សាសា​មាន​ជំនឿ​លើ​ប្រព័ន្ធ​តុលាការ​ស្រប​ពេល​លោក​ហ៊ុន​សែន​ចេញ​មុខ​អន្តរាគមន៍

ដោយ អ៊ុំ រង្សី
2015-07-17
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អតីត​ពិធី​ការិនី​ទូរទស្សន៍ កញ្ញា ឯក សុជាតា ហៅ សាសា ​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​ចេញ​ពី​ឆ្លើយ​បំភ្លឺ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​​ថ្ងៃទី១៧ ខែ​កក្កដា ឆ្នាំ​២០១៥។
អតីត​ពិធី​ការិនី​ទូរទស្សន៍ កញ្ញា ឯក សុជាតា ហៅ សាសា ​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​ចេញ​ពី​ឆ្លើយ​បំភ្លឺ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​​ថ្ងៃទី១៧ ខែ​កក្កដា ឆ្នាំ​២០១៥។
RFA/Um Raingsy

អតីត​ពិធីការិនី​ទូរទស្សន៍ ស៊ី.ធី.អិន (CTN) កញ្ញា ឯក សុជាតា ហៅ សាសា បាន​បង្ហាញ​ការ​ជឿ​ជាក់ និង​ក្តី​សង្ឃឹម​ទាំង​ស្រុង​លើ​ប្រព័ន្ធ​តុលាការ​កម្ពុជា។ ការ​បង្ហាញ​ក្តី​សង្ឃឹម​នេះ ធ្វើ​ឡើង​បន្ទាប់ពី​មាន​អន្តរាគមន៍​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ជំរុញ​ឲ្យ​លោក សុខ ប៊ុន បង្ហាញ​ខ្លួន​ចេញ​មុខ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់។ ករណី​នេះ ត្រូវ​បាន​សង្គម​ស៊ីវិល​ដែល​ពាក់ព័ន្ធ​នឹង​សិទ្ធិមនុស្ស ចាត់​ទុក​ថា តុលាការ​កម្ពុជា កំពុងតែ​បែងចែក​គម្លាត​អ្នក​មាន​និង​អ្នកក្រ និង​បន្ត​វប្បធម៌​និទណ្ទភាព​ក្នុង​សង្គម។

កញ្ញា សាសា ជឿ​ជាក់​ថា តុលាការ​នឹង​អាច​រក​យុត្តិធម៌​ជូន​នាង លើ​ករណី​ប្រើ​អំពើ​ហិង្សា​ពី​លោក សុខ ប៊ុន អតីត​នាយក​ក្រុមហ៊ុន សុខ ប៊ុន ហ្គ្រូប (SBG) និង​ក្រុមហ៊ុន​វាយ​តម្លៃ​អចលនវត្ថុ​នៅ​កម្ពុជា។​
​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​ពី​ឆ្លើយ​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ អស់​រយៈពេល​ជិត ២​ម៉ោង កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​កក្កដា កញ្ញា ឯក សុជាតា ឲ្យ​ដឹង​ថា កញ្ញា​បាន​ភ្ជាប់​ជាមួយ​ភស្តុតាង​ទាំង​អស់​ទាក់ទង​ករណី​អំពើ​ហិង្សា ដែល​បាន​ប្រព្រឹត្ត​ដោយ​លោក សុក ប៊ុន។

កញ្ញា​ជឿ​ថា យុត្តិធម៌​នឹង​កើត​មាន​ចំពោះ​អ្នក​រងគ្រោះ ដោយ​មិន​គិត​មាន​ក្រ​នោះ​ទេ៖ «ខ្ញុំ​សង្ឃឹម ១០០​ភាគរយ ទៅ​លើ​ភាព​យុត្តិធម៌ ព្រោះ​ច្បាប់​នៅ​ក្នុង​ស្រុក​មិន​ដូច​គេ​និយាយ​ថា​គ្មាន​យុត្តិធម៌​នោះ​ទេ ព្រោះ​តុលាការ​កំពុង​រឹត​បន្តឹង​ប្រព័ន្ធ​តុលាការ។ យុត្តិធម៌​ពិត​ជា​​មាន​សម្រាប់​ខ្ញុំ ដូច្នេះ​អ្នក​មាន អ្នកក្រ នឹង​ទទួល​បាន​យុត្តិធម៌​ស្មើ​គ្នា»

​ជាង​នេះ​ទៅ​ទៀត កញ្ញា​សប្បាយ​រីករាយ​នៅ​ពេល​មាន​ការ​ឈឺ​ឆ្អាល​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​បណ្ដា​មជ្ឈដ្ឋាន​ទាំង​អស់ ដែល​ជួយ​ជំរុញ និង​អន្តរាគមន៍​លើ​រឿង​នាង រហូត​ទទួល​បាន​ចំណាត់​ការ​ពី​តុលាការ។

កញ្ញា​បន្ត​ថា កន្លង​មក​កញ្ញា​តែងតែ​ឮ​ថា ប្រព័ន្ធ​តុលាការ​កម្ពុជា មិន​យុត្តិធម៌​នោះ​ទេ៖ «ខ្ញុំ​មិន​ដែល​ទៅ​មាន​រឿង​អី​ទៅ​ដល់​តុលាការ​អ៊ីចឹង​ទេ ហើយ​ខ្ញុំ​តែងតែ​ឮ​ថា តុលាការ​អយុត្តិធម៌ ខ្ញុំ​ចេះ​តែ​ព្រួយ​បារម្ភ តែ​មក​ឥឡូវ​រឿង​ខ្ញុំ នៅ​មិន​ទាន់​ស្ងាត់ បែរ​ជា​មាន​ការ​ជំរុញ​ពី​មជ្ឈដ្ឋាន​ទៅ​វិញ ខ្ញុំ​ជឿជាក់​លើ​យុត្តិធម៌ រឿង​ខ្ញុំ​សូម្បីតែ​កូនក្មេង​ក៏​គិត​ថា អយុត្តិធម៌​ដែរ»

​ទន្ទឹម​នឹង​នេះ មេធាវី កញ្ញា សាសា លោក ពុធ ធាវី បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​រឿង​ក្តី​កញ្ញា​ សាសា កំពុង​ស្ថិត​នៅ​ចៅក្រម​ស៊ើប​អង្កេត ហើយ​លោក​ជឿ​ថា ករណី​នេះ​តុលាការ​នឹង​ដោះស្រាយ​ឆាប់ៗ ហើយ​សង្ឃឹម​ថា ផ្អែកលើ​ភស្តុតាង និង​សាក្សី កូន​ក្តី​លោក​នឹង​ទទួល​បាន​យុត្តិធម៌៖ «រឿង​កូន​ក្តី​ខ្ញុំ មាន​ភស្តុតាង​នៅ​ក្នុង​ដៃ​អស់​ហើយ នៅ​ចាំ​តែ​តុលាការ​ស៊ើប​អង្កេត​បន្ត តែ​ទោះជា​យ៉ាង លទ្ធផល​នឹង​វិជ្ជមាន»

​ចំណែក​ឯ​មេធាវី លោក សុខ ប៊ុន ឯ​ណោះ​វិញ លោក យិន សុភី បាន​ឲ្យ​ដឹង​ថា លោក សុខ ប៊ុន និង​ត្រឡប់​មក​ពី​ទីក្រុង​ប៉ារីស ប្រទេស​បារាំង នៅ​ថ្ងៃ​ទី​២០ ខែ​កក្កដា ដើម្បី​បំភ្លឺ​នៅ​តុលាការ៖ «ពេល​គាត់​មក​ដល់ យើង​នឹង​រៀបចំ​ឲ្យ​គាត់​ទៅ​តុលាការ​អាស្រ័យ​លើ​បញ្ហា​សុខភាព​របស់​គាត់»

ករណី​លោក សុខ ប៊ុន ប្រើ​ហិង្សា​លើ​អតីត​ពិធីការិនី​ទូរទស្សន៍​កញ្ញា ឯក សុជាតា ត្រូវ​បាន​ចាប់​អារម្មណ៍​ពី​មជ្ឈដ្ឋាន​ទូទៅ ថែម​ទាំង​មាន​ការ​អំពាវនាវ​ពី​តំណាងរាស្ត្រ​បក្ស​ប្រឆាំង អង្គការ​ផ្នែក​ស្ត្រី និង​ចំណាត់​ការ​របស់​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល ហើយ​ចុង​ក្រោយ​ឈាន​ដល់​នាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវ​ឲ្យ​លោក សុខ ប៊ុន ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​នៅ​តុលាការ​ជា​បន្ទាន់។

​ជាង​នេះ​ទៀត លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដាស់​តឿន​លោក សុខ ប៊ុន មិន​ឲ្យ​មាន​ការ​ចរចា​ក្រៅ​ផ្លូវច្បាប់ ដើម្បី​បញ្ចប់​រឿង។ ចំណែក​តុលាការ​ក៏​បាន​ចេញ​ដីកា​ចាប់​ខ្លួន​លោក សុខ ប៊ុន ភ្លាមៗ​ដែរ។

ករណី​នេះ​ត្រូវ​បាន​ប្រធាន​ផ្នែក​សិទ្ធិមនុស្ស និង​ជំនួយ​ផ្នែក​ច្បាប់​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក នី ចរិយា លើក​ឡើង​ថា ចំណាត់​ការ​របស់​តុលាការ​នៅ​ពេល​នេះ មិន​មែន​ជា​រឿង​ចម្លែក​នោះ​ទេ ព្រោះ​កញ្ញា សាសា ជា​កូន​អ្នក​មាន​ឋានៈ​ក្នុង​សង្គម ពិសេស​មាន​ការ​អន្តរាគមន៍​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោក​ថា តុលាការ​គឺ​កំពុង​បង្ហាញ​ពី​ការ​បែងចែក​គម្លាត​ឋានៈ​ផ្សេង​គ្នា​រវាង​អ្នក​មាន និង​អ្នកក្រ និង​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​ពី​អ្នក​នយោបាយ។

លោក នី ចរិយា៖ «តុលាការ​កម្ពុជា គឺ​ជា​តុលាការ​ដែល​មាន​ស្តង់ដារ​ពីរ គឺ​ឲ្យ​តែ​អ្នក​មាន​អាច​ទទួល​បាន​យុត្តិធម៌​បាន តែ​សម្រាប់​កម្មករ​រោងចក្រ​ក្រីក្រ ដូចជា​ករណី​លោក ឈូក បណ្ឌិត បាញ់ តែ​មិន​ទទួល​បាន​យុត្តិធម៌​ពី​តុលាការ​នេះ»។

​អ្នក​សិទ្ធិមនុស្ស និង​អ្នកច្បាប់​រូប​នេះ​បាន​លើក​ឡើង​ទៀត​ថា នៅ​ពេល​ដែល​តុលាការ​បែងចែក​គម្លាត​អ្នក​មាន និង​អ្នកក្រ នឹង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​អស់​ជំនឿ​លើ​តុលាការ លើស​ពី​នេះ និង​កើន​ឡើង​ការ​ដោះស្រាយ​ក្រៅ​ប្រព័ន្ធ​តុលាការ​កាន់​តែ​ច្រើន ដូច្នេះ​តុលាការ​ត្រូវ​តែ​មាន​កំណែ​ទម្រង់​ដើម្បី​ពលរដ្ឋ​កម្ពុជា ទទួល​បាន​យុត្តិធម៌​ស្មើ​ភាព​គ្នា៖ «ដើម្បី​បង្ហាញ​ថា តុលាការ​ហ្នឹង​ឯករាជ្យ និង​ធានា​យុត្តិធម៌​ដល់​ពលរដ្ឋ​គ្រប់ៗ​គ្នា គឺ​គេ​បង្ហាញ​ថា ជនរងគ្រោះ​ជា​ជន​ក្រីក្រ គ្មាន​លទ្ធភាព​អ្វី​ទាំង​អស់ តែ​ពួកគេ​អាច​ទទួល​បាន​យុត្តិធម៌ នេះ​ហើយ​បាន​ជា​ម៉ែត្រ​វាស់​នៃ​ភាព​យុត្តិធម៌​បាន»

​វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​ពី​ភាគី​សាលាដំបូង​រាជធានី​ភ្នំពេញ ជុំវិញ​ការ​លើក​ឡើង​របស់​សង្គម​ស៊ីវិល​បាន​នៅ​ឡើយ​នៅ​ថ្ងៃ​ទី​១៧ ខែ​កក្កដា។

​ស្រប​ពេល​កញ្ញា ឯក សុជាតា បង្ហាញ​ជំនឿ​លើ​ប្រព័ន្ធ​តុលាការ​កម្ពុជា​នេះ អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​បាន​រិះគន់​កញ្ញា​ថា មាន​អាកប្បកិរិយា​មិន​ល្អ មិន​ផ្ដល់​តម្លៃ​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច និង​អ្នក​សារព័ត៌មាន​ទេ។ ពួកគេ​លើក​ឡើង​ថា អតីត​ពិធីការិនី​រូប​នេះ ធ្លាប់​បាន​បើក​រថយន្ត​ស៊េរី​ទំនើប​មាន​តម្លៃ​រាប់​ម៉ឺន​ដុល្លារ បុក​ម៉ូតូ​ជនជាតិ​បរទេស។ ពេល​នោះ​គេ​ឃើញ​កញ្ញា សាសា ប្រើប្រាស់​អាកប្បកិរិយា​មិន​សមរម្យ​ដាក់​អ្នក​សារព័ត៌មាន លើស​ពី​នេះ​អតីត​ពិធីការិនី​រូប​នេះ បែរ​ជា​មិន​ព្រម​ទទួល​ការ​សម្របសម្រួល​ពី​ប៉ូលិស​នោះ​ទេ បែរ​ជា​ព្យាយាម​សម្របសម្រួល​ជាមួយ​ជនបរទេស​តែ​ពីរ​នាក់​នោះ​ទៅ​វិញ។

​ឆ្លើយ​តប​នឹង​ការ​រិះគន់​នេះ អតីត​ពិធីការិនី កញ្ញា ឯក សុជាតា លើក​ឡើង​ថា ការ​ដែល​កញ្ញា​មិន​ព្រម​ឲ្យ​មាន​ការ​អន្តរាគមន៍​ពី​ប៉ូលិស​នៅ​ពេល​នោះ មិន​មែន​កញ្ញា​មិន​ជឿជាក់​លើ​ច្បាប់​នោះ​ទេ ហើយ​រឿង​នោះ​កញ្ញា​អះអាង​ថា កញ្ញា​មិន​បាន​បើក​​ទៅ​បុក​ម៉ូតូ​ជនបរទេស​នោះ​ទេ ផ្ទុយ​ទៅ​វិញ គឺ​ជនបរទេស​ទៅ​វិញ​ទេ ដែល​បាន​ជិះ​ម៉ូតូ​មក​បុក​រថយន្ត​របស់​នាង។

​កញ្ញា ឯក សុជាតា បញ្ជាក់​ថា ករណី​ទាំង​ពីរ​នេះ​មិន​ដូចគ្នា​ទេ ព្រោះ​រឿង​ករណី​បុក​ជនបរទេស ជា​ករណី​ចៃដន្យ និង​ខូចខាត​ទ្រព្យសម្បត្តិ​តិចតួច​អាច​សម្របសម្រួល​គ្នា​បាន។ តែ​រឿង​ករណី​ហិង្សា​នេះ ជា​រឿង​អាយុ​ជីវិត ដែល​តុលាការ​មិន​អាច​ឈរ​មើល​បាន​ឡើយ៖ «រឿង​បើកបរ​ជនបរទេស​ប៉ះពាល់​ទ្រព្យសម្បត្តិ​តិចតួច ហើយ​អាច​ដោះស្រាយ​គ្នា​ដោយ​សន្តិវិធី​បាន តែ​រឿង​ហិង្សា​នេះ គឺ​ជា​រឿង​អាយុ​ជីវិត ហើយ​បើ​ខ្ញុំ​បាត់បង់​ជីវិត​តើ​នរណា​អ្នក​ទទួល​ខុស​ត្រូវ?»

​ទាក់ទិន​នឹង​វិស័យ​យុត្តិធម៌​នៅ​កម្ពុជា នេះ​​នៅ​ក្នុង​សន្និសីទ​កាសែត កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មិថុនា កន្លង​ទៅ អ្នក​រាយការណ៍​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ លោក សុរិយ៉ា ស៊ូប៊ែឌី (Surya Subedi) បាន​រិះគន់​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា ថា​នៅ​តែ​មិន​ទាន់​មាន​ភាព​ឯករាជ្យ និង​មិន​ទាន់​ផ្តល់​យុត្តិធម៌​ពេញលេញ​ដល់​ជន​ក្រីក្រ​​នៅ​ឡើយ។

​ទោះ​ជា​យ៉ាង​ណា មាន​ករណី​អំពើ​ហិង្សា និង​ឃាតកម្ម​ជា​ច្រើន​ដែល​មិន​ទាន់​ទទួល​បាន​យុត្តិធម៌​នៅ​ឡើយ ដូចជា សកម្មជន​បរិស្ថាន លោក ឈុត វុទ្ធី មេដឹកនាំ​សហជីព​ដ៏​ល្បីល្បាញ លោក ជា វិជ្ជា ករណី​បាញ់​កម្មករ​នៅ​ស្វាយរៀង។ លើស​ពី​នេះ អ្នក​សិល្បៈ​ជា​ច្រើន​រូប​ទៀត ដែល​ក្នុង​នោះ​រួម​មាន​ករណី​ឃាតកម្ម​លើ​លោក​អ្នកស្រី ពិសិដ្ឋ ពិលីកា ការ​បាញ់​ប្រហារ​លើ កញ្ញា ទូច ស៊ុននិច កញ្ញា ពៅ បញ្ញាពេជ្រ និង​ករណី​ជះ​ទឹក​អាស៊ីដ​លើ​កញ្ញា តាត ម៉ារីណា កញ្ញា អ៊ិន សុលីដា និង​ករណី​ផ្សេងៗ​មួយ​ចំនួន​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (9)
Share

មាលា

ការណ៏ទាំងអស់នេះបង្ហាញថា ច្បាប់​និង​ការអនុវត្តន៏ នៅស្រុក​ខ្មែរ​ស្ថិតនៅ​ក្នុង​កណ្តាប់ដៃ​មនុស្ស​តែម្នាក់។ តើឥទ្ធិពលនេះជះដល់
បរិបទអ្នកវិនិយោគបរទេសយ៉ាងណា? បើឧកញ្ញាមួយចំនួនធំសុទ្ធ
តែជាអ្នកកាប់ដាវ មិនគិតតម្លៃថាខ្លួនជាមនុស្សប្រុស ជាខ្មែរ...តើ
អនាគតស្រុកទៅជាយ៉ាងណា?

Jul 19, 2015 03:23 AM

អ្នក​អាន​អនាមិក

Hun Sen need her to broadcast when next election coming

Jul 18, 2015 02:08 AM

អ្នក​អាន​អនាមិក

this is the first time I know CPP go after the criminal. she must be special, where does she have mold? must be in a special place!

Jul 18, 2015 02:05 AM

អ្នក​អាន​អនាមិក

អស្ចារ្យមែន !! សាសាគឺជា ជនការប្រយុទ្ធជើងចាស់ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម, និងហ្វេសប៊ុក។ នាងមានអំណាចខ្លាំងណាស់, និងមានឥទ្ធិពលរួបរួមនាយករដ្ឋមន្រ្តីតំនិងដាំណាងរាស្រ្តគណបក្សប្រឆាំងមកការពារនាង, ជម្លោះស្រវឹងជាមួយនឹងលោកឧកញ៉ាសុខប៊ុន នៅម៉ោង 1:30 ព្រឹកពេលកន្លងកណ្តាលអធ្រាត្រ។ សាសា មិនអាចទទួលយក $ 100,000ប្រាក់សំណង ប៉ុន្តែអាចប្រហែល ទទួលយក 5 លានដុល្លារអាមេរិកនាងបាននិយាយថានៅឈឺខាងក្នុងត្រចៀក។ Hm? ចំពោះជនរងគ្រោះស្ត្រីពីការវាយប្រហារទឹកអាស៊ីត និង ការបាញ់ប្រហារ កម្មករកម្មការិនីកាត់ដេរ នរណាម្នាក់បានមករការពារឬផ្តល់ឱ្យពួកគេ $ 10,000? ទេ, ប៉ុន្តែពួកគេមិនមែនជាតារាទូរទស្សន៍ដើលេងផឹកស៊ីលើសណ្តាលអធ្រាត្រ,បើកបររថយន្តថ្មីប៉ះភ្ញៀវទេសចរបរទេស,និងស្លៀកពាក់អាវសំពត់ខើចខ្លីខាងលើខាងក្រោម ។ ពួកគេមិនចេះចំណេះដឹងទាញយកយល់ពីអំណាចនៃប្រព័ន្ធផ្សព្វផ្សាយសង្គម។ លោកស្រីសាសាឥឡូគួរសមរុំទុំណាស់ពាក់វែនតានិងសម្លៀកបំពាក់ការសន្ទនា។ មានតែនៅក្នុងប្រទេសកម្ពុជាដែលមាននាយករដ្ឋមន្រ្តីរដ្ឋ,ដាំណាងរាស្រ្តគណបក្សប្រឆាំង និងប៉ូលិសអន្តរជាតិចូលរួមការដោះស្រាយការវាយតប់គ្នារនៅក្នុងរបារ។ តើមាននណាគេការពារជនក្រីក្រ, ជនរងគ្រោះស្ត្រីពីការវាយប្រហារទឹកអាស៊ីត និង ការបាញ់ប្រហារ កម្មករកម្មការិនីកាត់ដេរ ។ https://www.youtube.com/watch?v=ZZuLyG1Neyw

Jul 18, 2015 12:12 AM

អ្នក​អាន​អនាមិក

ពី Melbourne

We're humanbeing for Everyone.it can be risk victims who are not known anything because they're innocent people who will do wrong go to court and jail that's way,Army and police did cruelly to people why don't you arrest them such as shot the factoris workers on the street.

Jul 17, 2015 09:28 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល