ក្រសួងអប់រំបន្តបិទសាលារៀនដោយមិនកំណត់ពេល

ក្រសួងអប់រំ យុវជន និងកីឡា សម្រេចបិទសាលារៀនទាំងរដ្ឋ និងឯកជនគ្រប់កម្រិតបន្តទៅទៀត ដោយគ្មានពេលកំណត់ដោយអះអាងថា ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។ ក្រសួងបញ្ជាក់នៅក្នុងសេចក្តីណែនាំចុះថ្ងៃទី១៧ មេសាថា ការសម្រេចបន្តបិទសាលារៀននេះ គឺផ្អែកតាមរបាយការណ៍របស់ក្រសួងសុខាភិបាលស្តីពីស្ថានភាពរាតត្បាតនៃជំងឺកូវីដ-១៩។
ទន្ទឹមនឹងការប្រកាសបិទសាលារៀនបន្តទៅទៀតនេះ ក្រសួងអប់រំលើកទឹកចិត្តឱ្យសិស្ស-និស្សិត សិក្សាតាមប្រព័ន្ធអេឡិចត្រូនិក (E-learning) និងអនុវត្តវិធានការអនាម័យឱ្យបានជាប់ជាប្រចាំ។ ក្រសួងក៏ស្នើដល់មាតាបិតា និងអាណាព្យាបាលសិស្សគ្រប់រូប ត្រូវបន្តជំរុញកូនចៅឱ្យធ្វើស្វ័យសិក្សានៅតាមផ្ទះ សិក្សាតាមប្រព័ន្ធអេឡិចត្រូនិក និងមើលថែទាំកូនចៅឱ្យបានដិតដល់ កុំឱ្យឆ្លងជំងឺកូវីដ-១៩។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី គាំទ្រសេចក្ដីសម្រេចរបស់ក្រសួង ប៉ុន្តែអ្នកស្រីក៏ព្រួយបារម្ភអំពីការថយចុះគុណភាពសិក្សារបស់សិស្ស-និស្សិតដែរ ពីព្រោះការបិទសាលានេះ បានចាប់ផ្តើមអនុវត្តតាំងពីពាក់កណ្ដាលខែមីនាមកម្ល៉េះ និងត្រូវបន្តដោយមិនកំណត់ពេលវេលា។ ម្យ៉ាងវិញទៀត កន្លងមកឪពុកម្ដាយសិស្សខ្លះធ្លាប់លើកឡើងថា ពួកគេមិនមានចំណេះដឹងគ្រប់គ្រាន់ដើម្បីជួយបង្រៀនកូនៗទេ ហើយក៏គ្មានលទ្ធភាពភ្ជាប់បណ្ដាញអ៊ីនធឺណិតដើម្បីឱ្យកូនសិក្សាតាមប្រព័ន្ធអ៊ីនធឺណិតដែរ។
កម្ពុជាមានសាលារៀនចំណេះទូទៅទាំងរដ្ឋ និងឯកជនសរុបជាង១ ម៉ឺន ៤ពាន់កន្លែង (១៤.៩០៥) និងមានសិស្សចំនួនជាង ៣លាន ៤សែននាក់ (៣.៤០៧.៥២៩) ចំណែកគ្រឹះស្ថានឧត្ដមសិក្សារដ្ឋ និងឯកជនមានចំនួន ១២១កន្លែង ដោយមាននិស្សិតជាង ២សែននាក់ (២១១.៤៨៤)៕