សហជីព​បារម្ភ​ពី​សុវត្ថិភាព​កម្មករ​ពេល​ធ្វើដំណើរ​តាម​ដង​ផ្លូវ ខណៈ​រដ្ឋាភិបាល​គ្មាន​វិធានការ​ដោះស្រាយ

ដោយ ប្រាជ្ញ ចេវ
2025.02.04
សហជីព​បារម្ភ​ពី​សុវត្ថិភាព​កម្មករ​ពេល​ធ្វើដំណើរ​តាម​ដង​ផ្លូវ  ខណៈ​រដ្ឋាភិបាល​គ្មាន​វិធានការ​ដោះស្រាយ រថយន្តដឹកកម្មករធ្វើការ​រោងចក្រទៅមក​។ រូបផុសកាលពីថ្ងៃទី២ កុម្ភៈ ២០២៥។
រូប៖ ហ្វេសប៊ុកសហព័ន្ធសហជីពសេរីកម្មករ

កម្មករ និង​សហជីព​មួយ​ចំនួន​បារម្ភ​ពី​សុវត្ថិភាព​របស់​កម្មករ​នៅ​ពេល​ពួកគាត់​ធ្វើ​ដំណើរ​ទៅ​កន្លែង​ការងារ និង​ត្រឡប់​មក​ផ្ទះ​វិញ ដោយសារ​តែ​ឡាន​ដឹក​កម្មករ​ភាគច្រើន​ដាក់​មនុស្ស​លើស​ចំណុះ ហើយ​តៃកុង​ឡាន​ផឹក​គ្រឿង​ស្រវឹង​អំឡុង​ពេល​បើកបរ ដែល​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ជា​ញឹកញាប់។ ពួកគាត់​ស្នើ​ឱ្យ​រដ្ឋាភិបាល និង​ថៅកែ​រោងចក្រ​គិតគូរ​ពី​សុវត្ថិភាព និង​អាយុ​ជីវិត​របស់​កម្មករ។

កម្មករ និង​សហជីព​វិស័យ​កាត់​ដេរ​មួយ​ចំនួន​លើកឡើង​ថា កម្មករ​នៅតែ​ប្រឈម​នឹង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ពេល​ធ្វើ​ដំណើរ​ទៅ​ធ្វើការ ឬ​ត្រឡប់​មក​ផ្ទះ​វិញ​តាម​រយៈ​ការ​ជិះ​ឡាន​ដឹក​កម្មករ ខណៈ​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​ក្រសួង​ការងារ​នៅ​មិន​ទាន់​មាន​ដំណោះស្រាយ​សម្រាប់​កម្មករ​នៅ​ឡើយ​ទេ។

កម្មការិនី​ធ្វើ​នៅ​រោងចក្រ​កាត់​ដេរ​សំលៀក​បំពាក់​ម៉ាក់​អេឌីដាស (Adidas) នៅ​ខេត្ត​កណ្ដាល លោកស្រី នួន សុខលីន ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ០៣ ខែកុម្ភៈ ថា លោកស្រី​ធ្លាប់​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​បែក​ចង្កា ក្នុង​អំឡុង​ពេល​ជិះ​ឡាន​ឈ្នួល​ទៅ​ធ្វើ​ការ ហើយ​មិត្ត​រួម​ការងារ​របស់​លោកស្រី​ម្នាក់​បាន​ស្លាប់​បាត់​ជីវិត​ក្នុង​ហេតុការណ៍​នោះ។ លោកស្រី​បន្ត​ថា លោកស្រី​មិន​ចង់​ធ្វើ​ដំណើរ​តាម​ឡាន​ឈ្នួល​នោះ​ទេ​ពីព្រោះ​ឡាន​ដឹក​កម្មករ​ដាក់​មនុស្ស​លើស​ចំណុះ ប៉ុន្តែ​ដោយសារ​បញ្ហា​ជីវភាព និង​ប្រាក់​ឈ្នួល​ទាប ដូច្នេះ​លោកស្រី​ត្រូវ​បង្ខំ​ចិត្ត​ជិះ​ឡាន​ឈ្នួល​ទាំង​ប្រថុយ​ប្រថាន​មក​ធ្វើ​ការ។

លោកស្រី នួន សុខលីន៖ «ចង់​ជម្រាប​ថា ខាង​ថៅកែ​រោងចក្រ​គាត់​ឱ្យ​យើង​ធ្វើ​ការ​ថែម​ម៉ោង​អ៊ីចឹង​ចង់​ឱ្យ​គាត់​រៀបចំ​ឡាន​ឱ្យ​អស់​សោហ៊ុយ។ ចង់​ឱ្យ​ខាង​ក្រុមហ៊ុន​ហ្នឹង​ជួយ​ចេញ​ថ្លៃ​ឡាន​ធម្មតា​កម្មករ​គាត់​ចង់​បាន​លុយ​គាត់​ចេះ​តែ​ថែម​ម៉ោង​ហើយ ប៉ុន្តែ​នៅ​ពេល​ជិះ​ឡាន​អស់​លុយ​រហូត​អ៊ីចឹង​សុំ​ឱ្យ​ផ្នែក​រដ្ឋបាល និង​ថៅកែ​ជួយ​ចេញ​លុយ​ថ្លៃ​ឡាន​នៅ​ពេល​កម្មករ​ថែម​ម៉ោង ពីព្រោះ​នៅ​ពេល​ជិះ​តែ​ម្ដង​ទៅ​ផ្ទះ​ហ្នឹង​គឺ​អស់​៤ពាន់​រៀល»

ដោយឡែក​តំណាង​កម្មករ​នៅ​រោងចក្រ សិន តៃ ហ្គាមែន ខេមបូឌា (Zhen Tai Garment Cambodia) ក្នុង​រាជធានី​ភ្នំពេញ ម្នាក់​ទៀត​គឺ លោក កឹម សុភេន សង្កេត​ឃើញ​ថា កត្តា​ដែល​បណ្ដាល​ឱ្យ​ឡាន​ឈ្នួល​ដឹក​កម្មករ​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ញឹកញាប់​គឺ​ដោយសារតែ អ្នក​បើកបរ​រថយន្ត​ផឹក​គ្រឿង​ស្រវឹង ហើយ​ម្ចាស់​ឡាន​ខ្លះ​បាន​កែច្នៃ​ឡាន​ខុស​បច្ចេកទេស​ដើម្បី​ដឹក​កម្មករ​បាន​ច្រើន។ លោក​បន្ត​ថា រដ្ឋាភិបាល​គួរតែ​ចុះ​មក​ត្រួតពិនិត្យ​ឱ្យ​បាន​ទៀងទាត់​លើ​រថយន្ត​ដឹក​កម្មករ និង​រៀបចំ​ឱ្យ​មាន​រថយន្ត​ក្រុង​សម្រាប់​ដឹក​កម្មករ​ឱ្យ​បាន​ត្រឹមត្រូវ។

លោក កឹម សុភេន«ដើម្បី​បញ្ចៀស​នូវ​គ្រោះថ្នាក់​កុំ​ឱ្យ​កើត​ឡើង​ប៉ះពាល់​ដល់​កម្មករ ក៏​ដូចជា​ក្រុម​គ្រួសារ​ពួកគាត់​នៅ​ពេល​ពួកគាត់​គ្រោះថ្នាក់​ទៅក្រុម​គ្រួសារ​ពួកគាត់​បាត់បង់​ចំណូល​ផ្គត់ផ្គង់​គ្រួសារ។ អ៊ីចឹង​សង្ឃឹម​ថា ក្រសួង​ការងារ ក្រសួង​ដែល​ពាក់ព័ន្ធ​ជាពិសេស​រដ្ឋាភិបាល​ជួយ​មែនទែន​ហើយ​ពិនិត្យ​ប្រសិនបើ​មាន​ករណី​ណា​ធ្វើ​ឡើង​មិន​ត្រឹមត្រូវ​សុំ​ឱ្យ​ពួកគាត់​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​ឱ្យ​បាន​លឿន»

ក្ដី​បារម្ភ​របស់​កម្មករ​នេះ ធ្វើ​លើក​ឡើង​ក្រោយ​ពេល​ដែល សហព័ន្ធ​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាល​ពី​ថ្ងៃទី០២ ខែ​កុម្ភៈ បង្ហាញ​ពី​ចំនួន​កម្មករ​ការងារ​ក្នុង​វិស័យ​កាត់ដេរ គិត​ត្រឹម​ខែ​វិច្ឆិកា ឆ្នាំ​២០២៤ កម្ពុជា​មាន​រោងចក្រ​សរុប​ចំនួន​១៥០០ ដែល​មាន​កម្មករ​ប្រមាណ​៨៤ម៉ឺន​នាក់ (៨៤០.០០០) កំពុង​បម្រើ​ការងារ​ក្នុង​វិស័យ​រោងចក្រ​កាត់ដេរ ផលិត​ស្បែក​ជើង ទំនិញ​ធ្វើ​ដំណើរ និង​ផលិតផល​ផ្សេង​ទៀត។ លើស​ពី​នេះ កម្មករ​រោងចក្រ​ធ្វើ​ដំណើរ​ទៅ​ធ្វើ​ការងារ​នៅ​រោងចក្រ និង​ត្រឡប់​មក​ផ្ទះ​វិញ ភាគច្រើន​ជិះ​ឡាន​ប្រភេទ​ដឹក​ទំនិញ​ដែល​មាន​ទំហំ​ធំ រាង​សំប៉ែត ហើយ​ឡាន​ប្រភេទ​នេះ ងាយ​ប្រឈម​នឹង​គ្រោះថ្នាក់​ខ្ពស់ និង​ប៉ះពាល់​ដល់​សុខុមាលភាព​របស់​កម្មករ ដោយសារ​កម្មករ​ត្រូវតែ«ឈរ»ប្រច្រៀត​គ្នា ពីព្រោះ​មិន​មាន​កៅអី​ត្រឹមត្រូវ​សម្រាប់​អង្គុយ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​លោក កត្តា អ៊ន ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃទី៣ ខែ​កុម្ភៈ។

ជុំវិញ​រឿង​នេះ អនុ​ប្រធាន​សហព័ន្ធ​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា

កញ្ញា សាយ សុខនី មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​គួរតែ​ចុះ​ត្រួត​ពិនិត្យ​នៅ​គ្រប់​កន្លែង​ការងារ​ដែល​មាន​ឡាន​ឈ្នួល​ដឹក​កម្មករ​ដើម្បី​ធានា​ដល់​អាយុ​ជីវិត​កម្មករ និង​បញ្ចៀស​កើន​ឡើង​នៃ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្ក​ឡើង​ដោយ​ម្ចាស់​រថយន្ត​ដាក់​កម្មករ​លើស​ចំណុះ និង​រថយន្ត​មួយ​ចំនួន​មាន​សភា​ចាស់​ទ្រុឌទ្រោម។ កញ្ញា​បន្ត​ថា ដើម្បី​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ក្រសួង​ការងារ​គួរតែ​ជំរុញ​ឱ្យ​ទៅ​ថៅកែ​រោងចក្រ​ដើម្បី​ដំឡើង​ប្រាក់​ឈ្នួល​ឱ្យ​កម្មករ ពីព្រោះ​ប្រាក់​ឈ្នួល​ទាប​ក៏​អាច​ធ្វើ​ឱ្យ​ពួកគាត់​គ្មាន​ជម្រើស​ក្នុង​ការ​ធ្វើ​ដំណើរ​ផង​ដែរ។

កញ្ញា សាយ សុខនី «បញ្ហា​ប្រឈម​មួយ​ទៀត​គឺ កម្មករ​យើង ឡាន​ខ្លះ រោងចក្រ​ខ្លះ​គេ​ចេញ​ម៉ោង៤ល្ងាច ប៉ុន្តែ​ថ្ងៃ​ណា​ខ្លះ ខែ​ណា​ខ្លះ រដូវ​ណា​ខ្លះ​មាន​ទំនិញ​ធ្វើ​ដល់​ម៉ោង​៦ល្ងាច ឬ​ដល់​ម៉ោង៨យប់ គឺ​កម្មករ​ប្រឈម​ធំ​បំផុត​គឺ​ក្រុមហ៊ុន​មិន​បាន​រៀបចំ​ឡាន​ដឹក​កម្មករ​ទៅ​ផ្ទះ​ក្នុង​ការ​ធ្វើ​ការ​ថែម​ម៉ោង ម៉ោង៦ ឬម៉ោង៥ ឬម៉ោង៧យប់​ទេ​អ៊ីចឹង​កម្មករ​គាត់​ចេញ​លុយ​ដោយ​ខ្លួន​ឯង»

របាយការណ៍​របស់​បេឡា​ជាតិ​សន្តិសុខ​សង្គម (..) បង្ហាញ​ថា រយៈពេល​៩ខែ ឆ្នាំ២០២៤ មាន​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវ​តាម​ដង​ផ្លូវ​លើ​កម្មករ​និយោជិត​ក្នុង​វិស័យ​រោងចក្រ សហគ្រាស ពេល​ធ្វើ​ដំណើរ​ទៅ​មក​បំពេញ​ការងារ​មាន​ចំនួន​ជាង​៣ពាន់​នាក់ (.៣៩៣) ស្លាប់ជិត៥០នាក់ (៤៥) របួសធ្ងន់​ចំនួន​ជាង​៨រយនាក់ (៨៦២) និង​របួស​ស្រាល​ចំនួន​ជាង​២ពាន់​នាក់ (.៤៨៦)

ក្រុម​កម្មករ និង​មន្ត្រី​សហជីព​អំពាវនាវ​ដល់​អាជ្ញាធរ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់ ហើយ​ត្រូវ​មាន​ប៉ូលិស​ចរាចរណ៍​ចាំ​សម្រួល​ចរាចរណ៍​ឱ្យ​កម្មករ​ចេញ​ពី​ធ្វើ​ការ ព្រមទាំង​សហការ​ជាមួយ​ថៅកែ​រោងចក្រ​ដើម្បី​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍ និង​ធានា​ដល់​អាយុ​ជីវិត​របស់​ក្រុម​កម្មករ​ទាំង​នោះ ពីព្រោះ​ពួកគាត់​ក៏​ជា​ផ្នែក​មួយ​ជំរុញ​ឱ្យ​សេដ្ឋកិច្ច​រីក​លូតលាស់​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។