ក្រុមហ៊ុន​ចិន​មួយ​នៅ​សៀមរាប​ថា ខ្លួន​នឹង​មិន​ធ្វើ​កាស៊ីណូ​ទេ បើ​រដ្ឋាភិបាល​កម្ពុជា​មិន​អនុញ្ញាត

0:00 / 0:00

ក្រុមហ៊ុន​កាស៊ីណូ​ចិន ម៉ាកាវ លីចិន ដេវីឡុបមេន (Macau Legend Development) ដែល​មាន​បំណង​សាងសង់​រមណីយដ្ឋាន​ចម្រុះ​ខ្នាត​ធំ​មួយ​នៅ​ខេត្ត​សៀមរាប ថ្លែង​ថា ដី​ដែល​ក្រុមហ៊ុន​ខ្លួន​ទិញ​បាន​ស្ថិត​ក្នុង​ទីតាំង​ដ៏​ល្អ ហើយ​ថា គម្រោង​វិនិយោគ​របស់​ខ្លួន អាច​នឹង​ប្រព្រឹត្ត​ទៅ​ដោយ​មិន​មាន​កាស៊ីណូ បើសិនជា​រដ្ឋាភិបាល​កម្ពុជា​មិន​អនុញ្ញាត​ឱ្យ​មាន​កាស៊ីណូ នៅ​ខេត្ត​សៀមរាប​នោះ​ទេ។

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន លីចិន ដេវីឡុបមេន លោក ស្យ៊ែលដុន ត្រេនន័រ (Sheldon Trainer) ​​សារព័ត៌មាន Inside Asia Gambling ដកស្រង់​សម្ដី នៅ​ថ្ងៃ​ទី​២២ ឧសភា ថា ដី​ដែល​ក្រុមហ៊ុន​ខ្លួន​ទិញ​បាន មាន​ចម្ងាយ ៥០​គីឡូម៉ែត្រ​ពី​ប្រាសាទ​អង្គរ ហើយ​ស្ថិត​នៅ​ក្បែរ​ទីតាំង​អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី​របស់​ខេត្ត​សៀមរាប។ លោក​ចាត់​ទុក​ទីតាំង​នេះ ថា ជា​តំបន់​ដ៏​ល្អ សម្រាប់​គម្រោង​សាងសង់​រមណីយដ្ឋាន​ចម្រុះ (integrated resort) របស់​ក្រុមហ៊ុន​លោក។

ជាទូទៅ រមណីយដ្ឋាន​ចម្រុះ (integrated resort) ជា​ប្រភេទ​រមណីយដ្ឋាន​ខ្នាត​ធំ ដែល​មាន​កាស៊ីណូ សណ្ឋាគារ សាល​មហោស្រព សួន​កម្សាន្ត ភោជនីយដ្ឋាន និង ហាង​លក់ទំនិញ​ប្រណីត​ផ្សេងៗ​។ នៅ​ពេល​ក្រុមហ៊ុន​កាស៊ីណូ លីចិន ដេវីឡុបមេន ប្រកាស​ពី​បំណង​វិនិយោគ នៅ​ខេត្ត​សៀមរាប​ដំបូង កាលពី​ពាក់​កណ្ដាល​ឆ្នាំ​២០១៨ ក្រុមហ៊ុន​នេះ​មិនបាន​បញ្ជាក់​ថា​តើ រមណីយដ្ឋាន​ចម្រុះ​នោះ នឹង​មាន​រួម​បញ្ចូល​កាស៊ីណូ ឬ​យ៉ាងណា​នោះ​ទេ។

ប៉ុន្តែ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន លោក ស្យ៊ែលដុន ត្រេនន័រ (Sheldon Trainer) អះអាង​ប្រាប់​សារព័ត៌មាន Inside Asia Gambling ថា ប្រសិនបើ​ការសាងសង់​កាស៊ីណូ ក្នុង​ខេត្ត​សៀមរាប​ត្រូវ​បាន​ហាមឃាត់ គម្រោង​របស់​ក្រុមហ៊ុន​លោក​នឹង​ប្រព្រឹត្ត​ទៅ​ដោយ​មិន​ចាំបាច់​មាន​កាស៊ីណូ។

កាល​ពី​ដើម​ឆ្នាំ​២០១៩​នេះ ក្រុមហ៊ុន​កាស៊ីណូ Macau Legend Development ដែល​ចុះបញ្ជី​នៅ​ផ្សារ​ហ៊ុន​ហុងកុង បាន​ប្រកាស​ថា ក្រុមហ៊ុន​ខ្លួន​ទទួល​បាន​សិទ្ធិ​កាន់កាប់​ដី​សរុប​ប្រមាណ​១.២០០​ហិកតារ​ក្នុង​ខេត្ត​សៀមរាប ពី​ក្រុមហ៊ុន​មួយ​ក្នុង​ប្រទេស​កម្ពុជា​ឈ្មោះ ហូវីង (Howing) ក្នុង​តម្លៃ ៩០​លាន​ដុល្លារ​អាមេរិក។ ក្រៅពី​មាន​ផែនការ​វិនិយោគ​នៅ​ខេត្ត​សៀមរាប ក្រុមហ៊ុន​ប្រតិបត្តិការ​កាស៊ីណូ​នេះ ក៏​មាន​បំណង​ពង្រីក​អាជីវកម្ម​ខ្លួន​នៅ​ប្រទេស​ឡាវ និង​វៀតណាម​ផង​ដែរ។

