តើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ​និយាយ​អ្វី​ខ្លះ​អំពី​រឿង​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី?

ដោយ សាន សែល
2016.10.17
សព​លោក កែម ឡី ២០១៦ ៨៥៥ ពលរដ្ឋ​គោរព​វិញ្ញាណក្ខន្ធ​សព​លោក​បណ្ឌិត កែម ឡី នា​វត្ត​ពោធិយារាម ហៅ​វត្ត​ចាស់ ឋិត​នៅ​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ នៅ​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA/Cheu Sideth
RFA/Cheu Sideth

កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ បណ្ឌិត កែម ឡី ត្រូវ​ខ្មាន់​កាំភ្លើង​បាញ់​នៅ​កណ្ដាល​ទីក្រុង​ភ្នំពេញ។ ភ្លាមៗ​នោះ ប្រជាជន​កម្ពុជា រាប់​ម៉ឺន​នាក់​សម្ដែង​ក្តី​សោកសង្រេង​សោកស្ដាយ​ចំពោះ​ព័ត៌មាន​មរណភាព​នេះ។ រយៈពេល ៣​ខែ​មក​នេះ សារព័ត៌មាន​អន្តរជាតិ​នានា​ជុំវិញ​ពិភពលោក ក៏​បាន​តាមដាន​ដំណើរ​ការ​ស៊ើប​អង្កេត​នៃ​ការ​បាញ់​សម្លាប់​បណ្ឌិត កែម ឡី ដែរ។

តើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងនោះ​និយាយ​អ្វី​ខ្លះ​អំពី​រឿង​នេះ?

សារព័ត៌មាន​អាស៊ាន​ធូដេ (ASEAN Today) សរសេរ​ថា ពន្លឺ​នៃ​ក្តី​សង្ឃឹម​មាន​តិចតួច ដែល​ថា​រដ្ឋាភិបាល​នឹង​បញ្ចប់​ការ​ស៊ើប​អង្កេត​ករណី​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី។ សារព័ត៌មាន​នេះ​រាយការណ៍​ទៀត​ថា មនុស្ស​ជាច្រើន​ជឿជាក់​ថា គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​កាន់​អំណាច អាច​នឹង​ជាប់​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​នេះ ដោយ​រំឭក​ពី​និទ្ទណ្ឌភាព ឬ​ការ​មិន​ចាប់​ឃាតក​ពិត​ប្រាកដ​មក​ផ្ដន្ទាទោស ក្រោយ​ករណី​ឃាតកម្ម​លើ​តារា​សម្ដែង​អ្នក​នាង ពិសិដ្ឋ ពីលីកា កាល​ពី​ឆ្នាំ​១៩៩៩ ឃាតកម្ម​លើ​មេ​ដឹកនាំ​សហជីព​លោក ជា វិជ្ជា កាល​ពី​ឆ្នាំ​២០០៤ និង​ឃាតកម្ម​លើ​សកម្មជន​បរិស្ថាន លោក ឈុត វុទ្ធី កាល​ពី​ឆ្នាំ​២០១២។

សារព័ត៌មាន​អាស៊ាន​ធូដេ (ASEAN Today) បន្ត​ទៀត​ថា រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា មើល​ទៅ​ហាក់​ដូចជា​មិន​សូវ​ខំ​ប្រឹងប្រែង​ស៊ើប​អង្កេត​រក​អ្នក​ដែល​ធ្វើ​ឃាត​បណ្ឌិត កែម ឡី ពិត​ប្រាកដ ជាពិសេស​រដ្ឋាភិបាល​ថែម​ទាំង​បាន​បដិសេធ​មិន​ផ្ដល់​ទីតាំង​រំឭក​អនុស្សាវរីយ៍​តម្កល់​រូប​សំណាក​បណ្ឌិត កែម ឡី។ ថែម​ពី​លើ​នេះ សាលា​រាជធានី​ភ្នំពេញ មុន​សម្រេច​ផ្ដល់​ទីតាំង​វត្ត​ចាស់ ដើម្បី​រៀបចំ​បុណ្យ ១០០​ថ្ងៃ ក៏​ធ្លាប់​ច្រាន​ចោល​សំណើ​នេះ ហើយ​ក៏​បាន​បដិសេធ​មិន​អនុញ្ញាត​ឲ្យ​រៀបចំ​បុណ្យ​នៅ​សួនច្បារ​វត្ត​បទុម ដែរ។

