អ្នកប្រើប្រាស់ហ្វេសប៊ុកស្នើឲ្យមានការស៊ើបអង្កេតករណីឃាតកម្មលើលោក កែម ឡី
2016.07.12
លោកបណ្ឌិត កែម ឡី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅឯស្ដារម៉ាត (Star Mart) ក្នុងស្ថានីយលក់ប្រេងឥន្ធនៈកាល់តិច (Caltex) ក្រុងភ្នំពេញ។ បន្ទាប់ពីឃាតកម្មលើបណ្ឌិត កែម ឡី ដែលជាអ្នករិះគន់ភាពអវិជ្ជមានរបស់រដ្ឋាភិបាលឥតសំចៃមាត់នោះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើន (Facebook) បញ្ចេញប្រតិកម្មជាបន្តបន្ទាប់។
អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក (Facebook) សម្ដែងការសោកស្ដាយ និងថ្កោលទោសដល់ការបាញ់សម្លាប់បណ្ឌិត កែម ឡី ព្រមទាំងស្នើឲ្យមានការស៊ើបអង្កេតឯករាជ្យលើឃាតកម្ម ដើម្បីផ្តល់ភាពយុត្តិធម៌ជូនរូបលោក។
អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកឈ្មោះ Nhem Makara ចាត់ទុកថា លោក កែម ឡី គឺជាមនុស្សស្លូតត្រង់ មានឧត្តមគតិ ជាធនធានដ៏កម្រសម្រាប់វឌ្ឍនភាពសង្គមខ្មែរ។ លោកហៅថាការបាត់បង់លោក កែម ឡី ពិតជារន្ធត់ចិត្តខ្លាំងណាស់។
អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកឈ្មោះ កែវ មនោ (Keo Muno) ចាត់ទុកថា ការបាត់បង់លោកបណ្ឌិត កែម ឡី គឺជាសោកនាដកម្មរបស់ប្រជាជនខ្មែរគ្រប់រូប។ លោកថា លោក កែម ឡី នៅតែស្ថិតក្នុងក្រអៅបេះដូងប្រជាជនខ្មែរទាំងក្នុងប្រទេស និងក្រៅប្រទេស អំពីវីរភាពរបស់លោកជារៀងរហូត។
ទន្ទឹមគ្នានេះ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Angkor Khmer លើកឡើងដែរថា លោកបណ្ឌិត កែម ឡី គឺជាមនុស្សដែលមានការត្រិះរិះពិចារណាយ៉ាងល្អិតល្អន់ ចេះគិតចេះវិភាគរកហេតុផលបានស៊ីជម្រៅជូនដល់ប្រជាពលរដ្ឋខ្មែរ និងសង្គម។
អ្នកប្រើប្រាស់ហ្វេសប៊ុកឈ្មោះ ថាវ រី ចូលចិត្តខ្មែរ បានចោទជាសំណួរថា ហេតុអ្វីពាក្យពិតមិនអាចនិយាយបាននៅក្នុងសង្គមបច្ចុប្បន្ននេះ? ហេតុអ្វីគ្រាន់តែលោក កែម ឡី គាត់និយាយតែពាក្យពិត ទើបត្រូវគេបាញ់សម្លាប់ដោយគ្មានមេត្តា? ហើយសម្លាប់តែអ្នកចេះ ទុកតែអ្នកល្ងង់នេះ ហើយសង្គមផ្ដាច់ការ ប្រជាធិបតេយ្យក្លែងក្លាយ អ្នកដែលធ្វើអំពើអាក្រក់កុំភ្លេចថាលើលោកនេះកម្មពៀរពិតជាមានមែន។
មិនតែប៉ុណ្ណោះ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកឈ្មោះ Phon Phoung និយាយដែរថា តើឲ្យប្រជាពលរដ្ឋខ្មែររំពឹងស្អីទៀត បើអ្នកចេះដឹងស្នេហាជាតិគិតតែបាញ់សម្លាប់ចោលបែបហ្នឹង។
