សមត្ថកិច្ចពោធិ៍សែនជ័យចាប់ខ្លួនជនជាតិចិន ២នាក់ ដោយសារតែពួកគេបានចាប់ចង និងប្រើអំពើហិង្សាលើជនជាតិចិនម្នាក់នៅរាជធានីភ្នំពេញដើម្បីជំរិតទារប្រាក់។ មន្ត្រីសង្គមស៊ីវិលព្រួយបារម្ភអំពីការកើនឡើងនូវករណីជំរិតទារប្រាក់ និងអំពើជួញដូរមនុស្ស ខណៈពួកគាត់មើលឃើញថា អំពើពុករលួយគឺជាកត្តាមួយដែលបណ្ដាលឱ្យកើតមាននូវអំពើជួញដូរមនុស្សនៅកម្ពុជា។
អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ លោក ម៉ន វុធី ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៧ ខែមេសាថា ជនសង្ស័យជនជាតិចិនចំនួន ២នាក់សមត្ថកិច្ចបានឃុំខ្លួនពួកគេនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យបណ្ដោះអាសន្ន ដើម្បីសាកសួរ និងបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធ។ លោក ម៉ន វុធី បញ្ជាក់ថា ជនរងគ្រោះបានដឹងខ្លួនឡើងវិញហើយ ប៉ុន្តែកំពុងសម្រាកនៅមន្ទីរពេទ្យមួយកន្លែងក្នុងក្រុងភ្នំពេញក្នុងស្ថានភាពទ្រុឌទ្រោម។
លោក ម៉ន វុធី៖« ពួកខ្ញុំកំពុងសាកសួរ ចាំសារក្រោយចាំតេមកទៀត [ ជាករណីជំរិតទារប្រាក់ ] ។ ជនសង្ស័យឃុំខ្លួនបណ្ដោះអាសន្នខណ្ឌពោធិ៍សែនជ័យ »។
កាលពីយប់ថ្ងៃទី៦ ខែមេសា សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យបានចុះបង្ក្រាបជនសង្ស័យជនជាតិចិន ២នាក់ នៅបុរីពិភពថ្មីឈូកវ៉ា២ រាជធានីភ្នំពេញ ក្រោយពីប្រជាពលរដ្ឋបានរាយការណ៍ថា ពួកគេបានប្រើអំពើហិង្សាលើជនជាតិចិនដូចគ្នានៅបុរីពិភពថ្មីឈូកវ៉ា២ ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យនោះ។ ជនសង្ស័យទាំង ២នាក់មានឈ្មោះដូចជា ម៉ា ជេន ដុនកូ (Ma Jian Donco) និង វ៉ានកូ យ៉ុនហ្វួ (Wanco yonfu)។ ក្នុងឃ្លិបវិដេអូ ដែលប្រជាពលរដ្ឋផ្សព្វផ្សាយក្នុងបណ្ដាញសង្គមបង្ហាញថា ជនរងគ្រោះត្រូវជនសង្ស័យយកស្កុតរុំបិទពេញក្បាល ចងជើង និងចងដៃផ្អោបគ្នា ហើយនៅពេលសមត្ថកិច្ចជួយស្រាយចំណងជនរងគ្រោះដែលជនជាតិចិនរូបនោះមានសភាពទ្រុឌទ្រោមស្ទើរផុតដង្ហើម។
ទាក់ទងនឹងរឿងនេះដែរ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង កាលពីចុងខែមីនាប្រកាសថា បញ្ហានៃអំពើជួញដូរមនុស្សនៅកម្ពុជានៅតែប្រឈម បើទោះបីជាសមត្ថកិច្ចបានបើកយុទ្ធនាការបង្ក្រាបជនល្មើស និងជួយសង្គ្រោះជនរងគ្រោះជាបន្តបន្ទាប់ក្ដី។ លោក ស ខេង បញ្ជាក់ថា កន្លែងដែលក្រុមឧក្រិដ្ឋជនប្រព្រឹត្តនូវអំពើជួញដូរមនុស្សរហូតមានការធ្វើទារុណកម្មជនរងគ្រោះគឺស្ថិតនៅខេត្តព្រះសីហនុ។ ប៉ុន្តែ លោកថា បច្ចុប្បន្នបញ្ហាជួញដូរមនុស្សនៅខេត្តព្រះសីហនុហាក់ថមថយ។ លើសពីនេះ លោកព្រួយបារម្ភថា ក្រុមឧក្រិដ្ឋជនអាចនឹងផ្លាស់ប្ដូរទីតាំងទៅកន្លែងផ្សេងដូចជាទៅកាន់ខេត្តស្វាយរៀង ឧត្តរមានជ័យ បន្ទាយមានជ័យ និងនៅរាជធានីភ្នំពេញជាដើម។
របាយការណ៍ក្រសួងមហាផ្ទៃបង្ហាញថា ចាប់តាំងពីខែសីហា ឆ្នាំ២០២២ មកដល់ខែមីនា ២០២៣ មានបណ្ដឹងជាង ៨០០ករណីស្នើឱ្យជួយសង្គ្រោះជនរងគ្រោះ និងបានស្នើទៅអាជ្ញាធរខេត្តចំនួន១១ ជួយចាត់វិធានការដោះស្រាយ និងរកឃើញមនុស្សពាក់ព័ន្ធ ១៣សញ្ជាតិ។ ចំណែកអ្នកពាក់ព័ន្ធនឹងអំពើជួញដូរមនុស្សមានជនបរទេស ៨៧១នាក់ មកពី ១២ប្រទេសផ្សេងៗ គ្នា ហើយក្នុងនោះមានមនុស្ស ១៦២នាក់ សមត្ថកិច្ចរកឃើញថា មានជាប់ពាក់ព័ន្ធនឹងអំពើរត់ពន្ធ និងជួញដូរមនុស្ស ខណៈមនុស្ស ៨០នាក់ទៀតត្រូវបានបញ្ជូនទៅតុលាការពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសជួញដូរមនុស្ស។
ជុំវិញរឿងនេះដែរ អគ្គលេខាធិការសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា លោក គៀន ពន្លក ព្រួយបារម្ភអំពីការកើនឡើងនូវបទល្មើសចាប់ជំរិតរវាងជនបរទេស និងជនបរទេសនៅលើទឹកដីខ្មែរ។ លោកមិនរំពឹងថា បញ្ហាអំពើជួញដូរមនុស្សនៅកម្ពុជាមានស្ថានភាពល្អប្រសើរឡើយ បើកម្ពុជាគ្មានការជំរុញឱ្យមានការលុបបំបាត់អំពើពុករលួយ ហើយរដ្ឋាភិបាលគ្មានឆន្ទៈស៊ើបអង្កេតលើមេខ្លោងធំៗ ដែលកំពុងរស់នៅក្រៅប្រព័ន្ធច្បាប់។
លោក គៀន ពន្លក៖«ប្រសិនបើរដ្ឋាភិបាលមានវិធានការជាក់លាក់មួយទៅលើឈ្មួញជួញដូរមនុស្ស ជាពិសេស ឈ្មួញធំៗ ក្នុងប្រទេសកម្ពុជាគឺអាចការពារនូវការជួញដូរមនុស្សបាន។ ក៏ប៉ុន្តែប្រសិនបើ នៅក្នុងហ្នឹងប្រព្រឹត្តអំពើពុករលួយជាមួយមេបណ្ដាញនៃការជួញដូរមនុស្ស ខ្ញុំគិតថា រឿងហ្នឹងមិនអាចដោះស្រាយចេញទេ។ អ៊ីចឹង ការជួញដូរមនុស្សនឹងកាន់តែរីករាលដាលធំទៅៗ សម្រាប់ប្រទេសកម្ពុជា ដែលជាក្ដីព្រួយបារម្ភយ៉ាងខ្លាំងសម្រាប់ប្រជាជាតិកម្ពុជាទាំងមូល»។
កម្ពុជាក្រោមការដឹកនាំដោយ លោក ហ៊ុន សែន ត្រូវបានជនជាតិចិនមួយចំនួនហាក់ចាត់ទុកជាកន្លែងប្រព្រឹត្តបទល្មើសជំរិតទារប្រាក់ ជួញដូរមនុស្សតាមទំនើងចិត្ត ខណៈមនុស្សជំរិតរបស់លោកមួយចំនួនដែលមានងារជាឧកញ៉ា និងឯកឧត្ដម ក៏ធ្លាប់រងការចោទប្រកាន់ថា មានទំនាក់ទំនងជាមួយក្រុមឧក្រិដ្ឋជនចិនដែលមានអគារបង្ខាំងមនុស្សបង្ខំឱ្យធ្វើការខុសច្បាប់នៅក្រុងព្រះសីហនុ។
មន្ត្រីគណបក្សប្រឆាំង និងអ្នកវិភាគនយោបាយ ធ្លាប់លើកឡើងថា ប្រសិនបើករណីឧក្រិដ្ឋកម្មជួញដូរមនុស្សនៅកម្ពុជាពិតជាមានទំនាក់ទំនងជាមួយមន្ត្រី និងអ្នកមានអំណាចក្នុងជួររដ្ឋាភិបាលពិតមែននោះ សង្គមកម្ពុជានាថ្ងៃអនាគតនឹងប្រឈមការកើនឡើងនូវរាល់បទឧក្រិដ្ឋកម្មនានា ហើយប្រជាពលរដ្ឋរស់នៅគ្មានសុវត្ថិភាព។ ពួកគេលើកឡើងថា បើរដ្ឋាភិបាលឯកបក្សរបស់លោក ហ៊ុន សែន ពិតជាចង់បង្ហាញប្រាប់ពិភពលោកថា មនុស្សជំនិតៗ របស់លោកគ្មានជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋជួញដូរមនុស្សមែននោះ រដ្ឋាភិបាលគួរបើកការស៊ើបអង្កេតដោយតម្លាភាពលើក្រុមមន្ត្រីឧកញ៉ា ដែលរងការចោទប្រកាន់ជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មជួញដូរមនុស្ស ដើម្បីបង្ហាញប្រាប់មហាជនឱ្យអស់ចម្ងល់។ ទោះបីជាយ៉ាងណា ពួកគេមិនរំពឹងថា កម្ពុជាក្រោមការដឹកនាំដោយ លោក ហ៊ុន សែន នឹងបើកការស៊ើបអង្កេតលើក្រុមមនុស្សមានអំណាចទាំងនោះប្រកបដោយយុត្តិធម៌នោះទេ ដ្បិតក្រុមមនុស្សទាំងនោះតែងតែផ្ដល់ប្រយោជន៍ជូនលោក ខណៈតុលាការវិញត្រូវបានពលរដ្ឋហៅថា តុលាការតេឡេធ្វើការតាមតែការបង្កប់បញ្ជារបស់លោក ហ៊ុន សែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។