ក្រសួង​ការងារ​អនុញ្ញាត​ឱ្យ​ជនបរទេស​ប្រកប​មុខរបរ​ដូច​ធម្មតា​វិញ ក្រោយ​ចេញ​បម្រាម​ជាង ​១ខែ

ដោយ ជី វិតា
2019-10-06
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​ អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ថ្លែង​ក្នុង​ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ នៅ​កោះពេជ្រ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី២៧ ខែ​តុលា ឆ្នាំ ២០១៨។
លោក​ អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ថ្លែង​ក្នុង​ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ នៅ​កោះពេជ្រ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី២៧ ខែ​តុលា ឆ្នាំ ២០១៨។
រូបថត៖ ហ្វេសប៊ុក​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ។

ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ អនុញ្ញាត​ឱ្យ​ជនបរទេស អាច​ប្រកប​មុខរបរ​រកស៊ី​នៅ​កម្ពុជា​ឡើងវិញ​ជា​ធម្មតា បន្ទាប់ពី​ចេញ​បម្រាម​ហាមឃាត់​មិន​ទាន់​បាន​ពីរ​ខែ​ផង។ សង្គម​ស៊ីវិល និង​សហជីព សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ការសម្រេចចិត្ត​របស់​ក្រសួង​ការងារ​នេះ ព្រោះ​ពួកគេ​យល់​ថា នេះ​ជា​ការ​បើក​ឱកាស​ឱ្យ​ជន​ជាតិ​​បរទេស​ដណ្ដើម​ការងារ​ពលរដ្ឋ​ខ្មែរ និង​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ចំណាកស្រុក​ទៅ​ក្រៅ​ប្រទេស​កាន់តែ​ច្រើន។

បន្ទាប់ពី​ហាមឃាត់​បរទេស​មិន​ឱ្យ​ប្រកបមុខរបរ​មួយ​ចំនួន​បាន​ជាង ​១​ខែ ស្រាប់តែ​ក្រសួង​ការងារ ​ប្រកាស​អនុញ្ញាត​ឱ្យ​ជន​បរទេស​​ប្រកប​មុខ​របរ​​គ្រប់​ប្រភេទ​​​ឡើងវិញ​។ សេចក្តី​ជូនដំណឹង​របស់​ក្រសួង​ការងារ ដែល​អាស៊ីសេរី​ទទួល​បាន​នៅ​ថ្ងៃ​ទី​៦ ខែ​តុលា បង្ហាញ​ថា ការអនុញ្ញាត​ឱ្យ​ជនបរទេស​ប្រកបមុខរបរ​គ្រប់​ប្រភេទ​ឡើងវិញ​នេះ ដោយសារ​តែ​មាន​តម្រូវការ​កម្លាំង​ពលកម្ម​ជំនាញ និង​ដើម្បី​លើកទឹកចិត្ត​ការ​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ទោះជា​យ៉ាងណា សេចក្តី​ជូនដំណឹង​ថ្មី​នេះ គឺ​ផ្ទុយ​ពី​សេចក្តី​ប្រកាស កាលពី​ថ្ងៃ​ទី​២៨ ខែ​សីហា​កន្លង​ទៅ ​ដែល​​ក្រសួង​​ការងារ​បាន​​ដាក់​​កំហិត​​មិន​​ឱ្យ​​ជន​​បរទេស​​ធ្វើការ និង​ប្រកបមុខរបរ​ចំនួន​១០​ប្រភេទ​នៅ​កម្ពុជា ដើម្បី​ការពារ​ទីផ្សារ​ការងារ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​។ មុខរបរ​ដែល​ស្ថិត​ក្នុង​បម្រាម​ទាំងអស់​នោះ​រួមមាន អ្នក​បើកបរ​​យានជំនិះ​គ្រប់​ប្រភេទ ជា​លក្ខណៈ​អាជីវកម្ម ការលក់ដូរ​ដោយ​មធ្យោបាយ​ថ្មើរជើង ឬ​យានជំនិះ​គ្រប់​ប្រភេទ ម៉ាស្សា និង​ចាប់​សសៃ​តាម​សាធារណៈ កាត់​សក់ អ៊ុត​សក់ ថែរក្សា​សម្ផស្ស សេវាកម្ម​ដេរ និង​សម្អាត​ស្បែកជើង ប៉ះ​កង់ ជួសជុល​យានយន្ត កាត់ដេរ ផលិត​វត្ថុ​អនុស្សាវរីយ៍​ខ្មែរ ផលិត​ឧបករណ៍​ភ្លេងខ្មែរ ផលិត​បាត្រ​លោក ព្រះ​ពុទ្ធរូប និង​ជាងទង និង​ជាង​ច្នៃ​ត្បូង​ពេជ្រ។

អាស៊ីសេរី មិន​អាច​សុំ​ការ​ពន្យល់​បន្ថែម​អំពី​រឿង​​​​​​​​នេះ ពី​រដ្ឋមន្ត្រី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្រសួង​ការងារ លោក អ៊ិត សំហេង និង​អ្នកនាំពាក្យ​ក្រសួង​ការងារ លោក ហេង សួរ បានទេ​នៅ​ថ្ងៃទី​០៦ តុលា ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នក​ទទួល។

ប្រធាន​សហព័ទ្ធ​សហជីព​កម្មករ​និយោជិក​វិស័យ​ទេសចរណ៍​សេវាកម្ម​កម្ពុជា លោក ម៉ម រិទ្ធី ថ្លែង​ថា នេះ​ជា​រឿង​គួរ​ឱ្យ​សោកស្ដាយ​​ដែល​ក្រសួង​ការងារ​ចេញ​សេចក្តី​​សម្រេច គ្មាន​ភាព​​​​​​​​​​​​​​​ជាក់លាក់​ដូច្នេះ​។ លោក​បន្ថែម​ថា ក្តី​រំពឹង​របស់​ពលរដ្ឋ​ដែល​ថា នឹង​​​​​​​​​​​​មាន​មុខ​របរ​សម​រម្យ ហើយ​មិន​មាន​ជនបរទេស​ដណ្ដើម​ការ​ងារ​ពី​ពួកគាត់​នោះ ត្រូវ​បាន​រលាយ​ទៅវិញ​ហើយ តាមរយៈ​សេចក្តី​ជូនដំណឹង​របស់​ក្រសួង​ការងារ​នេះ៖ «កន្លងមក យើង​មានការ​បារម្ភ​ថា ករណី​នេះ​ធ្វើ​ឱ្យ​បាត់បង់ ចំណូល​និង​បាត់​បង​មុខរបរ​រកស៊ី​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ ហើយ​នៅ​ពេល​ដែល​ក្រសួង​ហាមឃាត់​រួច ហើយ​បែរ​ជា​លុបចោល​វិញ​។ យើង​ខកចិត្ត​ខ្លាំង​ហ្មង ហើយ​ផល​ប៉ះពាល់​មិនមែន​តែមួយ​ផ្នែក​ទេ គឺ​យើង​រាប់ទាំង​ការងារ​ខាងក្រោម​តូចៗ គឺ​ជនបរទេស​យក​ធ្វើ​ឡើងវិញ​ទាំងអស់​។​ការងារ​អ៊ុតសក់ កាត់សក់ ធ្វើ​ក្រចក រុញ​រទេះ​លក់​តាម​ផ្លូវ សុទ្ធ​តែ​ជា​ការងារ​ដែល​ខ្មែរ​យើង​អាច​ធ្វើ​បាន ដូច្នេះ​ហេតុ​អី បានជា​លើកទឹកចិត្ត​ឱ្យ​ប្រជាពលរដ្ឋ​គេ​មក​រក​ស៊ី​មុខ​របរ​ទាំងនេះ​ទៅវិញ»

លោក ម៉ម រិទ្ធី បារម្ភ​ថា ការអនុញ្ញាត​ឱ្យ​ជនបរទេស​ប្រកប​របរ​រកស៊ី​ដោយ​ខ្លួនឯង​នេះ គឺជា​បើកឱកាស​ឱ្យ​ជនបរទេស​ដណ្ដើម​ការ​ងារ​ពី​ពលរដ្ឋ​ខ្មែរ ហើយ​គឺជា​ផ្នែក​មួយ​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ជាច្រើន​នាក់​អត់​ការងារ​ធ្វើ និង​នាំគ្នា​ធ្វើ​ចំណាកស្រុក​ទៅ​ក្រៅ​ប្រទេស​ទាំង​ប្រថុយប្រថាន៖ «បាត់​មុខរបរ​ទាំងនេះ​ហើយ​ធ្វើ​ឱ្យ​ប្រជាជន​ចំណាកស្រុក​កាន់ តែ​ច្រើន​ទៅៗ​។​យើង​មើល​ឃើញ​នៅ​ប្រទេស​ថៃ​វិញ គ្រាន់តែ​ខ្មែរ​យើង​រុញ​រទេះ​លក់​គេ​ចាប់​ភ្លាម គេ​មិន​បើក​ឱ្យ​យើង​រុញ​រទេះ​លក់​ទេ គេ​ត្រឹមតែ​ឱ្យ​យើង​ទៅ​ធ្វើ​កម្មករ​ស៊ីឈ្នួល​គេ​ទេ ហើយ​ធ្វើ​ការងារ ដែល​បាន​ប្រាក់ខែ​តិច​និង​ការងារ​ដែល​ប្រជាជន​គេ​មិន​ធ្វើ​ថែមទៀត​។​ហេតុ​អី​ទើប​គេ​ធ្វើ​អ៊ីចឹង ព្រោះ​គេ ចង់​ថែរក្សា​មុខរបរ​ឱ្យ​ប្រជាជន​របស់​គេ ។​ចុះ​យើង​ហេតុ​អី​មិន​ធ្វើ​ដូច​គេ»

ប្រធាន​សហជីព​ខាង​វិស័យ​ទេសចរណ៍​រូប​នេះ សង្ស័យ​ថា ការអនុញ្ញាត​ឱ្យ​ជនជាតិ​បរទេស​ប្រកបមុខរបរ​គ្រប់​ប្រភេទ​ឡើងវិញ​នេះ ប្រហែលជា​រដ្ឋាភិបាល​ក​ម្ពុ​ជា ទទួល​សំណើ​ពី​រដ្ឋាភិបាល​ចិន ឬរដ្ឋាភិបាល​វៀតណាម ដោយសារតែ​ពលរដ្ឋ​របស់​ប្រទេស​ទាំងពីរ​នេះ កំពុង​មាន​វត្តមាន​រកស៊ី​មុខរបរ ស្ទើរ​គ្រប់​ប្រភេទ​នៅ​កម្ពុជា​។ លោក​កត់សម្គាល់​ថា តំបន់​ដែល​ពួកគេ​ដណ្ដើម​ការងារ​ខ្មែរ​ច្រើន​ជាងគេ មាននៅ​រាជធានី​ភ្នំពេញ សៀមរាប និង​ក្រុងព្រះសីហនុ ដោយសារ​តំបន់​ទាំង​នេះ​​សំបូរ​​ជនបរទេស​រស់នៅ និង​មាន​កំណើន​សេដ្ឋកិច្ច​គ្រាន់បើ​ជាងគេ​នៅ​កម្ពុជា​។

រីឯ​អ្នក​សម្របសម្រួល​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស​ហៅ​កាត់​ថា សង់ត្រាល់ (CENTRAL) លោក ឃុន ថារ៉ូ លើកឡើង​ថា ចំណាត់ការ​របស់​ក្រសួង​ការងារ​កន្លងមក គឺ​គ្រាន់តែ​ដើម្បី​ឆ្លើយតប​ចំពោះ​ប្រតិកម្ម​របស់​សាធារណជន​មួយ​ភ្លែត​ប៉ុណ្ណោះ គ្មាន​ភាព​ប្រាកដ​ប្រជា​នោះ​ទេ​។ លោក​សង្កេត​ឃើញ​ថា ជនជាតិ​បរទេស មិន​ត្រឹម​តែ​មាន​សិទ្ធិ​ប្រកបមុខរបរ​គ្រប់​ប្រភេទ​ដូច​ពលរដ្ឋ​ខ្មែរ​ម្ចាស់​ប្រទេស​នោះ​ទេ ប៉ុន្តែ​សូម្បីតែ​ការងារ​ជំនាញ​ផ្សេង ៗ​ក៏​ពួកគេ​មាន​លក្ខខណ្ឌ​ការងារ​ល្អ និង​ប្រាក់ខែ​ខ្ពស់​ជាង​ពលរដ្ឋ​ខ្មែរ​ដែរ ទោះបីជា​ការងារ​និង​តួនាទី ដូចគ្នា​ក្ដី។ លោក​ស្នើសុំ​ឱ្យ​ក្រសួង​ការងារ​សិក្សា​ស្រាវជ្រាវ​ឱ្យ​បាន​ច្បាស់លាស់ ដើម្បី​ធានា​រក្សា​ទី ផ្សារ​ការងារ​សម្រាប់​ព​ល​រដ្ឋ​ម្ចាស់​ប្រទេស​ជា​អាទិភាព៖ «យើង​ត្រូវ​គិត​ថា ធម្មតា​ទីផ្សារ​សេរី​ហើយ​ក្នុង​បរិបទ​អាស៊ាន គឺ​យើង​មិន​អាច​រើសអើង​ការ​ប្រកប​វិជ្ជាជីវៈ​មុខរបរ​ទេ ប៉ុន្តែ​យើង​ត្រូវ​មាន​កំណត់​លក្ខខណ្ឌ​បែប​ណា ប្រភេទ​មុខរបរ​ណា កុំ​ឱ្យ​វា​ប៉ះពាល់​នឹង​ទីផ្សារ​ការងារ​ពលរដ្ឋ​ខ្មែរ​ដែល​គាត់​មាន​ជំនាញ​វិជ្ជាជីវៈ ប្រហាក់ប្រហែល​នឹង​កម្មករ​បរទេស​ដែរ។ ​មិន​ថា​ប្រទេស​ណា​នោះ​ទេ គឺ​គេ​មាន​កម្រិត​លក្ខខណ្ឌ​មួយ ដើម្បី​ធានា​ថា ការងារ​ក្នុង​ស្រុក ត្រូវ​ប្រគល់​ជូន​អាទិភាព​សម្រាប់​ម្ចាស់​ស្រុក​មិនមែន​ជនបរទេស នោះ​ទេ»

របាយការណ៍​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ចេញ​កាលពី​ខែ​មីនា ឆ្នាំ​២០១៩ បញ្ជាក់​ថា ក្នុង​ឆ្នាំ​២០១៨ ក្រសួង​បាន​ផ្តល់​បណ្ណែ និង​សៀវភៅ​ការងារ​ដល់​ជនបរទេស​ជាង​ ១៣​ម៉ឺន ៥​ពាន់​ (១៣៥.២០១)​ នាក់។

ប្រជាពលរដ្ឋ​មួយ​ចំនួន ក៏បាន​ប្រតិកម្ម​ចំពោះ​ការប្រកាស​របស់​ក្រសួង​ការងារ​នេះ​នៅ​លើ​បណ្តាញសង្គម​​ហ្វេសប៊ុក​ដែរ។ ពួកគេ​លើកឡើង​ថា គ្មាន​ប្រទេស​ណាមួយ​បើកដៃ​ឱ្យ​ជនបរទេស​រកស៊ី​គ្រប់ ប្រភេទ​នោះ​ទេ​។ ពួកគេ លើកឡើង​ថា ប្រជាពលរដ្ឋ​វៀតណាម និង​ជនជាតិ​ចិន កំពុងតែ​ហូរ​ចូល​យ៉ាង​គំហុក​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​រកស៊ី​និង​ធ្វើ​ការងារ​ស្ទើរ​គ្រប់​វិស័យ រាប់​ចាប់ពី​កាស៊ីណូ សណ្ឋាគារ ភោជនីយដ្ឋាន រហូតដល់​មុខរបរ​តូចតាច​ជាដើម ដែល​ទាំងអស់​នេះ បាន​បង្ក​ជា​ក្តី​កង្វល់​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​មូលដ្ឋាន​ដែល​ប្រកបមុខរបរ​ដូចគ្នា​។ ស្រប​ពេល​ជនបរទេស​សម្រុកចូល​មក​ដណ្ដើម​ការងារ​និង​មុខរបរ​នៅ​កម្ពុជា ពលរដ្ឋ​ខ្មែរ​រាប់​សែន​នាក់ កំពុង​ស្វែងរក​ការងារ​ធ្វើ​នៅ​បរទេស​។ ប្រជា​ពលករ​ខ្មែរ​ខ្លះ ត្រូវ​បាន​ថៅកែ​បរទេស រំលោភបំពាន​សិទ្ធិ​ការងារ កេងប្រវ័ញ្ច​កម្លាំង ពលកម្ម និង​រំលោភបំពាន​ផ្លូវ​ភេទ ហើយ​អ្នកខ្លះ​ត្រូវ​ជាប់គុក ​និង​បាត់បង់​ជីវិត​នៅ​ស្រុក​គេ​ទៀត​ផង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

fight all types corruption start from the rooftop to the bottom down to earth and stop blame game to other rather blame yourself

Why cde Ith Samheng is going crazy like wildlife roam on the street,one time said no more foreigner micro-businesses in Cambodia and next time he said;OK all foreigners micro-businesses can reopen as normally like before"that mentality ill".If,he and his rogue govm't authority not allowed,or allowed any legal or illegal migrants come to live in Cambodia at the first place,maybe those legal or illegal migrants not gonna do a business at all.Because,his apartheid govm't have a right to do at the first entry"immigration policy",if those migrants live there they have to do anything for living,or surviving,if u won't let them to do anything and how they can survive without food man?"think about it".The smart thing u have to create an internal revenue service"IRS"tax tax tax...everybody have to pay tax,if someone don't pay tax revenue or late due must face double fines,or suspense the license business,or face court,or jail.But,corruption is the root cause of all society levels and top priority to fight all kind of corruptions in human's society.

Oct 08, 2019 12:06 PM

Ith Samheng lacks leadership and failure to lead labour service department...kick him out and hire other in

It's hilarious discrimination by senior Hun Sen's minister labour service department"Ith Samheng"who ruled out to all foreigners small business to shut down beside of Cambodian pple"shaaaame on thug".That is call Cambodia communist democratic state who led by one-ma-rule and one-man-lead for life"HS".That's a stupid call minister who didn't even know anything how to do his job and lead the country.That mean this man has no capacity or qualified to be minister of labour service department,that why cause to many problems to lead and control the labor department and mind-boggling to say and shut down any foreigners small businesses in Cambodia rather to solve its problem"=problem solved".

Oct 06, 2019 02:20 PM

គេហទំព័រ​ទាំងមូល