ប្រធាន​មន្ទីរទេសចរណ៍​​ខេត្ត​ស្ទឹងត្រែង​ព្រមាន​បញ្ឈប់​អាជ្ញាប័ណ្ណ​មណ្ឌល​កម្សាន្ត​ដែល​ពុំ​មាន​ប្រព័ន្ធ​ការពារ​សុវត្ថិភាព

ដោយ ម៉ែន សុធីរ
2017-01-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្លឹប​កម្សាន្ត និង​មណ្ឌល​កម្សាន្ត​ខារ៉ាអូខេ​មួយ​នៅ​ខេត្ត​ស្ទឹងត្រែង ដែល​អាជ្ញាធរ​រក​ឃើញ​ថា ពុំ​ទាន់​មាន​ប្រព័ន្ធ​ការពារ​សុវត្ថិភាព​គ្រប់គ្រាន់។ រូបថត​ថ្ងៃ​ទី​៣១ មករា ឆ្នាំ​២០១៧។ RFA/Men Sothyr
ក្លឹប​កម្សាន្ត និង​មណ្ឌល​កម្សាន្ត​ខារ៉ាអូខេ​មួយ​នៅ​ខេត្ត​ស្ទឹងត្រែង ដែល​អាជ្ញាធរ​រក​ឃើញ​ថា ពុំ​ទាន់​មាន​ប្រព័ន្ធ​ការពារ​សុវត្ថិភាព​គ្រប់គ្រាន់។ រូបថត​ថ្ងៃ​ទី​៣១ មករា ឆ្នាំ​២០១៧។ RFA/Men Sothyr
RFA/Men Sothyr

មន្ទីរ​ទេសចរណ៍​ខេត្ត​ស្ទឹងត្រែង បាន​បង្កើត​ក្រុម​ការងារ​ចុះ​ត្រួត​ពិនិត្យ វាយ​តម្លៃ និង​ផ្សព្វផ្សាយ​ណែនាំ​ដល់​ម្ចាស់​អាជីវកម្ម មណ្ឌល​កម្សាន្ត​ខារ៉ាអូខេ និង​ក្លឹប​កម្សាន្ត នៅ​ខេត្ត​ស្ទឹងត្រែង ឲ្យ​បង្កើត​ប្រព័ន្ធ​ការពារ​សុវត្ថិភាព​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ជាយថាហេតុ។ មន្ត្រី​មន្ទីរ​ទេសចរណ៍​រក​ឃើញ​ថា ក្លឹប​កម្សាន្ត និង​មណ្ឌល​កម្សាន្ត​ខារ៉ាអូខេ​មួយ​ចំនួន​នៅ​ខេត្ត​​ស្ទឹងត្រែង នៅ​មិន​ទាន់​រៀបចំ​ប្រព័ន្ធ​ការពារ​សុវត្ថិភាព​គ្រប់​ជ្រុងជ្រោយ​នៅ​ឡើយ​ទេ។

មន្ត្រី​ទេសចរណ៍​ខេត្ត​ស្ទឹងត្រែង ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣១ ខែ​មករា ថា មន្ត្រី​ជំនាញ​នឹង​បន្ត​អប់រំ​ណែនាំ​ម្ចាស់​អាជីវកម្ម​មណ្ឌល​កម្សាន្ត និង​ក្លឹប​កម្សាន្ត​ខារ៉ាអូខេ ជា​ជំហាន​ដំបូង មុន​នឹង​អនុវត្ត​វិធានការ​ច្បាប់ ឬ​ផាក​ពិន័យ​ម្ចាស់​អាជីវកម្ម​ណា​មិន​គោរព​សេចក្ដី​ណែនាំ​របស់​ក្រសួង​ទេសចរណ៍ ហើយ​អាច​ឈាន​ដល់​ការ​បញ្ឈប់​អាជ្ញាប័ណ្ណ​ជាដើម។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ស្ទឹងត្រែង លោក អ៊ន់ ប៉ោសឿន ព្រមាន​ថា ប្រសិនបើ​ម្ចាស់​អាជីវកម្ម​ក្លឹប​កម្សាន្ត និង​មណ្ឌល​កម្សាន្ត​ខារ៉ាអូខេ​ណា​ប្រទះ​បាតុភាព​កើត​ឡើង បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​ភ្ញៀវ​ដោយសារ​ខ្វះ​ប្រព័ន្ធ​ការពារ​សុវត្ថិភាព ខណៈ​មន្ត្រី​ជំនាញ​បាន​ចុះ​ណែនាំ​ច្រើន​សា​មក​ហើយ​នៅ​តែ​មិន​អនុវត្ត លោក​នឹង​ស្នើ​សុំ​គោលការណ៍​ពី​ថ្នាក់​លើ​បញ្ឈប់​អាជ្ញាប័ណ្ណ​ជា​បន្ទាន់។

លោក​បន្ថែម​ថា ក្រុម​ការងារ​នៃ​មន្ទីរ​ទេសចរណ៍ បាន​ចុះ​វាយតម្លៃ​មណ្ឌល​កម្សាន្ត​ខារ៉ាអូខេ និង​ក្លឹប​កម្សាន្ត​រួច​ហើយ ដោយ​រក​ឃើញ​ថា នៅ​មាន​ចំណុច​ខ្វះខាត​មួយ​ចំនួន ដូចជា​ពុំ​មាន​ស្លាក​សម្គាល់​ច្រក​ទ្វារ​សុវត្ថិភាព និង​ខ្វះ​បន្ទប់​ច្រក​ចេញ នៅ​ពេល​មាន​បាតុភាព​ជាយថាហេតុ​កើត​ឡើង។ លោក​ថា មន្ទីរ​ជំនាញ​ស្នើ​ឲ្យ​ម្ចាស់​អាជីវកម្ម​ទាំង​នោះ​កសាង​ទ្វារ​ច្រក​ចេញ​បន្ថែម និង​ដាក់​ស្លាក​សញ្ញា​សុវត្ថិភាព​ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​អ្នក​ទៅ​កម្សាន្ត​ដែល​ធានា​ថា ពួកគេ​អាច​ចៀស​ផុត​ពី​គ្រោះថ្នាក់​នៅ​ពេល​មាន​បាតុភាព​កើត​ឡើង។

លោក អ៊ន់ ប៉ោសឿន៖ «ដើម្បី​ចៀសវាង មាន​ករណី​អី​កើត​ឡើង យើង​អាច​ដោះស្រាយ​សភាពការណ៍​ហ្នឹង​ទាន់ គឺ​ប្រព័ន្ធ​ហ្នឹង​លោត​អូតូម៉ាទិច​តែម្ដង ជាពិសេស​គឺ​ច្រក​ទ្វារ យើង​បង្កើត​ឲ្យ​មាន​ច្រកចេញ និង​ច្រក​ចូល​ត្រូវ​បញ្ជាក់ ឧបមា​ថា ភ្ញៀវ​ទៅ​កម្សាន្ត​លេង​ក្នុង​ក្លឹប​មាន​ច្រក​ចូល​យើង​មើល​ច្បាស់​ដឹង ដល់​ពេល​ច្រក​ចេញ​ត្រូវ​ដឹក​ច្បាស់​ដែរ ព្រោះ​បើ​មាន​សភាពការណ៍​កើត​ឡើង​យើង​នៅ​ប្រើ​រំដោះ​ចេញ​នៅ​ច្រក​ទ្វារ​ចេញ​បណ្ដោះអាសន្ន»

លោក អ៊ន់ ប៉ោសឿន បន្ថែម​ថា កន្លង​ទៅ​មាន​អគ្គីភ័យ​ឆេះ​ក្លឹប​កម្សាន្ត​នៅ​ខេត្ត​សៀមរាប និង​ក្រុង​បាវិត ខេត្ត​ស្វាយរៀង បណ្ដាល​ឲ្យ​ស្លាប់​ភ្ញៀវ​ទៅ​កម្សាន្ត ហើយ​មន្ត្រី​ជំនាញ​រក​ឃើញ​ថា មណ្ឌល​កម្សាន្ត​ទាំង​នោះ​ខ្វះ​ប្រព័ន្ធ​ការពារ​សុវត្ថិភាព។ បញ្ហា​នេះ​ក្រសួង​ទេសចរណ៍​បាន​ណែនាំ​ឲ្យ​មន្ទីរ​ទេសចរណ៍​គ្រប់​ខេត្ត-ក្រុង អនុវត្ត​វិធានការ​ការពារ​សុវត្ថិភាព​ឲ្យ​បាន​ហ្មត់ចត់។

អ្នកនាំពាក្យ​សាលា​ខេត្ត​ស្ទឹងត្រែង លោក ម៉ែន គុង ថ្លែង​បញ្ជាក់​ថា រដ្ឋបាល​ខេត្ត​ស្ទឹងត្រែង បាន​ជំរុញ​ឲ្យ​មន្ទីរ​ជំនាញ​រៀបចំ​ជា​សេចក្ដី​ជូន​ដំណឹង​មួយ ថា​តើ​កន្លែង​ផ្ដល់​សេវា​កម្សាន្ត​ត្រូវ​អនុវត្ត​គោលការណ៍​អ្វី​ខ្លះ?