ករណីនេះដែរ ម្ចាស់គណនីហ្វេសប៊ុក ច័ន្ទ សុធាវុធ (Sotheavuth Chan) សំណូមពរឲ្យអ្នកនយោបាយគ្រប់និន្នាការ ពិសេសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គិតគូរជីវភាពក្រុមគ្រួសារលោក កែម ឡី។ ជួយផ្គត់ផ្គង់ការសិក្សារបស់កូនលោក ឬអាចជំរុញឲ្យក្រុមគ្រួសារលោកទទួលបានសិទ្ធិជ្រកកោនផ្នែកនយោបាយនៅបរទេស។
អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកម្នាក់ទៀតឈ្មោះ Huy Sovan Panha ចាត់ទុករឿងនេះជារឿងនយោបាយ និងជារឿងឃាតកម្មគិតទុកមុន ព្រោះការបាញ់សម្លាប់លោក កែម ឡី កើតឡើងស្របពេលស្ថានការណ៍នយោបាយរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ កំពុងតានតឹង មុននឹងការបោះឆ្នោតឃុំ-សង្កាត់ និងបោះឆ្នោតជាតិមកដល់នៅឆ្នាំ២០១៧ និងឆ្នាំ២០១៨ ខាងមុខ។
រឿងឃាតកម្មការបាញ់សម្លាប់ទៅលើលោកបណ្ឌិត កែម ឡី កាលពីថ្ងៃអាទិត្យ នោះ អ្នកប្រើប្រាស់បណ្ដាញសង្គមម្នាក់ទៀតឈ្មោះ Channy Cambo Kh ដាក់ការសង្ស័យថា ករណីឃាតកម្មទៅលើលោក កែម ឡី ក៏អាចទាក់ទងនឹងរបាយការណ៍របស់ក្រុមហ៊ុន Global Witness ដែលលោកបណ្ឌិត កែម ឡី តាមដានស៊ើបអង្កេតដោយយកចិត្តទុកដាក់ទៅលើសំណុំរឿងរបស់ក្រុមហ៊ុនស៊ើបអង្កេតរឿងត្រកូល ហ៊ុន មានការពុករលួយជាលក្ខណៈប្រព័ន្ធនៅក្នុងជួររដ្ឋាភិបាល អំពីរឿងលុយរាប់សិបលានដុល្លារ។
ចំណែកគណនីហ្វេសប៊ុកឈ្មោះ Kim Da ឯណោះវិញយល់ថា អំពើឃាតកម្មនេះជាការគ្រោងទុកជាមុន មិនមែនជារឿងជំពាក់ប្រាក់នោះឡើយ ពិសេសគឺដោយសារការនិយាយចំៗរបស់លោក កែម ឡី កាលពីពេលកន្លងមក។ ម្ចាស់គណនីហ្វេសប៊ុករូបនេះយល់ថា ពន្លឺយុត្តិធម៌ពិតប្រាកដ គឺសង្ឃឹមតិចតួចណាស់សម្រាប់អ្នកវិភាគ និងអ្នកសិក្សាសង្គមរូបនេះ ប្រសិនបើពឹងផ្អែកលើការផ្តល់ជូនពីរាជរដ្ឋាភិបាលកម្ពុជា នោះ។ ម្ចាស់គណនីហ្វេសប៊ុករូបនេះ ចង់ឲ្យស្ថាប័នអន្តរជាតិស៊ើបអង្កេតបានល្អិតល្អន់រកមុខជនដៃដល់នៅពីក្រោយខ្នងឲ្យឃើញ ដើម្បីធានាបានយុត្តិធម៌ពិតប្រាកដជូនក្រុមគ្រួសារសព។