សារព័ត៌មាន​អាស៊ាន​ធូដេ (ASEAN Today) បាន​ស្រង់​សម្ដី​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ដែល​បាន​បញ្ជាក់​ថា បណ្ឌិត កែម ឡី មិន​មែន​ជា​វីរបុរស​ជាតិ​ទេ ដោយសារ​លោក​មិន​មែន​ជា​បុគ្គល​សាធារណៈ ក៏​មិន​មែន​ជា​ក្សត្រ ឬ​បុគ្គល​ដែល​ស្រដៀង​នេះ​ដែរ គឺ​បណ្ឌិត កែម ឡី គ្រាន់​តែ​ជា​មនុស្ស​ធម្មតា និយាយ​មិន​សំចៃ​មាត់​ម្នាក់​ប៉ុណ្ណោះ។

ក៏ប៉ុន្តែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ប្រទេស​ស្វីស ឈ្មោះ ស្វីស​អ៊ីនហ្វូ (Swissinfo) ហៅ​ឃាតកម្ម​កាល​ពី​ខែ​កក្កដា ធ្វើ​ឲ្យ​គេ​យល់​ច្បាស់​ថា បណ្ឌិត កែម ឡី ជា​វីរបុរស​ជាតិ​ម្នាក់ ពិសេស​ភស្តុតាង​នៃ​ចំនួន​មនុស្ស​ប្រមាណ ១​លាន ៥​សែន​នាក់ ចូលរួម​ដង្ហែ​សព​លោក​បណ្ឌិត។

ស្វីស​អ៊ីនហ្វូ (Swissinfo) រាយការណ៍​ថា ភាព​ក្លាហាន​របស់​បណ្ឌិត កែម ឡី ដែល​វិភាគ និង​បកស្រាយ​ជំងឺ​សង្គម​កម្ពុជា ផ្អែក​លើ​ការ​ស្រាវជ្រាវ​អម​ដោយ​មតិ​រិះគន់​បែប​ស្ថាបនា ធ្វើ​ឲ្យ​ជន​កម្ពុជា ជាច្រើន​ចាត់​ទុក​លោក​ជា​បុរស​នៃ​ការ​ពិត។

បណ្ឌិត ឡៅ ម៉ុងហៃ មិត្តភ័ក្ដិ​ជិតស្និទ្ធ​ម្នាក់​របស់​បណ្ឌិត កែម ឡី ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​អាល្លឺម៉ង់ ឌី.ដាប់ប៊លយូ (DW) ដោយ​ប្រៀបធៀប​បណ្ឌិត កែម ឡី ទៅ​នឹង​វីរបុរស​ផ្នែក​សិទ្ធិ​មនុស្ស​របស់​សហរដ្ឋ​អាមេរិក លោក ម៉ាទីន លូហ្សឺ ឃីង (Martin Luther King Jr.) ដែល​ត្រូវ​បាន​គេ​ធ្វើ​ឃាត​កាល​ពី​ឆ្នាំ​១៩៦៨។

ក្បួន​ដង្ហែ​សព​បណ្ឌិត កែម ឡី ទៅ​បញ្ចុះ​នៅ​ស្រុក​កំណើត​របស់​លោក​នា​ភូមិ​អង្គតាកុប ឃុំ​លាយបូរ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA/Chuop Sereyroth
ក្បួន​ដង្ហែ​សព​បណ្ឌិត កែម ឡី ទៅ​បញ្ចុះ​នៅ​ស្រុក​កំណើត​របស់​លោក​នា​ភូមិ​អង្គតាកុប ឃុំ​លាយបូរ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA/Chuop Sereyroth
RFA/Chuop Sereyroth

សារព័ត៌មាន អូភិន ឌិម៉ូក្រេស៊ី (Open Democracy) ឯណេះ​វិញ កត់​សម្គាល់​ថា បណ្ឌិត កែម ឡី និយាយ​ការ​ពិត​ដើម្បី​មនុស្ស​ទន់​ខ្សោយ ប៉ុន្តែ​មិន​មែន​ដើម្បី​ផល​ប្រយោជន៍​អំណាច​ផ្ទាល់​ខ្លួន។

ប្រព័ន្ធ​ផ្សព្វផ្សាយ ស្វីស​អ៊ីនហ្វូ (Swissinfo) រៀបរាប់​ថា ស្ត្រី​ម្នាក់​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ បាន​និយាយ​ទាំង​ទឹក​ភ្នែក​ថា នាង​មិន​អាច​ចូលរួម​កាន់​ទុក្ខ​មរណភាព​របស់​បណ្ឌិត កែម ឡី ជាមួយ​អ្នក​ជិត​ខាង​ផ្សេង​ទៀត​របស់​នាង ដែល​ជា​អ្នក​គាំទ្រ​គណបក្ស​កាន់​អំណាច ដោយសារ​នាង​ខ្លាច​គេ​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​បោះឆ្នោត។

ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក យ៉េង វីរៈ ប្រាប់​សារព័ត៌មាន​ស្វីស​អ៊ីនហ្វូ (Swissinfo) ថា ការ​ស្លាប់​របស់​បណ្ឌិត កែម ឡី គឺ​ជា​ការ​បាត់បង់​មួយ ក៏ប៉ុន្តែ​ការ​ស្លាប់​នេះ​បាន​ដាស់​យុវជន បាន​ដាស់​ប្រជាជន​កម្ពុជា រាប់​រយ​ពាន់​នាក់​ឲ្យ​ភ្ញាក់ ឲ្យ​ក្លាហាន​ហ៊ាន​បញ្ចេញ​មតិ។ គឺ​មនុស្ស​ដែល​ទើប​នឹង​ភ្ញាក់​នេះ​ហើយ ដែល​ផ្ដើម​ហ៊ាន​រិះគន់​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​កាន់​អំណាច​ជាង ៣០​ឆ្នាំ។

សារព័ត៌មាន ស៊ី.អិន.ប៊ី.ស៊ី (CNBC) រាយការណ៍​ថា ព្រឹត្តិការណ៍​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី ស្ដែង​ឲ្យ​ឃើញ​រឹតតែ​ច្បាស់​ពី​ការ​គាប​សង្កត់​លើ​អ្នក​ប្រឆាំង មន្ត្រី​សិទ្ធិ​មនុស្ស សកម្មជន និង​អ្នក​រិះគន់​រដ្ឋាភិបាល។ CNBC បាន​ដកស្រង់​សម្ដី​របស់​សមាជិក​នៃ​ក្រុមប្រឹក្សា​ទំនាក់ទំនង​ការ​បរទេស (Council of Foreign Affairs) ផ្នែក​កិច្ចការ​អាស៊ី​អាគ្នេយ៍​ថា នយោបាយ​ប្រទេស​កម្ពុជា ងាករេ​កាន់​តែ​គ្រោះថ្នាក់ ដែល​មិន​អាច​គ្រប់គ្រង​បាន។

បន្ថែម​ពី​លើ​នេះ សាស្ត្រាចារ្យ​ម្នាក់​នៃ​សាកលវិទ្យាល័យ​ស៊ីដនី នៃ​ប្រទេស​អូស្ត្រាលី ប្រាប់ CNBC ថា នយោបាយ​កម្ពុជា គឺ​ស្ថិត​នៅ​ចំណុច​មួយ​ដុនដាប ហើយ​ស្ថានភាព​សព្វថ្ងៃ គឺ​ច្របូកច្របល់​មែន​ទែន។ អ្នក​វិភាគ​ផ្នែក​ហិរញ្ញវត្ថុ​ម្នាក់ ក៏​បាន​ព្រមាន​តាម​រយៈ CNBC ថា ប្រសិន​បើ​ភាព​ជាប់​គាំង​នយោបាយ នៅ​បន្ត​ដូច​សព្វថ្ងៃ​នេះ​ទៀត វា​នឹង​ប៉ះពាល់​ដល់​ការ​ជាប់​គាំង​ផ្នែក​រៀបចំ​គោល​នយោបាយ ឬ​រារាំង​រដ្ឋាភិបាល មិន​អាច​អនុវត្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​កំណែ​ទម្រង់​សេដ្ឋកិច្ច។

ទីភ្នាក់ងារ​សារព័ត៌មាន​អាល្លឺម៉ង់ ឌី.ដាប់ប៊លយូ (DW) រាយការណ៍​ថា សាច់ញាតិ និង​មិត្ត​ជិតស្និទ្ធ​របស់​បណ្ឌិត កែម ឡី ចង់​រក្សា​គំនិត និង​ទស្សនវិស័យ​របស់​លោក​នៅ​ស្ថិតស្ថេរ ដោយ​ការ​បើក​ហាង​កាហ្វេ​ដាក់​ឈ្មោះ​បណ្ឌិត កែម ឡី ដាំ​ដើម​ឈើ សាងសង់​រូប​សំណាក បើក​បណ្ណាល័យ និង​បើក​វិទ្យាស្ថាន​ស្រាវជ្រាវ​សម្រាប់​ការ​ស៊ើប​អង្កេត។

សារព័ត៌មាន​ឌឺ ស៊ីដនី ម៉័រនីង ហេរ៉ាដ៍ (The Sydney Morning Herald) ឲ្យ​ដឹង​ថា សាស្ត្រាចារ្យ​មួយ​រូប​នៃ​សាកលវិទ្យាល័យ​ជាតិ​អូស្ត្រាលី (ANU) ចោទ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា​រំលោភ​បំពាន​សិទ្ធិ​មនុស្ស ដូចជា​រំលោភ​យក​ដី​ប្រជាជន និង​កាត់​បន្ថយ​សេរីភាព​បញ្ចេញ​មតិ។ សាស្ត្រាចារ្យ​រូប​នេះ​ក៏​និយាយ​ថា ឃាតកម្ម​លើ​បណ្ឌិត កែម ឡី ជា​ឃាតកម្ម​នយោបាយ។

ដោយឡែក​សារព័ត៌មាន អូភិន ឌិម៉ូក្រេស៊ី (Open Democracy) បាន​លើក​យក​ចម្រៀង «កុំ​ស្មាន​បង​ភ្លេច» របស់​លោក ស៊ិន ស៊ីសាមុត មក​ប្រៀបធៀប​ការ​ស្លាប់​របស់​បណ្ឌិត កែម ឡី។ លោក ស៊ិន ស៊ីសាមុត ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ជា​អធិរាជ​សំឡេង​មាស​តំណាង​ឲ្យ​បញ្ញវន្ត​ផ្នែក​តូរ្យតន្ត្រី។ លោក​ត្រូវ​បាន​ខ្មែរ​ក្រហម​ដែល​ស្អប់​អ្នក​ចេះ​ដឹង​សម្លាប់​កាល​ពី ៤០​ឆ្នាំ​មុន។ ៤០​ឆ្នាំ​ក្រោយ រឿងរ៉ាវ​កាប់​សម្លាប់​អ្នក​ចេះ​ដឹង​នេះ «កុំ​ស្មាន​បង​ភ្លេច» អូភិន ឌិម៉ូក្រេស៊ី (Open Democracy) រំឭក​ឡើង​វិញ​ថា លោក ស៊ិន ស៊ីសាមុត ត្រូវ​គេ​សម្លាប់​នៅ​ទី​ងងឹត​ក្នុង​របប​កុម្មុយនីស្ត ខណៈ​បណ្ឌិត កែម ឡី ត្រូវ​បាញ់​សម្លាប់​កណ្ដាល​ថ្ងៃ នៅ​ចំ​បេះដូង​នៃ​រដ្ឋ​ប្រជាធិបតេយ្យ ទីផ្សារ​សេរី។ ៤០​ឆ្នាំ​កន្លង​ផុត​ទៅ កម្ពុជា នៅ​ជា​កន្លែង​គ្រោះថ្នាក់​ពី​ការ​កាប់​សម្លាប់ ពិសេស​សម្រាប់​ជន​ណា​ដែល​ហ៊ាន​សុបិន្ដ​ពី​អនាគត​ផ្សេង​ពី​ពេល​បច្ចុប្បន្ន។

ជា​ចុង​ក្រោយ អូភិន ឌិម៉ូក្រេស៊ី (Open Democracy) សរសេរ​ថា ប្រសិន​បើ​គណបក្ស​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចង់​សាង​កេរ្តិ៍​ឈ្មោះ​សម្រាប់​ការ​បោះឆ្នោត​ពេល​ខាង​មុខ គេ​គួរ​បញ្ចប់​ការ​ការពារ​ក្រុម​អ្នក​មាន​គ្រាក់ៗ និង​ក្រុម​ស៊ី​ឈ្នួល​សម្លាប់ ហើយ​គួរ​ស្វាគមន៍​គំនិត និង​បែបបទ​ដឹកនាំ​ថ្មី ដើម្បី​អភិវឌ្ឍ​សម្រាប់​មនុស្ស​ជំនាន់​កើត​ក្រោយ​សម័យ​ខ្មែរ​ក្រហម។ អ្នក​បោះឆ្នោត​សម្រាប់​ឆ្នាំ​២០១៨ ភាគច្រើន​កើត​ក្រោយ​ពេល​ខ្មែរ​ក្រហម​ដួល​រលំ ដែល​ពួក​គេ​មិន​បាន​ឆ្លង​កាត់​ដោយ​ផ្ទាល់​នូវ​អំពើ​ព្រៃផ្សៃ​របស់​ខ្មែរ​ក្រហម តែ​ពួក​គេ​ក៏​នឹង​មិន​បំភ្លេច​សកម្មភាព​របស់​រដ្ឋាភិបាល​ពេល​បច្ចុប្បន្ន​នេះ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
មន្ត្រី​បក្ស​ប្រឆាំង​ថា លោក ហ៊ុន សែន បញ្ចេញ​សារ​រឿង​បដិសេធ​យុវជន​ម្នាក់​នៅ​ជប៉ុន​ស្នើ​សុំ​ធ្វើជា​ទីប្រឹក្សា​ជា​នយោបាយ​ប្រជាភិថុតិ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។