មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង បានបង្កើតក្រុមការងារចុះត្រួតពិនិត្យ វាយតម្លៃ និងផ្សព្វផ្សាយណែនាំដល់ម្ចាស់អាជីវកម្ម មណ្ឌលកម្សាន្តខារ៉ាអូខេ និងក្លឹបកម្សាន្ត នៅខេត្តស្ទឹងត្រែង ឲ្យបង្កើតប្រព័ន្ធការពារសុវត្ថិភាពឲ្យបានត្រឹមត្រូវ ដើម្បីបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុ។ មន្ត្រីមន្ទីរទេសចរណ៍រកឃើញថា ក្លឹបកម្សាន្ត និងមណ្ឌលកម្សាន្តខារ៉ាអូខេមួយចំនួននៅខេត្តស្ទឹងត្រែង នៅមិនទាន់រៀបចំប្រព័ន្ធការពារសុវត្ថិភាពគ្រប់ជ្រុងជ្រោយនៅឡើយទេ។
មន្ត្រីទេសចរណ៍ខេត្តស្ទឹងត្រែង ឲ្យដឹងនៅថ្ងៃទី៣១ ខែមករា ថា មន្ត្រីជំនាញនឹងបន្តអប់រំណែនាំម្ចាស់អាជីវកម្មមណ្ឌលកម្សាន្ត និងក្លឹបកម្សាន្តខារ៉ាអូខេ ជាជំហានដំបូង មុននឹងអនុវត្តវិធានការច្បាប់ ឬផាកពិន័យម្ចាស់អាជីវកម្មណាមិនគោរពសេចក្ដីណែនាំរបស់ក្រសួងទេសចរណ៍ ហើយអាចឈានដល់ការបញ្ឈប់អាជ្ញាប័ណ្ណជាដើម។
ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង លោក អ៊ន់ ប៉ោសឿន ព្រមានថា ប្រសិនបើម្ចាស់អាជីវកម្មក្លឹបកម្សាន្ត និងមណ្ឌលកម្សាន្តខារ៉ាអូខេណាប្រទះបាតុភាពកើតឡើង បង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ភ្ញៀវដោយសារខ្វះប្រព័ន្ធការពារសុវត្ថិភាព ខណៈមន្ត្រីជំនាញបានចុះណែនាំច្រើនសាមកហើយនៅតែមិនអនុវត្ត លោកនឹងស្នើសុំគោលការណ៍ពីថ្នាក់លើបញ្ឈប់អាជ្ញាប័ណ្ណជាបន្ទាន់។
លោកបន្ថែមថា ក្រុមការងារនៃមន្ទីរទេសចរណ៍ បានចុះវាយតម្លៃមណ្ឌលកម្សាន្តខារ៉ាអូខេ និងក្លឹបកម្សាន្តរួចហើយ ដោយរកឃើញថា នៅមានចំណុចខ្វះខាតមួយចំនួន ដូចជាពុំមានស្លាកសម្គាល់ច្រកទ្វារសុវត្ថិភាព និងខ្វះបន្ទប់ច្រកចេញ នៅពេលមានបាតុភាពជាយថាហេតុកើតឡើង។ លោកថា មន្ទីរជំនាញស្នើឲ្យម្ចាស់អាជីវកម្មទាំងនោះកសាងទ្វារច្រកចេញបន្ថែម និងដាក់ស្លាកសញ្ញាសុវត្ថិភាពដើម្បីបង្កលក្ខណៈងាយស្រួលដល់អ្នកទៅកម្សាន្តដែលធានាថា ពួកគេអាចចៀសផុតពីគ្រោះថ្នាក់នៅពេលមានបាតុភាពកើតឡើង។
លោក អ៊ន់ ប៉ោសឿន៖ «ដើម្បីចៀសវាង មានករណីអីកើតឡើង យើងអាចដោះស្រាយសភាពការណ៍ហ្នឹងទាន់ គឺប្រព័ន្ធហ្នឹងលោតអូតូម៉ាទិចតែម្ដង ជាពិសេសគឺច្រកទ្វារ យើងបង្កើតឲ្យមានច្រកចេញ និងច្រកចូលត្រូវបញ្ជាក់ ឧបមាថា ភ្ញៀវទៅកម្សាន្តលេងក្នុងក្លឹបមានច្រកចូលយើងមើលច្បាស់ដឹង ដល់ពេលច្រកចេញត្រូវដឹកច្បាស់ដែរ ព្រោះបើមានសភាពការណ៍កើតឡើងយើងនៅប្រើរំដោះចេញនៅច្រកទ្វារចេញបណ្ដោះអាសន្ន»។
លោក អ៊ន់ ប៉ោសឿន បន្ថែមថា កន្លងទៅមានអគ្គីភ័យឆេះក្លឹបកម្សាន្តនៅខេត្តសៀមរាប និងក្រុងបាវិត ខេត្តស្វាយរៀង បណ្ដាលឲ្យស្លាប់ភ្ញៀវទៅកម្សាន្ត ហើយមន្ត្រីជំនាញរកឃើញថា មណ្ឌលកម្សាន្តទាំងនោះខ្វះប្រព័ន្ធការពារសុវត្ថិភាព។ បញ្ហានេះក្រសួងទេសចរណ៍បានណែនាំឲ្យមន្ទីរទេសចរណ៍គ្រប់ខេត្ត-ក្រុង អនុវត្តវិធានការការពារសុវត្ថិភាពឲ្យបានហ្មត់ចត់។
អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែង លោក ម៉ែន គុង ថ្លែងបញ្ជាក់ថា រដ្ឋបាលខេត្តស្ទឹងត្រែង បានជំរុញឲ្យមន្ទីរជំនាញរៀបចំជាសេចក្ដីជូនដំណឹងមួយ ថាតើកន្លែងផ្ដល់សេវាកម្សាន្តត្រូវអនុវត្តគោលការណ៍អ្វីខ្លះ?
លោកថា រដ្ឋបាលខេត្តស្ទឹងត្រែង នៅបន្តតាមដានការអនុវត្តគោលការណ៍នេះ ជាពិសេសនៅខែកុម្ភៈ ឆ្នាំ២០១៧ អាជ្ញាធរខេត្តនឹងជំរុញឲ្យមន្ទីរទេសចរណ៍ ចុះទៅពិនិត្យវាយតម្លៃនៅគ្រប់ទីតាំងទាំងអស់ដែលមានក្រុមការងារចម្រុះមួយចុះទៅធ្វើការវាយតម្លៃជាក់ស្ដែងដែរ៖ «ចាប់តាំងពីយើងទទួលបានបទដ្ឋានគតិយុត្តិមក យើងធ្វើការផ្សព្វផ្សាយ យើងជំរុញឲ្យគ្រប់ទីតាំងផ្ដល់សេវាកម្សាន្តទាំងឲ្យជ្រាប និងអនុវត្តការងារហ្នឹង»។
របាយការណ៍មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង បង្ហាញថា ខេត្តស្ទឹងត្រែង មានក្លឹបកម្សាន្ត និងមណ្ឌលកម្សាន្តខារ៉ាអូខេចំនួន១២ ក្នុងនោះក្លឹបកម្សាន្តខ្នាតធំចំនួនពីរ គឺក្លឹបកម្សាន្តអាម៉ាហ្សូន និងក្លឹបកាឡាក់ស៊ី។ ក្លឹបកម្សាន្ត និងមណ្ឌលកម្សាន្តខារ៉ាអូខេខ្នាតធំទាំងនោះ នៅពុំទាន់មានប្រព័ន្ធការពារសុវត្ថិភាពគ្រប់គ្រាន់នៅឡើយទេ។
ម្ចាស់មណ្ឌលកម្សាន្តខារ៉ាអូខេឦសានមនោរម្យ កញ្ញា ធីម ពិសី គាំទ្រវិធានការរបស់មន្ទីរទេសចរណ៍ខេត្ត ដែលជំរុញឲ្យគ្រប់មណ្ឌលកម្សាន្តទាំងអស់អនុវត្តវិធានការការពារសុវត្ថិភាពជូនភ្ញៀវ។ កញ្ញាប្ដេជ្ញាថា នឹងប្រតិបត្តិសេចក្ដីណែនាំនេះឲ្យបានត្រឹមត្រូវ ដើម្បីធានាសុវត្ថិភាពជូនភ្ញៀវដែលជាផ្នែកមួយផ្ដល់ទំនុកចិត្តដល់អ្នកមកកម្សាន្តដែរ៖ «ចង់និយាយថា គេប្រាប់ណែនាំរៀបចំឲ្យស្អាត ណែនាំច្រើន គេប្រាប់រឿងល្អៗឲ្យយើងរៀបចំដើម្បីឲ្យខេត្តយើង គេមកលេងទៅគេសរសើរ»។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក ហូ សំអុល សម្ដែងការសាទរចំពោះវិធានការរបស់មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង ហើយលោកចង់ឃើញមន្ទីរទេសចរណ៍អនុវត្តវិធានការនេះឲ្យបានហ្មត់ចត់ និងនិរាករណ៍អាជ្ញាធរប័ណ្ណក្លឹបកម្សាន្តណាដែលផ្គើន និងវិធានការរបស់ក្រសួងទេសចរណ៍៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