ទន្ទឹមគ្នានេះដែរ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Sokam Ousakphea បានអំពាវនាវឲ្យស្ថាប័នអន្តរជាតិចូលរួមស៊ើបអង្កេត ព្រោះអ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់នេះយល់ថា តុលាការស្រុកខ្មែរធ្វើការយឺតយ៉ាវ ដូចជាករណីបាញ់សម្លាប់លោកស្រី ពិសិដ្ឋ ពីលិកា លោក ឈុត វុទ្ធី និងលោក ជា វិជ្ជា ជាដើម ហើយលោកក៏គ្មានជំនឿលើតុលាការស្រុកខ្មែរថាអាចរកមុខឃាតកឃើញឡើយ។
ភ្លាមៗបន្ទាប់ពីខ្មាន់កាំភ្លើងបាញ់សម្លាប់បណ្ឌិត កែម ឡី ដែលជាអ្នកវិភាគសង្គមតែងរិះគន់ភាពអសកម្ម និងអវិជ្ជមានរបស់រដ្ឋាភិបាលកម្ពុជា នោះ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើន ក្រៅពីបានសរសេររៀបរាប់ពីគុណសម្បត្តិរបស់លោកនៅក្នុងគណនីហ្វេសប៊ុករបស់ខ្លួនហើយ ពួកគេក៏បានផ្លាស់ប្ដូរ Profile របស់ខ្លួន ជំនួសដោយរូបលោក កែម ឡី ដើម្បីកាន់ទុក្ខចំពោះលោក កែម ឡី។ មិនតែប៉ុណ្ណោះ មានអ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើនទៀត ក៏បាននិពន្ធកំណាព្យ និងចម្រៀងរៀបរាប់ពីស្នាដៃរបស់លោក កែម ឡី ទុកសម្រាប់ក្មេងជំនាន់ក្រោយថែមទៀត។
ក្រៅពីអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើនបង្ហាញការសោកស្ដាយនោះ គេក៏សង្កេតឃើញបណ្ដាអង្គការសង្គមស៊ីវិល គណបក្សប្រឆាំង និងស្ថានទូតបរទេស ព្រមទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានសម្ដែងការសោកស្ដាយ និងថ្កោលទោសចំពោះករណីឃាតកម្មលើលោក កែម ឡី នេះដែរ។
អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក (Facebook) នៅតែទទូចឲ្យស្ថាប័នឯករាជ្យ ទាំងជាតិ និងអន្តរជាតិ បើកការស៊ើបអង្កេតដោយឯករាជ្យ និងតម្លាភាពលើអំពើឃាតកម្មដើម្បីផ្តល់ភាពយុត្តិធម៌ដល់លោក កែម ឡី។ ក្រៅពីនេះ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកមួយចំនួន ក៏ស្នើឲ្យមានការសាងសង់រូបសំណាកលោកនៅទីសាធារណ: និងប្រមូលចងក្រងរាល់ស្នាដៃរបស់លោក កែម ឡី ទុកជាឯកសារសម្រាប់ជាប្រយោជន៍សង្គមជាតិ។
លោក កែម ឡី ត្រូវបានឃាតកបាញ់ឲ្យស្លាប់នៅព្រឹកថ្ងៃអាទិត្យ ទី១០ ខែកក្កដា ក្នុងហាងលក់ទំនិញស្ដារម៉ាត (Star Mart) ជិតស្ថានីយប្រេងឥន្ធនៈកាល់តិច (Caltex) ក្បែរភ្លើងស្តុបបូកគោ។ ភ្លាមៗក្រោយហេតុការណ៍បាញ់សម្លាប់លោក កែម ឡី សមត្ថកិច្ចបានចាប់ជនសង្ស័យមួយរូបដែលអះអាងថា ខ្លួនឈ្មោះ ជួប សម្លាប់។ បណ្ឌិត កែម ឡី ដែលទទួលមរណភាពក្នុងវ័យ ៥០ឆ្នាំ បានបន្សល់ទុកកូនប្រុស ៤នាក់ និងប្រពន្ធដែលកំពុងមានផ្ទៃពោះ ៥ខែ៕