ពលរដ្ឋ​ច្រើន​គ្រួសារ​នៅ​កំពង់ឆ្នាំង​តវ៉ា​សុំ​​បន្ត​រក​ស៊ី​រាវ​លៀស​តាម​ដង​ទន្លេ​ចិញ្ចឹម​ជីវិត

ប្រជាពលរដ្ឋ​ប្រមាណ ៥០គ្រួសារ​តំណាង​ឱ្យ​ពលរដ្ឋ​ជិត ២រយ​គ្រួសារ​រស់​នៅ​ភូមិ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃ​ទី៤ ខែ​កុម្ភៈ បាន​ប្រមូល​ផ្ដុំ​គ្នា​ស្រែ​តវ៉ា​នៅ​តាម​តំបន់​ច្រាំង​បឹង​ទន្លេសាប ដោយ​អ្នក​ខ្លះ​បាន​លុត​ជង្គង់​លើកដៃ​សំពះ​អង្វរ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដើម្បី​ជួយ​អន្តរាគមន៍​ពាក់ព័ន្ធ​នឹង​កម្លាំង​អាជ្ញាធរ និង​ទាហាន​ហាម​ឃាត់​មិន​ឱ្យ​ពួកគាត់​បន្ត​ប្រកប​របរ​រាវ​លៀស និង​ខ្យងខ្ចៅ​លក់​ចិញ្ចឹម​ជីវិត និង​ដោះស្រាយ​បញ្ហា​បំណុល​ធនាគារ។

ការ​តវ៉ា​របស់​អ្នក​ភូមិ​ឆ្នុកទ្រូ ក្នុង​ខេត្ត​កំពង់ឆ្នាំង​ ផ្ទុះ​ឡើង​បន្ទាប់​ពី​មន្ត្រី​អាជ្ញាធរ និង​កងកម្លាំង​ទាហាន​ប្រដាប់​ដោយ​កាំភ្លើង​ម៉ាក​អាកា (AK) បាន​ចុះ​រឹបអូស​លៀស​ពី​ពលរដ្ឋ និង​ឈ្លួញ​ជា​ច្រើន​ការ៉ុង ដោយ​ចោទ​ប្រកាន់​ថា ពលរដ្ឋ​ ដែល​ប្រកបរបរ​រាវ​លៀស​នោះ​ប្រព្រឹត្ត​បទល្មើស​នេសាទ​ខុស​ច្បាប់។ អាជ្ញាធរ​ខេត្តកំពង់ឆ្នាំង​ ​ហាមប្រាម​មិន​ឱ្យ​ពលរដ្ឋ​បន្ត​រកស៊ី​រាវ​លៀស​តាម​ដង​ទន្លេសាប​ទៀត​ទេ។

អ្នកស្រុក​បរិបូរណ៍​ឱ្យ​ដឹង​ថា ពលរដ្ឋ​ជាច្រើន​រស់​នៅ​តំបន់​ឆ្នុកទ្រូ​បាន​ប្រកបរបរ​រាវ​លៀស ដើម្បី​បាន​ប្រាក់​ចិញ្ចឹម​គ្រួសារ​ច្រើន​ជំនាន់​មក​ហើយ និង​ពុំ​បាន​ប្រព្រឹត្ត​បទល្មើស​នេសាទ ឬ​បង្ក​ផល​ប៉ះពាល់​ដល់​ពូជ​ត្រី​ពង​កូន​នោះ​ទេ ហើយ​ថា ​អាជ្ញាធរ​មិន​គួរចុះ​មក​ព្រមាន និង​ហាម​ឃាត់​មិន​ឱ្យ​ពលរដ្ឋ​បន្ត​រកស៊ី​រាវ​លៀស​បែប​នេះ​ឡើយ។

តំណាង​ពលរដ្ឋ​រស់នៅ​ភូមិ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍​ថ្លែង សុំ​មិន​បញ្ចេញ​ឈ្មោះ​ដោយ​បារម្ភ​ពី​បញ្ហា​សុវត្ថិភាព​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា កម្លាំង​អាជ្ញាធរ និង​ទាហាន​នៅ​ព្រឹក​ថ្ងៃ​ទី៤ ខែកុម្ភៈ បាន​ចាប់​យក​លៀស​ពលរដ្ឋ និង​ឈ្មួញ​អ្នក​ទិញ​ជា​ច្រើន​ការ៉ុង ដោយ​បញ្ជាក់​ហេតុផល​ថា គឺ​ជា​ការ​បង្ក្រាប​បទល្មើស​នេសាទ និង​ព្រមាន​មិន​ឱ្យ​ពលរដ្ឋ​រាវ​លៀស​តាម​ផ្ទៃ​ទន្លេ​សាប​ទៀត​ឡើយ។ តំណាង​ពលរដ្ឋ​រូប​នេះ​ចាត់​ទុក​ការ​បង្ក្រាប​របស់​អាជ្ញាធរ​ថា ​ជា​ការ​បំបិទ​ឆ្នាំង​បាយ​ពលរដ្ឋ ដោយសារ​តែ​អ្នក​ភូមិ​ស្ទើរ​តែ​ទាំងអស់​រស់​នៅ​ភូមិ​ឆ្នុកទ្រូ​ចាត់​ទុក​របរ​រក​លៀស និង​ខ្យង​ខ្ចៅ​នេះ​ជា​អាយុ​ជីវិត។

ពលរដ្ឋ​លាក់​ឈ្មោះ៖«ចង់​សុំ​ទាមទារ​ឱ្យ​ប្រជាជន​រក​របរ​ហ្នឹង​ត​ទៀត សុំ​រក​តែ​កាណូត​មួយ​ក៏​បាន​ដែរ​លក្ខណៈ​គ្រួសារ​ឱ្យ​តែ​ថា ឱ្យ​បាន​ប្រជាជន​បាន​រក​តែ​នេះ​គាត់​ដាក់​វិធានការ​មក​ក្ដៅ​ថា អត់​ឱ្យ​រក​សោះ​ឱ្យ​បិទ ហើយ​ប្រជាជន​បិទ​អត់​បាន​អត់​បាន​រក​អត់​មាន​លុយ​បង់​អង្គការ អត់​មាន​លុយ​ចិញ្ចឹម​កូន​ទេ អស់​ពី​ខ្លួន​ហើយ​បើ​បិទ​របរ​ហ្នឹង​នោះ។ អ៊ីចឹង ​បាន​ប្រជាជន​ចេះ​តែ​ស្រែក​តវ៉ា លួច​ថត​ធ្វើ​ម៉េច​ឱ្យ​ដល់​ថ្នាក់​ដឹកនាំ​ជួយ​មើល​ឱ្យ​បាន​ឃើញ​ដល់​ថ្នាក់​ដឹកនាំ​ជួយ​ផ្សាយ​បាន​ដឹង​ដល់​អ្នក​ធ្វើ​ការ​នៅ​លើៗ​ ឱ្យ​គេ​ជួយ​ដោះស្រាយ ដើម្បី​ឱ្យ​យើង​បាន​រក​ត​ទៅ​ទៀត។ បើ​បិទ​របរ​ហ្នឹង​ពួក​ខ្ញុំ​ដឹង​តែ​ស្លាប់​ហើយ»។

តំណាង​ពលរដ្ឋ​រូប​នេះ​ព្រមាន​ថា ពលរដ្ឋ​នឹង​នាំ​គ្នា​ឡើង​តវ៉ា​ទ្រង់ទ្រាយ​ធំ​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ស្នើ​សុំ​ឱ្យ​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ជួយ​អន្តរាគមន៍​ប្រសិនបើ​អាជ្ញាធរ និង​ក្រុម​ទាហាន​ចុះ​មក​ហាមឃាត់​ពលរដ្ឋ​មិន​ឱ្យ​ប្រកបរបរ​រាវ​លៀស និង​ខ្យងខ្ចៅ​តាម​ដង​ទន្លេ​សាប។

ពលរដ្ឋប្រមូលផ្ដុំតវ៉ាសុំលោក ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យពួកគាត់បន្តរកស៊ីរាវលៀសតាមដងទន្លេចិញ្ចឹមជីវិត ការតវ៉ារបស់អ្នកភូមិឆ្នុកទ្រូ ក្នុងខេត្តកំពង់ឆ្នាំង ផ្ទុះឡើងបន្ទាប់មន្ត្រីអាជ្ញាធរ និងកងកម្លាំងទាហានប្រដាប់ដោយកាំភ្លើងម៉ាក់អាកា (AK) បានចុះរឹបអូសលៀសពីពលរដ្ឋ និងឈ្នួញជាច្រើនការ៉ុង ដោយចោទប្រកាន់ថា ពលរដ្ឋដែលប្រកបរបររាវលៀសនោះ ប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់។ អាជ្ញាធរខេត្តកំពង់ឆ្នាំង ក៏ហាមប្រាមមិនឱ្យពលរដ្ឋបន្តរកស៊ីរាវលៀសតាមដងទន្លេសាបទៀតនោះទេ។

ចំណែកពលរដ្ឋ​សុំ​លាក់​ឈ្មោះម្នាក់​ទៀត​ថ្លែង​ថា លោកស្រី​មិន​ចង់​នាំ​កូន​ចៅ​ចំណាក​ស្រុក​ខុស​ច្បាប់​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​នោះ​ទេ។ លោកស្រី​បញ្ជាក់​ថា មុខរបរ​នេះ​បាន​ជួយ​ឱ្យ​គ្រួសារ និង​ពលរដ្ឋ​ក្នុង​ភូមិ​ឆ្នុកទ្រូ​អាច​ទាញ​បាន​ប្រាក់​ចំណូល ដើម្បី​ដោះស្រាយ​បញ្ហា​ជីវភាព​គ្រួសារ ហើយ​ប្រសិនបើ​អាជ្ញាធរ​ខេត្តកំពង់ឆ្នាំង​មិន​អនុញ្ញាត​ឱ្យ​បន្ត​រក​លៀស និង​ខ្យងខ្ចៅ​នោះ ពលរដ្ឋ​ក៏​គ្មាន​របរ​អ្វី​ដែរ ព្រោះ​ពលរដ្ឋ​ភាគច្រើន​គ្មាន​ដី​ស្រែ​ចម្ការ​ដាំ​ដុះ​ដំណាំ​កសិកម្ម។

ពលរដ្ឋ​លាក់​ឈ្មោះ៖«ខ្ញុំ​បំផ្លាស់​ទី​គេ​ដេញ​ពី​ក្រោម[រស់​នៅ​លើ​ទឹក​ទន្លេ]ឡើង​លើ ​ដី​ស្រែ​ក៏​អត់​មាន​ ចម្ការ​ក៏​អត់​មាន ​ខ្ញុំ​បាន​អី? ខ្ញុំ​បាន​តែ​ទៅ​លើ​នេសាទ​រាវ​លៀស។ បើ​រាវ​អត់​កើត ​ខ្ញុំ​មិន​ដឹង​ធ្វើ​អី​ទេ មាន​តែ​រឿង​ចំណាក​ស្រុក​ទៅ​រក​ស៊ី​ស្រុក​គេ​មិន​ដឹង​ទេ បើ​ខ្ញុំ​ជំពាក់​លុយ​រដ្ឋ​បែប​នេះ។ អ៊ីចឹង ​ខ្ញុំ​សុំ​ឱ្យ​ថ្នាក់​ដឹកនាំ​សម្ដេច ហ៊ុន សែន សម្ដេច​ហ៊ុន ម៉ាណែត ឱ្យ​ជួយ​ដោះស្រាយ​ខ្ញុំ​ជា​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ឆ្នុកទ្រូ​ផង​ ព្រោះ​ខ្ញុំ​ដាច់​បាយ​ហើយ មិន​ឱ្យ​ខ្ញុំ​រាវ​លៀស​កេរ្តិ៍​តំណ​ពី​ដូនតា​ខ្ញុំ។ បើ​ផ្ដាច់​មុខ​របរ​រាវ​លៀស​ហ្នឹង ​ខ្ញុំ​បាន​អី​រក​ទៀត ហើយ​កូន​រៀន ​ក៏​អត់​មាន​លុយ​ដែរ ​មាន​តែ​ឱ្យ​កូន​បញ្ឈប់​ការ​សិក្សា»។

កាល​ពី​យប់​ថ្ងៃ​ទី៣ ខែ​កុម្ភៈ កង​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខេត្ត​កំពង់ឆ្នាំង និង​កម្លាំង​ទាហាន​នៃ​បញ្ជាការដ្ឋាន​ទ័ព​ពិសេស៩១១ បាន​រឹប​អូស​លៀស​ពី​ឈ្មួញ​ដែល​ទិញ​ពី​ពលរដ្ឋ​ក្នុង​ភូមិ​ឆ្នុកទ្រូ​ជា​ច្រើន​តោន។ រហូត​ដល់​ព្រឹក​ថ្ងៃ​ទី៤ ខែ​កុម្ភៈ កម្លាំង​បញ្ជាការដ្ឋាន​ទ័ព​ពិសេស៩១១ និង​សមត្ថកិច្ច​មូលដ្ឋាន​បន្ត​ចុះ​ឃាត់​ទូក​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​បន្ថែម​ទៀត រួម​ទាំង​រឹបអូស​លៀស​ពី​ពលរដ្ឋ​ជា​ច្រើន​ការ៉ុង និង​បញ្ជាក់​ហេតុផល​ប្រាប់​ពលរដ្ឋ​ថា នេះ​គឺ​ជា​ការ​បង្ក្រាប​បទល្មើស​នេសាទ ​ដើម្បី​ការពារ​ធនធាន​ធម្មជាតិ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អធិការ​រង​នគរបាល​ស្រុក​បរិបូរណ៍​លោក ឈិន សុភក្តិ និង​លោក ឈឹម ឆេងឡាយ ដើម្បី​សាកសួរ​បន្ថែម​ជុំវិញ​រឿង​នេះ​បាន​ទេ ​នៅ​ថ្ងៃ​ទី៤ ខែកុម្ភៈ។ ចំណែក​អ្នកនាំពាក្យ​ក្រសួង​កសិកម្ម កញ្ញា អឹម រចនា ក៏​វិទ្យុអាស៊ីសេរី​មិន​អាច​ទាក់ទង​បាន​ដែរ​ នៅ​ថ្ងៃ​ដដែល​នេះ។

តំណាង​ពលរដ្ឋ​ឱ្យ​ដឹង​ទៀត​ថា ហេតុផល​សំខាន់​មួយ​ទៀត​ដែល​កម្លាំង​ទាហាន និង​សមត្ថកិច្ច​ចុះ​ហាមប្រាម​ពលរដ្ឋ​មិន​ឱ្យ​បន្ត​រាវ​លៀស​នេះ អាជ្ញាធរ​បាន​អះអាង​ថា គឺ​ដើម្បី​បញ្ចៀស​ផល​ប៉ះពាល់​ដល់​ត្រី​ពង​កូន។ ទោះ​ជា​យ៉ាង​ណាក្ដី ក្រុម​ពលរដ្ឋ​ដែល​ប្រកប​របរ​នេះ​បញ្ជាក់​ថា ពួកគាត់​តែងតែ​ស្ដាប់​ការ​ណែនាំ​របស់​អាជ្ញាធរ​មូលដ្ឋាន ហើយ​កន្លង​មក​ពលរដ្ឋ​ក៏​មិន​ដែល​ហ៊ាន​ល្មើស​ទៅ​រាវ​លៀស​នៅ​រដូវ​ត្រី​ពង​កូន​ដែរ។ ក្រៅ​ពី​នេះ តំណាង​ពលរដ្ឋ​បញ្ជាក់​ថា ពលរដ្ឋ​ក៏​បាន​ប្ដូរ​កាណូត​ខ្នាត​តូចៗ និង​អួន​សាច់​ក្រឡា​ធំ តាម​ការ​ណែនាំ​របស់​អាជ្ញាធរ ដើម្បី​រាវ​លៀស​ខ្យង​ខ្ចៅ​តាម​បឹង​ទន្លេ​សាប ដើម្បី​បញ្ចៀស​ផល​ប៉ះពាល់​ដល់​ធនធានធម្មជាតិ​ដែរ តែ​អាជ្ញាធរ​នៅ​តែ​មិន​អនុញ្ញាត​ឱ្យ​អ្នក​ភូមិ​បន្ត​រកស៊ី​លើ​របរ​មួយ​នេះ។

ជុំវិញ​រឿង​នេះ អ្នក​តាម​ដាន និង​ឃ្លាំមើល​វិស័យ​កសិកម្ម លោក សៀក ចំណាប់ លើកឡើង​ថា ប្រសិនបើ​របរ​រាវ​លៀស​របស់​ពលរដ្ឋ​អាច​ប៉ះពាល់​ដល់​ធនធាន​ធម្មជាតិ អាជ្ញាធរ​ជំនាញ​គួរ​ចុះ​ណែនាំ​ប្រាប់​ពលរដ្ឋ ដើម្បី​ស្វែងរក​ដំណោះស្រាយ​កាត់​បន្ថយ​បញ្ហា​ប្រឈម ដោយ​ពុំ​គួរ​មាន​កម្លាំង​ទៅ​គំរាមកំហែង និង​ហាម​មិន​ឱ្យ​ពលរដ្ឋ​រក​ចំណូល​លើ​របរ​រាវ​លៀស​នោះ​ទេ។

លោក សៀក ចំណាប់៖«ប្រជាពលរដ្ឋ​អាស្រ័យផល​រក​លៀស​នេះ​ខ្ញុំ​គិត​ថា មិនមែន​ជា​ទង្វើ​អី​ធ្ងន់ធ្ងរ​ទេ។ អ៊ីចឹង ​អាជ្ញាធរ​គួរ​ពិនិត្យ​ឡើងវិញថា ​តើ​គួរ​ទុក​លទ្ធភាព​របៀប​ម៉េច ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​គាត់​អាច​ប្រកបរបរ​ចិញ្ចឹម​ជីវិត​បាន ព្រោះ​ដូច​ដឹង​ហើយ​ថា បច្ចុប្បន្ន​នេះ​សេដ្ឋកិច្ច​មិន​មាន​ភាព​ល្អ​ប្រសើរ​ទេ។ អ៊ីចឹង​ ប្រជាពលរដ្ឋ​គ្រាន់តែ​ចង់​ធ្វើ​ម៉េច​ឱ្យ​មាន​មុខរបរ ដើម្បី​ចិញ្ចឹម​ជីវិត។ ខ្ញុំ​មើល​ទៅ​ដូចជា​មិន​ធ្ងន់ធ្ងរ​អី​ទេ ប្រសិន​ជា​ការ​រាវ​លៀស​មែន។ ប៉ុន្តែ​ក្រែង​ថា មាន​ជាប់​ពាក់ព័ន្ធ​បទល្មើស​នេសាទ​អី​ផ្សេងៗ ​ខ្ញុំ​ក៏​មិន​ដឹង​ដែរ ប៉ុន្តែ​ បើ​ពិត​ជា​ត្រឹម​រាវ​លៀស ដើម្បី​ធ្វើ​ជា​របរ​ចិញ្ចឹម​ជីវិត​ ខ្ញុំ​គិត​ថា ដូចជា​មិន​មាន​អី​ខុស​ច្បាប់​ទេ»។

អ្នក​ភូមិ​ឆ្នុកទ្រូ​ឱ្យ​ដឹង​ទៀត​ថា ការ​ហាមប្រាម​របស់​អាជ្ញាធរ​ឱ្យ​ពលរដ្ឋ​បញ្ឈប់​មុខរបរ​រាវ​លៀស និង​ខ្យងខ្ចៅ​នេះ​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​ចំណូល និង​ជីវភាព​អ្នក​ប្រកបរបរ​រាវ​លៀស​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ប៉ះពាល់​ដល់​ចំណូល​ពលរដ្ឋ​ក្នុង​ភូមិ​រាប់រយ​នាក់​ទៀត​ ដែល​ជា​កម្មករ​ស៊ី​ឈ្នួល​តាម​ទូក​រើស​លៀស​លក់​ឱ្យ​ឈ្មួញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។