​ឈ្មួញ​កណ្ដាល​ទេ ហើយ​ទី​២ តម្លៃ​ក៏​បាន​ល្អ​ប្រសើរ ចេះ​តែ​ចុះ​តាំង​ពី ៣% មួយ​ខែ ចុះ​មក​នៅ ១,% ក្នុង​មួយ​ខែ ធៀប​នឹង​ប្រទេស​ជិត​ខាង​យើង ធ្វើ​បាន​ល្អ​មែន​ទែន»

មិន​ត្រឹម​តែ​ប៉ុណ្ណោះ លោក ហ៊ុន សែន ទាមទារ​ឲ្យ​មាន​យុទ្ធនាការ​មួយ​ទូទាំង​ប្រទេស អប់រំ​ពលរដ្ឋ​ឲ្យ​យល់​ថា គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ជា​របស់​ឯកជន​មិន​មែន​ជា​របស់​រដ្ឋ​នោះ​ទេ។ លោក​បាន​បញ្ជា​ទៅ​កាន់​បណ្ដា​ស្ថានីយ​វិទ្យុ ទូរទស្សន៍ កាសែត និង​សារព័ត៌មាន​អនឡាញ (Online) ទាំង​អស់ ឲ្យ​ចូលរួម​ផ្សព្វផ្សាយ​រយៈពេល ១​ឆ្នាំ​ពេញ ហើយ​ថា វិទ្យុ​ណា​មិន​ផ្សាយ​គឺ​ជា​វិទ្យុ​ដែល​មាន​ចេតនា​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​ភាន់ច្រឡំ។ ទន្ទឹម​នឹង​គ្នា​នោះ លោក​បាន​អំពាវនាវ​ឲ្យ​គ្រប់​ប្រព័ន្ធ​ទូរស័ព្ទ​ដៃ​ទាំង​អស់​ដាក់​សំឡេង​ណែនាំ​នេះ និង​ផ្ញើ​សារ​អប់រំ ហើយ​ថា ធនាគារ​ត្រូវ​ដើរ​តួនាទី​ធំ​ក្នុង​ការ​រៀបចំ​ស្ពត​ពាណិជ្ជកម្ម។

ភ្លាមៗ​ក្រោយ​ការ​ប្រកាស​របស់​លោក​នាយករដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​មួយ​ឱ្យ​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ប្រតិបត្តិករ​មីក្រូហិរញ្ញវត្ថុ​ទាំង​អស់ ត្រូវ​កែតម្រូវ​និមិត្តសញ្ញា​ឲ្យ​បាន​មុន​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៧។

សេចក្ដី​ជូន​ដំណឹង​នេះ​គឺ​អនុលោម​តាម​ច្បាប់​ស្ដីពី ម៉ាក​ពាណិជ្ជ​នាម និង​អំពី​​ការ​ប្រកួតប្រជែង​មិន​ស្មោះត្រង់។

ចំណែក​លិខិត​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ប្រកាស​ថា ការ​ប្រើ​និមិត្ត​សញ្ញា​មាន​លក្ខណៈ​ស្រដៀង​នឹង​និមិត្ត​សញ្ញា​របស់​ក្រសួង ស្ថាប័ន​រដ្ឋ ដែល​កំពុង​ប្រើប្រាស់ ដូចជា អក្សរ «រ» និមិត្តសញ្ញា​ប្រាក់​រៀល ឬ​រូប​សិង្ហ​ជា​ដើម នាំ​ឲ្យ​មាន​ការ​ភាន់​ច្រឡំ។

