កម្ពុជាគ្រោងបញ្ជូនមន្ត្រីពន្ធនាគារនៃក្រសួងមហាផ្ទៃ៤០រូប ទៅបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ បន្ថែមលើកងទ័ពដោះមីនមួយចំនួនទៀត។
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសថា ប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន បានឯកភាពលើគម្រោងនេះហើយ បន្ទាប់ក្រសួងការបរទេសបានសុំគោលការណ៍នេះពីរដ្ឋាភិបាលកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២។
លោក ស ខេង បានលើកឡើងបែបនេះ ក្នុងកិច្ចប្រជុំស្ដីពីការចាត់បញ្ជូនមន្ត្រីជំនាញពន្ធនាគារចូលរួមបេសកកម្មប្រតិបត្តិការថែរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ (អ.ស.ប) នៅទីស្ដីការក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៨ កុម្ភៈ ដោយមានការចូលពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និង អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព។
លោក ស ខេង បន្ដថា ក្រសួងមហាផ្ទៃ មិនទាន់មានបទពិសោធន៍ និងឆ្លងកាត់ការងារនេះនៅឡើយទេ ដូច្នេះត្រូវការបទពិសោធន៍សម្រាប់ការងារនេះ ព្រោះជាការងារថ្មី។ លោកក៏បានបញ្ជាក់បន្ថែមថា មន្ត្រីពន្ធនាគារដែលត្រូវជ្រើសរើស ត្រូវមានលក្ខណៈសម្បត្តិឱ្យបានគ្រប់គ្រាន់ ព្រមទាំងសមត្ថភាព និងភាសាបរទេសដែលពាក់ព័ន្ធផង។
ជាមួយគ្នានោះដែរ អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម សែម សុវណ្ណនី បានធ្វើបទបង្ហាញដល់អ្នកចូលរួមកិច្ចប្រជុំនោះថា ចាប់តាំងពីឆ្នាំ២០០៦ ដល់បច្ចុប្បន្ន កងកម្លាំងកម្ពុជាសរុបមានជិត៩ ពាន់នាក់(៨,៨៥៩នាក់) ក្នុងនោះមាននារីមានចំនួន ៦៨១នាក់ដែលបានបញ្ជូនទៅកាន់បេសកកម្មចំនួន១១ ក្នុងប្រទេសចំនួន៩។
ប្រទេសទាំង៩នោះរួមមាន ប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង អាហ្វ្រិកកណ្ដាល លីបង់ សាយប្រឹស យេមែន ឆាត ស៊ីរី និងម៉ាលី។
លោកបានឲ្យដឹងទៀតថា បច្ចុប្បន្នកងកម្លាំងកម្ពុជាចំនួន ៧៨៨នាក់ ក្នុងនោះនារី មានចំនួន ១៣០នាក់ កំពុងបំពេញបេសកកម្មនៅស៊ូដង់ខាងត្បូង លីបង់ ម៉ាលី និងអាហ្វ្រិកកណ្ដាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
