អ្នកវិភាគ​ថា ចិន​​ត្រឹម​តែ​ប្រើ​ភាសា​ការទូត​រឿង​ឆបោក​តាម​អនឡាញ គ្រឿងញៀន និង​ជួញដូរ​មនុស្ស

ដោយ សេក បណ្ឌិត
2024.12.08
អ្នកវិភាគ​ថា ចិន​​ត្រឹម​តែ​ប្រើ​ភាសា​ការទូត​រឿង​ឆបោក​តាម​អនឡាញ គ្រឿងញៀន និង​ជួញដូរ​មនុស្ស រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា (ឆ្វេង) និង​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​សាធារណៈ នៃ​ប្រទេស​ចិន ​លោក ​វ៉ាង ស៊ាវហុង (Wang Xiaohong) ក្នុង​ជំនួប​នា​ទីក្រុង​ប៉េកាំង ប្រទេស​ចិន កាលពីថ្ងៃទី៦ កញ្ញា ២០២៤។
រូប៖ ហ្វេសប៊ុក​លោក ស សុខា

អ្នក​វិភាគ​នយោបាយ​យល់​ថា ចិន​បាន​ត្រឹម​តែ​ប្រើ​ភាសា​ការទូត​ប៉ុណ្ណោះ ​ជុំវិញ​ការ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​សន្តិសុខ ​ប្រឆាំង​អំពើ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ ប្រឆាំង​ការ​ជួញដូរ​មនុស្ស ​គ្រឿងញៀន និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ជាមួយ​កម្ពុជា​ ប៉ុន្តែ​គ្មាន​ឆន្ទៈ​អនុវត្ត​ជាក់ស្ដែង​ឱ្យ​មាន​ប្រសិទ្ធភាព​ទេ។

ការ​លើក​ឡើង​ដូច​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា ​លោក ហ៊ុន សែន បាន​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ចិន ​ហើយ​ប្រមុខ​រដ្ឋាភិបាល​ចិន​ បាន​សន្យា​ជា​ថ្មី​ថា នឹង​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​ប្រឆាំង​អំពើ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​ ប្រឆាំង​ការ​ជួញដូរ​មនុស្ស ​គ្រឿងញៀន​និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ជាមួយ​កម្ពុជា។

រដ្ឋាភិបាល​​​ប្រទេស​ចិន​បាន​លើក​ឡើង​ម្ដង​ហើយ​ម្ដង​ទៀត​ ពី​ការ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​កម្ពុជា ​ដើម្បី​ប្រឆាំង​អំពើ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ ការ​ជួញដូរ​មនុស្ស ​គ្រឿងញៀន​និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន។

ក៏ប៉ុន្តែ​អ្នក​ឃ្លាំមើល​បញ្ហា​សង្គម​កត់​សំគាល់​ថា ​ការ​លើក​ឡើង​នេះ ​ហាក់​គ្មាន​ផែន​ការ​ច្បាស់លាស់​ដាក់​ឱ្យ​អនុវត្ត ​ប្រឆាំង​និង​ឧក្រិដ្ឋកម្ម ​ដែល​កំពុង​តែ​កើត​ឡើង​នៅ​កម្ពុជា​ឱ្យ​មាន​ប្រសិទ្ធភាព​ទេ។

អ្នក​អត្ថាធិប្បាយ​នយោបាយ ​លោក គឹម សុខ យល់​ថា​ មេដឹកនាំ​ចិន​ ដែល​បញ្ជាក់​ពី​ការ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​ផ្នែក​សន្តិសុខ​ជាមួយ​កម្ពុជា​ ម្ដង​ហើយ​ម្ដង​ទៀត​គឺ​គ្រាន់​តែ​ជា​ភាសា​ការទូត ​ដើម្បី​លួងលោម​រដ្ឋាភិបាល​កម្ពុជា​ប៉ុណ្ណោះ។

លោក​ថា ​រដ្ឋាភិបាល​ចិន​គ្មាន​ឆន្ទៈ​ពិត​ប្រាកដ ​ក្នុង​ការ​ជួយ​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​ដែល​កំពុង​ដឹកនាំ​ដោយ​ត្រកូល​ហ៊ុន​ ឱ្យ​ប្រយុទ្ធ​ប្រឆាំង​និង​អំពើ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​ ការ​ជួញដូរ​មនុស្ស ​គ្រឿងញៀន​និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​នេះ​ទេ។

លោក គឹម សុខ៖ «ជា​ទម្លាប់​របស់​ចិន ​កាល​ណា​ជួយ​គឺ​ទម្លាក់​លុយ​លើ​គម្រោង​ណា​មួយ​តែ​ម្ដង។​ ឧទាហរណ៍​ក្នុង​កិច្ច​សហ​ប្រតិបត្តិការ​សន្តិសុខ​នេះ ​តើ​ចិន​បាន​ទម្លាក់​លុយ​ប៉ុន្មាន​លាន​ដុល្លារ​ហើយ ​សម្រាប់​កិច្ច​សហការ​នោះ​ជាមួយ​រដ្ឋាភិបាល​របស់​លោក ហ៊ុន ម៉ាណែត? ចម្លើយ​គឺ​អត់​ទាន់​មាន​ទេ ​គឺ​ចិន​គ្រាន់​តែ​និយាយ​ចោល​ជា​ទូទៅ​ប៉ុណ្ណោះ។ ការ​និយាយ​ជា​ទូទៅ​ក្នុង​នយោបាយ​ការទូត ​គ្រាន់​តែ​ជា​ភាសា​ផ្អែម​ល្ហែម​នៅ​ពេល​ជួប​គ្នា ​។ ​ក៏​ប៉ុន្តែ​បើ​ចិន​មិន​ទម្លាក់​លុយ​សម្រាប់​គម្រោង​ពិត​ប្រាកដ​ទេ​នោះ ​មានន័យ​ថា​គ្មាន​ជំនួយ​អ្វី​ទេ»

ការ​លើក​ឡើង​របស់​អ្នក​វិភាគ​ដូច​នេះ​ បន្ទាប់​ពី​ក្រសួង​ការបរទេស​កម្ពុជា​បាន​ប្រកាស​ថា​​ចិននិង​កម្ពុជា ​បាន​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​ផ្នែក​សន្តិសុខ​ ប្រឆាំង និង​អំពើ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ ​ការ​ជួញដូរ​មនុស្ស​ គ្រឿងញៀន​និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន។

សេចក្តី​ប្រកាស​ព័ត៌មាន ​របស់​ក្រសួង​ការ​បរទេស​កម្ពុជា ​កាល​ពី​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឱ្យ​ដឹង​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​ព្រឹទ្ធសភា ​លោក ហ៊ុន សែន ទៅ​ប្រទេស​ចិន គឺ​ចិន​និង​កម្ពុជា ​បាន​ជំរុញ​កិច្ច​សហ​ប្រតិបត្តិការ​រួមគ្នា​ជា​ច្រើន​ ដូច​ជា​កិច្ច​សហ​ប្រតិបត្តិការ​ត្បូងពេជ្រ ​កិច្ច​សហការ​ស្ដីពី​ការ​កសាង​សហគមន៍​វាសនា​រួម​កម្ពុជា-ចិន​និង​កិច្ច​សហ​ប្រតិបត្តិការ​បង្កើន​ការ​ផ្លាស់ប្ដូរ​វិស័យ​ទេសចរណ៍​ជា​ដើម។ ក្នុង​នោះ​ដែរ​កម្ពុជា-ចិន ​ក៏​បាន​ប្ដេជ្ញា​ចិត្ត​រួម​គ្នា​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​ផ្នែក​សន្តិសុខ​ ដើម្បី​ប្រឆាំង​និង​អំពើ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ ​អំពើ​ជួញដូរ​មនុស្ស ​គ្រឿងញៀន​និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ដែរ។

នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ ​ដែល​រដ្ឋាភិបាល​ចិន ​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​លើ​ការ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​ផ្នែក​សន្តិសុខ​ជាមួយ​កម្ពុជា ​ដើម្បី​ប្រឆាំង​និង​អំពើ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ ​អំពើ​ជួញដូរ​មនុស្ស​ គ្រឿងញៀន​និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន។

កាល​ពី​ខែ​កញ្ញា រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​សាធារណៈ នៃ​ប្រទេស​ចិន ​លោក ​វ៉ាង ស៊ាវហុង (Wang Xiaohong) ក៏​ធ្លាប់​បាន​ប្ដេជ្ញាចិត្ត​រួម​គ្នា ​ជាមួយ​លោក ស សុខា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ​ក្នុង​ការ​ពង្រឹង​កិច្ច​សហការ​ផ្នែក​សន្តិសុខ ​ដើម្បី​ទប់ស្កាត់​បទ​ល្មើស​ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​ការ​តាម​រក​ឧក្រិដ្ឋជន​ដែល​ជា​ជនជាតិ​ចិន​នៅ​កម្ពុជា​ផង​ដែរ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ ជុំវិញ​លទ្ធផល​នៃ​ការ​ពង្រឹង​កិច្ចសហ​ប្រតិបត្តិការ​ជា​ច្រើន​វិស័យ​រវាង​រដ្ឋាភិបាល​កម្ពុជា​និង​ចិន​នេះ​ ពី​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​លោក ជុំ សុន្ទរី ​និង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល ​លោក ប៉ែន បូណា បាន​នៅ​ឡើយ នៅ​ថ្ងៃ​ទី​៧ ខែ​ធ្នូ។

អ្នក​ឃ្លាំមើល​បញ្ហា​សង្គម​កត់​សំគាល់​ឃើញ​ថា បើទោះបីជា​រដ្ឋាភិបាល​ចិន​ បាន​បង្ហាញ​ពី​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​កម្ពុជា​ ក្នុង​ការ​ប្រឆាំង​អំពើ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​ អំពើ​ជួញដូរ​មនុស្ស ​គ្រឿងញៀន និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ ញឹកញាប់​ក្តី​ ក៏​បច្ចុប្បន្ន​អំពើ​ទាំង​នេះ ​នៅ​តែ​កើត​ឡើង​ក្នុង​កម្ពុជា​ដដែល។

កាល​ពី​ថ្ងៃ​ទី​៤ ខែ​ធ្នូ កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ បាន​ចាប់​ខ្លួន​ជនជាតិ​ចិន ​វៀតណាម​និង​ខ្មែរ ​ចំនួន ៩៣​នាក់ ពាក់ព័ន្ធ​និង​បទល្មើស​គ្រឿងញៀន​ ព្រម​ទាំង​រឹបអូស​ថ្នាំញៀន​ចម្រុះ ​បាន​ជាង ៤០០​កញ្ចប់​នៅ​ក្នុង​សង្កាត់​ព្រែកតាសេក​ ខណ្ឌ​ជ្រោយចង្វារ។

កាល​ពី​អំឡុង​ខែ​មេសា ឆ្នាំ​២០២៤ ​កម្ពុជា​ក៏​ធ្លាប់​បាន​បញ្ជូន​ជនជាតិ​ចិន​ដែល​ពាក់​ព័ន្ធ​និង​ឧក្រិដ្ឋកម្ម​ល្បែងស៊ីសង ​និង​អំពើ​ឆបោក​តាម​អនឡាញ ពី​ខេត្ត​ព្រះសីហនុ​ចំនួន ​១៣០​នាក់ ​ឱ្យ​ត្រឡប់​​ទៅ​ប្រទេស​ចិន​វិញ​ដែរ

អតីត​អ្នក​តំណាងរាស្ត្រ ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន យល់​ថា ការ​ដែល​រដ្ឋាភិបាល​ចិន​ ឧស្សាហ៍​លើក​ពី​ការ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​ប្រឆាំង​អំពើ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ ​អំពើ​ជួញដូរ​មនុស្ស ​គ្រឿងញៀន និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ គឺ​អាច​ជា​ការ​ក្រើន​រំលឹក​ ដល់​រដ្ឋាភិបាល​ខ្មែរ ​ឱ្យ​ប្រឹងប្រែង​បង្ក្រាប។

លោក​ថា បច្ចុប្បន្ន​នេះ​រដ្ឋាភិបាល​កម្ពុជា​មិន​អាច​ទប់ស្កាត់​រាល់​ឧក្រិដ្ឋកម្ម​ដែល​កំពុង​បង្ក​ដោយ​ជនជាតិ​ចិន​បាន​ទេ ដោយសារ​តែ​មន្ត្រី​ខ្មែរ​ខ្លះ​ ធ្វើ​ជា​ខ្នង​បង្អែក​ឱ្យ​ឧក្រិដ្ឋជន ​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ ​រី​ឯ​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា​មិន​ឯករាជ្យ។

លោក អ៊ុំ សំអាន៖ «ខ្ញុំ​យល់​ថា ការ​សន្យា​របស់​ចិន​ក្នុង​ការ​ទប់ស្កាត់​ការ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស ​គ្រឿងញៀន​នេះ​មិន​អាច​ជឿ​ទុកចិត្ត​បាន​ថា​អាច​ទប់​ស្កាត់​ឧក្រិដ្ឋជន​ចិន ​មិន​ឱ្យ​ធ្វើ​សកម្មភាព​នៅ​កម្ពុជា​នោះ​​ទេ។ បញ្ហា​គឺ​ដោយសារ​តែ​នៅ​កម្ពុជា​មាន​អំពើ​ពុករលួយ​ជា​ប្រព័ន្ធ ​ហើយ​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​​មួយ​ចំនួន ​ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​នៃ​បទ​ឧក្រិដ្ឋ​ទាំង​នោះ។​ មូលហេតុ​នេះ ​មិន​អាច​ធ្វើ​ឱ្យ​កម្ពុជា​អាច​បង្ក្រាប​បទល្មើស​ទាំង​នោះ​បាន​ឡើយ»។

បើ​ទោះបីជា​រដ្ឋាភិបាល​កម្ពុជា​ប្រកាស​ថា​ នឹង​បង្ក្រាប​ឧក្រិដ្ឋកម្ម​មួយ​ចំនួន​ដែល​បង្ក​ឡើង​ដោយ​ជនជាតិ​ចិន​ក្តី ​ប៉ុន្តែ​មនុស្ស​នៅ​ជិត​លោក ហ៊ុន សែន មួយ​ចំនួន​សុទ្ធ​តែ​ជា​អ្នក​នៅ​ពី​ក្រោយ​ឧក្រិដ្ឋកម្ម​ទាំង​នោះ។

របាយការណ៍​ស៊ើប​អង្កេត​របស់​អាស៊ីសេរី​ រក​ឃើញ​ថា មាន​ឧក្រិដ្ឋជន​ចិន​ម្នាក់ ដែល​ជា​ម្ចាស់​បន​ល្បែង​អនឡាញ​ឆ្លងដែន​ខុស​ច្បាប់​ បាន​ក្លាយ​ជា​អ្នក​មាន​អំណាច និង​មាន​តួនាទី​ជា​ទីប្រឹក្សា​របស់​ប្រធាន​ព្រឹទ្ធ​សភា​កម្ពុជា​ទៀត​ផង។ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មេសា ប្រធាន​ព្រឹទ្ធសភា​កម្ពុជា ​លោក ​ហ៊ុន សែន បាន​តែងតាំង​លោក ចេន ហ្ស៊ី (Chen Zhi) ប្រធាន​សម្ព័ន្ធ​ក្រុមហ៊ុន​ព្រីនស៍ ​គ្រុប (Prince Group)​ដែល​ជាប់​ឈ្មោះ​ជា​ឧក្រិដ្ឋជន​ចិន ​រកស៊ី​បន​ល្បែង​អនឡាញ​ឆ្លងដែន​ខុសច្បាប់​ ឱ្យ​ធ្វើ​ជា​ទីប្រឹក្សា​របស់​លោក។

កាល​ពី​ឆ្នាំ​២០១៨ ​លោក ចេន ហ្ស៊ី ក៏​ធ្លាប់​កាន់​តំណែង​ជា​ទីប្រឹក្សា​ក្រសួង​មហាផ្ទៃ ដែល​មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​ដែរ។ តុលាការ​ប្រទេស​ចិន​ ធ្លាប់​រក​ឃើញ​ថា បុរស​ជនជាតិ​ចិន​រូប​នេះ​ មាន​ជាប់​ពាក់ព័ន្ធ​នឹង​ប្រតិបត្តិការ​បនល្បែង​អនឡាញ​(Online) ខុស​ច្បាប់។

កាល​ពី​ថ្ងៃ​ទី​១២ កញ្ញា ​ក្រសួង​សេដ្ឋកិច្ច​អាមេរិក ​ក៏​បាន​បង្កក​ទ្រព្យសម្បត្តិ​ របស់​ក្រុមហ៊ុន​ឧកញ៉ា​ លី យ៉ុងផាត់ ជា​សមាជិក​ព្រឹទ្ធសភា​កម្ពុជា​និង​ក្រុមហ៊ុន​សម្ព័ន្ធ​ចំនួន​៥​ផ្សេង​ទៀត​ផង​ដែរ។ ​ការ​ដាក់​ទណ្ឌកម្ម ​របស់​ក្រសួង​សេដ្ឋកិច្ច​អាមេរិក​នេះ ដោយសារ​តែ​ការ​ស៊ើបអង្កេត​​រក​ឃើញ​ថា​ ឧកញ៉ា​ លី យ៉ុងផាត់ ដែល​ជា​ប្រធាន​សមាគម​ឧកញ៉ា​កម្ពុជា​​ មាន​ជាប់​ពាក់ព័ន្ធ​និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ការ​ជួញដូរ​មនុស្ស ​និង​កេងប្រវ័ញ្ច​ពលកម្ម​ដោយ​បង្ខំ​ក្នុង​ប្រតិបត្តិការ​ឆបោក​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។

កាល​ពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ​លោក ស សុខា ធ្លាប់​បង្ហាញ​កង្វល់​ជុំវិញ​បញ្ហា​រំហូរ​នៃ​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ សកម្មភាព​ឧក្រិដ្ឋកម្ម​ឆ្លងដែន ​អំពើ​ភេរវកម្ម និង​អំពើ​ជួញដូរ​គ្រឿងញៀន​ នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​ជាមួយ​ប្រទេស​ជិត​ខាង​ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​និង​សណ្ដាប់ធ្នាប់​សង្គម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
ប៉ូលិស​ថៃ​ស៊ើបអង្កេត​ឃើញ​ថា ករណី​ធ្វើឃាត​លើ​លោក លិម គិមយ៉ា មាន​ការ​រៀបចំ​ជា​ប្រព័ន្ធ ដោយ​មាន​មេខ្លោង​នៅ​កម្ពុជា
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។