ទោះបី​ក្រុមហ៊ុន​បង្ហាញ​សុទិដ្ឋិនិយម​ចំពោះ​គម្រោង​របស់​ខ្លួន​នៅ​ខេត្ត​សៀមរាប​ក៏ដោយ ក៏​មន្ត្រី​របប​ក្រុងភ្នំពេញ​អះអាង​ថា ខ្លួន​មិនទាន់​ទទួល​បាន​សំណើសុំ​វិនិយោគ​ពី​ក្រុមហ៊ុន​នោះ​នៅឡើយ​ទេ។អនុប្រធាន​អគ្គនាយកដ្ឋាន​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​គ្រប់គ្រង​អាជីវកម្ម​កាស៊ីណូ លោក រស់ ភិរុណ ថ្លែងប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​២៣ ឧសភា ថា រហូតមកដល់​ពេលនេះ ក្រសួង​មិន​ទាន់​ទទួល​បាន​ការ​ស្នើសុំ​វិនិយោគ​ពី​ក្រុមហ៊ុន​កាស៊ីណូ​ម៉ាកាវ​នោះ​នៅឡើយ​ទេ។ លោក​បញ្ជាក់​ថា បច្ចុប្បន្ន​ក្រសួង​មិន​មាន​គោលការណ៍​អនុញ្ញាត​ឱ្យ​មាន​អាជីវកម្ម​ល្បែងស៊ីសង ឬ កាស៊ីណូ​នៅ​ខេត្ត​សៀមរាប​ឡើយ៖ «បាទ​ ! ពាក់ព័ន្ធ​ទៅ​នឹង​ការ​ប្រកប​អចលនទ្រព្យ​អី​ផ្សេងៗ អាហ្នឹង​មិនជា​បញ្ហា​ទេ តែ​រឿង​កាស៊ីណូ គឺ​មិន​មាន​ទេ»។

កិច្ចព្រមព្រៀង​របស់​ក្រុមហ៊ុន Macau Legend Development និង​ក្រុមហ៊ុន Howing បញ្ជាក់​ថា ផ្ទៃដី​មួយ​ផ្នែក​ដែល​មាន​ទំហំ​ជិត ៨៤​ហិកតារ (៨៣.៨៨) នៃ​ផ្ទៃដី​សរុប​១.២០០​ហិកតារ ដែល​ក្រុមហ៊ុន​កាស៊ីណូ​ម៉ាកាវ ទទួល​បាន​សិទ្ធិ​កាន់កាប់​នោះ គឺជា​ដី​របស់​អាជ្ញាធរ​អប្សរា។ ក៏ប៉ុន្តែ អ្នកនាំពាក្យ​អាជ្ញាធរ​អប្សរា លោក ឡុង កុសល ថ្លែង​ថា លោក​មិន​ដឹង​អំពី​រឿង​នេះ​ឡើយ៖ «ខ្ញុំ​សុំទោស ខ្ញុំ​អត់​អាច​មាន​យោបល់​បានទេ ខ្ញុំ​អត់​ដឹង​រឿង»។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ បង្ហាញ​ការសង្ស័យ​ពី​តម្លាភាព​នៃ​គម្រោង​វិនិយោគ​ដ៏​ធំ​នេះ៖ «ការ​វិនិយោគ​ដែល​សូម្បីតែ​រដ្ឋាភិបាល​មិន​ទាន់​មាន​ព័ត៌មាន​ច្បាស់លាស់ យើង​មន្ទិល​ទៅលើ​ទម្រង់​នៃ​ការ​វិនិយោគ​ហ្នឹង​ថា តើ​របៀប​នៃ​ការ​ដំណើរការ​ការ​វិនិយោគ​ហ្នឹង ថា​តើ​វា​មាន​ពាក់ព័ន្ធ​អី​ខ្លះ​ជាមួយ​នឹង​ការ​វិនិយោគ​ដែល​មិន​ត្រឹមត្រូវ»។

លោក សន ជ័យ ជំរុញ​ឱ្យ​របប​ក្រុងភ្នំពេញ ពិនិត្យពិច័យ​ឱ្យ​បាន​ម៉ត់ចត់​អំពី​គម្រោង​របស់​ក្រុមហ៊ុន​កាស៊ីណូ​ម៉ាកាវ​មួយ​នេះ៖ «ការ​វិនិយោគ​នៅ​ខេត្ត​សៀមរាប​នេះ​គឺ ចាំបាច់​ត្រូវ​មាន​ភាព​ច្បាស់លាស់​នៃ​ការ​មិន​ធ្វើ​ឱ្យ​មានការ​ប៉ះពាល់​ដល់​តំបន់​អភិរក្ស តំបន់​គ្រប់គ្រង​របស់​អាជ្ញាធរ​អប្សរា​។ អ៊ីចឹង​ខ្ញុំ​យល់ថា ការពិនិត្យ​ពិច័យ​មុន​ឈាន​ទៅ​ដល់​ការ​វិនិយោគ​គឺជា​ចំណុច​ចាំបាច់»។

បច្ចុប្បន្ន កម្ពុជា​មាន​កាស៊ីណូ​ដែល​មាន​អាជ្ញាប័ណ្ណ​សរុប​ចំនួន​១៦៣ នៅ​ទូទាំង​ប្រទេស។ អាជីវកម្ម​កាស៊ីណូ​នេះ កំពុង​រីក​ដូច​ផ្សិត​ជាពិសេស​ក្នុង​ក្រុងព្រះសីហនុ ដែល​មាន​ជាង​១០០​កន្លែង​ក្នុង​នោះ​ភាគច្រើន​ជា​ការ​វិនិយោគ​របស់​ជនជាតិ​ចិន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។