លេខាធិការដ្ឋាន«សាយតេស» ជំរុញ​ឱ្យ​ផ្អាក​ការ​ជួញដូរ​សត្វ​ស្វា​កន្ទុយ​វែង​នៅ​កម្ពុជា

ដោយ មាន ឫទ្ធិ
2025.02.04
លេខាធិការដ្ឋាន«សាយតេស» ជំរុញ​ឱ្យ​ផ្អាក​ការ​ជួញដូរ​សត្វ​ស្វា​កន្ទុយ​វែង​នៅ​កម្ពុជា ក្រាហ្វិកដោយ៖ វិទ្យុអាស៊ីសេរី
Photo: RFA

លេខាធិការដ្ឋាន​នៃ​អនុសញ្ញា​ការពារ​សត្វ និង​រុក្ខជាតិ​ជិត​ផុតពូជ​សាយតេស (CITES) ជំរុញ​ឱ្យ​មាន​ការ​ផ្អាក​ការ​ជួញដូរ​សត្វ​ស្វា​កន្ទុយ​វែង​ ឬ​​ស្វា​ក្ដាម​​នៅ​កម្ពុជា​ ដោយ​សារ​តែ​កន្លង​មក​​ករណី​​​ចាប់​យក​សត្វ​ស្វា​ក្ដាម​ពី​ក្នុង​ព្រៃ​យក​ទៅ​លក់​នៅ​បរទេស​បន្ត​កើត​មាន​។ មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​ឱ្យ​រដ្ឋាភិបាល​ឆ្លើយ​តប​ជុំ​វិញ​ករណី​នេះ​ដើម្បី​ស្ដារ​កេរ្តិ៍ឈ្មោះ​​កម្ពុជា​លើ​ឆាក​អន្តរជាតិ។

លេខាធិការដ្ឋាន​នៃ​អនុសញ្ញា​ស្ដីពី​ពាណិជ្ជកម្ម​អន្តរជាតិ​លើ​ប្រភេទ​សត្វ​និង​រុក្ខជាតិ​ព្រៃ​ដែល​កំពុង​រង​គ្រោះថ្នាក់ ហៅ​កាត់​ថា «សាយតេស» ជំរុញ​ឱ្យ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​អនុសញ្ញា «សាយតេស» ចេញ​សេចក្តី​សម្រេច​ផ្អាក​មិន​ឱ្យ​កម្ពុជា​លក់​សត្វ​ស្វា​កន្ទុយ​វែង​ដែល​ជិត​ផុត​ពូជ​ (Macaca fascicularis) ទៅ​កាន់​ពិភពលោក។

ការ​ជំរុញ​នេះ ធ្វើ​ឡើង​នៅ​ក្នុង​អនុសាសន៍​របស់​លេខាធិការដ្ឋាន «សាយតេស» ដាក់​ឱ្យ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ «សាយតេស» អនុម័ត​នៅ​ឯ​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​លើក​ទី៧៨ របស់​ខ្លួន ដែល​កំពុង​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​ហ្សឺណែវ (Geneva) ប្រទេស​ស្វីស (Switzerland) ពី​ថ្ងៃទី០៣ ដល់​ថ្ងៃទី០៨ ខែកុម្ភៈ។ គេ​រំពឹង​ថា គណៈកម្មាធិការ​អចិន្ត្រៃយ៍ «សាយតេស» នឹង​អនុម័ត​អនុសាសន៍​នេះ​នៅ​ក្នុង​កិច្ចប្រជុំ​ថ្ងៃទី០៤ ខែកុម្ភៈ។

ប្រសិន​បើ​អនុម័ត គណៈកម្មាធិការ​អចិន្ត្រៃយ៍ «សាយតេស» ទុក​ពេល​ឱ្យ​កម្ពុជា​កែប្រែ​ខ្លួន​ឱ្យ​បាន​មុន​ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ មុន​នឹង​លេខាធិការដ្ឋាន «សាយតេស» ពិចារណា​ចាត់​វិធានការ​ជាក់លាក់ ខណៈ​ប្រទេស​នានា​ដែល​ជា​សមាជិក​អនុសញ្ញា «សាយតេស» ទាំង​១៨៣​ប្រទេស ត្រូវ​ផ្អាក​រាល់​ការ​ជួញដូរ​សត្វ​ស្វាក្តាម​ដែល​មាន​ប្រភព​ចេញ​ពី​ប្រទេស​កម្ពុជា​ទាំងអស់។

កន្លងទៅ​មាន​សេចក្តី​រាយការណ៍​ និង​ការ​រក​ឃើញ​ជា​បន្តបន្ទាប់​ថា កម្ពុជា​បាន​លក់​សត្វ​ស្វាក្តាម​ចាប់​ពី​ព្រៃ​ទៅ​ឱ្យ​ពិភពលោក ដែល​សត្វ​ស្វាក្តាម​ទាំងនេះ​មិនមែន​ជា​សត្វ​ស្វាក្តាម​ចិញ្ចឹម​ក្នុង​កសិដ្ឋាន ដូច​ដែល​អនុញ្ញាត​ដោយ​អនុសញ្ញា «សាយតេស» ឡើយ។ សត្វ​ស្វា​ក្តាម​ប្រភេទ​នេះ ត្រូវ​បាន​ប្រទេស​ជឿនលឿន​មួយចំនួន ជាពិសេស សហរដ្ឋអាមេរិក និង​កាណាដា ទិញ​យក​មក​ធ្វើ​ពិសោធន៍​វេជ្ជសាស្ត្រ​ដើម្បី​ឆ្លើយតប​នឹង​ជំងឺ​រាតត្បាត​សាកល​នានា ដូចជា​ជំងឺ​កូវីដ១៩ ជាដើម។

វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ​ពី​អ្នកនាំ​ពាក្យ​ក្រសួង​កសិកម្ម​ លោក​ ឃឹម ហ្វីណង់ បានទេ នៅថ្ងៃទី០៣​ ខែ​កុម្ភៈ។ វិទ្យុ​អាស៊ីសេរី ក៏​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយតប​រឿង​នេះ​ពី​ប្រធាន​អាជ្ញាធរ​គ្រប់គ្រង​សាយតេស​កម្ពុជា លោក ស្រី វុទ្ធី និង​អនុប្រធាន​អាជ្ញាធរ​នេះ​គឺ​លោក អ៊ុក វិបុល បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ដដែល​នេះ។

ប្រតិកម្ម​របស់​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល

នាយក​ប្រតិបត្តិ​ នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា​(CYN) លោក ហេង គឹមហុង កត់​សម្គាល់​​ឃើញ​ថា កន្លង​មក​ប្រជា​សហគមន៍​ដែល​នៅ​តំបន់​ការពារ​ធម្មជាតិ​រួម​ទាំង​តំបន់​ព្រៃឡង់​ផង​ក៏​បាន​រាយការណ៍​ពី​ករណី​ចាប់​ស្វា​ក្ដាម​ ឬ​សត្វ​ស្វា​ផ្សេង​ទៀត​ជា​​ច្រើន​ករណី។ លោក​ថា រដ្ឋាភិបាល​គួរ​តែ​ចេញ​​បកស្រាយ​​ជា​ការ​ឆ្លើយ​តប​ទៅ​​គណៈកម្មាធិការ​​សាយតេស ដើម្បី​​ស្ដារ​កេរ្តិ៍ឈ្មោះ​​​ ហើយ​កម្ពុជា​អាច​បន្ត​នាំ​ចេញ​សត្វ​ស្វា​ក្តាម​ទៅ​ទីផ្សារ​អន្តរជាតិ​​​បន្ត​ទៀត។

លោក ហេង គឹមហុង «ដើម្បី​កាន់​បន្ថយ​​ភាព​​ភាន់ច្រឡំ​ ឬ​ក៏​ភាព​ស្រពេចស្រពិល​​​​​​​ ហើយ​កម្ពុជា​អាច​លាង​ខ្លួន​ឱ្យ​ជ្រះ​ស្រលះ​​នៅ​ក្នុង​ដំណាក់កាល​នេះ​ ហើយ​ប្រសិន​​រក​ឃើញ​ថា ជា​​មាន​​ពាក់​ព័ន្ធ​មែន​​ កម្ពុជា​អាច​ធ្វើ​ការ​កំណត់​ឱ្យ​បាន​ច្បាស់​លាស់​អំពី​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​ចំពោះ​ក្រុមហ៊ុន​​នាំ​ចេញ​ ឬ​ក៏​ក្រុម​បុគ្គល​​ខិល​ខូច​ទាំង​ឡាយ​ណា​ដែល​បាន​​ធ្វើ​សកម្មភាព​ទន្ទ្រាន​ ឬ​ទៅ​ចាប់​​ស្វា​ដែល​ចេញ​ពី​តំបន់​ការពារ​ធនធាន​ធម្មជាតិ​ដែល​មិន​មែន​កំណត់​នៅ​ក្នុង​ស្ថានីយ​បង្កាត់​ពូជ»

កម្ពុជា​បាន​បង្កើន​ការ​នាំចេញ​សត្វ​ស្វាក្តាម​ទៅ​កាន់​ពិភពលោក​គួរ​ឱ្យ​កត់សម្គាល់ ពោល​គឺ​រហូត​ដល់​ទៅ​ជាង ៣០​ម៉ឺន​ក្បាល ក្នុង​ចន្លោះ​ឆ្នាំ២០០៤ ដល់​ឆ្នាំ២០២៣។ សហរដ្ឋ​អាមេរិក​គឺ​ជា​ប្រទេស​គោលដៅ​ធំ​ជាង​គេ​ដែល​បាន​ទិញ​សត្វ​ស្វាក្តាម​ពី​កម្ពុជា​ចំនួន​ជាង ៣ម៉ឺន​ក្បាល ក្នុង​ឆ្នាំ២០២២​តែមួយ​ឆ្នាំ។ នេះ​បើ​យោង​តាម​ទិន្នន័យ​ពាណិជ្ជកម្ម​របស់ «សាយតេស»។ កាល​ពី​ឆ្នាំ២០២២ កម្ពុជា​រក​ចំណូល​បាន​ពី​ការ​លក់​សត្វស្វា​ក្តាម​ទៅ​កាន់​ពិភពលោក ក្នុង​តម្លៃ​ប្រមាណ ២៥០​លាន​ដុល្លារ ខណៈ​សត្វ​ស្វាក្តាម​មួយ​ក្បាល​ៗ​អាច​មាន​តម្លៃ​ចាប់​ពី​ជាង ២ពាន់​ដុល្លារ​ឡើង​ទៅ។


អត្ថបទ​ដែលទាក់ទង៖

កម្ពុជា​លក់​ស្វា​សម្រាប់​ពិសោធន៍​ឱ្យ​​ពិភពលោក ប៉ុន្តែ​អាមេរិក​ថា​ជំនួញ​ស្វា​ទាំង​នេះ​មិនមែន​សុទ្ធ​តែ​ស្រប​ច្បាប់​នោះទេ

ការជួញដូរ​ស្វា​ខុស​ច្បាប់​កំពុង​រីក​ដុះដាល​នៅ​កម្ពុជា តែ​​អ្នក​មាន​​អំណាច​​ពិបាក​​បញ្ឈប់​​វា​ដោយសារ​តែ​រកស៊ី​កាក់កប​ខ្លាំងពេក


អនុសាសន៍​សំខាន់ៗ​មួយ​ចំនួន​ដែល​ដាក់​ចេញ​ដោយ​លេខាធិការដ្ឋាន «សាយតេស» មាន​ដូចជា៖ ជំរុញ​ឱ្យ​អាជ្ញាធរ​កម្ពុជា​​​ត្រូវ​ដាក់​ចេញ​នូវ​វិធាន​ការ​ជាក់​លាក់​​ដើម្បី​ទប់​ស្កាត់​ការ​​​​ចាប់​សត្វ​ស្វា​ព្រៃ​មក​​នាំ​យក​ទៅ​​លក់​​នៅ​បរទេស។ កម្ពុជា​ត្រូវ​ផ្តល់​ព័ត៌មាន និង​ពន្យល់​ជុំវិញ​ការ​រកឃើញ​ថា​​​​​កសិដ្ឋាន​ចិញ្ចឹម​​សត្វ​ស្វា​ចំនួន​៥​កន្លែង​ក្នុង​ចំណោម​កសិដ្ឋាន​ចិញ្ចឹម​​​ស្វា​ទាំង​៦​នៅ​​ទូទាំង​ប្រទេស​​មាន​ការ​កើន​ឡើង​ចំនួន​សត្វ​ស្វា​ខុស​​ប្រក្រតី​ដែល​ផ្ទុយ​ពី​កត្តា​ជីវសាស្ត្រ។ ​រដ្ឋាភិបាល​កម្ពុជា​​ក៏​​ត្រូវ​​ធ្វើ​កំណត់​ហេតុ​ត្រឹមត្រូវ​ក្នុង​កត់​ត្រា​នូវ​ចំនួន​សត្វ​ស្វា​ដែល​បាន​កើត​ និង​ស្លាប់​​ ​ព្រម​ទាំង​​កំណត់​​ពន្ធុ​ ឬ​ហ្សែន​​​​​ (genetic)  របស់​សត្វ​ស្វា​​ទាំង​នោះ​​ឱ្យ​ត្រូវ​នឹង​​មេបា​ផង​ដែរ។

កន្លង​ទៅ វិទ្យុ​អាស៊ីសេរី​ ​បាន​​​​រក​ឃើញ​ថា​ ករណី​ជួញ​ដូរ​ស្វា​ក្ដាម​ដោយ​ខុស​ច្បាប់​ក្នុង​ទំហំ​ទឹក​ប្រាក់​រាប់​លាន​ដុល្លារ ក៏​ត្រូវ​បាន​គេ​សង្ស័យ​ដែរ​ថា អាច​មាន​ពាក់ព័ន្ធ​ជាមួយ​គណបក្ស​កាន់​អំណាច។ ក្រៅ​ពី​នេះ ប្អូន​ស្រី​បង្កើត​របស់​អតីត​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​អ្នកស្រី ហ៊ុន សេងនី ក៏​​ជា​ម្ចាស់​​កសិដ្ឋាន​ចិញ្ចឹម​សត្វ​ស្វា​កន្ទុយ​វែង​មួយ​កន្លែង​នៅ​ខេត្ត​កំពង់ស្ពឺ។

លើស​ពី​នេះ​ទៀត មន្ត្រី​ជាន់​ខ្ពស់​ខ្មែរ​២រូប រួមមាន​ប្រធាន​នាយកដ្ឋាន​សត្វព្រៃ​និង​ជីវចម្រុះ លោក គ្រី ម៉ះផល និង​ចៅហ្វាយ​នាយ​របស់​លោក​ដែល​ជា​អគ្គនាយក​រដ្ឋបាល​ព្រៃឈើ គី​លោក កែវ អូម៉ាលីស ត្រូវ​បាន​ក្រសួង​យុត្តិធម៌​អាមេរិក ស៊ើប​អង្កេត និង​ចោទ​ប្រកាន់​កាលពី​ឆ្នាំ២០២២​ថា អាច​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​សមគំនិត​ក្នុង​ការ​រត់ពន្ធ​សត្វ​ស្វា​ក្តាម​ខុសច្បាប់ តាមរយៈ​ការ​ចេញ​លិខិត​អនុញ្ញាត​ក្លែង​បន្លំ​លើ​ការ​នាំចេញ​ថា​ជា​សត្វ​ស្វាក្តាម​ចិញ្ចឹម​ក្នុង​កសិដ្ឋាន។ លោក គ្រី ម៉ះផល ត្រូវ​បាន​ចាប់ខ្លួន​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​នៅ​ក្រុង​ញូវយ៉ក (New York) កាលពី​ខែវិច្ឆិកា ឆ្នាំ​២០២២ ក្នុង​ពេល​ដែល​លោក​កំពុង​ធ្វើ​ដំណើរ​ទៅ​ចូលរួម​សន្និសីទ​អំពី​ការ​អភិរក្ស​សត្វព្រៃ នៅ​ប្រទេស​ប៉ាណាម៉ា (Panama)​ប៉ុន្តែ ក្រោយ​មក​តុលាការ​អាមេរិក កាល​ពី​ខែ​មីនា ឆ្នាំ២០២៤ បាន​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​នេះ ហើយ​អនុញ្ញាត​ឲ្យ​លោក​វិល​ត្រឡប់​មក​កម្ពុជា​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
សង្គម
លោក សម រង្សី គាំទ្រ​សំណើ​របស់​លោក ស សុខា ដែល​ប្រាប់​ពលរដ្ឋ មិន​ឲ្យ​សង​ប្រាក់​កម្ចី​ខុសច្បាប់
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។