កម្ពុជា​គ្រោង​ហ្វឹក​ហាត់​ទាហាន​២​ពាន់​នាក់​ជួយ​បោស​សំអាត​មីន បន្ទាប់​ពី​ផែនការ​មិន​ទាន់​ជោគជ័យ

0:00 / 0:00

កម្លាំង​ជំនាញ​របស់​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​(CMAC) កំពុង​តែ​ចុះ​ស្រាវជ្រាវ​ទិន្នន័យ​លើ​ផ្ទៃ​ដី​ថ្មី​ ដែល​គេ​សង្ស័យ​ថា អាច​នៅ​មាន​គ្រាប់​មីន​ក្នុង​ខេត្ត​ចំនួន​៧ ​ដែល​មាន​ព្រំដែន​ជាប់​គ្នា​ជាមួយ​ប្រទេស​ថៃ។ ការ​ស្រាវជ្រាវ​នេះ​ បាន​ប្រើ​ប្រាស់​ឧបករណ៍​ដ្រូន​(Drone)​តាម​បច្ចេកទេស​ទំនើប​ទាន់​សម័យ ​ដែល​ជា​ជំនួយ​ពី​ប្រទេស​ជប៉ុន និង​សហរដ្ឋ​អាមេរិក។

រដ្ឋាភិបាល​កម្ពុជា​គ្រោង​នឹង​ហ្វឹក​ហាត់​កង​ទាហាន​នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា-ថៃ ​ចំនួន​២​ពាន់​នាក់​បន្ថែម ពី​លើ​កម្លាំង​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា (CMAC) ដែល​មាន​ស្រាប់ ​ដើម្បី​ឱ្យ​ជួយ​ពន្លឿន​ការ​បោស​សំអាត​មីន ខណៈ​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​បោស​សំអាត​មីន​ប្រឆាំង​មនុស្ស​ឱ្យ​អស់​នៅ​ត្រឹម​ឆ្នាំ​២០២៥ មិន​ទទួល​បាន​ជោគជ័យ​តាម​ការ​គ្រោង​ទុក។

អ្នកនាំពាក្យ​អាជ្ញាធរ​មីន​កម្ពុជា ​លោក ទេព កល្យាណ ឱ្យ​ដឹង​ថា រដ្ឋាភិបាល​កម្ពុជា​គ្រោង​នឹង​ហ្វឹក​ហាត់​កង​ទាហាន ​ដែល​ប្រចាំ​ការ​នៅ​តាម​ព្រំដែន​កម្ពុជា-ថៃ ​២​ពាន់​នាក់​ដើម្បី​ឱ្យ​ជួយ​បោស​សំអាត​មីន​ ជា​សកម្មភាព​មនុស្សធម៌ ​ជួយ​ដល់​កម្លាំង​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​(CMAC)​បន្ថែម​ទៀត។

លោក​ថា បច្ចុប្បន្ន​នេះ​ រដ្ឋាភិបាល​ហ្វឹកហាត់​កង​ទាហាន​នៅ​តាម​ព្រំដែន​កម្ពុជា-ថៃ​ បាន​ចំនួន​១​ពាន់​រួច​ហើយ ​ដើម្បី​ឱ្យ​ជួយ​បោស​សំអាត​មីន​មនុស្សធម៌​នេះ។

លោក ទេព កល្យាណ៖ «និយាយ​ពី​ការ​យក​កងទ័ព​មក​ហ្វឹក​ហាត់​ឱ្យ​ដោះ​មីន​នោះ មិន​មែន​មាន​ន័យ​ថា កងទ័ព​មិន​ចេះ​ដោះ​មីន​​ទេ ​គឺ​ចេះ​ដោះ​មីន ប៉ុន្តែ​​ដោះ​មីន​តាម​របៀប​យោធា។ យើង​ចង់​ហ្វឹក​ហាត់​ពួក​គាត់​​ឱ្យ​ចេះ​ដោះ​មីន​ដោយ​បំពាក់​ជា​សម្ភារៈ​​​តាម​បែប​ការងារ​មនុស្ស​ធម៌។ ទាល់​តែ​ទាហាន​ទាំង​នោះ​ចេះ​របៀប​ដោះ​មីន​បែប​មនុស្ស​ធម៌ ទើប​សហគមន៍​អន្តរជាតិ​គេ​គាំទ្រ​និង​​ផ្ដល់​ជំនួយ​ឱ្យ ហើយ​ការ​ដោះ​មីន​តាម​លក្ខណៈ​មនុស្សធម៌​នេះ ​ទាល់​តែ​មាន​ការ​ចុះ​មក​វាយ​តម្លៃ​តាម​ស្តង់ដារ​​បច្ចេកទេស​ជា​អន្តរជាតិ​ទៀត ​ទើប​កម្ពុជា​អាច​ទទួល​បាន​អាជ្ញាប័ណ្ណ​​ឱ្យ​ដោះមីន​ជា​មនុស្ស​ធម៌​នេះ​បាន»។

ការ​ហ្វឹក​ហាត់​កង​ទាហាន ​ឱ្យ​ជួយ​ដោះ​មីន​មនុស្សធម៌​ បន្ថែម​ពី​លើ​កម្លាំង​ជំនាញ​របស់​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​(CMAC) ដែល​មាន​ស្រាប់​ចំនួន​ជាង ២​ពាន់​នាក់​ដែរ​នេះ ​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល​កម្ពុជា​ ដែល​កំណត់​ថា​នឹង​បោស​សំអាត​គ្រាប់​មីន​ប្រឆាំង​មនុស្ស​ឱ្យ​អស់​នៅ​ត្រឹម​ឆ្នាំ​២០២៥​ មិន​ទទួល​បាន​ជោគជ័យ។

នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​សៀមរាប​-អង្គរ ​ស្តី​ពី​ពិភពលោក​គ្មាន​មីន​ កាល​ពី​ថ្ងៃ​ទី​២៣​ដល់​ថ្ងៃ​ទី​២៩​ខែ​វិច្ឆិកា​ឆ្នាំ​២០២៤​កន្លង​ទៅ​ កម្ពុជា​បាន​ស្នើ​សុំ​ប្រទេស​ជា​សមាជិក​នៃ​អនុសញ្ញា​អូតាវ៉ា​ ដើម្បី​ពន្យារ​ពេល​បោស​សំអាត​គ្រាប់​មីន​ប្រឆាំង​មនុស្ស​ឱ្យ​អស់​នៅ​ត្រឹម​ឆ្នាំ​២០២៥​នោះ ​បន្ត​រហូត​ទៅ​ដល់​ឆ្នាំ​២០៣០។

អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា ​លោក ហេង រតនា មាន​ប្រសាសន៍​ថា ​ការ​បោស​សំអាត​គ្រាប់​មីន​ប្រឆាំង​មនុស្ស​មិន​អស់​ទៅ​តាម​ការ​គ្រោង​ទុក ​បណ្ដាល​មក​ពី​តំបន់​ខ្លះ​នៅ​ក្នុង​ខេត្ត​ចំនួន​៧​ជាប់​ព្រំដែន​កម្ពុជា-ថៃ​ កាល​ពី​មុន​គ្មាន​ផ្លូវ​ចូល​ទៅ​ដល់​ ហើយ​ក៏​មិន​ធ្លាប់​មាន​ការ​ស្រាវជ្រាវ​ដាក់​បញ្ចូល​ទៅ​ក្នុង​ទិន្នន័យ​ជា​ចំការ​មីន​នៅ​ឡើយ។

លោក ហេង រតនា បញ្ជាក់​ថា បច្ចុប្បន្ន​នេះ​ ក្រុម​ការងារ​CMAC កំពុង​តែ​ចុះ​ស្រាវ​ជ្រាវ​ចំការ​មីន ​សេស​សល់​នៅ​តាម​បណ្ដា​ខេត្ត​ចំនួន​៧ ​ជាប់​ព្រំដែន​កម្ពុជា-ថៃ​ ដោយ​ប្រើ​ឧបករណ៍​ដ្រូន​(Drone)​តាម​បច្ចេកវិទ្យា​ទំនើប​ពី​ប្រទេស​ជប៉ុន និង​សហរដ្ឋ​អាមេរិក។ លោក​ថា ពេល​ដែល​ក្រុម​ការងារ​ស្រាវជ្រាវ និង​ដាក់​បញ្ចូល​ផ្ទៃ​ដី​ ដែល​នៅ​សល់​គ្រាប់​មីន​ទាំង​នោះ ​ទៅ​ក្នុង​ទិន្នន័យ​រួច​ហើយ ​ការ​បោស​សំអាត​លឿន ឬ​ក៏​យឺត គឺ​អាស្រ័យ​ទៅ​លើ​ជំនួយ​ថវិកា​សម្រាប់​យក​ទៅ​ធ្វើ​សកម្មភាព​ថា តើ​មាន​តិច​ឬ​ក៏​ច្រើន?។

លោក ហេង រតនា៖ «បើ​ថវិកា​ជំនួយ​បាន​ច្រើន​គឺ​ប្រតិបត្តិការ​បោស​សំអាត​មីន​របស់​យើង​ក៏​បាន​ឆាប់​រហ័ស​ដែរ។ ដូច្នេះ​រយៈ​ពេល​នៃ​ការ​បោស​សំអាត​មីន​ត​ទៅ​ទៀត​គឺ​វា​អាស្រ័យ​លើ​ធនធាន​និង​លទ្ធភាព​ជាក់ស្ដែង នៃ​ជំនួយ​ដែល​យើង​កៀរគរ​រក​បាន។ នៅ​ចំពោះ​មុខ​នេះ ​យើង​ឃើញ​មាន​ធនធាន​ជំនួយ​សម្រាប់​ប្រតិបត្តិការ​ដោះ​មីន​​ដែល​ប្រទេស​ខ្លះ​បាន​ប្រកាស​ដូច​ជា​អាល្លឺម៉ង់​(Germany) ជប៉ុន​(Japan)​កូរ៉េ​ខាងត្បូង (South Korea) កាណាដា (Canada) ចិន​(China)​ជា​ដើម ​គឺ​បាន​បន្ត​ការ​គាំទ្រ​ផ្ដល់​ជំនួយ​រហូត​ដល់​ឆ្នាំ​២០២៦។ ប្រទេស​ខ្លះ​ក៏​បាន​ប្ដេជ្ញា​បន្ត​ជួយ​រហូត​ដល់​៣​ឆ្នាំ​ទៅ​​មុខ​ទៀត បាន​ន័យ​ថា គេ​នឹង​ផ្ដល់​ជំនួយ​រហូត​ដល់​ឆ្នាំ​២០២៧-២០២៨​និង​២០២៩»។

បើទោះបីជា​យ៉ាង​ណា ​វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​ការ​ហ្វឹក​ហាត់​កង​ទាហាន​នៅ​តាម​ព្រំដែន​កម្ពុជា-ថៃ​ ឱ្យ​ជួយ​បោស​សំអាត​មីន​មនុស្សធម៌​នេះ ​ពី​អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ ​លោក ឈុំ សុជាត បាន​នៅ​ឡើយ នៅ​ថ្ងៃ​ទី​៤ ខែ​មករា។

ពលរដ្ឋ​ដែល​រស់​នៅ​តាម​បណ្ដា​ខេត្ត​នៅ​ជាប់​ព្រំដែន​កម្ពុជា-ថៃ​ខ្លះ​បាន​គាំទ្រ​​រដ្ឋាភិបាល ​ដែល​ពន្លឿន​ការ​បោស​សំអាត​គ្រាប់​មីន​សេស​សល់​ នៅ​ក្នុង​តំបន់​ដែល​ពួក​គេ​កំពុង​រស់​នៅ​នេះ។

លោក​ស្រី ស្រី មុំ ដែល​កូន​ប្រុស​របស់​គាត់​ ស្លាប់​ដោយសារ​តែ​ផ្ទុះ​មីន​នៅ​ស្រុក​អន្លង់វែង ​ខេត្ត​ឧត្តរមានជ័យ ​កាល​ពី​ខែ​មេសា​ឆ្នាំ២០២៤ ​មាន​ប្រសាសន៍​ថា ​គាត់​នៅ​តែ​បារម្ភ​ចំពោះ​គ្រោះថ្នាក់​ដោយសារ​គ្រាប់​មីន។ ​លោក​ស្រី​ ស្នើ​ឱ្យ​រដ្ឋាភិបាល​បោស​សំអាត​គ្រាប់​មីន​គ្រប់​ប្រភេទ ​នៅ​តាម​ព្រំដែន​កម្ពុជា-ថៃ ​ឱ្យ​អស់​ ដើម្បី​កុំ​ឱ្យ​ពលរដ្ឋ​រងគ្រោះ ​ដូច​ជា​កូន​របស់​គាត់។

