តុលាការគួរស៊ើបអង្កេតលើលោក ហ៊ុន ម៉ាណែត «ករណីឆបោករបស់ក្រុមហ៊ុនអ្នកស្រី ឡេង ចាន់ណា»
2024.12.02
ពលរដ្ឋរងគ្រោះ និង អ្នកឃ្លាំមើលទាមទារឱ្យតុលាការស៊ើបអង្កេតលើលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ពាក់ព័ន្ធនឹងករណីឆបោករបស់ក្រុមហ៊ុនអ្នកស្រី ឡេង ចាន់ណា ខណៈពលរដ្ឋរងគ្រោះ ចាត់ទុកការកោះហៅ មន្ត្រីជាន់ខ្ពស់ពីររូប ក្នុងជួររដ្ឋាភិបាល គឺលោក ស៊ាន បូរ៉ាត និងលោក ស ថាវី ឱ្យចូលបំភ្លឺនៅតុលាការខេត្តសៀមរាបថា គ្រាន់តែជាចំណាត់ការដើម្បីបោកបញ្ឆោតចិត្តពលរដ្ឋ តែមិនដោះស្រាយបញ្ហាឱ្យពិតប្រាកដ។ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ថា មន្ត្រីណាដែលពាក់ព័ន្ធ គឺជារឿងផ្ទាល់ខ្លួនរបស់មន្ត្រីនោះមិនទាក់ទងនឹងគណបក្សប្រជាជនកម្ពុជានោះទេ។
ពលរដ្ឋ ដែលចាញ់បោកប្រាក់ទៅក្រុមហ៊ុន ប្រ៊ីលានស៊ីធីរបស់អ្នកស្រី ឡេង ចាន់ណា លើកឡើងថា ពួកគាត់គ្មានសង្ឃឹមថា ទទួលបានដំណោះស្រាយសមរម្យឡើយ ទោះបីជាតុលាការកោះហៅលោក ស៊ាន បូរ៉ាត់ និង លោក ស ថាវី ទៅបំភ្លឺក្នុងនាមសាក្សីក៏ដោយ។ ពួកគាត់អះអាងថា សំណុំរឿងឆបោករបស់ក្រុមហ៊ុននេះ អាចជាប់ពាក់ព័ន្ធជាមួយអ្នកមានអំណាច ខ្ពស់ជាងនេះទៀត ដែលជាមូលហេតុធ្វើឱ្យតុលាការមិនហ៊ានដោះស្រាយ ហើយបង្កឱ្យពលរដ្ឋរាប់ពាន់គ្រួសារ រងទុក្ខវេទនា និងជំពាក់បំណុលវ័ណ្ឌក។
កាលពីថ្ងៃទី១៨ ខែវិច្ឆិកា សាលាដំបូងខេត្តសៀមរាប បានចេញដីកាពីរផ្សេងគ្នាកោះហៅអនុរដ្ឋលេខាធិការក្រសួងការពារជាតិលោក ស ថាវី និងអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយលោក ស៊ាន បូរ៉ាត ឱ្យចូលបំភ្លឺ ក្នុងនាមជាសាក្សី នៅថ្ងៃទី១១ និងថ្ងៃទី១៨ ខែធ្នូ ខាងមុខនេះ ពាក់ព័ន្ធនឹងសំណុំរឿងឆបោក និងសម្អាតប្រាក់ក្នុងសំណុំរឿងឆបោករបស់ក្រុមហ៊ុនអ្នកស្រី ឡេង ចាន់ណា។
ពលរដ្ឋដែលចាញ់បោកក្រុមហ៊ុនអ្នកស្រី ឡេង ចាន់ណា ថ្លែងសុំមិនបញ្ចេញឈ្មោះថា ការកោះហៅមន្ត្រីជាន់ខ្ពស់ទាំងពីរនាក់ ឱ្យចូលបំភ្លឺនៅតុលាការក្នុងនាមជាសាក្សី គ្រាន់តែជារបៀបបង្កើតព្រឹត្តិការណ៍ឱ្យពលរដ្ឋរងគ្រោះ បន្តរង់ចាំដំណោះស្រាយ និងមិនចេញតវ៉ា។ លោកថា ពលរដ្ឋរងគ្រោះ មិនមានសង្ឃឹមលើចំណាត់ការបែបនេះទេ ពីព្រោះសំណុំរឿងនេះ អូសបន្លាយជាង ១ ឆ្នាំទៅហើយ ទើបតែឃើញតុលាការកោះហៅមន្ត្រីធំៗ ដែលពាក់ព័ន្ធទៅសួរនាំ ក្នុងនាមត្រឹមតែជាសាក្សី។
ពលរដ្ឋ៖ «ដូចឡេង ចាន់ណា គេដាក់គុកៗៗ ដូចពួកខ្ញុំមិនបានឃើញគេនៅក្នុងគុក ម៉េចផង អត់ដែលបានឃើញផង។ ពេលយូរបន្តិចគេកម្រើកបន្តិចទៅ ដើម្បីឱ្យយើងមានទឹកចិត្តអ៊ីចឹង មួយខែពីខែ មួយឆ្នាំក្រោយទៀត គេកម្រើកបន្តិចអ៊ីចឹងទៅ ប្រហែលជាគេធ្វើអ៊ីចឹងហើយរឿងហ្នឹង។ គ្រាន់តែធ្វើជាកោះហៅអ៊ីចឹងទៅ មួយឆ្នាំហើយ មួយឆ្នាំជាង គិតទៅទើបកោះហៅយកទៅឱ្យបំភ្លឺ មិនដឹងទៅបំភ្លឺអី បើរាប់ឆ្នាំហើយ»។
