សមត្ថកិច្ចខេត្តសៀមរាប កំពុងសាកសួរជនជាតិចិន ទាំង១៦៣នាក់ ដែលឃាត់ខ្លួន កាលពីថ្ងៃទី២៧ មីនា នៅស្នងការនគរបាលខេត្ត។ សមត្ថកិច្ចអះអាងថា មានភស្តុតាងបញ្ជាក់ថា ជនសង្ស័យ ទាំងនោះ បានបើកការភ្នាល់ល្បែងស៊ីសងតាមអ៊ីនធឺណិត និងបើកការភ្នាល់ទីផ្សារភាគហ៊ុន នៅប្រទេសចិន។ សង្គមស៊ីវិល ស្វាគមន៍ចំណាត់ការរបស់សមត្ថកិច្ចខេត្តសៀមរាប និងស្នើឱ្យតាមដានរកខ្សែបណ្ដាញបន្តទៀត។
ស្នងការរងនគរបាលខេត្តសៀមរាប ទទួលបន្ទុកផែនអន្តោប្រវេសន៍ លោក ជា គឹមសាន ប្រាប់អាស៊ីសេរី ថា ដំបូងឡើយ តំណាងអយ្យការបានចោទប្រកាន់ជនជាតិចិនទាំងនោះ ពីបទបើកការភ្នាល់ល្បែងស៊ីសងតាមអ៊ីនធឺណិត។ ក្រោយមកសមត្ថកិច្ច រកឃើញភស្តុតាងក្នុងកុំព្យូទ័រ (Computer) ដែលដកហូតបាន គឺជនជាតិចិនទាំងនោះ បើកការភ្នាល់ល្បែងនេះ មិនមែនសម្រាប់នៅកម្ពុជាទេ គឺបើកភ្នាល់តាមអ៊ីនធឺណិត សម្រាប់ប្រជាជននៅប្រទេសចិន និងមានការបើកភ្នាល់ទីផ្សារភាគហ៊ុននៅចិនថែមទៀត។ សមត្ថកិច្ចខេត្តសៀមរាប គ្រោងនឹងបញ្ចប់នីតិវិធីសាកសួរ នៅល្ងាចថ្ងៃទី៣០ មីនា។
ស្នងការរងរូបនេះ ឱ្យដឹងថា ប្រតិបត្តិការលើកនេះ ប៉ូលិសមិនបានទទួលដំណឹង ឬការស្នើសុំពីរដ្ឋាភិបាលចិនទេ តែប៉ូលិសសំងាត់ខេត្តសៀមរាប បានតាមដាន ក្រុមជនជាតិទាំងនោះ ចំនួន ៣សប្ដាហ៍ មុនពេលប្រតិបត្តិការបង្ក្រាប៖ «យើងពិនិត្យភស្តុតាងលើកុំព្យូទ័របាទពួកគាត់ឆ្លងឆ្លើយទៅ ប្រទេសចិន តាម ប្រព័ន្ធ អ៊ីនធឺណេត មានការលេងភ្នាល់ភាគហ៊ុន សមត្ថកិច្ច យើងមានតម្រុយយើងតាមដានអស់រយៈពេល៣សប្ដាហ៍បាទ»។
សមត្ថកិច្ចខេត្តសៀមរាប កាលពីថ្ងៃទី២៨ មីនា បានបើកប្រតិបត្តិការ ចុះបង្ក្រាបបានជនជាតិ បានចំនួន ១៦៣នាក់ មានស្រី ៤០នាក់ និងកុំព្យូទ័រ ប្រមាណ ១៥០ គ្រឿង នៅក្នុងទីតាំងពីរកន្លែង ក្នុងភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប គឺបង្ក្រាបបានក្នុងពេលជនសង្ស័យទាំងនោះ កំពុងប្រព្រឹត្តបទល្មើស។
ស្នងការរងខេត្តសៀមរាប លោក ជា គឹមសាន មិនដឹងថា ក្រោយបញ្ចប់នីតិវិធីស៊ើបសួរ ជនជាតិចិនទាំង១៦៣នាក់នោះ នឹងត្រូវបញ្ជូនទៅដាក់ទោសនៅប្រទេសចិន ឬកម្ពុជាទេ ព្រោះត្រូវរង់ចាំមើលការសម្រេចពីថ្នាក់លើ។
អាស៊ីសេរី មិនអាចសុំការបញ្ជាក់ពីនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមហឿន និងអគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន បានទេ នៅថ្ងៃទី២៩ មីនា ដោយសារមិនមានអ្នកលើកទូរស័ព្ទ។ ប៉ុន្តែកន្លងមក សមត្ថកិច្ចកម្ពុជា តែងតែសហការជាមួយរដ្ឋាភិបាលចិន បញ្ជូនជនជាតិចិន ជាទ្រង់ទ្រាយធំទៅប្រទេសចិនទាំងអស់។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋសម្រាប់ការអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គីមអេង សម្ដែងការសោកស្ដាយចំពោះវត្តមានជនជាតិចិន ដែលចូលចិត្តយកទឹកដីកម្ពុជា មកប្រព្រឹត្តិបទល្មើស។ លោកថា ល្បែងភ្នាល់តាមអ៊ីនធឺណិត និងភ្នាល់ទីផ្សារភាគហ៊ុន នេះ ខុសច្បាប់ ទាំងនៅកម្ពុជា និងនៅប្រទេសចិន។
លោក យង់ គីមអេង ស្វាគមន៍ចំណាត់ការបង្ក្រាបជនជាតិចិនទាំងនេះ និងបន្តបង្ក្រាបឱ្យអស់បទល្មើសនេះនៅកម្ពុជា។ លោក យង់ គឹមអេង ពន្យល់ថា នៅពេលជនជាតិចិនទាំងនោះបើករកស៊ី ឬលេងល្បែងខុសច្បាប់ ពួកគេអាចធ្លាក់ខ្លួនជំពាក់បំណុលហើយ ត្រូវបង្ខំចិត្តប្រព្រឹត្តិបទល្មើសបន្ថែមទៀត ដើម្បីរកលុយ ដូចករណីចាប់ជំរិតជនជាតិចិនគ្នាឯង នៅខេត្តព្រះសីហនុ ឬឆក់ប្លន់ ពលរដ្ឋខ្មែរ ឬជនបរទេសផ្សេងទៀត ដែលកំពុងស្នាក់នៅកម្ពុជា៖ «ខ្ញុំថារឿងដែរសំខាន់ខ្ញុំគិតថា ចិនគេមានច្បាប់ទម្លាប់ប្រហែលជាគេតឹងរឹងដែរទើបយើងកំពុងពិភាក្សាគ្នាគួរតែបញ្ជូនទៅវិញឲ្យបានលឿនព្រោះបើទុកពួកគាត់ទាំងអស់នៅទីនេះ គឺវាមានការលំបាកដល់យើង។ ខាងយើងត្រូវចំណាយលុយហូបចុក ថ្លៃធ្វើដំណើរយើងត្រូវការដឹកគាត់ទៅតុលាការបង់ខាតច្រើនណាស់បាទអ៊ីចឹងមានតែប្រញាប់បញ្ជូនពួកគាត់ទៅប្រទេសគាត់វិញ»។
អាជ្ញាធរកម្ពុជា កាលពីឆ្នាំ២០១៨ បានបណ្ដេញជនជាតិចិន ជាង ៧រយ (៧០០)នាក់ ចេញពីកម្ពុជា ក្នុងចំណោមជនបរទេស ដែលត្រូវបណ្ដេញចេញ ជិត ១ម៉ឺន ៥ពាន់ (១៤.៩៦៥)នាក់ នៃ ៩១សញ្ជាតិ។ ជនជាតិចិន ដែលបណ្ដេញជាទ្រង់ទ្រាយធំ ចុងក្រោយ ចេញពីកម្ពុជា គឺកាលពីដើមខែធ្នូ ឆ្នាំ២០១៨ មានចំនួន ជាងពីររយ សាបសិប (២៣៥) នាក់ ជាប់ចោទពីបទឧក្រិដ្ឋកម្មចាប់ជំរិត តាមប្រព័ន្ធអ៊ីនធឺណិត ពីខេត្តតាកែវ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។