លោកស្រី ស្រី មុំ៖ «ម្ដុំ​ដែល​មីន​ផ្ទុះ​ស្លាប់​កូន​ប្រុស ​របស់​ខ្ញុំ​នោះ ​ប្រហែល​ជា​នៅ​មាន​​គ្រាប់​មីន​ច្រើន​ទៀត ​មិន​អស់​ទេ ​ប្រសិន​បើ​មិន​មាន​អ្នក​ទៅ​បោស​សំអាត​បន្ថែម​ទេ។ ចាប់​តាំង​ពី​កូន​ប្រុស​របស់​ខ្ញុំ​បាន​ស្លាប់​ដោយសារ​ផ្ទុះ​មីន​មក ​ខ្ញុំ​មាន​ការ​ភ័យ​ខ្លាច​ចំពោះ​គ្រោះថ្នាក់​ដោយសារ​គ្រាប់​មីន​ណាស់។ ខ្ញុំ​ខ្លាច​ក្មេង​ៗ​មិន​ស្គាល់​គ្រាប់​មីន​ដូច​កូន​​របស់​ខ្ញុំ ​ហើយ​ទៅ​ប៉ះពាល់​គ្រោះថ្នាក់​បន្ត​ទៀត»។

របាយការណ៍​របស់​អាជ្ញាធរ​មីន​កម្ពុជា​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​ គ្រាប់​មីន​គឺ​មាន​នៅ​សេស​សល់​តិច​តួច​ក្នុង​ខេត្ត​រតនគិរី កំពង់ធំ​ សៀមរាប​ និង​នៅ​សល់​ច្រើន​ក្នុង​ខេត្ត​ចំនួន​៧​ជាប់​ព្រំដែន​កម្ពុជា-ថៃ ​ដូចជា ខេត្ត​កោះកុង ​ប៉ៃលិន ​ពោធិ៍សាត់ ​បាត់ដំបង ​បន្ទាយមានជ័យ ឧត្តរមានជ័យ និង​ខេត្ត​ព្រះវិហារ។

ចាប់​តាំង​ពី​ខែ​មករា ដល់​ខែ​ធ្នូ​ឆ្នាំ​២០២៤​ កម្ពុជា​មាន​ជន​រងគ្រោះ​ដោយសារ​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ ​ដោយសារ​មីន និង​គ្រាប់​ផ្សេង​ទៀត​ជំនូន​៤៧​នាក់។ ចំនួន​អ្នក​រងគ្រោះ​នេះ ​កើន​ឡើង​១៥​នាក់ ​បើ​ប្រៀបធៀប និង​ឆ្នាំ​២០២៣​ ដែល​មាន​ជន​រង​គ្រោះ​ចំនួន ៣២​នាក់។

មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា ​បាន​អះអាង​ថា បច្ចុប្បន្ន​នេះ​ កម្ពុជា​ទើប​តែ​រក​ឃើញ​ផ្ទៃ​ដី​ថ្មី​ទំហំ​ជាង ២០០​គីឡូ​ម៉ែត្រ​ក្រឡា នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា-ថៃ ​ដែល​នៅ​មាន​គ្រាប់​មីន​ និង​ផ្ទៃ​ដី​ដែល​មិន​ទាន់​បោស​សំអាត​មីន រួច​រាល់​ទំហំ ៤៦៨​គីឡូ​ម៉ែត្រ​ក្រឡា​ទៀត។

អាជ្ញាធរ​មីន​កម្ពុជា​ឱ្យ​ដឹង​ថា ដើម្បី​បោស​សំអាត​មីន​ប្រឆាំង​មនុស្ស​ឱ្យ​អស់​ត្រឹម​ឆ្នាំ​២០៣០ ​កម្ពុជា​ត្រូវ​ការ​ថវិកា​ប្រមាណ ១៥០​លាន​ដុល្លារ ​ដើម្បី​យក​ទៅ​ចំណាយ​លើ​ប្រតិបត្តិការ​ប្រមាណ​៣០​លាន​ដុល្លារ​ក្នុង​១​ឆ្នាំៗ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។