កាល​ពី​ថ្ងៃ​សុក្រ​ទី​១៧ ខែ​កុម្ភៈ ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គ​គណៈរដ្ឋមន្ត្រី លោក ហ៊ុន សែន ក៏​បាន​តម្រូវ​ឲ្យ​ធនាគារ​អេស៊ីលីដា (Acleda) ផ្លាស់ប្តូរ​និមិត្ត​សញ្ញា​ពាណិជ្ជកម្ម​របស់​ខ្លួន​ជា​បន្ទាន់ ដើម្បី​ចៀសវាង​ការ​ភ័ន្តច្រឡំ​របស់​សាធារណជន ដោយ​ទុក​ពេល​ឲ្យ​ធ្វើ​ការ​ផ្លាស់ប្ដូរ​រយៈពេល ៣​សប្ដាហ៍ គិត​ចាប់​ពី​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ នោះ​ត​ទៅ។ ធនាគារ​អេស៊ីលីដា ប្ដូរ​ឡូហ្គោ ដែល​មាន​រូប​សត្វ​ហង្ស​ចេញ ដើម្បី​ជៀសវាង​ការ​ភាន់ច្រឡំ និង​និមិត្តសញ្ញា​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

ធនាគារ​អេស៊ីលីដា បាន​ប៉ាន់​ស្មាន​ថា ការ​ផ្លាស់​ប្ដូរ​ឡូហ្គោ​នេះ បាន​ចំណាយ​ប្រមាណ ៣,៥​លាន​ដុល្លារ។ ទឹក​ប្រាក់​នេះ​មាន​ចំណែក​ប្រមាណ ៣​ភាគរយ​នៃ​ប្រាក់​ចំណេញ​សុទ្ធ​កាល​ពី​ឆ្នាំ​២០១៦ ខណៈ​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំ​ឆ្នាំ​របស់​អេស៊ីលីដា បង្ហាញ​ថា ធនាគារ​នេះ​បាន​ទទួល​ប្រាក់​ចំណេញ​បន្ទាប់​ពី​បង់​ពន្ធ​រួច​ចំនួន ១២៧​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៦៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (7)
Share

ចាន់ តូយ៉ា

ពី បន្ទាយមានជ័យ

លោកហ៊ុនសែនគួរប្ដូរលោហ្គោស្រារបៀផង
ខ្ញុំគិតថាលោហ្គោមីក្រូ​ហិរញ្ញ​វត្ថុទាំងនោះវាគ្មានអីដែលប៉ះពាល់ដល់និមិត្រ្តសញ្ញារបស់ស្ថាប័ណ្ណរដ្ឋផង
មុននឹងធ្វើប្ដូរសូមលោកទៅសួររដ្ឋមន្រ្តីក្រសួងវិចិត្រសិល្បះសិនទៅ
ថាតើវាខុសដែរឬទេ

Feb 22, 2017 09:59 PM

អ្នក​អាន​អនាមិក

ពី Phnom Penh

ចុះសាលាដែលមានឈ្មោះនាយករដ្ឋមន្រ្តីហេតុអីមិនគិតថាវាជាសាលារបស់រដ្ឋផង?
គួរតែប្ដូរដូចគ្នា

Feb 22, 2017 09:22 AM

អ្នក​អាន​អនាមិក

សលារៀនដែលដាក់ឈ្មោះថា អំណោយរបស់សម្តេចហ៊ុន សែន គួរតែសម្តេចខ្លួនឯងប្តូរចេញផង កុំអោយមានការយល់ច្រឡំ ថាមិនមែនជារបស់រដ្ឋ មែនទេសម្តេច?

Feb 22, 2017 06:14 AM

អ្នក​អាន​អនាមិក

រវល់តែរឿងអត់ប្រយោជន៍

Feb 22, 2017 05:34 AM

ហានិភ័យ

ពី តាកែវ

រវល់ណាស់ខាងដើរចែកសញ្ញាប័ត្រ​ដើរសុីគុយទាវ ​ចែងច្បាប់កំចាត់បក្សប្រឆាំង រួចឥឡូវទើបងាកមកគិតបកក្រោយ បញ្ជាខ្វែងដៃខ្វែងជើង របៀបគូរហើយបានគិត។មុននឹងគេធ្វើរូបសញ្ញានិមិត្តរូប ក្រុមហ៊ុនគេបានសុំច្បាប់អនុញាតរួចហើយ តើឲ្យគេដូរសួរថាអ្នកណាអ្នកចំណាយក្នុងការខូចខាត លោកឪបណ្ឌិត?

Feb 22, 2017 02:42 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល