សង្គម​ស៊ីវិល​បន្ត​ទទូច​ឲ្យ​រដ្ឋាភិបាល​ស៊ើប​អង្កេត​ពី​ការ​បាត់​ខ្លួន​យុវជន​ម្នាក់​នៅ​ផ្លូវ​វ៉េងស្រេង

ដោយ ថា កិត្យា
2017-08-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប៉ូលិស​ប្រោះ​ទឹក​លើ​បាតុករ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ពេល​បង្ក្រាប​ការ​តវ៉ា​នៅ​ផ្លូវ​វ៉េងស្រេង កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៤។
ប៉ូលិស​ប្រោះ​ទឹក​លើ​បាតុករ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ពេល​បង្ក្រាប​ការ​តវ៉ា​នៅ​ផ្លូវ​វ៉េងស្រេង កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៤។
RFA/Sek Bandith

អង្គការ​សិទ្ធិ​មនុស្ស ស្នើ​ឲ្យ​រដ្ឋាភិបាល​បន្ត​ស៊ើប​អង្កេត​ឲ្យ​បាន​ត្រឹមត្រូវ​លើ​ករណី​បាត់​ខ្លួន​យុវជន ខឹម សូផាត នៅ​ក្នុង​ហេតុការណ៍​កង​កម្លាំង​សមត្ថកិច្ច​បង្ក្រាប​កម្មករ ដែល​ធ្វើ​កូដកម្ម​កាល​ពី​ដើម​ខែ​មករា ឆ្នាំ​២០១៤ នៅ​ផ្លូវ​វ៉េងស្រេង។ ការ​ទទូច​ជា​ថ្មី​នេះ ធ្វើ​ឡើង​នៅ​ក្នុង​ទិវា​អនុសញ្ញា​អន្តរជាតិ​ស្ដីពី​ការ​ការពារ​ជន​គ្រប់​រូប​ពី​ការ​បាត់​ខ្លួន​ដោយ​បង្ខំ នៅ​ថ្ងៃ​ទី​៣០ ខែ​សីហា។ រីឯ​គ្រួសារ​ជន​រងគ្រោះ ថា​ពួក​គេ​គ្មាន​ជំនឿ​លើ​រដ្ឋាភិបាល​ឡើយ ខណៈ​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ បញ្ជាក់​ដដែល​ថា ករណី​នេះ​អាជ្ញាធរ​នៅ​តែ​បន្ត​ស្រាវជ្រាវ។

ស្រប​ពេល​ដែល​ពិភពលោក​ទាំងមូល​រំឭក​ទិវា​អនុសញ្ញា​អន្តរជាតិ​ស្ដីពី​ការ​ការពារ​ជន​គ្រប់​រូប​ពី​ការ​បាត់​ខ្លួន​ដោយ​បង្ខំ អង្គការ​សង្គម​ស៊ីវិល​លេច​មុខ​សាជាថ្មី​ទៀត អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា គោរព​កាតព្វកិច្ច​របស់​ខ្លួន​ក្នុង​នាម​ជា​ប្រទេស​ភាគី​នៃ​អនុសញ្ញា​នេះ ដោយ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បើក​ការ​ស៊ើប​អង្កេត​ការ​បាត់​ខ្លួន​របស់​យុវជន ខឹម សូផាត។

ប្រធាន​គ្រប់គ្រង​ផ្នែក​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា មិន​មែន​តែ​អង្គការ​សង្គម​ស៊ីវិល​នៅ​ក្នុង​ស្រុក និង​គ្រួសារ​នោះ​ទេ ពោល​គឺ​អង្គការ​សហប្រជាជាតិ ក៏​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​បន្ត​ស៊ើប​អង្កេត​រក​ព័ត៌មាន​នៃ​ការ​បាត់​ខ្លួន​យុវជន ខឹម សូផាត នេះ​ដែរ«ជា​ភាគី​នៃ​អនុសញ្ញា​នេះ រដ្ឋាភិបាល​ត្រូវ​តែ​មាន​កាតព្វកិច្ច​ក្នុង​ការ​អនុវត្ត គឺ​បង្កើត​ជា​គណៈកម្មការ​ស៊ើប​អង្កេត និង​ស្រាវជ្រាវ​ចំពោះ​ករណី​បាត់​ខ្លួន​យុវជន ខឹម សូផាត នេះ ដើម្បី​ផ្តល់​ព័ត៌មាន​ទៅ​ក្រុម​គ្រួសារ​ផង និង​ដើម្បី​ឆ្លើយតប​ទៅ​គណៈកម្មការ​បាត់​ខ្លួន​របស់​អង្គការ​សហប្រជាជាតិ»

