សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យ ២នាក់ប្តីប្រពន្ធ ករណីរំលោភសម្លាប់ក្មេង ២នាក់នៅព្រះសីហនុ
2019.06.02
សមត្ថកិច្ចជំនាញនៃក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងមូលដ្ឋាន និងអង្គការ CPU ឃាត់ខ្លួនបានជនសង្ស័យ២នាក់ប្ដីប្រពន្ធ នៅស្រុកមេសាង ខេត្តព្រៃវែង ពាក់ព័ន្ធនឹងករណីរំលោភសម្លាប់ក្មេង ២នាក់ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីចុងខែឧសភា។
ស្នងការនគរបាលខេត្តព្រះសីហនុ លោក ជួន ណារិន ប្រាប់អាស៊ីសេរី នៅថ្ងៃទី២ មិថុនាថា សមត្ថកិច្ចខេត្តព្រៃវែងបញ្ជូនខ្លួនជនសង្ស័យជាប្ដីឈ្មោះ មាង វិចិត្រ អាយុ ២៦ឆ្នាំ និងប្រពន្ធឈ្មោះ សំ សូរិយា អាយុ ២៦ឆ្នាំ ទៅកាន់ក្រសួងមហាផ្ទៃ ដើម្បីកសាងសំណុំរឿងបញ្ជូនបន្តទៅស្នងការដ្ឋានខេត្តព្រះសីហនុ ចាត់ការតាមនីតិវិធី៖ «បាទ! ទិសដៅយកមកដល់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃសិន ដើម្បីឱ្យយើងធ្វើការងារទទួលយកបន្តទៀតនៅខេត្តព្រះសីហនុ ប៉ុន្តែឥឡូវនេះកំពុងធ្វើដំណើរចេញពីខេត្តព្រៃវែង។ យើងមាននីតិវិធី ពេលវេលារបស់យើងនៅច្រើន ដែលយើងកំពុងរង់ចាំអនុវត្តនីតិវិធី។ អត់មានលំបាកអីទេ ខាងយើងខ្ញុំនឹងបន្តនីតិវិធីតាមផ្លូវច្បាប់»។
កាលពីថ្ងៃទី២៩ ឧសភា មានអំពើឃាតកម្មលើក្មេងស្រីអាយុ ១០ឆ្នាំ និងក្មេងប្រុសអាយុ ២ឆ្នាំ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ កុមារីជាបង ត្រូវឃាតកធ្វើទារុណកម្មរំលោភរហូតដល់ស្លាប់។ ចំណែកកុមារាជាប្អូន ត្រូវឃាតកវាយសម្លាប់ដើម្បីបំបិទមាត់ ក្រោយពេលឪពុកចេញទៅធ្វើការសំណង់នៅក្បែរផ្ទះ ហើយម្ដាយចេញទៅស៊ីឈ្នួលលាងចាននៅក្នុងភោជនីយដ្ឋានមួយ ដោយទុកឱ្យកូននៅលេងក្នុងផ្ទះតែពីរនាក់បងប្អូន។
របាយការណ៍របស់សមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) បង្ហាញថា ក្នុងឆ្នាំ២០១៨ករណី រំលោភកុមារក្រោមអាយុ ១៨ឆ្នាំមាន ៨៤ករណី ក្នុងនោះរំលោភសម្លាប់មាន ៣ករណី។ ហើយនៅដើមឆ្នាំ២០១៩ ករណីរំលោភកុមារ មាន ២៧ករណីក្នុងនោះរំលោភសម្លាប់មាន ២ករណី ប៉ុន្តែមិនទាន់បានបូកសរុបរបាយការណ៍ក្នុងខែឧសភាពេញលេញនៅឡើយ៕