កម្លាំងសមត្ថកិច្ចចម្រុះមកពីស្នងការនគរបាលជាតិ ធនាគារជាតិកម្ពុជា និងស្នងការដ្ឋានរាជធានីភ្នំពេញ នៅថ្ងៃសុក្រទី១៧ ឧសភានេះ បានឃាត់ខ្លួនជនជាតិម៉ាឡេស៊ី ប្តីប្រពន្ធ ជាម្ចាស់ក្រុមហ៊ុន ម៉ាឡេស៊ី មួយកន្លែងឈ្មោះ GCG Asia និងបានបិទទីស្នាក់ការក្រុមហ៊ុននេះបណ្ដោះអាសន្ន បន្ទាប់ពីលោកហ៊ុន សែន បានបញ្ជាឱ្យអាជ្ញាធរធ្វើការស្រាវជ្រាវ និងស្វែងរកមុខជនខិលខូចមកផ្ដន្ទាទោសតាមច្បាប់។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៦ ខែឧសភា បានហៅទង្វើរបស់ក្រុមហ៊ុននេះថាធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ។
លោក ហ៊ុន សែន សរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) របស់លោក ដោយប្រតិកម្មទៅនឹងក្រុមហ៊ុនម៉ាឡេស៊ី ដែលមានឈ្មោះថា GCG Asia ដែលបានយករូបលោកទៅផ្សាយនៅលើវែបសាយរបស់ខ្លួន និងអះអាងថា លោក ហ៊ុន សែននឹងចូលរួមកាត់ខ្សែបូ សម្ពោធក្រុមហ៊ុននេះនៅថ្ងៃទី២០ ខែឧសភា ខាងមុខ។ លោក ហ៊ុន សែន ក៏បានបដិសេធចំពោះ ព័ត៌មានរបស់ក្រុមហ៊ុននេះ ដែលបានអះអាងថា មានសហប្រតិបត្តិការជាមួយនឹងធនាគារជាតិ និងធនាគារចិន ក្នុងការរកស៊ីប្ដូរប្រាក់អេឡិចត្រូនិក ឬហៅថា Crypto Currency។
ធនាគារជាតិនៃកម្ពុជា ក៏បានបដិសេធថា មិនបានពាក់ព័ន្ធ និងមិនដែលទទួលស្គាល់ក្រុមហ៊ុនឈ្មោះ GCG Asia នេះ ឱ្យដំណើរការនៅកម្ពុជានោះទេ។
អ្នកនាំពាក្យរបស់អគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន បានឱ្យអាស៊ីសេរីដឹងថា សមត្ថកិច្ចកំពុងសាកសួរប្រធានក្រុមហ៊ុននេះ ប៉ុន្តែមិនទាន់អាចផ្ដល់ព័ត៌មានបន្ថែមជុំវិញនីតិវិធីដែលសមត្ថកិច្ចនឹងត្រូវចាត់ការចំពោះម្ចាស់អាជីវកម្មនេះនៅឡើយទេ។ លោកបញ្ជាក់ថា ប្រសិនបើរកឃើញថា មានពិរុទ្ធភាព សមត្ថកិច្ចនឹងបញ្ជូនជនសង្ស័យទាំងនេះទៅតុលាការ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
