លោក ស ខេង បញ្ជាឱ្យពិនិត្យការដ្ឋានសំណង់ឥតច្បាប់៥ទីតាំងនៅខេត្តព្រះសីហនុ

លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អះអាងថា គណៈកម្មការពិសេសរកឃើញ សំណង់ឥតច្បាប់ ៥ទីតាំងផ្សេងគ្នានៅខេត្តព្រះសីហនុ ហើយលោកបានបញ្ជាឱ្យពិនិត្យឡើងវិញពីភាពមិនប្រក្រតី រាល់ឯកសារពាក់ព័ន្ធទាំងអស់ ក្នុងដែនរដ្ឋបាលខេត្តនេះ ទាក់ទិនវិស័យសំណង់។ មន្ត្រីសង្គមស៊ីវិល ស្នើឱ្យអាជ្ញាធរបង្ហាញតម្លាភាព ពីដំណើរការស៊ើបអង្កេតករណីនេះ និងត្រូវមានវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់។
លោក ស ខេង ប្រាប់ក្រុមអ្នកកាសែត នៅកោះពេជ្រ ក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៦ មិថុនាថា សំណង់ឥតច្បាប់ដែលបានរកឃើញទាំងនេះ គឺជាហានិភ័យធំមួយ ដែលត្រូវពិនិត្យឡើងវិញ រាល់ឯកសារមិនប្រក្រីទាំងអស់ ឋិតក្នុងដែនសមត្ថកិច្ចខេត្តព្រះសីហនុ។ លើសពីនេះ ប្រសិនបើរកឃើញថា មានមន្ត្រីជំនាញណាពាក់ព័ន្ធ នឹងចាត់វិធានការជាក់ស្ដែងដែរ៖ «គ្រាន់តែយប់មិញយើងទទួលព័ត៌មានពីឯកឧត្ដម ជា សុផារ៉ា មកថា ៥កន្លែងកំពុងសាងសង់អត់មានច្បាប់។ ខ្ញុំបានណែនាំឱ្យត្រួតពិនិត្យ ឯកសាររដ្ឋបាលទាំងអស់របស់ខេត្តព្រះសីហនុ»។
ការស៊ើបអង្កេតគុណភាពអគារនេះ ដោយសារតែការបាក់អគាររបស់ក្រុមហ៊ុនចិនមួយកន្លែងនៅខេត្តព្រះសីហនុបណ្ដាលឱ្យមនុស្សស្លាប់ ២៨នាក់ និងរបួស ២៦នាក់។
មន្ត្រីសង្គមស៊ីវិល ស្នើឱ្យគណៈកម្មការត្រួតពិនិត្យគុណភាពសំណង់ បង្ហាញពីតម្លាភាពដល់សាធារណជន ហើយប្រសិនបើរកឃើញថា មានសំណង់ឥតច្បាប់ គ្មានគុណភាព ខ្វះស្តង់ដារ សាងសង់រំលោភផ្លូវសាធារណៈ និងប៉ះពាល់ឆ្នេរសមុទ្រត្រូវតែបិទការសាងសង់ និងត្រូវមានវិធានការច្បាប់ជាបន្ទាន់។
អនុប្រធានបណ្ដាញយុវជនកម្ពុជា លោក ស ម៉ូរី កំពុងរង់ចាំអ៊ុតមើលថា ប្រសិនបើអាជ្ញាធរមិនប្រើកណ្តាប់ដៃដែក ទប់ស្កាត់សំណង់ខុសច្បាប់នៅខេត្តព្រះសីហនុទេ លោកគ្មានសង្ឃឹមថា ការបង្កើតគណៈកម្មការពិសេសនេះនឹងមានប្រសិទ្ធភាពនោះទេ។ លោកថា គណៈកម្មការស៊ើបអង្កេតករណីនេះ ត្រូវតែចៀសឱ្យផុតពីការឃុបឃិតគ្នា និងប្រព្រឹត្តអំពើពុករលួយ នៅគ្រាដែលកំពុងបំពេញបេសកកម្មនេះ៖ «អាជ្ញាធរមិនចាត់វិធានការកណ្ដាប់ដៃដែក សំណង់ខុសច្បាប់ទាំងអស់នេះទេ។ ខ្ញុំមើលថា ការបង្កើតគណៈកម្មការនេះ អត់មានប្រសិទ្ធភាពទេ ហើយគណៈកម្មការនេះត្រូវចៀសផុតពី ការឃុបឃិតប្រព្រឹត្តអំពើពុករលួយជាដើម ក្នុងដំណើរការស៊ើបអង្កេតនេះបាទ»។
លោក ស ម៉ូរី បន្ថែមថា រាល់សំណង់ទាំងអស់ត្រូវតែធ្វើការវាយតម្លៃហេតុផល ប៉ះពាល់បរិស្ថាន និងសង្គមឱ្យបានត្រឹមត្រូវ មិនត្រឹមតែគិតពីបញ្ហាបច្ចេកទេស គុណភាព និងស្តង់ដារទេ។ លោកសង្កេតឃើញថា នៅគ្រាដែលកំណើតអគារកើនឡើងច្រើននៅក្រុងព្រះសីហនុ អាជ្ញាធរមិនបានស្ថាបនា ប្រព័ន្ធលូបង្ហូរទឹក និងប្រតិកម្មទឹកឱ្យបានត្រឹមត្រូវទេ បង្កឱ្យអគារសំណង់ខ្លះ បង្ហូរទឹកស្ទុយចូលសមុទ្រ៖ «ក្រសួងពាក់ព័ន្ធបានធ្វើអធិការកិច្ចវាយតម្លៃហេតុផលប៉ះពាល់បរិស្ថានដែរឬទេ? អ៊ីចឹងកន្លងមកបញ្ហាសាងសង់អាគារ មិនត្រឹមតែបច្ចេកទេសនៃការសាងសង់ មិនត្រឹមតែអាជ្ញាប័ណ្ណនៃការសាងសង់ទេ តែយើងមើលថា អាគារហ្នឹងវាប៉ះពាល់ដល់បរិស្ថាន និងសង្គមនៅតំបន់ជុំវិញហ្នឹងដែរអត់? រដ្ឋបាលខេត្ត និងក្រសួងពាក់ព័ន្ធត្រូវតែគិតគូរ»។
អាស៊ីសេរីបានទាក់ទង អ្នកនាំពាក្យក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ លោក សេង ឡូត ដើម្បីសុំការបំភ្លឺពីដំណើរការស៊ើបអង្កេតរបស់គណៈកម្មការជំនាញ ក៏ប៉ុន្តែទូរស័ព្ទហៅចូល គ្មានទទួល នៅថ្ងៃទី២៥ រហូតដល់ថ្ងៃទី២៦ មិថុនា។
ទាក់ទិនករណីនេះដែរ អង្គការចលនាមាតាធម្មជាតិ បានរកឃើញសំណង់ ៥ទីតាំង ឋិតនៅឆ្នេរឯករាជ្យ បានសាងសង់រំលោភឆ្នេរសមុទ្រផ្ទុយពីច្បាប់ធម្មនុញ្ញ និងច្បាប់ភូមិបាល។ ក្រុមយុវជនចលនាមាតាធម្មជាតិ លោក លី ចន្ទ្រតារ៉ាវុធ ថ្លែងក្នុងវីដេអូបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុកថា គ្រាន់តែឆ្នេរឯករាជតែមួយប៉ុណ្ណោះ មានអគារសំណង់ចំនួន ៥ទីតាំង សាងសង់ខុសច្បាប់៖ «ក្នុងឆ្នេរឯករាជតែមួយប៉ុណ្ណោះដែលខ្ញុំបានរាប់ មានអគារចំនួន ៥ ដែលកំពុងសាងសង់ដូចជា សណ្ឋាគារ និងកាស៊ីណូសិន ហោហួយ ផាលេស ដែលមានចម្ងាយពីសមុទ្រត្រឹម ១៩ម៉ែត្រ អាគារយក្សឈ្មោះប្លូបេ ៥៥ម៉ែត្រ សណ្ឋាគារ និងកាស៊ីណូ សាន់សាញប៊េ ៤៥ម៉ែត្រ សណ្ឋាគារ ណូវ៉ូធែល ហូលីដេ ផាលែស ១៦ម៉ែត្រ និងអាគារកាស៊ីណូ ហូលីដេ ផាលែស ត្រឹមតែ ១៨ម៉ែត្រប៉ុណ្ណោះ។ សារាចរណ៍ណែនាំ ស្ដីពីការអនុវត្តឆ្នេរសមុទ្រកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា ហាមមិនឱ្យសាងសង់ណាមួយក្នុងប្រវែង មិនក្រោម ១០០ម៉ែត្រ គិតពីចំណុចទឹកជោរ នៃទឹកសមុទ្រ។ ឯកឧត្ដមជា សុផារ៉ា ខណៈឯកឧត្ដមធ្លាប់មានស្វាហាប់ធ្លាប់បណ្ដេញប្រជាជនចេញពីតំបន់ឆ្នេរ»។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (Adhoc) ខេត្តព្រះសីហនុ អ្នកស្រី ជៀប សុធារី យល់ថា សំណង់អគារទាំងឡាយណា ដែលសាងសង់អត់ច្បាប់ និងមានភាពមិនប្រក្រតី មិនត្រឹមតែក្រុមហ៊ុនចិន និងក្រុមអ្នកម៉ៅការត្រូវទទួលខុសត្រូវទេ មន្ត្រីជំនាញពាក់ព័ន្ធក៏ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដែរ។ លោកស្រីថា បើគណៈកម្មការនេះ មិនហ៊ានចាត់វិធានការមន្ត្រីខិលខូចទេ លោកស្រីពុំមានជំនឿថា ដំណោះស្រាយបញ្ហានេះនឹងទទួលបានជោគជ័យទេ៖ «ទាមទារឱ្យមានការស៊ើបអង្កេតបន្តទៀត ហើយយើងគាំទ្រសម្រាប់ដំណើរការទាំងអស់ហ្នឹង ហើយចង់ឱ្យដំណើរការទាំងអស់ហ្នឹង បើរកឃើញហើយ សូមឱ្យមានការទទួលខុសត្រូវចំពោះមុខច្បាប់ទៅលើ អ្នកដែលពាក់ព័ន្ធទាំងអស់។ រឿងទាំងអស់ហ្នឹងមិនត្រឹមតែប៉ះពាល់តែក្រុមហ៊ុនចិន និងអ្នកម៉ៅការសាងសង់ទេ ជាពិសេសមន្ត្រីជំនាញដែលទទួលខុសត្រូវរឿងហ្នឹងឯង»។
ច្បាប់ភូមិបាលចែងថា ជនណាធ្វើឱ្យប៉ះពាល់ទ្រព្យសាធារណៈ នឹងត្រូវផ្ដន្ទាទោសវិន័យជាប្រាក់ ៥លានរៀល ដល់ ៥០លានរៀល និងត្រូវជាប់ពន្ធគារពី ១ឆ្នាំ ដល់ ៥ឆ្នាំ។ ទោះយ៉ាងណា មន្ត្រីសង្គមស៊ីវិលសង្កេតឃើញថា មានសំណង់អគារ ផ្ទះ សណ្ឋាគារ និងកាស៊ីណូមួយចំនួន បានសាងសង់រំលោភផ្លូវសាធារណៈ ទន្លេ និងឆ្នេរសមុទ្រស្ទើរតែគ្រប់ខេត្ត ក្រុង ក៏ប៉ុន្តែពួកគេមិនឃើញ អាជ្ញាធរចាត់វិធានការច្បាប់នៅឡើយទេ៕