លោកប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១ ខែធ្នូ ថា ប្រជាពលរដ្ឋរងគ្រោះចាញ់បោកក្រុមហ៊ុន ឡេង ចាន់ណា រហូតដល់រាប់ពាន់គ្រួសារ គឺព្រោះតែពលរដ្ឋមានទំនុកចិត្ត លើការធានារបស់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ដូចជា លោក ស៊ាន បូរ៉ាត ជាដើម។ លោកថា ពេលនេះ ប្រជាពលរដ្ឋចាញ់បោកក្រុមហ៊ុនកំពុងជួបវិបត្តិក្នុងជីវិត នោះគឺបញ្ហាបំណុលវ័ណ្ឌក ។
ពលរដ្ឋ៖ «អ្នកដែលរងគ្រោះវាមានច្រើនណាស់ ដែលពូទាក់ទងទៅខាងនោះ អ្នកខ្លះក៏រត់ចោលផ្ទះទៅ អ្នកខ្លះក៏ទៅជាវង្វេងនឹងលុយក៏មាន ហើយអ្នកខ្លះចងកក៏មាន ច្រើនគេទាក់ទងមកខ្ញុំ បើតាមខ្ញុំដឹង ២០ ទៅ ៣០ នាក់ វាពាក់ព័ន្ធនឹងផ្លូវចិត្តហ្នឹង»។
តំណាងប្រជាពលរដ្ឋដែលចាញ់បោកក្រុមហ៊ុនអ្នកស្រី ឡេង ចាន់ណា ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១ ខែធ្នូ ដោយសុំមិនបញ្ចេញឈ្មោះថា លោកមិនបានដឹងស៊ីជម្រៅទេ អំពីផ្ទៃក្នុងនៃការពាក់ព័ន្ធគ្នា រវាងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងអ្នកស្រី ឡេង ចាន់ណា។ ប៉ុន្តែលោកថា ករណីឆបោករបស់ក្រុមហ៊ុនអ្នកស្រី ឡេង ចាន់ណា ក៏អាចមានការពាក់ព័ន្ធខ្លះដែរ ជាមួយលោក ស៊ាន បូរ៉ាត ពីព្រោះលោក ស៊ាន បូរ៉ាត តែងតែមានវត្តមានជាមួយអ្នកស្រី ឡេង ចាន់ណា ក្នុងការប្រជុំនិងបង្រៀនរបស់ក្រុមហ៊ុន។
លោកថា ករណីឆបោកនេះ អាចជាប់ពាក់ព័ន្ធមន្ត្រីធំៗ ពីព្រោះទោះបីជាប្រជាពលរដ្ឋរងគ្រោះ ជួបវិបត្តិជីវិតធ្ងន់ធ្ងររហូតដល់មានការគំរាមកំហែងពីធនាគារ ម្ចាស់បំណុលផង ក៏នៅតែរដ្ឋាភិបាល និងតុលាការមិនដោះស្រាយជួយប្រជាពលរដ្ឋ។
តំណាងប្រជាពលរដ្ឋ៖ «រឿងហ្នឹងដោះស្រាយអត់ចេញ ដោយសារតែ វាពាក់ព័ន្ធផង ហើយលុយក៏វាច្រើន ហើយក៏មិនដឹងថា លុយហ្នឹងទៅណាអស់ ហើយដោយសារតែឡេង ចាន់ណា គាត់អត់មានទ្រព្យអត់អីអ៊ីចឹង ។ បើសិនជា ឡេង ចាន់ណា មានទ្រព្យមានដីច្រើន អាហ្នឹងប្រហែលជាអាចដោះស្រាយលឿន ប៉ុន្តែដោយសារតែ ឡេង ចាន់ណា គាត់មានដីខ្លះ ប៉ុន្តែគាត់យកទៅបញ្ចាំងឱ្យគេអស់»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងលោក ស ថាវី និង លោក ស៊ាន បូរ៉ាត បាននៅឡើយទេ នៅថ្ងៃទី១ ខែធ្នូ។
ក្នុងក្របខណ្ឌរដ្ឋលោក ស៊ាន បូរ៉ាត មានតំណែងជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។ នៅគណបក្ស ប្រជាជនកម្ពុជាវិញ លោក ស៊ាន បូរ៉ាត មានតួនាទីជាសមាជិកគណៈកម្មការកណ្ដាលរបស់គណបក្ស និងជាអនុប្រធានយុវជនគណបក្សថ្នាក់កណ្ដាល។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យនាយករដ្ឋមន្ត្រីលោក មាស សុភ័ណ្ឌ បានទេ។ យ៉ាងណា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១ ខែធ្នូ ថា គណបក្សប្រជាជនកម្ពុជា មិនចូលដៃជាមួយក្រុមហ៊ុនទុច្ចរិត ដែលមានប្រវត្តិបោកប្រាស់ប្រជាពលរដ្ឋនោះទេ។ លោកថា មន្ត្រីណាដែលពាក់ព័ន្ធ គឺជារឿងផ្ទាល់ខ្លួនរបស់មន្ត្រីទាំងនោះ ដែលស្ថិតនៅក្នុងក្របខណ្ឌយុត្តាធិការរបស់តុលាការ។
នៅពេលសាកសួរ អំពីលទ្ធភាពនៃការស៊ើបអង្កេតលើការពាក់ព័ន្ធរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន លើកឡើងថា គឺអាស្រ័យទៅលើចំណាត់ការរបស់តុលាការ។
លោក សុខ ឥសាន៖« អាហ្នឹងអាស្រ័យលើតុលាការ ពីព្រោះតុលាការជាស្ថាប័នឯករាជ្យ និងយុត្តិធម៌ សម្រាប់ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជាហ្នឹង។ អ៊ីចឹងបើមានករណីដែលតុលាការយល់ឃើញយ៉ាងម៉េច អាហ្នឹងអាស្រ័យទៅចំណាត់ការរបស់តុលាការទេ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាបលោក យិន ស្រាង បានទេ នៅថ្ងៃទី១ ខែធ្នូ។
អ្នកជំនាញច្បាប់ និងអភិបាលកិច្ចបែបប្រជាធិបតេយ្យលោក វ៉ន ចាន់ឡូត ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១ ខែធ្នូ ថា អំពើឆបោករបស់ក្រុមហ៊ុនអ្នកស្រី ឡេង ចាន់ណា មានទម្រង់ជាប្រព័ន្ធ ដែលមានអ្នកផ្ដួចផ្ដើមគំនិត និងមានក្រុមមនុស្សដែលមានតួនាទីធំៗ ក្នុងរដ្ឋាភិបាលចេញមុខធានាអះអាងឱ្យប្រជាពលរដ្ឋជឿជាក់ ទើបអាចអូសទាញបានប្រជាពលរដ្ឋរាប់ពាន់គ្រួសារ ឱ្យហ៊ានខ្ចីលុយធនាគារដាក់ទុនជាមួយក្រុមហ៊ុននេះ។
លោក វ៉ន ចាន់ឡូត ថា តុលាការនិងអង្គភាពប្រឆាំងអំពើពុករលួយ ក៏ត្រូវស៊ើបអង្កេត លើលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រសិនបើស្ថាប័នទាំងពីរនេះ មានឆន្ទៈរកដំណោះស្រាយដោយយុត្តិធម៌ជូនពលរដ្ឋរងគ្រោះ ដោយលោកលើកហេតុផលថា សកម្មភាពរបស់លោក ហ៊ុន ម៉ាណែត កន្លងមក ក៏ជាការជួយសម្រួលឱ្យប្រជាពលរដ្ឋជឿជាក់ លើក្រុមហ៊ុនអ្នកស្រី ឡេង ចាន់ណា ដែរ។
លោក វ៉ន ចាន់ឡូត៖ «នាយករដ្ឋមន្ត្រីក៏បានចូលប្រឡូកប្រឡាក់នៅក្នុងគម្រោងរបស់ ឡេង ចាន់ណា យើងឃើញមានចូលរួមក្នុងកម្មវិធីនានា និងមាននូវការពាក់ព័ន្ធទៅនឹងការទទួលយកអំណោយពីឧក្រិដ្ឋជនទាំងអស់នេះ។ ដូច្នេះនៅក្នុងកិច្ចការនៃការស៊ើបអង្កេតនៃអំពើពុករលួយ ដែលគេកំណត់សកម្មភាពទាំងអស់នេះ វាដែលជាការជួយសម្រួលមួយ ដើម្បីឱ្យមាននូវការជឿទុកចិត្ត ពីសំណាក់អតិថិជន និងពីប្រជាពលរដ្ឋ»។
អ្នកឃ្លាំមើលលើកឡើងថា ប្រសិនបើប្រជាពលរដ្ឋរងគ្រោះ នៅតែស្ងៀមស្ងាត់មិន
ចេញតវ៉ា នោះប្រជាពលរដ្ឋ នឹងនៅតែបន្តរងទុក្ខវេទនា និងពិបាកទទួលបានដំណោះស្រាយឆាប់ៗពីតុលាការ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។