លោក​ថា រដ្ឋបាល​ខេត្ត​ស្ទឹងត្រែង នៅ​បន្ត​តាមដាន​ការ​អនុវត្ត​គោលការណ៍​នេះ ជាពិសេស​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០១៧ អាជ្ញាធរ​ខេត្ត​នឹង​ជំរុញ​ឲ្យ​មន្ទីរ​ទេសចរណ៍ ចុះ​ទៅ​ពិនិត្យ​វាយតម្លៃ​នៅ​គ្រប់​ទីតាំង​ទាំង​អស់​ដែល​មាន​ក្រុម​ការងារ​ចម្រុះ​មួយ​ចុះ​ទៅ​ធ្វើ​ការ​វាយតម្លៃ​ជាក់ស្ដែង​ដែរ៖ «ចាប់​តាំង​ពី​យើង​ទទួល​បាន​បទដ្ឋាន​គតិយុត្តិ​មក យើង​ធ្វើការ​ផ្សព្វផ្សាយ យើង​ជំរុញ​ឲ្យ​គ្រប់​ទីតាំង​ផ្ដល់​សេវា​កម្សាន្ត​ទាំង​ឲ្យ​ជ្រាប និង​អនុវត្ត​ការងារ​ហ្នឹង»

របាយការណ៍​មន្ទីរ​ទេសចរណ៍​ខេត្ត​ស្ទឹងត្រែង បង្ហាញ​ថា ខេត្ត​ស្ទឹងត្រែង មាន​ក្លឹប​កម្សាន្ត និង​មណ្ឌល​កម្សាន្ត​ខារ៉ាអូខេ​ចំនួន​១២ ក្នុង​នោះ​ក្លឹប​កម្សាន្ត​ខ្នាត​ធំ​ចំនួន​ពីរ គឺ​ក្លឹប​កម្សាន្ត​អាម៉ាហ្សូន និង​ក្លឹប​កាឡាក់ស៊ី។ ក្លឹប​កម្សាន្ត និង​មណ្ឌល​កម្សាន្ត​ខារ៉ាអូខេ​ខ្នាត​ធំ​ទាំង​នោះ នៅ​ពុំ​ទាន់​មាន​ប្រព័ន្ធ​ការពារ​សុវត្ថិភាព​គ្រប់គ្រាន់​នៅ​ឡើយ​ទេ។

​ម្ចាស់​មណ្ឌល​កម្សាន្ត​ខារ៉ាអូខេ​ឦសាន​មនោរម្យ កញ្ញា ធីម ពិសី គាំទ្រ​វិធានការ​របស់​មន្ទីរ​ទេសចរណ៍​ខេត្ត ដែល​ជំរុញ​ឲ្យ​គ្រប់​មណ្ឌល​កម្សាន្ត​ទាំង​អស់​អនុវត្ត​វិធានការ​ការពារ​សុវត្ថិភាព​ជូន​ភ្ញៀវ។ កញ្ញា​ប្ដេជ្ញា​ថា នឹង​ប្រតិបត្តិ​សេចក្ដី​ណែនាំ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ធានា​សុវត្ថិភាព​ជូន​ភ្ញៀវ​ដែល​ជា​ផ្នែក​មួយ​ផ្ដល់​ទំនុក​ចិត្ត​ដល់​អ្នក​មក​កម្សាន្ត​ដែរ៖ «ចង់​និយាយ​ថា គេ​ប្រាប់​ណែនាំ​រៀបចំ​ឲ្យ​ស្អាត ណែនាំ​ច្រើន គេ​ប្រាប់​រឿង​ល្អៗ​ឲ្យ​យើង​រៀបចំ​ដើម្បី​ឲ្យ​ខេត្ត​យើង គេ​មក​លេង​ទៅ​គេ​សរសើរ»

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក ហូ សំអុល សម្ដែង​ការ​សាទរ​ចំពោះ​វិធានការ​របស់​មន្ទីរ​ទេសចរណ៍​ខេត្ត​ស្ទឹងត្រែង ហើយ​លោក​ចង់​ឃើញ​មន្ទីរ​ទេសចរណ៍​អនុវត្ត​វិធានការ​នេះ​ឲ្យ​បាន​ហ្មត់ចត់ និង​និរាករណ៍​អាជ្ញាធរ​ប័ណ្ណ​ក្លឹប​កម្សាន្ត​ណា​ដែល​ផ្គើន និង​វិធានការ​របស់​ក្រសួង​ទេសចរណ៍៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល