សមត្ថកិច្ចខេត្តកំពង់ចាម នៅថ្ងៃសៅរ៍ ទី៦ មេសា ចាប់បានជនសង្ស័យ ដែលសម្លាប់ស្ត្រីវ័យចំណាស់ និងក្មេងស្រី អាយុ៦ឆ្នាំម្នាក់ ដោយកាត់ក្បាល និងយកដងខ្លួន នៃសាកសពទាំងពីរនាក់ ជីដូន និងចៅ ទៅផ្លុងចោលក្នុងព្រៃ នៅក្រោយផ្ទះរបស់ជនរងគ្រោះ។
គេហទំព័រអគ្គស្នងការនគរបាលជាតិបង្ហាញថា ជនសង្ស័យ ឈ្មោះ ស៊ឹម ខេង ភេទប្រុស អាយុ៥៥ឆ្នាំរស់នៅភូមិត្រពាំងបឹង ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ ជនសង្ស័យសារភាព ប្រាប់សមត្ថកិច្ចថា សម្លាប់ស្ត្រីទាំងពីរនាក់ ដោយសាររឿងគំនុំ។
អាស៊ីសេរី មិនទាន់អាចសុំការបញ្ជាក់បន្ថែមពី អធិការស្រុកព្រៃឈរ និងអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន បានទេ ដោយសារមិនទទួលទូរស័ព្ទ និងប្រព័ន្ធទូរស័ព្ទដំណើរការមិនល្អ មិនអាចស្ដាប់គ្នាបាន។
កាលពីថ្ងៃទី៣ មេសា ពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចថា ប្រទះឃើញសាកសពកំបុតក្បាល២នាក់ នៅក្នុងចម្ការ ក្រោយផ្ទះជនរងគ្រោះ ប្រហែល៣៥០ម៉ែត្រ ស្ថិតនៅភូមិទួលថ្ម ឃុំថ្មពូន ស្រុកព្រៃឈរ។ សមត្ថកិច្ចបានចុះទៅពិនិត្យនៅកន្លែងកើតហេតុ ឃើញសាកសពដាច់ក្បាល២នាក់ គឺសពស្ត្រីវ័យចំណាស់ ឈ្មោះ ពូ អូន អាយុ៦៥ឆ្នាំ នឹងក្មេងស្រី ឈ្មោះ ខេង សាវឿន អាយុ៦ឆ្នាំ ត្រូវជាជីដូន និងចៅស្រី ដែលត្រូវឃាតកកាត់ក្បាល សម្លាប់ទាំង២នាក់ ហើយបន្សល់ទុកដងខ្លួន នៅក្រោយផ្ទះជនរងគ្រោះ។ សមត្ថកិច្ច សន្និដ្ឋានថា សាកសពត្រូវឃាតក សម្លាប់នៅយប់ថ្ងៃទី២ មេសា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
