អភិបាលក្រុងនៃសមាគមអាស៊ានជួបជុំគ្នាកសាងទីក្រុងឆ្លាតវៃប្រកបដោយនិរន្តរភាព
2022.12.04

អភិបាលក្រុង នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានជួបប្រជុំគ្នា នៅទីក្រុងភ្នំពេញ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការកសាងទីក្រុងឆ្លាតវៃអាស៊ាន ប្រកបដោយនិរន្តរភាពនៅក្នុងតំបន់។ អភិបាលក្រុងនៃក្រុមប្រទេសអាស៊ានដែលបានមកចូលរួមវេទិកាអភិបាលក្រុងអាស៊ាន រួមមាន កម្ពុជា ប្រ៊ុយណេ ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម។
ក្នុងពិធីបើកវេទិកាអភិបាលក្រុងអាស៊ាន ឆ្នាំ២០២២ កាលពីថ្ងៃទី២ ខែធ្នូ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា ទីក្រុងឆ្លាតវៃអាស៊ាន នឹងក្លាយជាប៉ូលដ៏សំខាន់សម្រាប់ការលើកកម្ពស់សេដ្ឋកិច្ចសង្គម អាជីវកម្ម ពាណិជ្ជកម្ម និងសកម្មភាពវិនិយោគ ព្រមទាំងផ្តល់ឱកាសការងារ និងអាជីវកម្មដល់ប្រជាពលរដ្ឋក្នុងតំបន់អាស៊ានទាំងមូល។ បន្ថែមពីនេះ ទីក្រុងឆ្លាតវៃអាស៊ាននេះ មានសក្ដានុពលក្នុងការដោះស្រាយបញ្ហារួម នៃការរៀបចំទីក្រុងតាមរបៀបច្នៃប្រឌិត ពង្រឹងភាពធន់ចំពោះហានិភ័យផ្សេងៗ និងជាពិសេសការកែលម្អសុខុមាលភាព និងវិបុលភាព នៃជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់។
លោក ហ៊ុន សែន ក៏ជំរុញឲ្យរដ្ឋបាលរាជធានី និងក្រុងអាស៊ានទាំងអស់ ធ្វើការរួមគ្នាដើម្បីពន្លឿន និងពង្រីកសក្ដានុពលនៃការតភ្ជាប់ និងសមាហរណកម្មទីក្រុងឆ្លាតវៃអាស៊ាន ដោយរួមគ្នាលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងប្រែក្លាយទីក្រុងបៃតង ដោយប្រើប្រាស់ធនធាន មានប្រសិទ្ធភាពជាងមុន។
បណ្ដាញទីក្រុងឆ្លាតវៃអាស៊ាន បានបង្កើតឡើងកាលពីឆ្នាំ២០១៨ និងកំពុងរួមចំណែកដើម្បីសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ និងរបៀបវារៈអង្គការសហប្រជាជាតិឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងរបៀបវារៈទីក្រុងថ្មីឆ្លាតវៃប្រកបដោយនិរន្តរភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។