យុវជន ខឹម សូផាត អាយុ ១៦​ឆ្នាំ បាន​បាត់​ខ្លួន​យ៉ាង​អាថ៌កំបាំង​នៅ​ក្នុង​ព្រឹត្តិការណ៍​បង្ក្រាប​បង្ហូរ​ឈាម​របស់​កម្លាំង​សមត្ថកិច្ច​រដ្ឋាភិបាល កាល​ដើម​ខែ​មករា ឆ្នាំ​២០១៤ ដើម្បី​ប្រឆាំង​ការ​តវ៉ា​របស់​ក្រុម​កម្មករ​ដែល​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល ១៦០​ដុល្លារ​ក្នុង​មួយ​ខែ​នៅ​ពេល​នោះ នៅ​លើ​ផ្លូវ​វ៉េងស្រេង ក្រុង​ភ្នំពេញ។ ទោះ​យ៉ាង​ណា មិត្តភ័ក្ដិ​ដែល​រួម​ការងារ​ជាមួយ​យុវជន ខឹម សូផាត អះអាង​ថា ពួក​គេ​បាន​ឃើញ​កម្លាំង​បង្ក្រាប​របស់​រដ្ឋាភិបាល​បាញ់​ឲ្យ ខឹម សូផាត ដេក​ដួល​លើ​ដី ហើយ​មាន​រថយន្ត​មួយ​គ្រឿង​ដឹក​ចេញ​ទៅ។

ឪពុក​របស់​យុវជន ខឹម សូផាត គឺ​លោក ខឹម សឿន និយាយ​ថា លោក​មិន​មាន​ជំនឿ​ទៅ​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន ថា​អាច​ស្វែងរក​កូន​របស់​លោក​ឃើញ ឬ​ផ្តល់​យុត្តិធម៌​ដល់​គ្រួសារ​របស់​លោក​ឡើយ ព្រោះ​កូន​ប្រុស​របស់​លោក​បាន​បាត់​ខ្លួន​ក្រោម​ស្នាដៃ​បង្ក្រាប​របស់​កម្លាំង​សមត្ថកិច្ច​រដ្ឋាភិបាល«ខ្ញុំ​ដូចជា​អត់​ទុក​ចិត្ត​ទេ ប្រៀប​ដូចជា​ចោរ​ដែល​លួច ហើយ​មិន​ប្រាប់​យើង​ងាយ​នោះ។ វា​យក​ទៅ​លាក់​ហើយ វា​មិន​ប្រាប់​ថា​យក​ទៅ​ចោល​ទីនេះ​ទីនោះ​ទេ»

បើ​ទោះ​បី​ជា​គេ​មើល​ឃើញ​ថា មួយ​រយៈពេល​ចុង​ក្រោយ​នេះ លោក ហ៊ុន សែន បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​កម្មករ​ក្នុង​វិស័យ​កាត់ដេរ ដោយ​លោក​តែងតែ​ចុះ​ជួប​សួរ​សុខ​ទុក្ខ​កម្មករ​តាម​រោងចក្រ និង​ផ្តល់​អត្ថប្រយោជន៍​ការងារ​ផ្សេងៗ​ក្តី ប៉ុន្តែ​លោក ខឹម សឿន លើក​ឡើង​ថា អ្វី​ដែល​លោក ហ៊ុន សែន ធ្វើ​គ្រាន់​តែ​ជា​នយោបាយ​ភូត​កុហក​កម្មករ​ប៉ុណ្ណោះ ព្រោះ​គ្រា​ដែល​កូន​របស់​លោក​ទាមទារ​ដំឡើង​ប្រាក់ខែ​កាល​ពី​ឆ្នាំ​២០១៤ រដ្ឋាភិបាល​ពុំ​បាន​អើពើ​ឡើយ«កាល​មុន​បើ​ធ្វើ​តែ​អ៊ីចឹង កូន​ខ្ញុំ​មាន​ទៅ​បាត់​អី! ហើយ​ក្រុម​គ្រួសារ​ខ្ញុំ​គឺ​មិន​បែកបាក់​គ្នា​ទេ តែ​ដល់​តែ​ពេល​កូន​ខ្ញុំ​បាន​បាត់​ហើយ បាន​ទើប​ធ្វើ​ដំឡើង​ប្រាក់ខែ​ឲ្យ​កម្មករ»

លោក ខឹម សឿន រៀបរាប់​ថា គ្រួសារ​របស់​លោក​នៅ​តែ​រន្ធត់​ចិត្ត និង​នៅ​តែ​នឹក​រលឹក​កូន​យ៉ាង​ខ្លាំង ដែល​បាត់​ខ្លួន​សូន្យឈឹង ហើយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ក៏​មិន​ដែល​សួរនាំ និង​ផ្តល់​ដំណឹង​អ្វី​ដល់​រូប​លោក​ជុំវិញ​ការ​បាត់​ខ្លួន​កូន​របស់​លោក​នោះ​ដែរ។

ទាក់ទង​ការ​បាត់​ខ្លួន​របស់​យុវជន ខឹម សូផាត នេះ​ដែរ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បញ្ជាក់​ថា សមត្ថកិច្ច​មិន​បាន​ព្រងើយ​កន្តើយ​ចំពោះ​បញ្ហា​នេះ​ឡើយ ប៉ុន្តែ​ការ​ស្រាវជ្រាវ​កន្លង​ទៅ រក​ពុំ​ឃើញ​អ្វី​ឡើយ។ ទន្ទឹម​គ្នា​នេះ លោក​បាន​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​នេះ​ទៅ​ខាង​អ្នក​ដឹកនាំ​ធ្វើ​បាតុកម្ម​កាលណោះ ដែល​លោក​អះអាង​ថា​មាន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មួយ​ចំនួន​ដូចជា​លោក ហូរ វ៉ាន់ ជាដើម។ ទោះ​យ៉ាង​ណា លោក ខៀវ សុភ័គ បដិសេធ​មិន​ឆ្លើយ​សំណួរ​របស់​អាស៊ីសេរី​ដែល​សួរ​ប្រដេញ​ទៀត​នោះ​ឡើយ«យើង​មាន​ការ​សោកស្តាយ​ចំពោះ​ការ​បាត់​ខ្លួន​ក្មួយ​ម្នាក់​នេះ ហើយ​ប្រសិន​បើ​យើង​ធ្វើ​ការ​ស៊ើប​អង្កេត ទាល់​តែ​យើង​កោះ​ហៅ​លោក ហូរ វ៉ាន់ ឬ​ក៏​អ្នក​ដែល​ពាក់ព័ន្ធ​ដឹកនាំ​ធ្វើ​បាតុកម្ម​មក​សួរ»

អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយតប​ពី​លោក ហូរ វ៉ាន់ បាន​ឡើយ ដោយ​ទូរស័ព្ទ​របស់​លោក​មិន​អាច​ទាក់ទង​បាន។ ចំណែក​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ថា​កំពុង​ជាប់​រវល់​ប្រជុំ។

ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ ដែល​ជា​ជន​រងគ្រោះ​មួយ​រូប និង​ថែម​ទាំង​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ឃុំ​ខ្លួន​ផង​នោះ ថ្លែង​ថា អាជ្ញាធរ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​បាត់​ខ្លួន​យុវជន ខឹម សូផាត ព្រោះ​ករណី​បាត់​ខ្លួន​យុវជន ខឹម សូផាត កើត​ឡើង​ក្នុង​ពេល​ដែល​កម្លាំង​សមត្ថកិច្ច​កំពុង​បើក​ប្រតិបត្តិការ​បង្ក្រាប​លើ​កម្មករ«ខ្ញុំ​គិត​ថា​អាជ្ញាធរ​អ្នក​បង្ក្រាប​ទេ ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​ដែល​ធ្វើ​ឲ្យ​មាន​ការ​បាត់​ខ្លួន និង​រង​របួស ក៏ដូចជា​បាត់បង់​ជីវិត​មួយ​ចំនួន»

របាយការណ៍​របស់​អង្គការ​មិន​មែន​រដ្ឋាភិបាល ឲ្យ​ដឹង​ថា ព្រឹត្តិការណ៍​បាញ់​បង្ក្រាប​បង្ហូរ​ឈាម​មួយ​កាល​ពី​ដើម​ខែ​មករា ឆ្នាំ​២០១៤ នៅ​ផ្លូវ​វ៉េងស្រេង យ៉ាង​ហោច​ណាស់​មាន​កម្មករ ៤​នាក់​ត្រូវ​នគរបាល​បាញ់​សម្លាប់ និង​មួយ​ចំនួន​ទៀត​រង​របួស ហើយ​អ្នក​ខ្លះ​ក្នុង​ចំណោម​នោះ ត្រូវ​ប្រឈម​មុខ​បាត់បង់​កាយ​សម្បទា។ ក្រៅ​ពី​នេះ យុវជន ខឹម សូផាត ត្រូវ​បាត់​ខ្លួន​រហូត​មក​ទល់​សព្វថ្ងៃ​នេះ។ ទន្ទឹម​នឹង​នេះ មាន​មន្ត្រី​អង្គការ សមាគម និង​កម្មករ​ចំនួន ២៣​នាក់​ផ្សេង​ទៀត ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ចន្លោះ​ពី ៤​ឆ្នាំ​ទៅ ៤​ឆ្នាំ និង ៦​ខែ។ ប៉ុន្តែ​ដោយ​មាន​ការ​សម្របសម្រួល​ផ្នែក​នយោបាយ អ្នក​ទាំងនោះ​ត្រូវ​ដោះលែង​វិញ​ដោយ​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​ប្រមាណ ៥​ខែ ហើយ​ទោស​ដែល​នៅ​សល់ ត្រូវ​ព្យួរ។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល យល់​ថា បើ​សិន​ជា​លោក​នាយក​រដ្ឋមន្ត្រី​ពិត​ជា​គិតគូរ​ដល់​កម្មករ​ជា​ធំ​មែន​នោះ លោក ហ៊ុន សែន ត្រូវ​តែ​ទាមទារ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ រួម​ទាំង​តុលាការ​រក​យុត្តិធម៌​ជូន​កម្មករ​នៅ​ផ្លូវ​វ៉េងស្រេង រួម​មាន​យុវជន ខឹម សូផាត ដែល​រង​ការ​បាញ់​ប្រហារ​ពី​កង​កម្លាំង​ប្រដាប់​អាវុធ​កាល​ពី​ឆ្នាំ​២០១៤ នោះ ព្រោះ​ពួក​គេ​សុទ្ធតែ​បាន​ចូលរួម​ទាមទារ​ផល​ប្រយោជន៍​សម្រាប់​កម្មករ​ក្នុង​វិស័យ​កាត់​ដេរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

ដើម្បីសន្លឹកឆ្នោត អ្វីក៏ធ្វើកើត
កម្មករចាំបានទេ ខែមករា២០១៤? គ្រាន់តែបាតុកម្មសុំ១៦០ដុល្លារមួូយខែ

Aug 31, 2017 07:39 AM

គេហទំព័រ​ទាំងមូល